អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ខួប​១៥ឆ្នាំ​នៃ​អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ១៥ មិថុនា​កន្លងទៅ​ គម្រប់បាន​១៥ឆ្នាំគត់ តាំងពី​មាន​ប្រសូតមក ពេញរូប​ពេញរាងជា​ អង្គការ​តំបន់មួយ​ថ្មី ក្រោម​ឈ្មោះថា អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ​ OCS​ ដោយ មាន៦​ប្រទេស​ជា​សមាជិក គឺ​ចិន រុស្ស៊ី​ កាហ្សាក់ស្ថាន ​កៀហ្ស៊ិស៊ីស្ថាន​ តាហ្ស៊ីគីស្ថាន​ និង​អ៊ូសបេគីស្ថាន ដែលតាំង​គោលដៅ​ធានាឲ្យ​មានស្ថិរភាព​ និង សន្តិសុខ​នៅតំបន់​ ប្រយុទ្ធ​ទល់នឹង​ភេរវនិយម ហើយបាន​ទទួលលក្ខន្តិកៈ​ជា អង្គការ​សង្កេតការណ៍ ប្រចាំនៅ​អ.ស.ប.។ តាំងពីឆ្នាំមុន​មក ទន្ទឹមនឹង​ប្រទេស​ខ្លះទៀត រាជាណាចក្រកម្ពុជា​ត្រូវបាន OCS ចាត់ទុក​ជា​ដៃគូសន្ទនា​របស់ខ្លួន។​ តើ​អង្គការសហ​ប្រតិបត្តិការ​​ក្រុង​សៀងហៃ​ មានប្រវត្តិ និង​ដំណើរ អភិវឌ្ឍន៍​យ៉ាងណា​ដែរ?  

ទាហាន​ចិន
ទាហាន​ចិន REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

តាមពិត គឺតាំងពី២០ឆ្នាំ​មុនម៉្លេះ ក្នុងឆ្នាំ​១៩៩៦ ដែលក្នុង​ក្រុងសៀងហៃ​តែម្តង​ មាន​ប្រព្រឹត្តទៅ​ជំនួបកំពូល​លើកដំបូង នៃក្រុម៥ប្រទេស គឺ ម្ខាង ចិនដីគោក និង ម្ខាងទៀត ៤ប្រទេស នៃអតីត​សហភាព​សូវៀត​ គឺ រុស្ស៊ី កាហ្សាក់ស្ថាន ​កៀហ្ស៊ិស៊ីស្ថាន ​តាហ្ស៊ីគីស្ថាន។ ​កាលណោះ​ ​​ប្រមុខនៃ​ក្រុម៥ប្រទេស​នោះ​ បានចុះ​​កិច្ចព្រមព្រៀង​​​ដើម្បីពង្រឹង ការជឿ​ទុកចិត្ត​គ្នា​ក្នុងវិស័យ​យោធា។ រួចដោយឈរលើ​កិច្ចព្រមព្រៀងនោះ​ ដែលមាន​លេចចេញ​មកជា​ សម្ព័ន្ធ​ នយោបាយ​ក្រោមឈ្មោះថា​ “ ក្រុម៥ប្រទេស​សៀងហៃ”។ ​គោលដៅចម្បង​ចោទ​ដោយ​​សម្ព័ន្ធ គឺ​ធានាឲ្យមាន​ស្ថិរភាព​នៅតាម​បណ្តោយ​ខ្សែព្រំដែន​ ដែល​ខ័ណ្ឌ​បណ្តារដ្ឋអតីត​សហភាពសូវៀត​ និង​មហាប្រទេសចិន ពីព្រោះ​ខ្សែព្រំដែននោះ ធ្លាប់បាន​បង្កប់​ទៅដោយ​បញ្ហាវិវាទ​ដែនដី។

 
នៅឆ្នាំ​បន្ទាប់មក​ ក្នុងឆ្នាំ​១៩៩៧ ក៏មានចុះ​បានកិច្ចព្រមព្រៀង​មួយទៀត​ ឆ្ពោះទៅ​កាត់បន្ថយ​ដូចគ្នា ចំនួន​កងកម្លាំង​ប្រដាប់​អាវុធ នៅតំបន់​ព្រំដែននោះ​ហើយវា​​ក្លាយជា ជំហាន​ជាក់លាក់​ទី១ នៅលើ​ផ្លូវ​បន្ធូរបន្ថយ​ភាព​តានតឹង​យោធា នៅ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក។​ ជំនួបលើកទី៣​ នៃក្រុម៥​ប្រទេស​សៀងហៃ​ ក្នុងឆ្នាំ១៩៩៨​ បានចប់ទៅ ​ដោយការ​ចុះហត្ថលេខា​ ក្នុងជាន់ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ លើ​សេចក្តីថ្លែងការណ៍រួម​ គាំទ្រដល់​សំណើ ​កាហ្សាក់ស្ថាន​ ឲ្យកោះ​ប្រជុំ​ឡើងជា​សន្និសីទ​ស្តីអំពីវិធានការ​ជឿទុកចិត្តគ្នា​ នៅទូទាំង​ទ្វីបអាស៊ី​តែម្តង។ ក្នុងឆ្នាំ​១៩៩៩ ក្រុម៥ប្រទេស​សៀងហៃ បានចេញ​សេចក្តីប្រកាស ស្តីអំពី​ការតាំងភាព​ជាដៃគូ យុទ្ធសាស្ត្រ​នឹងគ្នា នៅតាម​មុខព្រួញ បែបយ៉ាង​ ប្រយុទ្ធទល់នឹង​​ឧក្រិដ្ឋកម្មឆ្លងដែន​ និង​ ចរាចរណ៍​គ្រឿងញៀន។

 
ក្នុងឆ្នាំ​២០០០​ ក្រុម៥​ប្រទេសសៀងហៃ​ បានប្រែ​ទៅជា “ ​វេទិកាសៀងហៃ “ ​ក្រោយពី​បានទទួល​រដ្ឋមួយទៀត​នៃតំបន់​អាស៊ីកណ្តាល ​ពោលគឺ អ៊ូសបេគីស្ថាន​ ជា សមាជិក​សង្កេតការណ៍។ លុះក្នុង​ឆ្នាំ២០០១​ ពោលគឺ១៥ឆ្នាំមុន​ នាថ្ងៃ​១៥មិថុនា​ ក្រោយពី​អ៊ូសបេគីស្ថាន ភ្ជាប់ខ្លួន​ជា សមាជិក​ពេញសិទ្ធិ មកនឹង​ក្រុម៥​ប្រទេស សៀងហៃ ប្រមុខនៃ ៦ប្រទេស​សៀងហៃ​ទៅហើយ បានចេញ​សេចក្តីថ្លែងការណ៍​បង្កើតឡើង ជា អង្គការសហ​ប្រតិបត្តិការ​ក្រុងសៀងហៃ​ ហៅ កាត់ថា OCS ដែល តាំងគោលដៅ​ថែរក្សា​ស្ថានការណ៍​នៅ​តំបន់​អាស៊ីកណ្តាល ឲ្យមាន​ស្ថិរភាព ពង្រឹង​មិត្តភាព និង​ស្មារតី​រួមរស់​ភូម៏ផងរបង​ល្អ រវាងរដ្ឋ​ជា​សមាជិក​ ពង្រីក សហប្រតិបត្តិការ​ ក្នុងវិស័យ​ នយោបាយ សេដ្ឋកិច្ច ​និង វិទ្យាសាស្ត្រ។ ​

 
ជាតុល្យាការ​ ជំនួបកំពូលនោះ​ ៦ ប្រទេសOCS ​បានចុះ​ អនុសញ្ញា​សៀងហៃ ប្រយុទ្ធ​ទល់នឹង​ ពួក​ភេរវជន ​ពួកជ្រុលនិយម ​ពួកផ្តាច់ទឹកដីនិយម ​ហើយបាន​ឯកភាព​គ្នា​បង្កើតជា ​“មជ្ឈមណ្ឌល​ប្រឆាំង​ភេរវនិយម​ប្រចាំតំបន់​អាស៊ីកណ្តាល” ដោយមាន​ទីស្នាក់ការ​នៅក្រុង Bishkek រដ្ឋធានី​កៀហ្ស៊ីស៊ីស្ថាន។​ ស្របនឹង​ធម្មនុញ្ញ OCS​ ទិសដៅ​ជាអាទិភាព​របស់អង្គការ​នេះ គឺ​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ ដឹក​ជញ្ជូន អភិវឌ្ឍន៍​វិស័យថាមពល​ ទូរគមនាគមន៍​ ប្រេង​និងឧស្ម័ន​ កសិកម្ម​ ព្រមទាំង​វិស័យ​ ប្រើប្រាស់​សម្បត្តិទឹក។

 
ជំហាន​សំខាន់​សម្រាប់​ OCS គឺ​ជំនួបនៃ “ ក្រុមប្រឹក្សា​៦​ប្រមុខរដ្ឋ “ អង្គការនេះ​​ក្នុងឆ្នាំ​២០០៥ ដែលបាន​អនុម័ត​សេចក្តីសម្រេច ផ្តល់លក្ខន្តិកៈជា​សមាជិក​សង្កេតការណ៍ របស់​OCS ដល់ ៣​ប្រទេសធំៗ ​នៅអាស៊ី គឺ ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់។ ​១ឆ្នាំមុន​ ក្នុងឆ្នាំ២០០៤​ លក្ខន្តិកៈ​បែបនេះ​ ត្រូវបានប្រគល់ទៅឲ្យ  ​ប្រទេស ម៉ុងហ្គោលី ទៅហើយ។ ដូច្នេះ ការ​ពង្រីក​ភូមិសាស្ត្រ​ របស់​ OCS​ បាន​បើកផ្លូវ​ឲ្យអង្គការ​តំបន់នេះ​ បង្កើន​ជាគោលការណ៍​ គឺ ទម្ងន់​អន្តរជាតិ​របស់​​ខ្លួន។ បីឆ្នាំ​ក្រោយមក​ ក្នុងឆ្នាំ​២០០៨​ ជំនួប​កំពូល​OCS បានសម្រេច​​ផ្តល់​លក្ខន្តិកៈ​ ជា”ដៃគូសន្ទនា” ដល់​ប្រទេស សេរីលង្កា និង​បេឡារុស។

 
ក្នុងឆ្នាំ២០១០​ ជំនួប​កំពូល OCS​បានចេញ​សេចក្តីថ្លែងការណ៍​ កសាង​តំបន់នេះ​ ជា​តំបន់ សន្តិភាព​ និង​វិបុលភាព​រួមគ្នា​​យូរអង្វែង​ទៅមុខ។ រួចក្នុង​ឆ្នាំនោះឯង​ បានទទួល​លក្ខន្តិកៈ​ជា សមាជិក​សង្កេតការណ៍​ គឺ​អាហ្វហ្កានីស្ថាន ហើយជា​ដៃគូសន្ទនា​របស់ OCS គឺ​តួកគី។ ​លុះក្នុង​​ឆ្នាំ២០១៤​ ឥណ្ឌា និង​ប៉ាគីស្ថាន បានដាក់​ពាក្យសុំ​ចូលជា​សមាជិកពេញសិទ្ធិ​របស់ អង្គការ​ OCS។ តបនឹង​សំណូមពរ​នេះ​ ក្នុងឆ្នាំ២០១៥​ “ក្រុមប្រឹក្សា៦ប្រមុខរដ្ឋ” ​OCS បាន ​សម្រេច​ថា ចាប់ផ្តើម​របៀបរបប​ខាងទទួល​ឥណ្ឌា និង​ប៉ាគីស្ថាន ទៅជាសមាជិក​ពេញសិទ្ធិ​ របស់​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ​តែម្តង។ ម៉្លោះហើយ បានជា​គេនិយាយថា ​ឥឡូវ​ជើងម្ខាងរបស់​ ឥណ្ឌា និង​ប៉ាគីស្ថាន ឈានចូល​ទៅហើយ​ទៅក្នុង” សង្វៀន”​ របស់​ OCS។​ បញ្ហានេះ​ នឹង​ត្រូវដោះស្រាយ​ស្រេចបាច់ជាស្ថាពរ​ ក្នុងជំនួបកំពូល​ OCS​ នៅក្រុង ​Tachkent ​រដ្ឋធានី​អ៊ូសបេគីស្ថាន ​ក្នុងខែ​តុលាខាងមុខ។​

 
ពិតជា​ក្នុងឆ្នាំមុន​ដែរ ឆ្នាំ២០១៥ ​ដែល OCS ​បានដំឡើង​លក្ខន្តិកៈ​ បេឡារុស ​ពី“ដៃគូសន្ទនា” ​ទៅជា​ “សមាជិក-សង្កេតការណ៍” ​ហើយបាន​ផ្តល់លក្ខន្តិកៈ​ជា” ដៃគូ​សន្ទនា” របស់​អង្គការ សហ​ប្រតិបត្តិការ​ក្រុងសៀងហៃ​ ដល់ប្រទេស​មួយចំនួនទៀត​ ក្នុងនោះ​ មាន​អាស៊ែរបែហ្ស៊ន់ អារមេនី​ រាជាណាចក្រកម្ពុជា​ និង​នេប៉ាល់។ ជាការ​កត់សម្គាល់​ ទាំង​អាហ្វហ្កានីស្ថាន​ និង អ៊ីរ៉ង់​​ក៏បានដាក់ពាក្យ​ទៅហើយ​សុំចូលជា​សមាជិកពេញសិទ្ធិ​​របស់​OCS ។

អង្គការនេះ​បើគិតទាំង​ប្រទេស​សង្កេតការណ៍ផង​ គឺ​មាន​ផ្ទៃក្រឡាដល់ជាង​ ៣៤លានគ.ម.ឬ ៦១% ​នៃដែនដី​ទ្វីបអឺរ៉ុប-អាស៊ី​ ប្រកបដោយ​បណ្តាជន​៣.១៧០លាននាក់​ឬ ៤៣% នៃ​បណ្តាជន​លើផែនដី។​ OCS ​បើគិតតែ​៦ប្រទេស​សមាជិកពេញសិទ្ធិ​ គឺ​មានផលិតផលសរុប​ក្នុងស្រុក​ហៅថា GDP ស្របនឹង​តួលេខ​ឆ្នាំ២០១៤ ក្នុងទំហំ​ដល់ ១២លាន៥សែនដុល្លារលាន​ដង ចាញ់តែ​ស.រ.អា. ដែលមាន​ទំហំ​១៧លាន៤សែនដុល្លារលានដង​ និង​សហភាពអឺរ៉ុប ដែលមាន​ទំហំ​ ១៨លាន៤សែន​ដុល្លារលាន​ដង៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ