អានតួអត្ថបទ
កូរ៉េខាងជើង-កូរ៉េខាងត្បូង

តុលាការ​កូរ៉េ​ខាងត្បូង បើក​សវនាការ​ករណី​ស្ត្រី​ភៀសខ្លួន​កូរ៉េ​ខាងជើង​១២​នាក់

ករណី​ស្ត្រី​ជនជាតិ​កូរ៉េ​ខាងជើង​១២ ​នាក់ ​ដែល​ជា​បុគ្គលិក​ក្នុង​ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​មួយ​ ​នៅក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ដំណើរ​មក​ដល់​កូរ៉េ​ខាងត្បូង ​កាលពី​ខែ​មេសា​កន្លងទៅ​នេះ ​ បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​ជាតិ​កូរ៉េ​ខាងត្បូង ​និង​អន្តរជាតិ ​បាន​ចុះ​ផ្សាយ​យ៉ាង​គគ្រិកគគ្រេង។​ កូរ៉េខាងជើង ​បាន​ធ្វើការ​ចោទ​ប្រកាន់​ថា ​ក្រុម​នគរបាល​សម្ងាត់​កូរ៉េ​ខាងត្បូង ​បាន​ចាប់​ពង្រត់​ស្ត្រី​កូរ៉េ​ខាងជើង​ទាំង​នោះ។ នៅថ្ងៃ​អង្គារ​ទី​២១ ​មិថុនា​នេះ​ តុលាការ​កូរ៉េ​ខាងត្បូង ​ក្រុង​សេអ៊ូល ​បាន​បើក​សវនាការ ​ដើម្បី​ពិនិត្យ​មើល ​លើ​បទ​ចោទ​ប្រកាន់​ ដែល​សមាគម​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​មួយ​ក្រុម ​ បាន​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​នគរបាល​សម្ងាត់​កូរ៉េ​ខាងត្បូង។

ស្រ្តីជនជាតិ​កូរ៉េ​ខាងជើង រាំរបាំក្នុងភោជនីដ្ឋាន​ម្ហូប​កូរ៉េ​ខាងជើង​ ​នៅក្រុង​ Dandong ប្រទេស​ចិន​​ជាប់​ព្រំដែន​​កូរ៉េខាងជើង​។ រូបភាពឆ្នាំ២០១៣
ស្រ្តីជនជាតិ​កូរ៉េ​ខាងជើង រាំរបាំក្នុងភោជនីដ្ឋាន​ម្ហូប​កូរ៉េ​ខាងជើង​ ​នៅក្រុង​ Dandong ប្រទេស​ចិន​​ជាប់​ព្រំដែន​​កូរ៉េខាងជើង​។ រូបភាពឆ្នាំ២០១៣ MARK RALSTON / AFP
ផ្សាយពាណិជ្ជកម្ម

រត់ម្តង​១៣​នាក់៖

កាល​ពី​ថ្ងៃទី​១៣​មេសា ​អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា ​ មាន​ស្ត្រី​ជនជាតិ​កូរ៉េ​ខាង​ជើង​១២​នាក់ ​និង​បុរស​ម្នាក់ ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សេអ៊ូល។ អ្នក​ទាំង​១៣​នាក់ ​ បាន​ប្រាប់​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ថា ​ ពួក​ខ្លួន​ បាន​រត់គេច​ចេញ​ពី​ភោជនីយដ្ឋាន​កូរ៉េ​ខាង​ជើង​មួយ​កន្លែង​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​ចិន ​ហើយ​បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ថៃ ​មុន​នឹង​បាន​មក​ដល់​កូរ៉េ​ខាង​ត្បូង។ គេមិនដឹង​ថា​ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​នោះ ​ឈ្មោះអី​ នៅ​ត្រង់​ណាឲ្យ​ប្រាកដ​ទេ ​ ​តែ​បើ​តាម​ការ​ស្មាន ​គឺ​ប្រហែល​ជា​នៅ​ក្រុង​កំពង់ផែ ​Ningbo ​ ក្នុង​ខេត្ត​ Zhejiang ​របស់​ចិន ​ក្បែរ​ក្រុង​សៀងហៃ។

បើយោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​កូរ៉េ​ខាងត្បូង ​ជនភៀសខ្លួន​កូរ៉េ​ខាងជើង​ទាំង​១៣​នាក់​នេះ ​ បាន​ចាក​ចេញ​ពី​ប្រទេស​ចិន​ កាលពី​ថ្ងៃទី​ ៧​មេសា ​ ហើយ​បាន​មក​ដល់​ក្រុង​សេអ៊ូល ​នៅថ្ងៃទី​៨​មេសា ​ ដើម្បី​សុំសិទ្ធិ​ជ្រក​កោន។

ការសែត​ក្នុងស្រុក​ ក៏ដូច​ជា​សារព័ត៌មាន​អន្តរជាតិ​នានា ​បាន​ចុះផ្សាយ​ដំណឹង​នេះ ​ឡើង​សុះសាយ​ រហូត​ខាង​កូរ៉េខាងជើង​ចេញ​លិខិត​មួយ​ថ្កោលទោស ​កូរ៉េ​ខាងត្បូង​ថា​ បាន​ប្រើប្រាស់​នគរបាល​សម្ងាត់​របស់​ខ្លួន​ ទៅ​ចាប់​ពង្រត់​មនុស្ស​ទាំង​១៣​នាក់​នេះ ​ ​ពី​ប្រទេស​ចិន។ ក្នុង​លិខិត​ថ្កោលទោស​របស់​ព្យុងយ៉ាង ​ ក៏មាន​សរសេរ​បន្ទោស​ដោយ​ប្រយោល​ថា ​រដ្ឋ​អំណាច​ចិន ​បាន​ចូលដៃ​ចូលជើង​ជាមួយ​កូរ៉េ​ខាងត្បូង ​ ដើម្បី​ពង្រត់​ជនជាតិ​កូរ៉េ​ខាងជើង​ទាំង​១៣​នាក់​នេះ។ តែ​យ៉ាងណាក៏​ដោយ​ ខាង​ក្រសួង​ការបរទេស​ចិន ​ បាន​ឆ្លើយតប​ថា ​មនុស្ស​ទាំង​១៣​នាក់​នេះ ​ មាន​ក្រដាសស្នាម​ ត្រឹមត្រូវ​តាម​ច្បាប់។ ដូចេ្នះ ​ពួកគេ​មាន​សិទ្ធិ​ធ្វើដំណើរ​ជា​ធម្មតា ​គ្មាន​នរណា​អាច​ហាមឃាត់​បាន​ឡើយ។

តែ​បើយើង​គិតទៅ ​គឺ​វា​ច្បាស់ណាស់​ ថា​ពួកគេ​ប្រាកដ​ជា​មិនមាន​លទ្ធភាព​ជិះ​យន្តហោះ​ពី​ចិន ​មក​ដល់​ថៃ ​រួច​ពី​ថៃ​ទៅ​សេអ៊ូល​បានទេ ​បើ​សិន​ជា​គ្មាន​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​កូរ៉េ​ខាងត្បូង។ ហើយ​មួយវិញ​ទៀត​ ​គេ​មិន​ជឿថា​ កូរ៉េ​ខាងជើង​ទៅ​ល្ងង់​ឲ្យ​មនុស្ស​ទាំង​១៣​នាក់​នេះ ​កាន់​លិខិត​ឆ្លងដែន​ដែរ។ ដូច្នេះ​មានន័យ​ថា ​អាច​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ ដែល​ជា​អ្នក​រត់ការ​ ធ្វើ​លិខិតឆ្លងដែន ​ ដើម្បី​ឲ្យ​មនុស្ស​ទាំង​១៣​នាក់​នេះ ​ អាច​ធ្វើ​ដំណើរ​បាន៕

កូរ៉េខាងជើង​ចោទថា ​កូរ៉េខាងត្បូង​ចាប់​ពង្រត់៖
ករណីនេះ​ បាន​ក្លាយ​ជា​បណ្តឹង​ទៅ​ដល់​តុលាការ ​ដោយសារ​កូរ៉េ​ខាងជើង ​បាន​ទាមទារ​ឲ្យ​បញ្ជូន​មនុស្ស​ទាំង​១៣​នាក់​នេះ ​ប្រគល់​ទៅ​ឲ្យ​កូរ៉េខាងជើង​វិញ​ជា​បន្ទាន់។ តែ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​មិនដឹង​មិនឮ។ ក្រោយ​មក​កូរ៉េ​ខាង​ជើង​បាន​ទាំង​ថត​ផ្សាយ​វីដេអូ​​ បង្ហាញ​ពី​ក្រុម​គ្រួសារ​របស់​ស្ត្រី​ទាំង​១២​នាក់​នេះ ​ដែល​ទទូច​ចង់​មក​ជួប​នៅ​កូរ៉េ​ខាងត្បូង។ តែ​កូរ៉េ​ខាងត្បូង​បដិសេធ​ទៀត ​ ដោយ​អះអាង​ថា ​កន្លែង​ស្នាក់​នៅ​របស់​ស្ត្រី​ភៀសខ្លួន​ទាំងនោះ ​ត្រូវ​ទុកជា​ការ​សម្ងាត់​ ខ្លាចក្រែង​មាន​គេញសម្ងាត់​របស់​កូរ៉េ​ខាងជើង ​មក​លប​សម្លាប់។

បន្ទាប់​មកទៀត ​កូរ៉េខាងជើង​បាន​ ស្នើរឲ្យ​អង្គការ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាងត្បូង ​ឈ្មោះ​សមាគម​មេធាវី​ ដើម្បី​សង្គម​ប្រជាធិបតេយ្យ​ ឲ្យ​ធ្វើ​ជា​តំណាង​ក្រុម​គ្រួសារ​ស្ត្រី​កូរ៉េ​ខាង​ជើង​ទាំង​១២​នាក់ ​ ដើម្បី​ដាក់​ពាក្យប្តឹង​ទៅ​តុលាការ។ បណ្តឹងនេះ​ ​គឺ​ប្តឹង​ដោយ​ផ្ទាល់​ទៅ​នគរបាល​សម្ងាត់​ជាតិ​កូរ៉េ​ខាងត្បូង ​ពីបទ​ចាប់​ពង្រត់​ជនជាតិ​កូរ៉េ​ខាងជើង។

ក្រុម​មេធាវី ​ដែល​ជា​ដើម​បណ្តឹង ​បាន​ទាមទារ​ឲ្យ​ស្ត្រី​ទាំង​១២​នាក់ ​ចូល​មក​បំភ្លឺ​នៅ​ចំពោះមុខ​តុលាការ​ ​ក៏ប៉ុន្តែ ​មុន​បើក​សវនាការ​នេះ ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ថា ​ស្រ្តី​ទាំង​១២​នាក់​ ត្រូវ​ស្ថិត​ក្នុង​ការ​ការពារ​របស់​នគរបាល​សម្ងាត់ ​ ហើយ​ក្នុង​កាលៈទេសៈ​នេះ​ ពួកគេ​កំពុង​សំងំ​លាក់ខ្លួន ​ដើម្បី​ធានា​សុវត្ថិភាព​ មុន​នឹង​ចាប់​ផ្តើម​ទួល​អនុវត្ត​នីតិវិធី​ធ្វើ​សមាហរណកម្ម ​ដើម្បី​រស់ក្នុង​សង្គម​កូរ៉េ​ខាងត្បូង។ ត្រង់​ចំណុច​នេះ​ហើយ ​ដែល​ខាង​ដើម​បណ្តឹង​គេ​ចោទ​ថា​ កូរ៉េ​ខាងត្បូង ​បាន​ចាប់​ពង្រត់​ជនជាតិ​កូរ៉េ​ខាងជើង​ពីចិន​ រួច​ចាប់​ឃុំ​ខ្លួន​ទុក​ទៀត ​តែ​ខាង​កូរ៉េ​ខាង​ត្បូង​ គេ​បដិសេធ​វិញ​ថា ​គេ​មិន​ឃុំ​ទេ​ តែ​ជា​ការ​ការពារ​សន្តិសុខ។

តាម​ធម្មតា ​ក្នុងករណី​ដែល​មាន​ជនភៀសខ្លួន​រត់​ពី​កូរ៉េ​ខាង​ជើង​មក​ម្តងៗ​ ​គឺ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង ​ មាន​នីតិវិធី​តាម​ដាន​យ៉ាង​ម៉ដ្ឋចត់ ​ដូច​ជា​ការ​សាកសួរ​ចម្លើយ ​ដើម្បី​ចៀសវាង​ក្រែង​ថា​ជន​នោះ ​ជា​គេញ​សម្ងាត់​ ដែល​របប​ព្យុងយ៉ាង​បញ្ជូន​មក។ បន្ទាប់​មក​ទៀត ​ពេល​ដែល​រក​ឃើញ​ថា​អ្នក​រត់​មក​ ​គឺ​ជា​ជន​ភៀសខ្លួន​ពិត​ប្រាកដ​ហើយ ​ កូរ៉េ​ខាងត្បូង​នឹង​ផ្តល់​កន្លែង​ស្នាក់នៅ ​នឹង​មាន​ការ​ជួយ​ទំនុកបំរុង​ បង្ហាញ​ពី​របៀប​រស់នៅ ​ក្នុង​សង្គម​ទំនើប ​ ព្រោះ​ថា​សម្រាប់​ប្រជាជន​ដែល​រត់​ចេញ​ពី​កូរ៉េខាងជើង​ គឺ​ថា​សូម្បីតែ​ទូរស័ព្ទ​ដៃ ​ក៏​មិន​ធ្លាប់​ស្គាល់​ផង​ទេ។

មិនមែន​តែ​អ្នក​ក្រលំបាកទេ​ដែល​រត់ ​អ្នក​ស្ថិតក្នុង​ឋានៈ​សមរម្យ​ក៏រត់​ដែរ៖
មាន​ករណី​រត់​គេច​របស់​ប្រជាជន​កូរ៉េ​ខាងជើង​ជា​រឿយៗ។​ គ្រាន់​តែ​កន្លង​មក​ គឺ​ជា​ប្រជាជន​ដែល​ក្រីក្រ​តោកយ៉ាក​បំផុត ​ដែល​រស់នៅ​ក្បែរ​ព្រំដែន ​ដែល​ហ៊ាន​ប្រថុយ​រត់។ ករណី​បុគ្គលិក​ភោជនីយដ្ឋាន​រត់​បែប​នេះ​កម្រណាស់ ​ព្រោះថា​បុគ្គលិក​ភោជនីយដ្ឋាន ​ ដែល​កូរ៉េ​ខាងជើង​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ គឺជា​ទូទៅ​ សុទ្ធតែ​មក​ពី​ក្រុម​គ្រួសារ​កម្មាភិបាល ​ ដែល​ស្មោះស្ម័គ្រ​ជាមួយ​របប​ព្យុងយ៉ាង​ណាស់ ​ ហើយ​កត្តា​ជីវភាព​ទៀតសោត ​ក៏មិនមែន​ក្រ​តោកយ៉ាក​លំបាក​ ដូច​ប្រជាជន​ធម្មតា​ទូទៅ​ទេ។ អ្នក​ដែល​ត្រូវ​បក្ស​កុម្មុយនីស្តិ ​បញ្ជូន​ទៅ​ឲ្យ​ធ្វើការ​នៅ​ក្រៅប្រទេស ​ គឺ​មាន​ន័យ​ថា ​អ្នក​នោះ​សំណាង​ហើយ។

តែនេះ​សបង្ហាញ​ថា​ មិនមែន​សូម្បីតែ​ប្រជាជន​ក្រីក្រ​ខ្លាំងទេ​ ដែល​អត់​ទ្រាំលែង​បាន​នឹង​របប​កៀប​សង្កត់​ ផ្តាច់​ការ​របស់​ពួក​កុម្មុយនីស្តិ​ព្យុងយ៉ាង ​សូម្បី​តែ​អ្នក​មាន​ជីវភាព​សមរម្យ ​ក៏​​នាំគ្នា​រត់ដែរ។ កន្លង​មក​ ធ្លាប់​មាន​មនុស្ស​តែ​ម្នាក់​គត់ ​ ដែល​មាន​តំណែង​កំពូល​ ក្នុង​បក្ស​កុម្មុយនីស្តិ​កូរ៉េ​ខាងជើង ​ដែល​បាន​រត់​មក​កូរ៉េ​ខាងត្បូង​ គឺ​លោកHwang Jang Yop​ នៅឆ្នាំ​១៩៩៧។ លោក​ម្នាក់​នេះ ​គឺ​ជា​អតី​ប្រធាន​សភា​សន្និបាទ​កំពូល​របស់​បក្ស​កុម្មុយនីស្តិ​កូរ៉េ​ខាងជើង។ រាល់​ថ្ងៃ​នេះ ​តាម​តួលេខ​ផ្លូវការ​ គឺ​មាន​អ្នក​រត់​គេច​ខ្លួន ​សរុប​ប្រហែល​ជា​៣​ម៉ឺន​នាក់​ហើយ ​ដែល​មក​រស់​នៅ​កូរ៉េ​ខាងត្បូង។

មួយឆ្នាំ​កើប​លុយ​១០​លាន​ដុល្លារ ដោយសារ​ភោជនីយដ្ឋាន៖
យោងតាម​ការ​ប៉ាន់ស្មាន​ របស់​ភ្នាក់ងារ​សម្ងាត់​កូរ៉េ​ខាងត្បូង ​របប​ផ្តាច់ការ​កូរ៉េ​ខាងជើង ​ មាន​ភោជនីយដ្ឋាន​ចំនួន​ប្រមាណ​១៣០​ នៅ​តាម​បណ្តា​ប្រទេស​ប្រហែល​១២​ប្រទេស ​ ក្នុង​នោះ​សំបូរ​ជាង​គេ​គឺ​នៅ​ចិន។ តាម​ការ​ស្មាន ​ មួយ​ឆ្នាំៗ ​បក្សកុម្មុនីស្តិ​កូរ៉េខាង​ជើង ​ប្រមូល​លុយ​បាន​ប្រហែល​ជា​១០​លាន​ដុល្លារ​អាមេរិក​ ពី​ភោជនីដ្ឋាន​ទាំង​នោះ ​ ហើយ​បុគ្គលិក ​បាន​ត្រឹម​តែ​ហូបចុក ​នឹង​ស្នាក់នៅ​ជុំគ្នា ​តែ​គ្មាន​ប្រាក់ខែ​ទេ។ តែពេល​ដែល​បាន​ចេញ​មក​ដល់​ក្រៅ ​ ទើប​ប្រជាជន​ទាំង​នោះ ​ដឹង​ការ​ពិត​ ពី​ការ​រីកចំរើន​ របស់​កូរ៉េ​ខាងត្បូង​ ជា​ទូទៅ​គឺ​តាម​រយៈ​រឿង​ភាគ​កូរ៉េ​ខាងត្បូង ​ដែល​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ចិន ​ទើប​អ្នកខ្លះ​បាន​សម្រេច​ចិត្តរត់។

តែបើ​គិត​ពី​ឆ្នាំ​២០១១​មក ​ ចំនួន​អ្នក​រត់​គេច​ បាន​ថយចុះ ​ដោយសារ​តែ​មាន​ការ​រិត​បន្តឹង​ខ្លាំង ​ពី​អាជ្ញាធរ​ព្យុង​យ៉ាង ​ ហើយ​ភោជនីយដ្ឋាន ​ក៏​មាន​បិទ​ជា​បន្ត​បន្ទាប់​ដែរ ​ ដោយសារ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាងខ្លាំង​ ក្រោយ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ដើម្បី​បិទ​ផ្លូវ​រកលុយ​របស់​របប​កុម្មុយនីស្តិ​ព្យុងយ៉ាង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ