អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា-​ប៉ាគីស្ថាន ជួប​គ្នា​ដោយ​ឥត​គ្រោង​ទុក

នេះ​ជា​លើក​ទី​មួយ​ហើយ គិត​តាំង​ពី​ជាង​១០​ឆ្នាំ​មក ដែល​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា ចុះ​ជាន់​ទឹក​ដី​ប៉ាគីស្ថាន ! ​នៅ​ថ្ងៃសុក្រ​ទី ២៥ ធ្នូ ២០១៥​នេះ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ម៉ូឌី ដែល​ទើប​បញ្ចប់​ទស្សនកិច្ច​​ផ្លូវការនៅ​​រុស្ស៊ី​ និងទស្សនកិច្ច​ខ្លី​នៅ​​អាហ្វហ្កានីស្ថាន បាន​ឆ្លៀត​ឆៀង​ចូលជួប​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថានដល់​ផ្ទះ ដោយ​ឥត​គ្រោង​ទុក​ បង្ក​ជា​​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​តាមដាន​នយោបាយ។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi (ស្តាំ) និង​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន Nawaz Sharif នៅ​ញូដេលី ថ្ងៃទី២៧ ឧសភា ២០១៤​
នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi (ស្តាំ) និង​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន Nawaz Sharif នៅ​ញូដេលី ថ្ងៃទី២៧ ឧសភា ២០១៤​ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

ជា​ទស្សនកិច្ច​ដែល​គ្មាន​ក្នុង​របៀប​វារៈ និង​ជា​ជំនួប​ដែល​មិន​បាន​គ្រោង​ទុកទេ ! លោក ម៉ូឌី បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ឡាអ័រ ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃសុក្រ​នេះ ដោយ​មានលោក ណាវ៉ា ស្ហារីហ្វ នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន ​ ​ម្ចាស់​ផ្ទះ ដល់​ព្រលាន​យន្តហោះ មុន​នឹង​​​​ឡើង​ឧទ្ធម្ភាគចក្រ​រួម​គ្នា ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​លោក​ស្ហារីហ្វ ដើម្បីជួប​​ពិភាក្សា​គ្នា​មួយ​ទល់​នឹង​មួយ។ នេះ​បើ​តាម​រូបភាព​វីដេអូ​ក្នុង​កញ្ចក់​ទូរទស្សន៍​ជាតិ​ប៉ាគីស្ថាន។

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទាំង​ពីរ ទំនង​ជា​បាន​ពិភាក្សា​អំពី​សំណុំ​រឿង​ទ្វេ​ភាគី​សំខាន់ ដូច​ជា​វិបត្តិ​ព្រំដែន​នៅ​តំបន់​ហ៊ីម៉ាឡាយ៉ា ឬ​កាស្មៀ ដែល​ជា​ប្រភព​ជម្លោះ​ដ៏​តាន​តឹង​បំផុត​រវាង​ឥណ្ឌានិង​ប៉ាគីស្ថាន រហូត​ធា្លប់​នាំ​ប្រទេស​ជិត​ខាង​ទាំង​ពីរ​ឱ្យ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ដល់​ពីរ​ដង។ ការ​ប៉ះទង្គិច​គ្នា​ជា​រឿយៗ តាម​ព្រំដែន​បាន​រុញច្រាន​មហាអំណាច​នុយក្លេអ៊ែរ​ប្រចាំ​តំបន់​ទាំង​ពីរ ឱ្យ​ផ្អាក​ការ​ចរចា​ដោះស្រាយ​​វិបត្តិ​ព្រំដែន​កាស្មៀទាំង​ស្រុង​កាលពី​ខែ​សីហា។​ ទំនាក់ទំនង​ឥណ្ឌា​-ប៉ាគីស្ថាន ធ្លាប់​ដុន​ដាប​កាន់​តែ​ខ្លាំង តាំង​ពី​លោក​ម៉ូឌី អ្នក​ជាតិ​និយម​ហិណ្ឌូ ឡើង​កាន់​អំណាច​មក។ គឺ​ទើប​តែ​ក្នុង​ឱកាស​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីសទេ ដែល​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ឥណ្ឌា​ប៉ាគីស្ថាន​បាន​ស្តី​ចូល​គ្នា​វិញ។
ស្រាប់​តែ​នៅ​ថ្ងៃ​នេះ ក្នុង​ដំណើរ​ត្រលប់​ពី​​ទស្សនកិច្ច​ខ្លី​នៅ​អាហ្វហ្កានីស្ថាន ដើម្បី​សម្ពោធ​សភាថ្មី លោក​ម៉ូឌី បាន​សម្រេច​ចិត្ត​ភ្លាម​ភ្លែត ដោយ​ឥត​ព្រាង​ទុក​ចូល​ជួបស​មភាគី​ប៉ាគីស្ថាន​ដល់​គេហដ្ឋាន។ នេះ​ជា​សញ្ញា​ដ៏​ច្បាស់​លាស់​មួយ បញ្ជាក់​ថា​ប្រទេស​ទាំងពីរ​អាច​ចាប់​ដៃ​គ្នាដើម្បី​សកម្មភាព​​និង​បាន​ឆាប់​រហ័ស​ ដោះស្រាយ​បញ្ហា​ផ្សេង ដូច​យ៉ាង​ការ​ជួយស្រោច​ស្រង់​អាហ្វហ្កានីស្ថាន ...។​ ប៉ុន្តែ​មិនមែន​ជា​របត់​ថ្មី​ និង​ការ​ប្តូរ​ផ្លាស់​ជំហរ​នយោបាយ​ឥណ្ឌា​ទេ។ នេះ​បើ​ប្រភព​ស្និទ្ធ​នឹង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​។
ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​បក្ស​ប្រឆាំង​ឥណ្ឌា បាន​ធ្វើ​ការ​រិះគន់​ ដោយ​មិន​សំចៃ​ ទង្វើ​របស់​លោក​ម៉ូឌី នៅ​ថ្ងៃ​នេះ ព្រោះ​យល់​ថា​ប៉ាគីស្ថាន​មិន​​ប្តូរ​ឥរិយាបថ​អ្វី​ដែល​សក្តិសម​នឹង​ទទួល​បាន​នូវ​ទំនាក់ទំនង​ដ៏​កក់ក្តៅ​ល្អូន​ល្អើន​ពី​ឥណ្ឌា​ឡើយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ