អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋមន្ត្រី​ការទូត​អាមេរិក ​និង​រុស្ស៊ី ​និយាយ​គ្នា​ថា​ដល់​ពេល​ដែល​ត្រូវ​រក​វិធី​ចរចា ជាមួយ​កូរ៉េខាងជើង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំ​រឿង​កូរ៉េ​ខាងជើង ​កំពុងតែ​ដើរ​ដល់​ដំណាក់កាល​ថ្មី​មួយទៀត ​គួរឲ្យ​មាន​សុទិដ្ឋិនិយម​ ដោយ​គេ​សង្កេត​ឃើញ​ថា ភាគីទាំងអស់​ ហាក់​បានបន្ទន់​ឥរិយាបថ ​ឈប់​កំញើញ​គ្នា​ទៅវិញ​ទៅមក។ បើ​តាម​ការ​ឲ្យ​ដឹង​ ពី​សំណាក់ ​ក្រសួង​ការបរទេស​រុស្ស៊ី ​បាន​ឲ្យដឹង​ថា ​លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ និង​លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី ​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​ កាល​ពីថ្ងៃ​អង្គារ ​ទី​២៦ ​ធ្នូ។ រដ្ឋមន្ត្រី​ទាំងពីរ​ បាន​ប្រកាស​គោល​ជំហរ​រួម​គ្នា​ថា ​ពេលនេះ​ជា​ពេល​សម​ស្រប​ហើយ ​ដើម្បី​បើក​ផ្លូវ​ចរចា ​ជាមួយ​និង​កូរ៉េ​ខាងជើង។

មេដឹកនាំកូរ៉េខាងជើង Kim Jong-un អង្គុយ​មើល​ការ​បាញ់​​សាកល្បង​​​មីស៊ិល​ Hwasong-12​ ថ្ងៃទី​១៦ កញ្ញា ​២០១៧
មេដឹកនាំកូរ៉េខាងជើង Kim Jong-un អង្គុយ​មើល​ការ​បាញ់​​សាកល្បង​​​មីស៊ិល​ Hwasong-12​ ថ្ងៃទី​១៦ កញ្ញា ​២០១៧ KCNA via REUTERS
ផ្សាយពាណិជ្ជកម្ម

ឈប់គំរាម នាំគ្នាចរចាម្តង

បន្ទាប់ពីបានឡើងកំដៅ ហៀបនឹងឆេះក្លាយជាភ្លើងសង្រ្គាម វិបត្តិកូរ៉េខាងជើង កំពុង​តែ​ខិតទៅរកសញ្ញាណវិជ្ជមាន គួរឲ្យត្រេកអរ។ កាលពីប៉ុន្មានសប្តាហ៍មុននេះ រដ្ឋាភិបាលអាមេរិក បានប្រកាសផ្លាស់ប្តូរគោលជំហរ ដោយថាខ្លួនសុខចិត្តចរចា ជាមួយនឹងកូរ៉េខាងជើង។ ពោលគឺផ្ទុយពីគោលជំហរ ដែលលោកដូណាល់ ត្រាំ ធ្លាប់បានប្រកាស ថាចរចាជាមួយកូរ៉េខាងជើង នាំតែខាតពេល ហើយគាត់សន្យាថា នឹងកំទេចកូរ៉េខាងជើង ឲ្យក្លាយជាផេះតែម្តង។

ឥឡូវពេលនេះ យើងឃើញថា រដ្ឋាភិបាលអាមេរិក បានប្តូរចិត្ត ហើយដើរស្របជាមួយនឹងគោលជំហររបស់រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសប្រទេសទាំង២ បាននិយាយគ្នាតាមទូរស័ព្ទ​ កាលពីថ្ងៃអង្គារ ទី២៦ធ្នូ ​ស្តីពីបញ្ហានេះ។ ក្រសួងការបរទេសរុស្ស៊ី បានចេញលិខិតមួយនៅព្រឹកថ្ងៃពុធនេះ ដោយបានលើកឡើង ថា ភាគីអាមេរិក និងរុស្ស៊ី សូមប្រកាសរួមគ្នា ថ្កោលទោសទៅលើកម្មវិធីនុយក្លេអ៊ែរ និងបាលីស្ទីក របស់កូរ៉េខាងជើង។ ក៏ប៉ុន្តែភាគីទាំងពីរ បានយល់ឃើញដូចគ្នាថា  វាដល់ពេលហើយ ដែលត្រូវតែ ផ្លាស់ប្តូរពាក្យសំដី ឈប់និយាយគំរាមតទៅទៀត ហើយងាកមកបើកយន្តការជាក់ស្តែងមួយ ដើម្បីចរចា ជាមួយកូរ៉េខាងជើង ឲ្យបានឆាប់ជាទីបំផុត

បន្ថែមពីនេះ  លោក Sergueï Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានលើកឡើងថា ការដែលសហរដ្ឋអាមេរិក ប្រកាន់ជំហរតឹងតែង ហាឡើងគិតតែពីគំរាមកំទេច លើកទ័ពលើក​អាវុធ មកកំញើញកូរ៉េខាងជើងនោះ គឺវាជារឿងមិនល្អទេ។ ច្រកចេញមានតែ​មួយ​គត់ គឺត្រូវតែចរចា។

បន្ថែម​ទណ្ឌកម្ម​សេដកិច្ច​ដើម្បី​ផ្កាប់​ឆ្នាំងបាយ​កូរ៉េ​ខាងជើង

ទណ្ឌកម្ម អាចហុ​ចផលល្អ ជំរុញឲ្យភាគីកូរ៉េខាងជើង​គ្មានជំរើស ត្រូវតែចូលខ្លួនចរចា ល្គិក​​​ណា ទណ្ឌកម្មនោះ វាយចំគោលដៅ ហើយមានប្រសិទ្ធិភាព។ទណ្ឌកម្មថ្មី ដែលសហរដ្ឋអាមេរិក បានដាក់ កាលពីថ្ងៃអង្គារម្សិលមិញនេះ គឺជាការអនុវត្តតាម​ទណ្ឌកម្មសេដ្ឋកិច្ច ដែលអង្គការសហប្រជាជាតិ បានសម្រេច កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ។

ទណ្ឌកម្មនេះ មានខ្លឹមសារជារួម គឺសំដៅ វាយប្រហារ ទៅលើប្រភពចំណូល ប្រភព​ហិរញ្ញវត្ថុ របស់​កូរ៉េខាងជើង ព្រមទាំងទំនិញសម្ភារៈ ដែលប្រទេសនេះត្រូវការ យកទៅបំរើ​ដល់​កម្មវិធីនុយក្លេអ៊ែរ ដូចជាការនាំចូលប្រេងឥន្ធនៈជាដើម។

ប្រភពចំណូល គឺជំនួញរកស៊ី ដែលក្រុមហ៊ុនកូរ៉េខាងជើង មានជាមួយក្រុមហ៊ុនបរទេសមួយ​ចំនួន។ ប្រភពមួយផ្នែកទៀត គឺបុគ្គលិកកម្មករកូរ៉េខាងជើង ដែលត្រូវរដ្ឋាភិបាលប្រទេសនេះ បញ្ជូនឲ្យទៅធ្វើការនៅប្រទេសក្រៅ ដើម្បីប្រមូលលុយយកមកឲ្យរដ្ឋាភិបាល។ ប្រភពចំណូលទាំងអស់នេះ គឺឆ្លងកាត់ធនាគារ ដែលមានបុគ្គលិក ឬអ្នកទទួល​​ខុស​ត្រូវធនាគារ ជាជនជាតិកូរ៉េខាងជើង។ ដូច្នេះហើយបានជាគេ បានដាក់ទណ្ឌកម្មទៅលើមនុស្ស១៥នាក់ ដែលភាគច្រើន សុទ្ធតែធ្វើការ ក្នុងវិស័យធនាគារ។ អ្នកទាំង១៥នាក់នេះ ត្រូវគេបង្កកទ្រព្យសម្បត្តិ បិទខ្ទប់គណនីធនាគា ព្រមទាំងហាមមិនឲ្យមានវីហ្សាធ្វើដំណើរទៅណាទាំងអស់។

បើតាមប្រសាសន៍ របស់អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុអាមេរិក បានឲ្យដឹងថា ទណ្ឌកម្មបន្ថែមរបស់អាមេរិកនេះ គឺសំដៅលើមនុស្សពីរនាក់ ម្នាក់ឈ្មោះ Kim Jong Sik ម្នាក់ទៀត ឈ្មោះ Ri Pyong Chol ដែលអ្នកទាំងពីរនេះ សុទ្ធតែមានតួនាទីធំ ក្នុងការប្រមែរប្រមូលថវិកា យកទៅចំនាយលើកម្មវិធីផលិតអាវុធបាលីស្ទីក និងនុយក្លេអ៊ែរ។ ហើយមនុស្សទាំង២នាក់នេះ សុទ្ធតែមានឈ្មោះ ក្នុងចំណោមមនុស្សទាំង១៥នាក់ ដែលអង្គការសហប្រជាជាតិ បានសម្រេចដាក់ទណ្ឌកម្មដែរ។

ជាធម្មតាទេ កាលណាយើងចង់ឲ្យភាគីណាមួយ ងាកមករកយើង ជំរើស​មាន​ពីរ​ ទីមួយ​យកចិត្ត​គេ ទីពីរធ្វើឲ្យគេគ្មានជំរើស ឬក៏អាចប្រើជំរើសទាំងពីរព្រមគ្នាក៏ថាបាន។ ជាក់ស្តែងពេលនេះ អង្គការ​សហប្រជាជាតិ ក៏ដូចជាសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម សំដៅ​ផ្កាប់ឆ្នាំងបាយ និងបិទទុយយោប្រេងឥទ្ធនៈ​ទៅ​កូរ៉េ​ខាងជើង​ តែ​ទន្ទឹង​នឹង​នេះ​ គេ​បាន​បង្ហាញគោលជំហរ ត្រៀមខ្លួនបើកផ្លូវចរចា។

គ្មានជំរើសផ្សេង ទាំងអស់គ្នា

មកដល់ដំណាក់កាលនេះ បើយើងសង្កេតមើលទៅ ភាគីទាំងសងខាង ទាំងសហដ្ឋអាមេរិក ទាំងកូរ៉េខាងជើង សុទ្ធតែដឹងខ្លួនថាគ្មានជំរើសផ្សេង ក្រៅពីការចរចាទេ។ និយាយ​ម្យ៉ាងទៀត ថា លោកដូណាល់ ត្រាំ ដែលធ្លាប់តែគំរាមកំទេចកូរ៉េខាងជើង ហាក់ដឹងខ្លួនថា​ មិនអាចធ្វើទៅបានទេ។ លោកត្រាំខ្លួនឯង បានចាត់ទុក គីម ជុងអ៊ុន ថាជាក្មេងឆ្គួតលីលា នឹងល្បែងនុយក្លេអ៊ែរ។ ដូច្នេះ ក្នុងន័យនេះ គឺមានន័យស្រាប់ទៅហើយថា លោកដូណាល់ ត្រាំ ត្រូវតែប្រយ័ត្ន មិនត្រូវសាកល្បង ជាមួយ គីម ជុង​អ៊ុនទេ ព្រោះគីមជុងអ៊ុន ជាក្មេងឆ្គួតលីលា។

ដូច្នេះជំរើសសម្រាប់សហរដ្ឋអាមេរិក គឺត្រូវតែចរចា។ ចរចា មានន័យថា សហរដ្ឋ​អាមេរិក ត្រូវតែបង្ខំចិត្ត ទទួលស្គាល់ ថាកូរ៉េខាងជើង ជាមហាអំណាចនុយក្លេអ៊ែរ​។ កន្លែង​នេះហើយ​ ដែលគីម ជុងអ៊ុនចង់បាន គឺចង់ឲ្យគេទទួលស្គាល់ ថាខ្លួនឯងខ្លាំង។ បើគេ​ទទួលស្គាល់ថាខ្លួនខ្លាំង អញ្ចឹង គេនឹងឈប់គំរាមកំញើញតទៅទៀត។

តាមពិតទៅ ការទទួលស្គាល់ថា កូរ៉េខាងជើង ជាមហាអំណាចនុយក្លេអ៊ែរ វាគឺជារឿងមួយពិបាកធ្វើណាស់ សម្រាប់មេដឹកនាំអាមេរិកមួយចំនួន ក៏ប៉ុន្តែសួរថា តើអាមេរិក​អាចទៅហាមឃាត់ ទៅទប់ស្កាត់ ប្រទេសមួយ បានទេ? មិនអាចទេ ! ​ដូច្នេះ វាគ្មានជំរើសអ្វី ដែលត្រូវទទួលស្គាល់ការពិត ហើយរកវិធី បញ្ជៀស​​ការប្រឈមមុខដាក់គ្នា វាប្រសើរជាជាង។ ការចរចា ស្តីពីការគ្រប់គ្រងកម្មវិធិនុយក្លេអ៊ែរស៊ីវីល និងលប់ចោលការផលិតអាវុធបរមាណូ បន្តិចម្តងៗ គឺជាជំរើស ដែលគ្រប់គ្នាទទួលស្គាល់ថា ត្រូវតែធ្វើ។ ហើយបើមើលស្ថានភាពពេលនេះ កូរ៉េខាងជើង ហាក់មិនប្រឆាំងនិងការចរចាទេ។

យ៉ាងណាមិញ របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានសរសេរ កាលពីថ្ងៃអង្គារម្សិលមិញនេះថា កូរ៉េខាងត្បូងកំពុងមានក្តីសង្ឃឹមជាខ្លាំង ថា កូរ៉េខាងជើង ប្រាកដជាបើកផ្លូវ យល់ព្រមចរចាជាមួយសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ ក្នុងពេលខាងមុខនេះ។ ហើយកូរ៉េខាងត្បូងក៏នៅតែមានសង្ឃឹមថា កូរ៉េខាងជើង​ ប្រាកដជាបោះដៃ មកចាប់ដៃកូរ៉េខាងត្បូង ក្នុងពេលខាងមុខ។ យើងឃើញថា សុទិដ្ឋិនិយម និងក្តីសង្ឃឹម នៅតែមានពន្លឺ ដ៏រាបណា ភាគីទាំងអស់ យល់ពីតំរូវការរៀងខ្លួន​ ហើយព្រមធ្វើសម្បទានម្នាក់បន្តិច ដើម្បីនិយាយគ្នា ដោយសន្តិវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ