អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កងទ័ព​អេហ្ស៊ីព្ទ​ប្រកាស​គាំទ្រ​ផែនការ​លោក​មូបារ៉ាក់​ធ្វើ​ឲ្យ​បាតុករ​ផ្ទុះ​កំហឹង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សុក្រ ១១ កុម្ភៈ ២០១១​នេះ កងទ័ព​អេហ្ស៊ីព្ទ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ សន្យា​ថា កងទ័ព​នឹង​ធានា​ឲ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ​ ហើយ​អំពាវនាវ​ឲ្យ​ក្រុមប្រឆាំង​បញ្ឈប់​ការធ្វើ​បាតុកម្ម។ សេចក្តី​ប្រកាស​នេះ​ត្រូវបាន​ធ្វើ​ឡើង​មួយថ្ងៃ ក្រោយ​ពី​លោក​មូបារ៉ាក់​ប្រកាស​ផ្ទេរ​អំណាច​ឲ្យ​អនុប្រធានាធិបតី ក៏ប៉ុន្តែ បដិសេធ​មិន​ចុះចេញ​ពីតំណែង។ ពួកបាតុករ​ប្រឆាំង​រាប់ម៉ឺននាក់ នៅតែ​បន្ត​ប្រមូលផ្តុំគ្នា​ទាមទារ​ឲ្យ​លោក​មូបារ៉ាក់​ចុះចេញ​ពីតំណែង។

លោក​មូបារ៉ាក់ ធ្វើ​សេចក្តីថ្លែងការណ៍​តាមទូរទស្សន៍ យប់​ថ្ងៃ​ព្រហស្បតិ៍ ១០ កុម្ភៈ ២០១១
លោក​មូបារ៉ាក់ ធ្វើ​សេចក្តីថ្លែងការណ៍​តាមទូរទស្សន៍ យប់​ថ្ងៃ​ព្រហស្បតិ៍ ១០ កុម្ភៈ ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ កងទ័ព​អេហ្ស៊ីព្ទ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ទី១ ដោយ​បញ្ជាក់ថា កងទ័ព​នឹង​ចាត់វិធានការ ដើម្បី​ឆ្លើយតប​នឹង​ការទាមទារ​របស់​ចលនាប្រឆាំង។ ការប្រកាស​បែបនេះ​បាន​ធ្វើ​ឲ្យ​ក្រុមបាតុករ​ប្រឆាំង​យល់ថា កងទ័ព​កំពុង​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកមូបារ៉ាក់។

នាយករដ្ឋមន្រ្តី​អេហ្ស៊ីព្ទ​ក៏បាន​បង្ហើប​ឲ្យដឹង​ផងដែរ​ថា លោកមូបារ៉ាក់​អាច​នឹង​ចុះចេញ​ពីតំណែង។ ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់​អាមេរិក (CIA) ក៏បាន​បញ្ចេញ​ព័ត៌មាន​ដូចគ្នា​នេះដែរ។ ក្រុមប្រឆាំង​ជាច្រើន​ក៏បាន​នាំគ្នា​មកប្រមូលផ្តុំគ្នា​​នៅ “ទីលាន​សេរីភាព” ដើម្បី​ចាំស្តាប់​សេចក្តី​ថ្លែងការណ៍​របស់​លោកមូបារ៉ាក់ ដោយរំពឹង​ថា លោកមូបារ៉ាក់​នឹង​ប្រកាស​លាឈប់។

ក៏ប៉ុន្តែ នៅក្នុង​សេចក្តីថ្លែងការណ៍​តាមទូរទស្សន៍ នៅយប់​ថ្ងៃព្រហស្បតិ៍ លោក​មូបារ៉ាក់​បាន​ប្រកាស​ថា លោក​នឹង​មិន​ចុះចេញ​ពីតំណែង​នោះទេ។ លោក​គ្រាន់តែ​សម្រេច​ផ្ទេរ​អំណាច​ខ្លះ​ទៅ​ឲ្យ​លោក​ស៊ូលេម៉ាន់ ដែល​ជា​អនុប្រធានាធិបតី។

ការប្រកាសនេះ​បាន​ធ្វើ​ឲ្យ​​បាតុករ​ប្រឆាំង​ផ្ទុះ​កំហឹង​កាន់តែ​ខ្លាំង ហើយ​បាន​ប្រកាស​ថា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ឲ្យកាន់តែ​ធំ​ឡើងថែមទៀត នៅថ្ងៃ​សុក្រនេះ ក្រោយ​ពី​ការសូត្រធម៌​ពេលព្រឹកចប់។

នៅព្រឹកថ្ងៃសុក្រ នៅពេលដែល​បាតុករ​ប្រឆាំង​រាប់ម៉ឺននាក់ កំពុង​សូត្រធម៌ នៅ​ទីលាន​សេរីភាព កងទ័ព​បាន​ចេញ​សេចក្តី​ប្រកាស​លើកទី២ អំពាវនាវ​ឲ្យ​ពួក​បាតុករ​បញ្ឈប់​បាតុកម្ម ហើយ​ត្រឡប់​ទៅផ្ទះសម្បែងវិញ ដោយ​កងទ័ព​ចេញមុខធានាថា នឹង​រៀបចំ​ធ្វើ​កំណែទម្រង់​ ឆ្ពោះទៅ​ធ្វើ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ការប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​បាតុករ​ប្រឆាំង​ផ្ទុះកំហឹង​កាន់តែ​ខ្លាំងឡើង​ថែមទៀត ព្រោះ​គេ​យល់ថា កងទ័ព​កំពុង​តែ​គាំទ្រ​ឲ្យ​លោក​មូបារ៉ាក់​បន្ត​កាន់តំណែង​តទៅទៀត។

ពួក​បាតុករ​ប្រឆាំងគ្រោង​​ចាកចេញ​ពី​ទីលានសេរីភាព ហើយ​ចូលកាន់កាប់​វិមាន​ប្រធានាធិបតី នៅថ្ងៃ​សុក្រនេះ។ ជាមួយ​នឹង​កំហឹង ដែល​កំពុង​តែ​ពុះកញ្ជ្រោល​ដល់​កំពូល ពួកបាតុករ​អាច​នឹង​ត្រូវប៉ះទង្គិច​ជាមួយ​ទាហាន ដែល​ត្រូវ​បាន​គេ​ដាក់ពង្រាយ​ការពារ​វិមានប្រធានាធិបតី។

កន្លងមក កងទ័ព​ធ្លាប់​បាន​សន្យា​ថា នឹង​មិនប្រើ​កម្លាំង​ទៅលើ​បាតុករ។ ក៏ប៉ុន្តែ ប្រសិន​បើ​បាតុករ​ចាប់ផ្តើម​ងាកមក​ប្រឆាំង​នឹង​កងទ័ព ហើយ​ធ្វើ​ឲ្យ​អំណាច​របស់​កងទ័ព​ត្រូវ​រង្គោះរង្គើ តើ​កងទ័ព​អេហ្ស៊ីព្ទ​នឹង​នៅតែ​នៅស្ងៀម​មិនប្រើ​កម្លាំង​រហូតដល់​ត្រឹមណា? នៅពេលនេះ បដិវត្តន៍​អេហ្ស៊ីព្ទ​កំពុង​តែ​ឈាន​ចូលដល់ដំណាក់កាល​មួយ​​ដ៏គ្រោះថ្នាក់​បំផុត គឺ​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ចលនាប្រឆាំង និង​កងទ័ព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ