ជំនួបកំពូលអាស៊ាន៖ គំនរសម្រាមប្លាស្ទីក នៅពីមុខគម្រោងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ចុះផ្សាយនៅថ្ងៃ៖
ជំនួបកំពូល នៃថ្នាក់ដឹកនាំអាស៊ាន រួមជាមួយប្រទេស៦ផ្សេងទៀត នៃតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងតែជួបប្រជុំគ្នានៅក្រុងបាងកកប្រទេសថៃ។ ជំនួបកំពូល ដែលនឹងបិទបញ្ចប់ នៅថ្ងៃអាទិត្យស្អែកនេះ ត្រូវបានគេដឹងថា បានផ្តោតការពិភាក្សា ស្តីអំពីការចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលកិច្ចព្រមព្រៀងនេះ គឺជាគម្រោងផ្តួចផ្តើមរបស់ចិន ដើម្បីជំនួសកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក ដែលលោកដូណាល់ ត្រាំ បានដកខ្លួនចេញ។ ទន្ទឹមនឹងនេះដែរ នៅខាងមុខអាគារប្រជុំ បាតុករជាច្រើននាក់ បានលើកបដា បង្ខឲ្យថ្នាក់ដឹកនាំ ដោះស្រាយរឿងកាកសំណល់ប្លាស្ទិក។
ជាទូទៅជំនួបកំពូលអាស៊ាន និយាយតែពីរឿងជំនួញរកស៊ី ពាណិជ្ជកម្មទេ។ តាំងតែពីដើមមក មានមតិរិះគន់ជាច្រើន មកលើអាស៊ាន ថាបានបិទភ្នែកខ្ទប់ត្រចៀក ធ្វើមិនឮធ្វើមិនឃើញ អំពីបញ្ហាគោរពសិទ្ធិមនុស្ស និងការបំបិទសិទ្ធិសេរីភាពជាដើម។ ឲ្យតែនិយាយចូលដល់បញ្ហាទាំងនេះ ប្រទេសអាស៊ាន តែងតែលើកឡើងថា មិនចង់លូកដៃចូលកិច្ចការផ្ទៃក្នុង រៀងៗខ្លួន។
ជាក់ស្តែង សម្រាប់ជំនួបកំពូលលើកនេះ តាមការគ្រោងទុក ក្រុមប្រទេសអាស៊ាន នឹងនិយាយគ្នា អំពីវិបត្តិទាក់ទិននឹងប្រជាជនរ៉ូហ៊ីងយ៉ា នៅភូមា។ មានតែលោក ម៉ាហាធា ម៉ាហាម៉េដ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទេ ដែលបានរន្ធាន់ ទទូចឲ្យគេនិយាយពិភាក្សាគ្នា ដើម្បីដាក់សំពាធទៅលើភូមា ឲ្យស្វែងរកដំណោះស្រាយ ជួយការពារប្រជាជនរ៉ូហ៊ីងយ៉ាងស្លូតត្រង់។ តែ ប្រហែលជាដូចសព្វមួយដង គឺក្រុមប្រទេសអាស៊ាន ប្រហែលជាមិនមានសេចក្តីក្លាហាន ដាក់សំពាធទៅលើរដ្ឋាភិបាលភូមា ឲ្យគោរពសិទ្ធិមនុស្សនោះទេ។
អាស៊ីអាគ្នេយ៍ ជាធុងសម្រាម
ថ្មីៗនេះដែរ អាស៊ីអាគ្នេយ៍បានទទួលចំណាប់អារម្មណ៍ខ្លាំង ដោយសារតែបញ្ហាកាកសំណល់ប្លាស្ទិក។ គឺកាកសំណល់ ដែលប្រទេសផ្សេងបញ្ជូនមក រាប់សិបតោន។ នៅខាងមុខអាគារជំនួបកំពូលនៅបាងកក បាតុករជាច្រើននាក់ បានជួបជុំគ្នា លើកបដា រន្ធាន់ឲ្យថ្នាក់ដឹកនាំអាស៊ាន គិតគូរអំពីបញ្ហាប្លាស្ទិក។
កាលពីដើមខែនេះ ព័ត៌មានបានផ្សព្វផ្សាយព្រោងព្រាត បន្ទាប់ពីហ្វីលីពីន បានបញ្ជូនកុងទឺនឺចំនួន៦៩ ដែលផ្ទុកពេញទៅដោយកាកសំណល់ប្លាស្ទិក ឲ្យត្រលប់ទៅកាណាដាវិញ។ ហើយ ដូចគ្នាដែរ អាជ្ញាធរឥណ្ឌូណេស៊ី បានបញ្ជូនកុងទឺនឺចំនួន៥ ផ្ទុកដោយកាកសំណល់ប្លាស្ទិក ឲ្យត្រលប់ទៅកាន់អាមេរិកវិញដែរ កាលពីសប្តាហ៍មុននេះ។
ក្រៅពីហ្វីលីពីន និងឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ក៏កំពុងតែប្រឈមនឹងបញ្ហាសម្រាមប្លាស្ទិកនេះដែរ។ ប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងតែក្លាយជាកន្លែងចាក់សម្រាម របស់ប្រទេសអ្នកមាន។ បញ្ហានេះ បានរីកកាន់តែធំ បន្ទាប់ពីចិន បានបិទ លែងទទួលការនាំចូលសម្រាមប្លាស្ទិក ពីប្រទេសផ្សេង យកមកកែច្នៃក្នុងប្រទេសខ្លួន ចាប់ពីឆ្នាំ២០១៨មក។ ដូច្នេះ សម្រាមប្លាស្ទិក ត្រូវបានគេសម្រុក បញ្ជូនមកកាន់តំបន់អាស៊ីអាគ្នេយ៍។
អ្វីដែលជាចំណោទ គឺប្រទេសអាស៊ានខ្លះ ហ៊ានទទួលសម្រាម ប៉ុន្តែ ពុំមានសមត្ថភាពបច្ចេកទេសគ្រប់គ្រាន់ ក្នុងការកែច្នៃរំលាយវាទេ។ គឺមានតែយកទៅដុតចោល នៅហាលវាល បំពុលបរិស្ថាន បង្ករវិនាសកម្មជាច្រើន ដល់ធម្មជាតិ ដល់ប្រភពទឹក និងដល់សុខភាពរបស់ប្រជាជន។ បើតាមការរំពឹង ជំនួបកំពូលអាស៊ានលើកនេះ គេនឹងនិយាយគ្នា អំពីបញ្ហានេះ។
តែដូចយើងធ្លាប់មានបទពិសោធន៍កន្លងមកហើយ អាស៊ាន មិនសូវស្វាហាប់ទេ នៅក្នុងការស្វែងរក ឬក៏អនុវត្តគោលនយោបាយរួមណាមួយឡើយ។ កុំថាឡើយដល់ទៅបញ្ហាកាកសំណល់ប្លាស្ទិកដែលនាំចូល សូម្បីតែបញ្ហាកាកសំណល់ប្លាស្ទិក ក្នុងស្រុកខ្លួនឯង ក៏ពុំទាន់មានប្រទេសអាស៊ានណា មានគោលនយោបាយកាត់បន្ថយឲ្យបានត្រឹមត្រូវ ផងទេ។
កិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី RCEP
តាមកម្មវិធីគ្រោងទុក គឺរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ និងជួបប្រជុំគ្នា ដើម្បីចរចាបន្ត អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលមានចិនជាអ្នកផ្តួចផ្តើម។ កិច្ចព្រមព្រៀង ដែលចិនជាអ្នកផ្តួចផ្តើមនេះ មានឈ្មោះថា Regional Comprehensive Economic Partneship (RCEP)។ កិច្ចព្រមព្រៀងនេះ គឺគេរាប់បញ្ចូលប្រទេសអាស៊ានទាំង១០ រួមជាមួយប្រទេស៦ទៀត ក្នុងនោះមាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងណូវែល សេឡង់។ ចិន បានស្នើកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីនេះ តាំងតែពីឆ្នាំ២០១២ម្លេះ ក៏ប៉ុន្តែគេមិនសូវចាប់អារម្មណ៍ ដោយសារតែអាមេរិក បានដឹកនាំធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ដែលធំជាងនេះ។
គឺទើបតែក្រោយឆ្នាំ២០១៦ បន្ទាប់ពីអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក ទើបបានចិន បានឆក់ឱកាស ប្រមូលប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់មួយចំនួន ឲ្យចួលរួមជាមួយខ្លួន។ ចិនរំពឹងថា ចុងឆ្នាំ២០១៩នេះ កិច្ចព្រមព្រៀងនេះនឹងចេញជារូបរាង្គ។ យ៉ាងណាមិញ មន្ត្រីទូតរបស់ហ្វីលីពីន ដែលមកចូលរួមជំនួបកំពូលនាពេលនេះ បានអះអាងថា ហ្វីលីពីន ចង់ឃើញកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីនេះ កាន់តែឆាប់ កាន់តែល្អ។ ជំនួបកំពូលធំមួយទៀត នៅខែវិច្ឆិកា នៅថៃដែរ គឺលោកស៊ី ជីនពីងប្រធានាធិបតីចិន នឹងមានវត្តមាន ដើម្បីអនុម័តកិច្ចព្រមព្រៀងនេះ។
ចិនចំណេញ ឬអាស៊ានខាត?
ស្ថិតក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្ម រវាងចិន និងអាមេរិក ក្នុងអំឡុងពេលនេះ តើប្រទេសអាស៊ាន អាចទទួលបានផលចំណេញ ឬក៏ការខាតបង់អ្វីខ្លះ តាមរយៈការចូលរួម ក្នុងកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលចិនផ្តួចផ្តើមនេះ?
ជាបឋម អាស៊ានត្រូវមានគោលជំហររួមសិន ទើបអាចចរចា រកប្រយោជន៍រួមបាន នៅក្នុងកិច្ចព្រមព្រៀងនេះ។ តែដូចយើងដឹងហើយ ថាប្រទេសអាស៊ានទាំង១០ មានកម្រិតសក្តានុពលសេដ្ឋកិច្ច មិនស្មើគ្នាទេ។ យ៉ាងណាក៏ដោយ បើមានកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ទីផ្សាររួមតែមួយ គឺមានន័យថា ការធ្វើកំណែទម្រង់ រៀបចំបទដ្ឋានច្បាប់ ទាក់ទិននឹងពាណិជ្ជកម្ម នឹងកាន់តែដូចគ្នាៗ ស្របគ្នាពីរវាងប្រទេសទាំងអស់។ នេះជាចំណុចល្អមួយ។
ទាក់ទិននឹងបរិបទសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកនេះដែរ ក្រុមប្រទេសអាស៊ាន អាចទទួលបានផលដែរ ព្រោះថាបញ្ហានេះ នឹងចាប់បង្ខំក្រុមហ៊ុនអន្តរជាតិ ឲ្យងាកមកបង្កើតរោងចក្រ ឬផលិតនូវផលិតផលខ្លួននៅតាមប្រទេសផ្សេង ក្រៅពីចិន ដើម្បីចៀសកុំឲ្យជាប់ទណ្ឌកម្មអាមេរិក។ ដូច្នេះ ប្រទេសអាស៊ាន អាចក្លាយជាគោលដៅថ្មី។ ក៏ប៉ុន្តែ វាទាល់តែប្រទេសអាស៊ាន ត្រៀមខ្លូន មានហេដ្ឋារចនាសម្ព័ន្ធ មានវត្ថុធាតុដើម និងមានក្រិត្យក្រមគតិយុទ្ធ ធានាសន្តិសុខផ្នែកច្បាប់ ឲ្យអ្នកវិនិយោគដែរ។
មួយវិញទៀត ការបង្កើតឲ្យមានទីផ្សាររួម ដោះដូរទំនិញ និងសេវាកម្មដោយសេរី ជាមួយចិន សួរថា តើប្រទេសអាស៊ានមានលទ្ធភាព ធ្វើជាអ្នកនាំចេញ ឬមួយក៏គ្រាន់ តែចាំទទួលយកទំនិញ និងសេវាកម្មដែលហូរចូលពីចិនមក? ត្រង់នេះហើយ ដែលអាចក្លាយជាការលំបាក ព្រោះថា ទីផ្សាររួមតែមួយ ដែលមានតែម្នាក់ ដែលមានមានលទ្ធភាពលក់ចេញ លើសគេលើសឯង គឺវាពុំមានតុល្យភាពទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ