អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ជំនួប​ដ៏​កម្រ​​រវាង​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​និង​ប៉ាគីស្ថាន​ត្រូវ​សាធារណៈ​មតិ​អបអរ

លោក​ណារិន្ទ្រម៉ូឌី​ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​ដែល​បាន​បង្ករ​ការ​ភ្ញាក់ផ្អើល​ទូទៅ​មួយ​ ដោយ​បាន​អញ្ជើញ​ទៅជួ​​លោក​ ណាវ៉ាហ្ស ហ្សារីហ្វ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន ​កាល​ពី​ថ្ងៃ​ទី​២៥​ធ្នូ។ នេះ​គឺ​ជា​ជំនួប​ ដោយ​ឥត​មាន​នរណា​ដឹង​មុន​ទាំង​អស់ ​ ហើយ​ដែល​វា​បង្ហាញ​ពី​កាយវិការ ​ខិត​ចូល​មក​ជិត​គ្នា ​រវាង​ប្រទេស​ជិត​ខាង​ទាំង​​ពីរ ​ដែល​តែងតែ​គ្រហឹម​ដាក់​គ្នា ​មិន​ចេះ​ចប់​ហើយ។ រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ ​បាន​ធ្វើ​ឲ្យ​សារព័ត៌មាន ​និង​មតិ​សាធារណៈ​ នៃ​ប្រជាជាតិ​ទាំងពីរ​ អបអរ​សាទរ​ជាខ្លាំង។

លោក ណារិន្ត្រ ម៉ូឌី (ខាងឆ្វេង)  ពេលជួប​សំណេះ​សំណាល​ជាមួយ​លោក ណាវ៉ាហ្ស​ ហ្សារីហ្វ នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន ថ្ងៃ២៥ ធ្នូ ២០១៥
លោក ណារិន្ត្រ ម៉ូឌី (ខាងឆ្វេង) ពេលជួប​សំណេះ​សំណាល​ជាមួយ​លោក ណាវ៉ាហ្ស​ ហ្សារីហ្វ នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន ថ្ងៃ២៥ ធ្នូ ២០១៥ REUTERS/Press Information Department (PID)
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​ទម្លាប់ ​ដែល​ប្រមុខរដ្ឋ​ប្រទេស​មួយ​តែងតែ​ធ្វើ​ លោក ​នារិន្ទ្រម៉ូឌី ​បែរ​ជា​ជ្រើសរើស​យក​ ការ​ធ្វើ​​ទស្សនកិច្ច ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ទៅ​កាន់​​ ប្រទេស​ប៉ាគីស្ថាន ​កាល​ពី​ថ្ងៃ​ទី​ ២៥​ធ្នូ។ វា​មិនមែន​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​ ដែល​បាន​ធ្វើ​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ​អី​ទេ ​ តែជា​ទស្សនកិច្ច​មិន​ផ្លូវការ ​ ដែល​បាន​ធ្វើ​ឡើង​ នៅក្នុង​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ​ដោយ​មាន​វត្តមាន​ក្រុម​គ្រួសារ ​និង​មិត្តភ័ក្ត​ជិត​ស្និត​របស់​លោក​ផងដែរ។ តាមពិត​ វា​គឺ​ជា​ពិធី ​បុណ្យ​ខួប​កំណើត​ របស់​លោក ​ណាវ៉ាហ្ស ហ្សារីហ្វ ​និង​ពិធី​មង្គលការ ​របស់​ចៅស្រី​លោក។

 
យ៉ាង​ណា​ក៏ដោយ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ប៉ាគីស្ថាន ​បាន​បរិយាយ​ថា ​ មេដឹកនាំ​ទាំងពីរ​ បាន​អង្គុយ​និយាយ​គ្នា​យ៉ាង​ស្និទ្ធស្នាល ​ប្រៀប​ដូច​ជា​មិត្តភ័ក្ត​ ដែល​បែក​គ្នា​រាប់​សិប​ឆ្នាំ ​ដូច្នោះ​ដែរ។ លោក​ណារិន្ទ្រ ម៉ូឌី​ ​ថែម​ទាំង​ឆ្លៀត​និយាយ​បញ្ជាក់​ទៅ​លោក​ ណាវ៉ាហ្ស ហ្សារីហ្វ​ ទៀត​ផង​ថា ​លោក​ មិន​ដែល​មិន​ជឿ​ពី​ភាព​ស្មោះត្រង់​របស់​លោក ហ្សារីហ្វ​ទេ។

ទោះបើ​ខាង​ឥណ្ឌា​អះអាង​ថា ​គឺ​លោក​ណារិន្ទ្រ ម៉ូឌី​ដែល​ជា​អ្នក​ផ្តើម​គំនិត​ដំបូង ​ តែ​ខាង​ប៉ាគីស្ថាន​ បាន​និយាយ​ថា ​ ខាង​គេ​ជា​អ្នក​អញ្ជើញ​លោក ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​ហើយ​ខាង​គេ​បាន​ត្រៀម​រៀបចំ​សន្តិសុខ​ការពារ​ ពីរ​បី​ថ្ងៃ​មុន​ម្លេះ។ នៅ​ប៉ាគីស្ថាន​ក៏​ដូច​ជា​នៅ​ឥណ្ឌា ​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​សរសេរ​ព័ត៌មាន ​ អត់ទ្រាំ​មិន​សរសើរ​មិន​បាន​ អំពី​កាយវិការ​ល្អូកល្អឺន​នឹង​គ្នា​ វាង​មេដឹកនាំ​ទាំងពីរ។ មតិ​សាធារណៈ​ទូទៅ ​ក៏​ដូច្នោះ​ដែរ​ គឺ​ពួក​គេ​អបអរ ​ចំពោះ​កាយវិការ​នេះ ​ព្រោះវា​បង្ហាញ​ពី​ការ​ខិតខំ​ ស្តារ​មិត្តភាព ​បញ្ចប់​គំនំ​គុំគួន ​រវាង​ប្រទេស​ទាំងពីរ។

អ្នក​វិភាគ​ជា​ច្រើន​យល់​ថា ​ នេះ​គឺ​ជា​ការ​កែប្រែ​យុទ្ធសាស្រ្ត​ថ្មី​ របស់​លោក ​ណារិន្រ្ទម៉ូឌី ​ដើម្បី​ផ្សះផ្សារ​ជាមួយ​ប៉ាគីស្ថាន។ កាយវិការ​នេះ​បង្ហាញ​ថា ​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​ដែល​កន្លងមក​ មាន​ចរិក​រឹង​ទទឹង​ មិន​ព្រម​បន្ទន់​ឥរិយាបទ​ ជាមួយ​ប៉ាគីស្ថាន​ បាន​សុខចិត្ត​ខាំមាត់​សង្កត់​ចិត្ត​ហើយ ​ដើម្បី​ចរចា​ជាមួយ​ប៉ាគីស្ថាន ​ទាក់ទិន​នឹង​វិបត្តិ​នៅ​តំបន់​កាហ្សមៀរ ​និង​បញ្ហា​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម។

មុននេះ​ មិន​ដល់​ប៉ុន្មាន​ខែ​ផង ​ កងទ័ព​ប្រទេស​ទាំងពីរ ​បាន​បាញ់​ផ្លោង​គ្រាប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ តំបន់​កាហ្សមៀរ​ ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ទាំងពីរ ​ គឺ​ជា​ប្រភព​នៃ​ជម្លោះ​ដែនដី ​ ដែល​សត្រូវ​ទាំង​ពីរ​ដណ្តើម​គ្នា​កាន់​កាប់ ​តាំង​ពី​ឆ្នាំ ​១៩៤៧​ម្លេះ។ ចាប់​តាំង​ពី​នោះ​មក ​ សង្រ្គាម​បាន​ផ្ទុះ​ឡើង​ ៣ដង​រួច​មក​ហើយ ​ រវាង​មហា​អំណាច​នុយក្លេអ៊ែរ​ទាំង​ពីរ។ ជំនួប​ដោយ​គ្មាន​ប្រាប់​អ្នក​ណា​មុន ​និង​ដែល​មាន​លក្ខណៈ​មិន​ផ្លូវការ​នេះ ​ គឺ​ធ្វើឡើង​ក្នុង​លក្ខណៈ​សាមញ្ញ​ឯកជន​ជា​បឋម ​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចរចា​ ជា​លក្ខណៈ​ផ្លូវរដ្ឋ ​ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​មករា ​ឆ្នាំ​ក្រោយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ