អានតួអត្ថបទ
ចិន-បារាំង

ចិន​បណ្តេញ​អ្នក​កាសែត​ជនជាតិ​បារាំង​ម្នាក់ ​ចេញ​ពី​ប្រទេស

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ជនជាតិ​បារាំង​ ប្រចាំ​នៅ​ក្រុង​ប៉េកាំង​ប្រទេស​ចិន ​​ទើប​បាន​ទទួល​ដំណឹង​ពី​អាជ្ញាធរ​ចិន ​ប្រាប់​ឲ្យ​ចាកចេញ​ពី​ទឹកដី​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣១​ធ្នូ ​ឆ្នាំ​២០១៥​នេះ ជា​កំហិត។ នេះ​ជា​ករណី​ទីមួយ​ហើយ​ ដែល​អ្នក​កាសែត​បរទេស ​ ត្រូវ​បាន​អាជ្ញាធរ​ចិន​ ធ្វើ​ការ​បណ្តេញ​ចេញ​បែប​នេះ។ សេចក្តី​សម្រេច​នេះ ​ បាន​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់ ​អំពី​ការ​ប្រើប្រាស់​អំណាច​ផ្តាច់ការ​ ពី​សំណាក់​រដ្ឋាភិបាល​ចិន ​ដែល​ចង់​បំបិទមាត់​អ្នក​ណា​ដែល​ហ៊ាន​សរសេរ​ប្រឆាំង​ និង​រិះគន់​ខ្លួន។

លោក​ស្រី Ursula Gauthier ម្ចាស់​ពានរង្វាន់ Louis Hachette 2002  ដោយសារ​​អត្ថបទ​​​មានចំណង​ជើ់ង​ថា​ "ចិន៖ មុខ​របរ​រកស៊ី បាតដៃ​​ប្រលាក់​​ដោយ​​ឈាម"
លោក​ស្រី Ursula Gauthier ម្ចាស់​ពានរង្វាន់ Louis Hachette 2002 ដោយសារ​​អត្ថបទ​​​មានចំណង​ជើ់ង​ថា​ "ចិន៖ មុខ​របរ​រកស៊ី បាតដៃ​​ប្រលាក់​​ដោយ​​ឈាម" AFP PHOTO ERIC FEFERBERG
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ Ursula Gauthier​ អ្នក​រាយការណ៍​ព័ត៌មាន ​ជនជាតិ​បារាំង ​ប្រចាំ​នៅ​ក្រុង​ប៉េកាំង ​បាន​ទទួល​ទូរស័ព្ទ​ពី​ក្រសួង​ការ​បរទេស​ចិន ​ដែល​បញ្ជាក់​ថា ​ទិដ្ឋាកា​​លោកស្រី ​នឹង​មិន​ត្រូវ​បាន​ពន្យា​ថ្មី​ទេ ​ ហើយ​លោកស្រី​ត្រូវ​ចាកចេញ​ពី​ប្រទេស​ចិន ​នៅ​ថ្ងៃ​ទី​ ៣១​ ធ្នូ ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ការ​បណ្តេញ​អ្នក​កាសែត​រូប​នេះ​ចេញ​ពី​ចិន​ ​គឺ​បាន​ធ្វើឡើង ​បន្ទាប់​ពី​អ្នក​កាសែត​រូប​នេះ ​បាន​សរសេរ​អត្ថបទ​មួយ​ រិះគន់​ពី​ចំណាត់ការ​បោស​សំអាត​សហគម​ជនជាតិ​អ៊ុយហ្គួរ ​ ដែល​រដ្ឋ​អំណាច​ចិន​ បាន​ប្រើ​ធម៌​ក្តៅ ​និង​មិន​គោរព​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស។

 
លោកស្រី​បាន​អះអាង​ថា ​ ក្រសួង​ការ​បរទេស​ចិន​​ បាន​ទាមទារ​ឲ្យ​លោកស្រី ​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ ​បើ​ពំនោះ​ទេ​ រដ្ឋ​អំណាច​ចិន ​ នឹង​មិន​ចេញ​ប័ណ្ណ​អ្នក​កាសែត​ថ្មី​ឲ្យ​លោកស្រី​ទេ។ ក្នុង​ន័យ​នេះ ​ទិដ្ឋាកា​ស្នាក់នៅ​ក្នុង​ប្រទេស​ចិន ​នឹង​ត្រូវ​បញ្ចប់​ ហើយ​លោកស្រី​ត្រូវ​បណ្តេញ​ចេញ​ពី​ចិន​ នៅ​ពេល​ផុត​កំណត់ ​ពោល​គឺ​ថ្ងៃ​ទី​ ៣១​ធ្នូ។ យ៉ាង​ណា​ក៏​ដោយ ​លោកស្រី ​Ursula Gauthier ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់ ​អាជ្ញាធរ​ចិន​ហើយ​ថា ​ លោកស្រី​មិន​អាច​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ជា​ដាច់ខាត ​ព្រោះអ្វី​ដែល​លោកស្រី​បាន​សរសេរ​ វា​គឺ​ជា​សេរីភាព​នៃ​សារព័ត៌មាន​ ហើយ​ជា​តួនាទី​របស់​អ្នក​កាសែត ​គឺ​សរសេរ​នូវ​ការពិត ​ជូន​ទៅ​ដល់​អ្នក​អាន។

នេះ​ជា​លើក​ទីមួយ​ហើយ ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ​ ដែល​មាន​អ្នក​កាសែត​បរទេស ​ត្រូវ​រដ្ឋាភិបាល​ចិន ​បណ្តេញ​ចេញ​បែប​នេះ។ អត្ថបទ​ដែល​លោក​ស្រី​ Ursula Gauthier ​ហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​ ក្តៅ​ស្លឹក​ត្រចៀក​នោះ ​ គឺ​មាន​ចំណង​ជើង​ប្រែ​ជា​ភាសា​ខ្មែរ​ថា ​ ចិន​ធ្វើ​ជា​ចូលរួម​សោក​ស្តាយ​ជុំវិញ​រឿង​ភេរវកម្ម ​ព្រោះ​មាន​ចេតនា​កេង​ចំណេញ។

អត្ថបទ​នេះ ​មាន​ខ្លឹមសារ​ជា​អាទិ៍ ​បរិយាយ​អំពី​ចេតនា​របស់​រដ្ឋាភិបាល​ចិន ​ នៅ​ពីក្រោយ​ការ​ចូលរួម​ថ្កោល​ទោស​អំពើ​ភេរវកម្ម​ដែល​បាន​កើត​ឡើង​ នៅ​ទីក្រុង​ប៉ារីស​ កាល​ពី​ថ្ងៃទី​ ១៣ ​វិច្ឆិកា។ យោង​តាម​អត្ថបទ​ អ្នក​កាសែត​ បាន​សរសេរ​រិះគន់ ​ពី​ការ​កេង​ចំណេញ​នយោបាយ ​ដើម្បី​បង្រ្កាប​សកម្មជន​ជនជាតិ​អ៊ុយហ្គួរ ​ដែល​តស៊ូ​រើ​បំរាស់​ពី​ក្រញ៉ាំ​ដែក​របស់​ចិន។ ចិន​យក​លេស ​ដែល​ពួក​ជនជាតិ​អ៊ុយហ្គួរ​ ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ​លាប​ពណ៌​ថា​ពួកគេ​គឺ​ជា​ក្រុម​ភេរវកម្ម ​ហើយ​បង្ករ​អសន្តិសុខ​នៅ​ចិន។ បន្ទាប់​ពី​អត្ថបទ​នេះ​បោះផ្សាយ ​ចិន​បាន​ប្រើប្រាស់ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ​ ធ្វើការ​រិះគន់​ ជេរ​ប្រមាថ​តប​ទៅ​អ្នក​កាសែត​រូប​នេះ ​ ថា​បាន​និយាយ​បង្ខូច​កិត្តិយស​រដ្ឋាភិបាល​ចិន។

យោង​តាម​ប្រសាសន៍​លោកស្រី ​ការ​បណ្តេញ​លោកស្រី​ចេញ​ពី​ចិន​ ​វា​បង្ហាញឲ្យ​កាន់​តែ​ច្បាស់​ ពី​ការ​ប្រើ​អំណាច​ផ្តាច់ការ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​ ដែល​ដឹកនាំ​ដោយ ​លោក​ស៊ី ជិនពីង។ ចិន​កំពុង​តែ​ព្យាយាម​បង្រ្កាប​សហគម​ជនជាតិ​អ៊ុយហ្គួរ​ នៅ​ខេត្ត​ស៊ីនជាំង ​និង​ជនជាតិ​ទីបេ ​នៅ​ខេត្ត​ទីបេ​ផងដែរ។ ខេត្ត​ទាំងពីរ​សំបូរ​ធនធាន​រ៉ែ​មហាសាល ​ ដែល​ចិន​កំពុង​តែ​ស្រេកឃ្លាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ