អានតួអត្ថបទ
ចិន-ភេរវកម្ម

ចិន​អនុម័ត​ច្បាប់​ទប់​ស្កាត់​អំពើ​ភេរវកម្ម​ ដ៏​ចម្រូង​ចម្រាស

សភា​ប្រជាមានិត​ចិន​ ទើប​បាន​អនុម័ត​ជា​ឯកឆ័ន​ នូវ​ច្បាប់​ថ្មី​មួយ​ស្តីពី​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ ច្បាប់​នេះ ​ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរជាតិ ​ក្រុមហ៊ុន​បរទេស ​ក៏​ដូច​ជា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង ​ដោយសារ​តែ​វាមាន​ខ្លឹមសារ ​រឹត​បន្តិង​សេរីភាព ​ក្នុង​ការ​បញ្ចេញ​មតិ ​ និង​ជា​ពិសេស ​គឺ​វាបាន​ផ្តល់​អាទិភាព​ជ្រុល​ហួសហេតុ ​ទៅ​ដល់​អាជ្ញាធរ​ចិន។​ ជាង​នេះ​ទៅ​ទៀត ​សកម្មជន​អ៊ុយហ្គួរ​ នៅ​ខេត្តស៊ីនជាំង ​ដែល​តស៊ូ​រើ​បំរាស់ ​នឹង​ការ​ជិះជាន់​ពី​សំណាក់​អាជ្ញាធរ​ចិន ​អាច​ជា​មុខ​សញ្ញា ​ដែលរ​ដ្ឋាភិបាល​ចិន ​ចាត់ទុក​ថា​ជា​ពួក​ភេរវករ។

កម្លាំងទាហាន ដែលចិន​ដាក់​ពង្រាយ  ដើម្បី​ទប់ស្កាត់​​ចលនាបះបោរ​របស់​ប្រជាជន​អ៊ុយហ្គួរ​នៅខេត្ត​ស៊ីនជាំង
កម្លាំងទាហាន ដែលចិន​ដាក់​ពង្រាយ ដើម្បី​ទប់ស្កាត់​​ចលនាបះបោរ​របស់​ប្រជាជន​អ៊ុយហ្គួរ​នៅខេត្ត​ស៊ីនជាំង CHINA OUT AFP PHOTO
ផ្សាយពាណិជ្ជកម្ម

រំលោភសិទ្ធិសេរីភាពបុគ្គល និងសិទ្ធិបញ្ចេញមតិ៖

ហេតុអ្វី​បាន​ជា​គេ​ព្រួយ​បារម្ភ​ ពី​ផល​ប៉ះពាល់​នៃ​ច្បាប់​ប្រឆាំង​ភេរវកម្ម​របស់​ចិន? ​គឺ​ថា​ ដោយសារតែ​វា​ប៉ះពាល់​ជាខ្លាំង​​ទៅលើ​សិទ្ធិ​សេរីភាព​បុគ្គល ​និង​សិទ្ធិ​សេរីភាព​ ក្នុង​ការ​បញ្ចេញ​មតិ។ លោក​អូបាម៉ា ​ ប្រធានាធិបតី​អាមេរិក ​បាន​សម្តែង​ការ​បារម្ភ​មុន​គេ ​ហើយ​ថែមទាំង​បាន​ធ្លាប់​ និយាយ​ជាមួយ​លោក ​ស៊ី ជីនពីង​ ទៀត​ផង​ ​ថា​ខ្លឹមសារ​ច្បាប់​នេះ ​ត្រូវតែ​កែ​សម្រួល​ឲ្យ​បាន​ប្រសើរ ​ ដើម្បី​កុំ​ឲ្យ​រំលោភ​លើ​សិទ្ធិ​សេរីភាព​បុគ្គល​ច្រើន​ពេក។

សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ​មាន​ដូច​ជា​ក្រុមហ៊ុន ​Google  ​IBM  ​Mircrosoft ​ជាដើម​ ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ពិសេស ​ទាក់ទិន​ទៅ​នឹង​មាត្រា​មួយ​ចំនួន​ ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ពួកគេ ​ បើក​ច្រក​ឲ្យ​អាជ្ញាធរ​ចិន ​ចូល​ទៅ​យក​ព័ត៌មាន ​និង​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ទាំងអស់ ​នៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា។ និយាយ​ទៅ​គឺ​ថា ​ច្បាប់​នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំង​នេះ ​ ផ្តល់​ជូន​អាជ្ញាធរ​ចិន​ នូវ​លេខ​សម្ងាត់​ពិសេស​មួយ​ ដើម្បី​ឲ្យ​អាជ្ញាធរ​ចិន​អាច​ចូល​ទៅ​យក​ព័ត៌មាន​ ពេល​ណា​ក៏​បាន ​ ដោយ​មិន​ចាំ​បាច់ ​សុំ​អនុញ្ញាតិ​ជា​មុន​ទេ។ មាន​ន័យ​ថា ​ប្រជាជន​ចិន​ទាំងអស់ ​ដែល​ប្រើប្រាស់​អ៊ីនធើនែត​ ឆ្លើយ​ឆ្លង​គ្នា ​ការ​ផ្ញើរសារ ​ ការ​បញ្ចេញ​មតិ​យោបល់​ជាដើម ​គឺ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ គ្រប់គ្រង​បាន​ទាំងអស់។

ត្រង់​ចំណុច​នេះ​ហើយ​ ដែល​គេ​យល់​ថា ​​ច្បាប់​នេះ​មាន​ផល​ប៉ះពាល់​ ទៅ​ដល់​សិទ្ធិ​សេរីភាព​បុគ្គល​ ក្នុង​ការ​រក្សា​ការសម្ងាត់​ផ្ទាល់​ខ្លួន ​ហើយ​មួយ​វិញ​ទៀត ​គឺ​សិទ្ធិ​សេរីភាព ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី។ សម្រាប់​អង្គការ​ Amnesty International  ​ដែល​បាន​មាន​ប្រតិកម្ម​ខ្លាំង​ជាងគេ​ គឺ​គេ​យល់ថា​ អាជ្ញាធរ​ចិន​ ពិត​ជា​ប្រើ​ច្បាប់​នេះ ​ដើម្បី​បំភិត​បំភ័យ​អ្នក​ដែល​ហ៊ាន​សរសេរ​រិះគន់​រដ្ឋាភិបាល​កុម្មុយនីស្តិ។ ជាង​នេះទៅ​ទៀត ​ និយមន័យ​នៃ​សកម្មភាព ​ដែល​អាច​ចាត់​ទុក​ថា​ជា​ អំពើ​ភេរវកម្ម​នេះ ​គឺ​ថា​នៅ​ក្នុង​ច្បាប់​នេះ​ពុំ​មាន​ចែង ​រឺ​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​ទេ។ ពោល​គឺ​គេ​ទុក​ឲ្យនៅ​ព្រាលៗ ​ដើម្បី​ងាយ​ស្រួល​បកស្រាយ ​ពេល​មាន​ករណី​អ្វីមួយ ​ដែល​គេ​ចង់​ចាត់​ទុក​ថា​ជា​អំពើ​ភេរវកម្ម​ គេ​ថាបាន​ស្រេច​តែ​នឹង​ចិត្ត​តែម្តង។

សកម្មជន​ជនជាតិ​អ៊ុយហ្គួរ ​គឺ​ជា​គោលដៅ​បង្រ្កាប៖
វា​ច្បាស់ណាស់ ​ដែល​ថា​ក្រុម​ភេរវកម្ម ​ដែល​រដ្ឋាភិបាល​ចិន​ស្រែក​ក្តែងៗ​កន្លង​មក​នេះ ​ គឺ​គេ​សំដៅ​ទៅ​លើ​សកម្មជន​ជនជាតិ​អ៊ុយហ្គួរ​នេះ​ឯង។ ដូច្នេះ​ក្រុម​អ្នក​តស៊ូ​ជនជាតិ​អ៊ុយហ្គួរ​នេះ​ហើយ ​ ដែល​ជា​គោលដៅ​បង្រ្កាប ​របស់​រដ្ឋអំណាច​បក្ស​កុម្មុយនីស្តិ។ កន្លង​មក​ សកម្មភាព​វាយ​ប្រហារ​មួយ​ចំនួន ​ ដែល​ចិន​ចាត់ទុក​ថា​ជា​អំពើ​ភេរវកម្ម​ គឺ​ត្រូវ​បាន​គេ​រុញ​ទម្លាក់​ថា​ជា ​ស្នាដៃ​របស់​ជនជាតិ​អ៊ុយហ្គួរ​ទាំងអស់។ ច្បាប់​ថ្មី​នេះ ​នឹង​បើកដៃ​ឲ្យ​អាជ្ញាធរ​ចិន​ ចូល​ទៅ​យក​ព័ត៌មាន​ឆ្លងឆ្លើយ​គ្នា ​នៅ​តាម​អ៊ីនធើណែត ​របស់​បណ្តាញ​ជនជាតិ​អ៊ុយហ្គួរ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​គឺ​ថា​វា​បើក​ដៃ​ឲ្យ​នរបាល​ចិន​ ធ្វើ​សកម្មភាព​រិត​បន្តឹង ​ឆែកឆេរ ​ ​រឺចាប់​ខ្លួន​មនុស្ស​គ្រប់​គ្នា ​ដែល​គេ​សង្ស័យ ​ដោយ​មិន​ចាំបាច់​មាន​ដីកា​ រឺ​គោរព​និតិវិធី​ច្បាប់​អ្វី​ទេ។

បើចិន​ជា​មាសសុទ្ធ​ រឿងអី​ខ្លាច​ភ្លើង?
កន្លង​មក​យើង​បាន​ដឹងហើយ ​ទាក់ទិន​នឹង​ប្រតិបត្តិការ​បង្រ្កាប​ នៅ​ខេត្ត​ស៊ីនជាំង ​ក្នុង​តំបន់​ Aksu  ​កាលពី​ថ្ងៃ​ទី​១៤​ វិច្ឆិកា។ នរគបាល ​និង​ទាហាន​ពិសេស​ចិន ​ បាន​ចូល​ទៅ​តាម​ចាប់​ក្រុម​សកម្មជន​អ៊ុយហ្គួរ។ ក្នុង​ហេតុការណ៍​នេះ ​មាន​ជនជាតិ​អ៊ុយហ្គួរ​ដល់​ទៅ​២៨​នាក់ ​ដែល​បាន​ស្លាប់ ​ ហើយ​បើ​តាម​ការ​រាយការណ៍​ ពី​វិទ្យុ​អាស៊ីសេរី​ ផ្សាយ​ជា​ភាសា​ចិន ​ គឺ​ថា​ក្នុង​នោះ​ មាន​មនុស្ស​ស្រី ​និង​កុមារ​ ដល់​ទៅ​១១​នាក់។ ប្រតិបត្តិការ​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ចិន​ លាក់ការ​សម្ងាត់​ មិន​និយាយ​លម្អិត​អំពី​ចំណាត់​ការ​បង្រ្កាប​ទេ ​ គឺ​គេ​គ្រាន់តែ​ថា ​គេ​បាន ​បង្រ្កាប​បណ្តាញ​ភេរវកម្ម​ ដោយ​ជោគជ័យ​ត្រចះ​ត្រចង់។ តែ​ការពិត​ យើង​មិន​ដឹង​ថា ​ជនជាតិ​អ៊ុយហ្គួរ​ ដែល​បាន​ស្លាប់ ​ពិត​ជា​ភេរវជន​មែន​រឺ​ក៏​អត់ទេ។

ត្រង់នេះ​ហើយ ​ ដែល​ធ្វើ​ឲ្យ​គេ​មិន​ទុកចិត្ត ​ពី​ភាព​ស្មោះត្រង់​របស់​រដ្ឋាភិបាល​ចិន ​ ដែល​ធ្វើ​អ្វី​លាក់លៀមៗ ​ ពុំ​ដែល​បើក​ផ្លូវ​ឲ្យ​អ្នក​កសែត​បរទេស​ចូល​ទៅ​យក​ព័ត៌មាន ​ រឺ​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ទូលំ​ទូលាយ ​ជូន​មតិ​សាធារណៈ​ទេ។ អ្នក​នាំពាក្យ​អង្គការ ​Human Rights Watch ​ធ្លាប់​និយាយ​ហើយ​ថា ​បើ​ចិន​ពិត​ជា​ស្មោះត្រង់ ​គ្មាន​អ្វី​លាក់​បាំង​ ​រឿង​អី​ត្រូវ​ខ្លាច​ នឹង​បើក​ឲ្យ​មាន​អ្នក​យក​ព័ត៌មាន ​រឺ​មន្រ្តី​សិទ្ធិ​មនុស្ស​ ចុះ​ទៅ​ធ្វើការ? ជាក់​ស្តែង​ថ្មីៗ​នេះ​ទៀត​ អ្នក​កាសែត​ជនជាតិ​បារាំង​ម្នាក់​ ដែល​ប្រចាំ​ការ​នៅ​ចិន​ ​ ទើបតែ​ត្រូវ​អាជ្ញាធរ​ចិន​ បណ្តេញ​ចេញ​ពី​ប្រទេស។ អ្នក​កាសែត​នេះ​ ធ្លាប់​សរសេរ​រិះគន់ ​ពី​សកម្មភាព​តាម​ប្រម៉ាញ់​ ក្រុម​អ្នក​តស៊ូ​ជនជាតិអ៊ុ​យហ្គួរ ​របស់​ប៉ូលីស​សម្ងាត់​ចិន ​ដោយ​យក​លេស​ថា​ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម។
 

 
ក្រុម​អ៊ីស្លាម​អ៊ុយហ្គួរ ​ត្រូវ​ក្រុម​ជីហាដ​អ៊ីស្លាម​អូសទាញ ​ឲ្យធ្វើ​ភេរវកម្ម៖
យ៉ាងណា​ក៏ដោយ ​យើង​ត្រូវ​ទទួល​ស្គាល់​ដែរ​ ​ថា​កន្លង​មក​ក្រុម​សកម្មជន​ជាតិ​អ៊ុយហ្គូរ ​ ធ្លាប់​បាន​ធ្វើ​សកម្មភាព​វាយ​ប្រហារ​គួរ​ឲ្យ​ភ័យ​ខ្លាច​មែន ​ដូច​ជា​ករណី​យក​កាំបិត​ ដើរ​ចាក់​មនុស្ស​នៅ​ស្ថានីយ៍​រថភ្លើង ​នៅ​ក្រុង​គួនមីង​ និង​ក្រុង​អ៊ូរុមឈី ​ជាដើម។ ការ​ពិត​គឺ​មាន​មែន ​ក្រុម​ជនជាតិ​អ៊ុយហ្គួរ ​ ដែល​ជ្រុល​និយម ​ហើយ​មាន​អ្នក​ខ្លះ ​ស្ថិត​ក្រោម​ការ​បញ្ជារ​ដោយ​ផ្ទាល់​ពី​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ក្រុម​ដែល​ចេញ​មុខ​ជាង​គេ ​ហើយ​ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​អ៊ុយហ្គួរ​នោះ ​មាន​តែ​មួយ​ទេ​គឺ​ បក្ស​អ៊ីស្លាម​តួកកេស្ថាន។ ក្រុមនេះ​ប្រកូក​ប្រកាស​ឲ្យ​ជនជាតិ​អ៊ុយហ្គួរ​ នាំ​គ្នា​ដើរ​តាម​មាគ៌ា ​ក្រុម​ជីហាដ ​ ហើយ​អំពាវនាវ​ឲ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​ជនជាតិ​ហាន ​និង​រដ្ឋាភិបាល​ចិន។

បង្អៅ​ឆ្កែ​ឲ្យព្រុស ​ដល់​ពេល​ឆ្កែ​ខាំ ​ចោទ​ថា​ឆ្កែ​ឆ្គួត៖
ប៉ុន្តែ​បើយើង​ក្រលេក​មើល​ប្រភព​នៃ​បញ្ហា ​សួរ​ថា​ហេតុអ្វី ​បាន​ជា​ជនជាតិ​អ៊ុយហ្គួរ ​ស្អប់​ជនជាតិ​ហាន ​ស្អប់​រដ្ឋាភិបាល​កុម្មុយនីស្តិ​ចិន? ខេត្ត​ស៊ីនជាំង​នេះ ​ មាន​ឈ្មោះជា​ផ្លូវការ​ថា ​តំបន់​ស្វ័យត្ន​ពិសេស​ស៊ីនជាំង។ ពាក្យ​ថា​ស្វ័យត្ន ​មាន​ន័យ​ថា ​មាន​ឯករាជ្យ​ភាព​មួយ​ផ្នែក ​តែ​ធាតុ​ពិត​វា​មាន​តែ​នៅ​លើ​ក្រដាស​ទេ។ ប្រជាជន​អ៊ុយហ្គួរ ​ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ​មាន​ច្រើន​លើសលប់​នៅ​ខេត្ត​នេះ​ ​តែ​ត្រូវ​រដ្ឋាភិបាល​ចិន ​ចាត់ទុក​ថា​ជា​ជនជាតិ​ភាគ​តិច។ ជនជាតិ​អ៊ុយហ្គួរ​ពុំ​មាន​សិទ្ធិ​សេរីភាព​ ក្នុង​ការ​គោរព​សាសនា​អ៊ីស្លាម ​ឲ្យ​បាន​ពេញ​លេញ​ទេ។ កិច្ចការ​នយោបាយ ​មន្ត្រីរដ្ឋការ ​គ្រប់​បែប​យ៉ាង ​ គឺ​ជន​ជាតិ​ហាន​ទាំង​អស់។ ពោល​គឺ​រដ្ឋាភិបាល​ចិន​ ទុក​ជនជាតិ​អ៊ុយហ្គួរ​ចោល​តែ​ម្តង ​ គិតតែ​ពី​បូម​ កកាយ​យក​ធនធាន​រ៉ែ ​ដែល​មាន​ក្នុង​ខេត្ត​នេះ។
 

ដូច្នេះ​ហើយ ​បាន​ជាអ្នក​ដែល​អត់​ទ្រាំ​លែង​បាន ​ មាន​កាន់​តែច្រើន ​ ហើយ​ចំ​ពេល​ដែល​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ កាន់តែ​ឡើង​ដៃ​ខ្លាំង​ផង ​ ទើប​ពួក​គេ​បែក​គំនិត​ ធ្វើ​ការ​វាយប្រហារ​តាម​រយៈ​សកម្មភាព​ ​ដែល​ចិន​ចាត់​ទុក​ថា​ជា​ភេរវកម្ម​នេះឯង។ រដ្ឋាភិបាល​ចិន ​មិន​ទទួល​ស្គាល់​ចំណុច​ទាំង​អស់​នេះ​ទេ​ ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ថែម​ទាំង​លាយឡំ​បូក​បល់ ​ចលនា​តស៊ូ​ជាតិ​និយម ​ថា​ជា​ចលនា​ភេរវកម្ម​ទៀត។ ទាល់តែ​មាន​ភ្លើង​ ទើប​បាន​មាន​ផ្សែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ