អានតួអត្ថបទ
បច្ចេកវិទ្យា​-សហរដ្ឋអាមេរិក

នៅពេល​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ​ធ្វើឡើង​ដោយ​មនុស្ស​យន្ត

តើ​អ្នកណាខ្លះ​ដែល​ចង់​ភ្លក់​ម្ហូបអាហារ ដឹកជញ្ជូន​ដល់​ផ្ទះ​ដោយ​មនុស្ស​យន្ត? ទីក្រុង​បច្ចេកវិទ្យា សាន់ ហ្វ្រាន់ស៊ីស្កូ បាន​ក្លាយ​ជា​ទីក្រុង​ទី១ ក្នុង​លោក ដែល​បាន​ចាប់​សាកល្បង​ប្រើ​ប្រាស់​មនុស្សយន្ត​សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​អាហារ​ដល់​ផ្ទះ។ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុមហ៊ុន​អាមេរិកាំង Marble បាន​សហការ​ចាប់ដៃ ជាមួយ ក្រុមហ៊ុន​បញ្ជា​ទិញ​ម្ហូប​តាម​អ៊ីនធ័រនែត(Yelp Eat24) ដើម្បី​ប្រើ​មនុស្សយន្ត​ឲ្យ​ដឹកម្ហូប​ដល់​ផ្ទះ​របស់​អតិថិជន។

ចាប់​ពី​ថ្ងៃទី ១២​មេសា ទីក្រុង​សាន់ ហ្វ្រាន់ស៊ីស្កូ មាន​មនុស្ស​យន្ត​សម្រាប់​ដឹកអាហារ​ដល់​ផ្ទះ
ចាប់​ពី​ថ្ងៃទី ១២​មេសា ទីក្រុង​សាន់ ហ្វ្រាន់ស៊ីស្កូ មាន​មនុស្ស​យន្ត​សម្រាប់​ដឹកអាហារ​ដល់​ផ្ទះ ©Glenn CHAPMAN / AFP
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អាមេរិកាំង Marble នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ចាប់ផ្តើម​ប្រើ​មនុស្ស​យន្ត ឲ្យ​ដឹកជញ្ជូន​ម្ហូប​ពី​ភោជនីយដ្ឋាន ទៅដល់​ផ្ទះ​អតិថិជន នៅក្នុង​សង្កាត់​តូចមួយ ក្នុង​ទីក្រុង​សាន់ ហ្វ្រាន់ស៊ីស្កូ។ “ដោយ​ប្រើ​កម្មវិធី​Yelp Eat24 ដើម្បី​បញ្ជារ ទិញ​ម្ហូប​ស្រាប់ ពី​ភោជនីយដ្ឋាន អតិថិជន​នឹង​ទទួល​បាន​សារ​មួយ​ដែល​សួរថា តើ​អ្នក​ចង់​ឲ្យ​មនុស្សយន្ត​ដឹកជញ្ជូន​ម្ហូប​អ្នកដល់​ផ្ទះ​ដែរ​ឬ​ទេ?” នេះ​បើតាមការរៀបរាប់​របស់​លោក​Matthew Delaney ប្រធាន និង​ស្ថាបនិក ក្រុមហ៊ុន​Marble។

 

ដើម្បី​ផលិត​មនុស្សយន្ត ដឹកជញ្ជូន​ម្ហូប ដល់​ផ្ទះ ក្រុមហ៊ុន​Marble បាន​ប្រើ​បច្ចេកវិទ្យា​ដូចគ្នា​នឹង​រថយន្ត​ស្វ័យប្រវត្តិ។ វាមាន​បំពាក់​ដោយ ប្រាជ្ញា​សិប្បនិម្មិត Intelligence artificielle កាម៉េរ៉ា មាន​ផែនទី សម្រាប់​សំគាល់​ផ្លូវ សំគាល់​សង្កាត់ និង​អាច​ធ្វើដំណើរ​លើ​ចិញ្ចើមថ្នល់ ក្នុង​ល្បឿន​របស់​មនុស្ស​ដើរ។ មនុស្សយន្ត​អាច​ធ្វើដំណើរ​តែម្នាក់ឯង ក្រោម​ការត្រួតពិនិត្យ​ពី​ចំងាយ ពី​ទីស្នាក់ការ​កណ្តាល​របស់​ក្រុម​Marble ដែល​អាច​អន្តរាគមន៍​នៅពេល​មនុស្សយន្ត ជួប​មាន​បញ្ហា។

 

មនុស្សយន្ត​របស់​Marble អាច​ផ្ទុក​ដឹកម្ហូប​បាន​បួន​ចំណែក។ ទៅដល់​មុខទ្វារ​ផ្ទះ អតិថិជន​បាន​ទទួល​សារ ដែល​មាន​លេខកូដ សម្រាប់​ដោះសោរ បើក​យក​អាហារ​ដែល​ខ្លួន​ទិញ​បញ្ជារ​ទិញ​ពី​ភោជនីយដ្ឋាន។ Shalin Sheth ប្រធាន​សេវា​ដឹកជញ្ជូន​ម្ហូប របស់​កម្មវិធី​Yelp Eat 24​ដែល​បាន​សហការ​​ប្រើ​មនុស្ស​របស់​ក្រុមហ៊ុន​ Marble បាន​និយាយ​ថា ក្រុមហ៊ុន​បន្ត​ស្វែងរក​យុទ្ធសាស្រ្ត ដើម្បី​ធានា​សេវា​ប្រកបដោយ​ប្រសិទ្ធិភាព​ផង និង​ដែល​មា​តម្លៃ​សមរម្យ​ផង។ សម្រាប់​ប្រធាន​ក្រុមហ៊ុន​ Marble ទិសដៅ​របស់​ក្រុមហ៊ុន ទៅ​អនាគត​គឺ​កាត់បន្ថយ​កម្រៃ​ក្នុង​ការដឹកជញ្ជូន និង​ធ្វើ​យ៉ាងណា​ឲ្យ​មនុស្សយន្ត​ប្រភេទនេះ​ត្រូវ​បាន​គេប្រើ​ច្រើន នៅក្នុង​ពិភពលោក។ ក្រៅតែ​ពីច្នៃ បង្កើត​មនុស្សយន្ត​ឲ្យ​ទៅ​ជំនួស​មនុស្ស ដែល​ធ្វើការ​ដឹកជញ្ជូន​ម្ហូប​ដល់​ផ្ទះ ហើយ ក្រុមហ៊ុន​ Marble​នៅ​មាន​គម្រោង​ផងដែរ ទៅ​ថ្ងៃ​អនាគត ផលិត​មនុស្សយន្ត ដែល​អាច​ដឹកជញ្ជូន ឥវ៉ាន់ និង​ទំនិញ​តាម​ហាង ដែល​គេ​បញ្ជារ​ទិញ​តាម​អ៊ីនធ័រនែត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ