ខួប៣០ឆ្នាំនៃការបង្រ្កាបបាតុកម្មនៅធានអានមិន៖ ការចងចាំ ដែលរដ្ឋអំណាចចិនមិនចង់រំលឹក
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃទី៤ មិថុនា ឆ្នាំ១៩៨៩ ពិភពលោកនៅចាំយ៉ាងច្បាស់ អំពីព្រឹត្តិការណ៍បង្រ្កាបបាតុកម្ម នៅទីលានធានអានមិន កណ្តាលទីក្រុងប៉េកាំង។ បាតុកម្មទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ របស់សិស្សនិស្សិតចិន រយៈពេលប្រមាណជា៧សប្តាហ៍ បានក្លាយទៅជាថ្លុកឈាមនៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ មិថុនា បន្ទាប់ពីលោកប្រធានាធិបតី តេង ស៊ាវពីង បានបញ្ជាឲ្យកងទ័ពចិន បញ្ជូនរថក្រោះ និងកាំភ្លើង មកបង្រ្កាបក្រុមបាតុកររាប់ម៉ឺននាក់។ ៣០ឆ្នាំមកនេះ រដ្ឋអំណាចចិន ត្រូវបានគេមើលឃើញថា បានព្យាយាមគ្រប់យ៉ាង ដើម្បីបិទខ្ទប់ មិនចង់រំលឹករឿងរ៉ាវនេះទេ។ ខណៈដែលប្រជាជនចិនបច្ចុប្បន្ន កំពុងសប្បាយរីករាយ ជាមួយនឹងការរីកចម្រើន ផ្នែកជីវភាពសេដ្ឋកិច្ច ចំពោះបញ្ហាតស៊ូដើម្បីសិទ្ធិសេរីភាពវិញ គឺពុំសូវមាននរណាអើពើឡើយ។
ដូចជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃទី៤ មិថុនា អាជ្ញាធរចិន តែងតែរឹតបន្តឹងសន្តិសុខ ពង្រាយកម្លាំងយ៉ាងច្រើន នៅជុំវិញទីលានធានអានមិន ដើម្បីបង្កា កុំឲ្យមានការជួបជុំ រំលឹកខួបនៃការបង្រ្កាបបាតុកម្មរបស់សិស្សនិស្សិត កាលពីឆ្នាំ១៩៨៩។ នៅជុំវិញទីលានធានអានមិន គឺគេបំពាក់ ទៅដោយកាម៉េរ៉ាសុវត្ថិភាព រាប់ពាន់គ្រឿង ដើម្បីចាំថតរាល់សកម្មភាព របស់មនុស្សម្នា អ្នកទេសចរណ៍រាប់ម៉ឺននាក់ ដែលនៅទីនោះ។
យោងតាមអ្នកយកព័ត៌មាន របស់ Reuters ដែលស្ថិតនៅទីលានធានអានមិនផ្ទាល់ បានឲ្យដឹងថា មានទេសចរណ៍កកកុញ ដូចសព្វមួយដង ដែលភាគច្រើនគឺជាជនជាតិចិន។ អ្នកកាសែតរបស់Reuters បានសាកសួរអ្នកទេសចរណ៍ខ្លះ ទាក់ទិននឹងព្រឹត្តិការណ៍បង្រ្កាបបាតុកម្ម កាលពីឆ្នាំ១៩៨៩ តែមានអ្នកទេសចរណ៍ចិនខ្លះ ឆ្លើយថា “មិនបានដឹងរឿងរ៉ាងនេះផង!”។ អ្នកខ្លះទៀត បានបដិសេធ មិនឆ្លើយអ្វីទាំងអស់ ខណៈដែលអ្នកខ្លះទៀត បានឆ្លើយថា បានភ្លេចទៅហើយ។
តែយ៉ាងណា ក៏នៅមានអ្នកខ្លះនៅមានទឹកចិត្តក្លាហាន ហ៊ានចងចាំ ថ្ងៃទី៤មិថុនា ១៩៨៩។ បុរសអាយុ៦៧ឆ្នាំម្នាក់ ដែលដើរកាត់ទីលានធានអានមិន បានឆ្លើយថា លោកចាំមិនភ្លេចទេ។ លោកនៅចាំយ៉ាងច្បាស់ រូបភាពរថយន្តជាច្រើនគ្រឿង ដែលត្រូវភ្លើងឆេះ នៅតាមបណ្តោយមហាវិថីឆាងអាន។ លោកបន្តថា “ទាហាន បានបាញ់សម្លាប់បាតុករច្រើននាក់ណាស់។ ទីលានធានអានមិន ក្រាលដោយថ្លុកឈាម និងសម្លេងស្រែកទ្រហោរយំ”។
ហាមរំលឹក ហាមជួបជុំ!
៣០ឆ្នាំមកនេះ មានប្រជាជនចិនតិចណាស់ ដែលហ៊ាននិយាយរំលឹក ដល់ព្រឹតិ្តការណ៍បាតុកម្មនៅទីលានធានអានមិន។ រដ្ឋអំណាចចិន បានប្រើគ្រប់វិធី ដើម្បីបិទខ្ទប់ការធ្វើបុណ្យរំលឹកដល់ព្រឹត្តិការណ៍នេះ។ នៅលើអ៊ីនធើនែត តាមបណ្តាញសង្គមវិញ អាជ្ញាធរបានប្រើវិធី តាមដានរាល់ការនិយាយឆ្លើយឆ្លងគ្នា ទាក់ទិននឹងបញ្ហានេះ។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អង្គការ Amnesty International បានអះអាងថា មានមនុស្សជាច្រើននាក់ ត្រូវបានគេចាប់ឃាត់ខ្លួន ដោយសារពួកគេ បាននិយាយគ្នា ទាក់ទិននឹងប្រវត្តិព្រឹត្តិការណ៍ធានអានមិន ឆ្នាំ១៩៨៩។ គេហទំព័រ Wikipedia ក៏ត្រូវអាជ្ញាធរចិនបិទខ្ទប់ដែរ ដើម្បីកុំឲ្យមនុស្សចូលទៅស្វែងយល់ ស្រាវជ្រាវស្តីពីព្រឹតិ្តការណ៍នេះ។
ជាទូទៅ មានតែនៅហុងកុង និងនៅតៃវ៉ាន់ទេ ដែលមានប្រជាជនជួបជុំគ្នា ដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ ក៏ដូចជាដើម្បីទាមទារ ឲ្យមានការស្វែងរកយុត្តិធម៌ជូនពួកគេ។
កម្ទេចរាល់ពន្លកនៃការតវ៉ា
ប្រមាណ១០ឆ្នាំមកនេះ ស្នងការនគរបាលតូចៗ នៅតាមភូមិ មិនថាដាច់ស្រយ៉ាលយ៉ាងណាទេ គឺបានរីកដូចផ្សិត។ ស្នងការនគរបាលនេះ គឺមានតួនាទីតាមដាន និងបង្រ្កាប រាល់សកម្មភាពរបស់ប្រជាជនចិន ដែលគេចាត់ទុកថា ជាសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ជាមួយនឹងការរីកចំរើន ផ្នែកបច្ចេកវិទ្យាទំនើប រដ្ឋអំណាចចិន បានប្រើប្រាស់វិស័យនេះ ដើម្បីតាមដាន រាល់សកម្មភាព មិនថាការនិយាយស្តី ការធ្វើដំណើរ ឬការបញ្ចេញយោបល់ណាមួយ របស់ប្រជាជនទេ។ ប្រជាជនចង់តវ៉ា មានយោបល់ រិះគន់លើបញ្ហាណាមួយ គឺគេបិទខ្ទប់ភ្លាម មិនឲ្យវាក្លាយទៅជាធំទាន់ទេ។
ប្រព័ន្ធបច្ចេកវិទ្យាចាប់សំគាល់មុខមនុស្ស និងសំគាល់សំឡេង ត្រូវបានអាជ្ញាធរចិន ប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីអង្កេតតាមដានប្រជាជន។ ពេលជិះរថភ្លើង ក៏ត្រូវតែថតស្គែនអត្តសញ្ញាណបណ្ណដែរ។ កាមេរ៉ាសុវត្ថិភាពមាននៅគ្រប់ទីកន្លែង។ ឆ្នាំ២០១៦ នៅចិន មានកាមេរ៉ាសុវត្ថិភាព ចំនួន១៧៦លានគ្រឿង ខណៈដែលអាមេរិក មានតែ៥០លានគ្រឿងទេ។ ហើយបើផ្អែកតាម Cabinet IHS Markit នៅរវាងឆ្នាំ២០២២ អាជ្ញាធរចិន អាចបំពាក់កាមេរ៉ាសុវត្ថិភាព ដល់ទៅ២៧៦០លានគ្រឿង។ មានន័យថា ប្រជាជនចិនម្នាក់ មានកាម៉េរ៉ា សុវត្ថិភាព២គ្រឿង ចាំថតតាមដាន។
ដូច្នេះយើងឃើញថា ទំហំនៃសិទ្ធិសេរីភាពរបស់ប្រជាជនចិន បានរួញតូចខ្លាំងណាស់ ៣០ឆ្នាំមកនេះ។ កុំថាឡើយ ដល់ទៅការជួបជុំធ្វើបាតុកម្ម ទាមទារសិទ្ធិសេរីភាព ឬលទ្ធិប្រជាធិបតេយ្យ សូម្បីតែបាតុកម្មតវ៉ាទាក់ទិននឹងបញ្ហាជាក់ស្តែងនានា ឧទាហរណ៍កន្លងមក ទាក់ទិននឹងរឿងអាស្រូវទឹកដោះគោកូនក្មេងពុល អីជាដើម ក៏អាជ្ញាធរចិន រារាំងដែរ។ រាល់ការតវ៉ារិះគន់ទាំងអស់ អាចក្លាយជាគ្រោះថ្នាក់ ដល់របបដឹកនាំ។
“គ្មានថ្ងៃដែលយុវជនចិនសម័យថ្មី ក្រោកឈរ ដូចនៅធានអានមិនឆ្នាំ៨៩ទេ!”
ចលនាបាតុកម្មដូចកាលពីឆ្នាំ១៩៨៩ គឺពិបាកនឹងកើតឡើងជាថ្មីណាស់។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺជាមូលដ្ឋានគ្រិះ នៃចលនារបស់សិស្សនិស្សិតនៅប៉េកាំងឆ្នាំ៨៩។ តែបច្ចុប្បន្ននេះ ពុំមានសិទ្ធិនេះទៀតទេ។ នៅតាមមហាវិទ្យាល័យ សកលវិទ្យាល័យចិនទៀតសោត គឺពោរពេញទៅដោយការឃោសនាបក្ស លើកដំកើងតែពីគុណសម្បតិ្ត របស់លោកស៊ី ជីនពីង។
ក្រៅពីប្រើប្រាស់វិធីរិតត្បិត តាមដាន បំភ័យមនុស្សមិនឲ្យតវ៉ា រដ្ឋអំណាចចិនបច្ចុប្បន្ន ប្រើប្រាស់យុទ្ធសាស្ត្រ២ទៀត ដើម្បីខ្ទប់មាត់ប្រជាជន មិនឲ្យនិយាយពីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ យុទ្ធសាស្ត្រទីមួយ គឺបើកចំហរ ឲ្យប្រជាជនមានជីវភាពធូរធា សម្បូរសប្បាយដើរចាយតាមចិត្ត។ យុទ្ធសាស្ត្រមួយទៀត គឺយុទ្ធសាស្ត្របណ្តុះគំនិតជាតិនិយម មោទនភាពជាតិ ក្នុងនាមចិនជាមហាអំណាចអាស៊ី និងពិភពលោក។
លោក Li Datong អតីតនិពន្ធនាយក នៃកាសែត យុវជនក្រុងប៉េកាំង ដែលបច្ចុប្បន្ន ត្រូវបានគេដាក់ឃុំនៅផ្ទះ បានលើកឡើងថា “រាល់ថ្ងៃនេះ របបប៉េកាំង ចាប់បង្អកមាត់មនុស្ស ជាមួយនឹងភាពមានបាន ធូរធារហ៊ឺហារ ហើយធ្វើឲ្យមនុស្ស លែងមានចិត្តចង់និយាយតវ៉ាអ្វីទាំងអស់”។ លោកបន្ថែមថា “ប្រជាជនចិនសម័យនេះ អត្មានិយមណាស់ ចង់រកតែសុខស្រួលខ្លួនឯងតែប៉ុណ្ណោះ មិនដូចយុវជនចិនជំនាន់ឆ្នាំ៨០ទេ។ កាលជំនាន់ឆ្នាំ៨០ សិស្សនិស្សិតមានសេចក្តីក្លាហាន ពោរពេញដោយគំនិតទស្សននយោបាយ ដើម្បីសិទ្ធិសេរីភាព និងផលប្រយោជន៍រួម”។
យ៉ាងណាមិញ លោក វូអា កៃស៊ី ដែលជាអតីតតំណាងចលនានិស្សិត នៅទីលានធានអានមិន ដែលបច្ចុប្បន្ន លោករស់នៅកោះតៃវ៉ាន់ ក៏បានសម្តែងការអស់សង្ឃឹមដែរថា “គ្មានថ្ងៃ ដែលយុវជនចិនសម័យថ្មី ក្រោកឈរតវ៉ានោះទេ”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ