អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

កូរ៉េខាងត្បូង​សាទរ​អាមេរិក​ដែល​បាន​ដាក់​ទ័ណ្ឌកម្មថ្មី​លើ​កូរ៉េខាងជើង

នៅ​ថ្ងៃ​ពុធ ទី១ មិថុនា សហរដ្ឋអាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដាក់​ទ័ណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​កូរ៉េខាងជើង​ដែល​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​តាម​រយៈ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​ការ​បាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប។ ស្រប​គ្នា​នឹង​ទ័ណ្ឌកម្ម​ថ្មី​នោះ វ៉ាស៊ីតោន​ក៏​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុម​ប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ​នូវ​គម្រោង​សេចក្តីថ្លែងការណ៍​ថ្មី​មួយ​ថ្កោលទោស​របប​ក្រុង​ព្យុងយ៉ាង​ពី​បទ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​អន្តរទ្វីប​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃទី១ មិថុនា។ កូរ៉េខាងត្បូង​បាន​សាទរ​ចំពោះ​វិធានការ​របស់​អាមេរិក​ពេល​នេះ។

លោក Jack Lew រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក
លោក Jack Lew រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក REUTERS/Mike Theiler
ផ្សាយពាណិជ្ជកម្ម

ទ័ណ្ឌកម្ម​ថ្មី​របស់​អាមេរិក​លើ​កូរ៉េខាងជើង​ពេល​នេះ គឺ​ជា​ទ័ណ្ឌកម្ម​របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​សំដៅ​បិទ​ខ្ទប់​ការ​បញ្ជូន និង​ការ​ផ្ទេរ​លុយកាក់​តាម​ប្រព័ន្ធ​ធនាគារ​ឆ្លង​កាត់​ទឹកដី​អាមេរិកាំង​រវាង​ស្ថាប័ន​ហិរញ្ញវត្តុ​បរទេស និង​ស្ថាប័ន​ហិរញ្ញវត្ថុ​កូរ៉េខាងជើង។ លោក​អាដាម ស៊ូប៊ីន អនុរដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ទទួល​បន្ទុក​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា វិធានការ​ដែល​អាមេរិក​បាន​សម្រេច​ពេល​នេះ​ជា​វិធានការ​បំពេញ​បន្ថែម​លើ​វិធានការ​ដែល​បាន​អនុម័ត​កន្លង​មក និង​ថា លោក​កំពុង​រង់ចាំ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ដូច​គ្នា​នេះ​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​បរទេស​ផ្សេង​ទៀត។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​លំអិត​បន្ថែម​ថា ទ័ណ្ឌកម្ម​ហិរញ្ញវត្ថុ​ថ្មី​របស់​អាមេរិក​ប្រឆាំង​កូរ៉េខាងជើង​ពេល​នេះ​មាន​គោលដៅ​សំខាន់​ពីរ ទី១ បិទខ្ទប់​បណ្តាញ​ហិរញ្ញវត្ថុ​បរទេស​ដែល​កូរ៉េខាងជើង​បាន​ប្រើ​ដើម្បី​ទទួល​លុយ​យក​ទៅ​អភិវឌ្ឍន៍​គ្រឿង​សព្វាវុធ​ប្រល័យលោក និង​គ្រាប់មីស៊ីលអន្តរទ្វីប និង​ទី២ ទប់ស្កាត់​រាល់​សកម្មភាព​ហិរញ្ញវត្ថុ​រវាង​ស្ថាប័ន​ហិរញ្ញវត្ថុ​បរទេស និង​កូរ៉េខាងជើង​ដែល​បាន​ឆ្លង​កាត់​តាម​បណ្តាញ​ហិរញ្ញវត្ថុ​អាមេរិកាំង។

ក្រៅ​ពី​បាន​ចាត់​វិធានការ​បន្ថែម​ដាច់​ដោយ​ឡែក​របស់​ខ្លួន រដ្ឋបាល​អាមេរិក​ក៏​បាន​បញ្ជូន​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នូវ​សេចក្តីថ្លែងការណ៍​ថ្មី​មួយ​សំដៅ​ថ្កោលទោស​របប​ក្រុង​ព្យុងយ៉ាង​ពី​បទ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​អន្តរទ្វីប​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃទី១ មិថុនា។ នៅ​ថ្ងៃ​នេះ កូរ៉េខាងត្បូង តាម​រយៈ​ក្រសួង​ការ​បរទេស​បាន​សាទរ​ចំពោះ​វិធានការ​ថ្មី​ដាច់ដោយ​ឡែក​របស់​អាមេរិក​ប្រឆាំង​នឹង​កូរ៉េខាងជើង​ពេល​នេះ។ ទន្ទឹម​គ្នា​នេះ ក្រសួង​ការបរទេស​កូរ៉េខាងត្បូង​ក៏​បាន​បន្ថែម​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ក៏​នឹង​បន្ត​ចាត់​វិធានការ​បន្ថែម​ដើម្បី​ដាក់​គំនាប​លើ​កូរ៉េខាងជើង​ឲ្យ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ