អានតួអត្ថបទ
ស.រ.អា.-អ៊ីរ៉ាក់

អាមេរិក​ពន្លឿន​ការ​បញ្ជូន​អាវុធ​ឱ្យ​អ៊ីរ៉ាក់ អង្គការ​រដ្ឋអ៊ីស្លាម​សម្រុកកាន់ខ្លាំង​នៅ​ស៊ីរី

ការ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ីរ៉ាក់ នឹង​ត្រូវ​តែ​បន្ត​ធ្វើ “ដោយ​ឥតដាច់ និង​កាន់​តែ​ញាប់” ! នេះ​ជា​ប្រសាសន៍​របស់​លោក ចូ បៃដិន អនុប្រធានាធិបតី​អាមេរិក ទៅកាន់​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់លោក ហៃដឺ អាល់-អាបាឌី នា​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ខណៈ​ដែល​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​កំពុង​បើក​យុទ្ធនាការ​វាយ​លុក​ខ្លាំង​នៅ​ភាគ​ខាងលិច​អ៊ីរ៉ាក់​ផង និង​កំពុងរុល​ព្រមទាំង​​ដណ្តើម​​ទីតាំង​សំខាន់ ក្នុង​ទឹក​ដី​ស៊ីរី។

វិមាន​ជ័យ​ជំនះ​ នៅ​ Palmyre ប្រទេស​ស៊ីរី  (រូបថត​ឆ្នាំ 1981).
វិមាន​ជ័យ​ជំនះ​ នៅ​ Palmyre ប្រទេស​ស៊ីរី (រូបថត​ឆ្នាំ 1981). Unesco/G. Degeorges
ផ្សាយពាណិជ្ជកម្ម

ជាអាវុធ​ធុន​ធ្ងន់ ​ជា​គ្រាប់​រំសេវ​គ្រប់ធុន ឬ​ជា​​ស្បៀង​សម្រាប់​យោធា ជំនួយ​យោធា​អាមេរិក​ទាំង​នេះ នឹង​ត្រូវ​បន្ត​​​បញ្ជូន​ទៅ​ឱ្យ​អ៊ីរ៉ាក់ ដោយ​ឥត​ដាច់ ដោយ​ល្បឿនលឿន​ជាងមុន ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ ជាង​នេះ​ទៅ​ទៀត តាម​រយៈ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ លោកអនុប្រធានាធិបតី​អាមេរិក ​ចូ ​បៃដិន បាន​ថ្លែង​អំណរ​គុណ​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ដែល​បាន​ដើរ​តួនាទី​ជា​មេដឹកនាំ​​ដ៏​រឹងមាំ​សម្រាប់​ស្ថិរភាព​នយោបាយអ៊ីរ៉ាក់ និង​បាន​សន្យា​គាំទ្រ​រដ្ឋាភិបាល​នេះ​ ដើម្បី​យក​ឈ្នះ​ឱ្យ​លើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។

 

សេចក្តី​សម្រេច​ចិត្ត​នេះធ្លាក់​មក​ជួន​ចំ​ពេល ដែល​​អង្គការ​រដ្ឋ​អ៊ីស្លាម​​​កំពុង​វាយ​សម្រុក​ខ្លាំង​លើ​មុខ​ព្រួញ​សមរភូមិ​ពីរ។ កាលពី​​​ថ្ងៃ​សុក្រ​ទី ១៥​ឧសភា ពួក​អ៊ីស្លាម​ជ្រុលនិយម​​នេះ​បាន​ប្រកាស​ចូល​កាន់​កាប់​ស្ទើរ​តែ​ទាំង​ស្រុង​ក្រុង​រ៉ាម៉ាឌី ក្រុង​ដ៏​សំខាន់​មួយ​នៅ​ភាគ​កណ្តាល​ប្រទេស​ ចម្ងាយ​ប្រមាណ​តែ​១០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រដ្ឋធានី​បាកដាត។ ជា​បរាជ័យ​មួយ​សម្រាប់​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដែល​សន្យា​បើក​ប្រតិបត្តិការ​ធំ​វាយបក​វិញ។​

ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ក៏​កំពុង​រុល​ទៅ​មុខ​ខ្លាំង​ដែរ​នៅ​ស៊ីរី ដោយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ​មួយ​គីឡូម៉ែត្រ​ពី​តំបន់​រតនភណ្ឌ​បូរាណវិទ្យាPalmyre ចំណាស់​ជាងពីរ​ពាន់​ឆ្នាំ​ដែល​ជាបាន​ចុះ​ឈ្មោះ​ចូល​ក្នុង​បញ្ជី​​បេតកភណ្ឌ​ពិភពលោកកាលពី​ឆ្នាំ​១៩៨០។ ​អង្គការ​យូណេស្កូ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ខ្លាច​ក្រុង​បូរាណ​ស៊ីរី​នេះ​ត្រូវ​ហិនហោច​ដូច​ករណី​ប្រាសាទ​បូរាណ​នានា​នៅ​អ៊ីរ៉ាក់ ព្រោះ​ថា ពួក​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាមមាន​យុទ្ធសាស្ត្រ​បំផ្លិច​បំផ្លាញ បំបាត់​ឱ្យ​ខ្ទេច​​តំណាង​វប្បធម៌​អរិយធម៌​​អន្តរជាតិ។ យូណេស្កូ​​នឹង​ប្រកាស​អាសន្ន​ទៅ​កាន់​អង្គការ​សហប្រជាជាតិ និង​​បាន​អំពាវនាវ​ឱ្យ​សហគមន៍អន្តរជាតិ​ទាំង​មូល​​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​ប្រឆាំង​នឹង​​សោកនាដកម្ម​​នេះ។

បើ​តាម​អង្កការក្រៅ​រដ្ឋាភិបាល​ស៊ីរី​ ការ​ប្រយុទ្ធ​គ្នា​មាន​សន្ធឹក​កាន់​តែ​​​ខ្លាំង នៅ​ថ្ងៃ​សៅរ៍​នេះ ​ រវាង​កង​កម្លាំង​យោធា​រដ្ឋាភិបាល​ស៊ីរីរបស់​លោកបាស្ហារអាល់អាសាទ និង​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​មាន​មុខ​ព្រួញ​ដណ្តើម​យក​ក្រុង​បូរាណ​ ប៉ាលមៀរ។៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ