អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រធានាធិបតី​ហ្វីលីពីន​ទៅ​សំពះសួរ​មហាមិត្ត​ថ្មី​ដល់​ផ្ទះ​ នៅ​ប៉េកាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​ប្រធានាធិបតី​ហ្វីលីពីន ​ទើប​បាន​ទៅ​ដល់​ទីក្រុង​សៀមែន​ ភាគ​ខាងត្បូង​ ប្រទេស​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កំរ ​និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ។ គួរឲ្យ​ភ្ញាក់ផ្អើល ​គឺ​ដោយសារ​តែ​ចិន ​និង​ហ្វីលីពីន​កំពុង​តែ​មាន​ជម្លោះ​នឹង​គ្នា ​ទាក់​ទិន​នឹង​ការ​កាន់កាប់​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ ជាមួយ​និង​ទស្សនកិច្ច​នេះ ​ លោក​ប្រធានាធិបតី​ហ្វីលីពីន ​កំពុង​បង្ហាញ​ប្រាប់​ពិភពលោក​យ៉ាង​ជាក់​ច្បាស់ ​អំពី​ចេតនា​របស់​លោក ​ក្នុង​ការ​ងាក​ទៅ​សុំការ​យល់​យោគ​ពី​ចិន​ និង​សុំ​ជំនួយ​វិនិយោគ​ពី​ចិន ​ ​បើ​ទោះបី​ជា​ការ​ពិត​ តុលាការ​បាន​កាត់​សេច​ក្តី​ថា ​ចិន​ជា​អ្នក​មក​បំពាន ​លើ​ដែនទឹក​ហ្វីលីពីន​ក៏​ដោយ។

លោក Rodrigo Duterte ​ប្រធានាធិបតី​ហ្វីលីពីន
លោក Rodrigo Duterte ​ប្រធានាធិបតី​ហ្វីលីពីន REUTERS/Lean Daval Jr
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ ​លើក​ទីមួយ ​របស់​ប្រធានាធិបតី​ហ្វីលីពីន ​ចាប់តាំង​ពី​គាត់​បាន​ចូល​កាន់​តំណែង ​កាល​ពី​ចុង​ខែ​មិថុនា។ លោក ​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​បាន​ជ្រើសរើស​យក​ប្រទេស​ចិន​ ​គឺមាន​ន័យ​ថា ​វា​ជានិម្មិត​រូប​មួយ​ធំ​ណាស់ ​ដែល​យើង​អាច​កាត់យល់​បាន​ ពី​បន្ទាត់​នយោបាយ​ការបរទេស​របស់​គាត់។

ហ្វីលីពីន​ត្រូវការ​ទុន​វិនិយោគ​របស់ចិន៖
តាម​ការ​ផ្តល់​ដំណឹង​ពី​បណ្តា​អ្នក​យក​ព័ត៌មាន​នាៗ​ ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​បរិបទ​ពីរ ​ទីមួយ​គឺ​បរិបទ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​ព្រមទាំង​ការ​វិនិយោគ​ ហើយ​ទី​ពីរ​គឺ​បរិបទ​ការទូត។ លោក ​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​ត្រូវ​បាន​អម​ដំណើរ​ទៅ​ ដោយ​អ្នក​ជំនួញ​ធំៗ​នៅ​ហ្វីលីពីន ​ជា​ច្រើន​រយ​នាក់។ វិស័យ​វិនិយោគ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​គមនាគម ​គឺ​ជា​ចំណុច​ធំ​បំផុត ​ព្រោះ​តាម​ការ​ឲ្យដឹង ​ហ្វីលីពីន​ចង់​សុំ​ឲ្យ​ចិន​ បោះទុន​វិនិយោគ​ក្នុង​វិស័យនេះ ​រាប់​ពាន់​លាន​ដុល្លារ​ឯណោះ។ ឧទាហរណ៍ ​ដូច​ជា​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លូវដែក​ហ្វីលីពីន​ នៅ​តំបន់​ម៉ាន់​ដាណាវ ​ភាគ​ខាងត្បូង​ហ្វីលីពីន ​ដែល​រដ្ឋាភិបាល​លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​កំពុង​ត្រូវការ​លុយ​វិនិយោគ​របស់​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវដែក​របស់​ចិន។

ជា​ការ​កត់​សំគាល់​ ចាប់​តាំង​ពី​ហ្វីលីពីន​ និង​ចិន​ឈ្លោះគ្នា​រឿង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ​ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​ជួប​ការ​លំបាក​ណាស់ ​សម្រាប់​អ្នក​រកស៊ី​ទាំង​សងខាង។ សម្រាប់​ហ្វីលីពីន​ ដែល​នាំផ្លែ​ឈើ​ដូច​ជា​ចេក ​និង​ម្នាស់​ចូល​ទៅ​លក់​នៅ​ចិន ​បាន​ខាត​បង់​យ៉ាង​ច្រើន ​ ដោយសារ​ចិន​លែង​ទទួល​ទិញ ​ហើយ​បើ​លួច​នាំចូល ​បើ​ចិន​ចាប់​បាន ​គឺ​គេ​ដុត​ចោល​ទាំង​កុងទឺន័រ​ តែម្តង។ ក៏ប៉ុន្តែ ​ដើម្បី​អបអរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​នាពេល​នេះ ​អាជ្ញាធរ​ចិន​ ទើប​តែ​បាន​សម្រេច ​លប់​បំរាម​ហាម​ឃាត់​ការ​នាំចូល​ចេក​ និង​ម្នាស់​របស់​ហ្វីលីពីន។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២០​តុលា ​ លោក​ស៊ី ជីងពីង​ ប្រធានាធិបតី​ចិន ​នឹង​ទទួល​ជួប​លោក ​រ៉ូឌ្រីហ្គោ ឌុយទែរតេ​ នៅ​ទីក្រុង​ប៉េកាំង។
 
លះបង់​អធិបតេយ្យភាព​ដែន​ទឹក​ ដើម្បី​ផ្លូវ​ដែក៖
លោក​ប្រធានាធិបតីហ្វីលីពីន ​បាន​សន្យា​ហើយ​ថា​ លោក​នឹង​និយាយ​ពី​ជម្លោះ​កាន់កាប់​ដែនទឹក​និងកោះ​ ​ជាមួយ​ចិន​​ដោយ​តាម​សម្រួល ​​ដោយ​ចៀសវៀស​ការ​ដាក់​កំហិត​ រឺ​ដាក់​លក្ខខណ្ឌ​ណាមួយ​ ទៅ​លើ​ភាគី​ចិន។ មានន័យ​ថា​ម៉េច? ​គឺ​មាន​ន័យថា​ ហ្វីលីពីន​នឹង​មិន​ទៀមទារ​អ្វី​ច្រើន ​ធ្វើឲ្យ​ចិន​មួរម៉ៅ​នោះ​ទេ។

គួររំលឹកថា​​ កន្លង​មក ​ ទាក់ទិន​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ​ លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​តែង​តែ​បន្ទន់​ឥរិយាបថ ​និយាយ​ស្តី​បែប​បបោស​អង្អែល ​ក្រែងចិត្ត​ភាគី​ចិន​ជានិច្ច។ តែ​ទន្ទឹម​គ្នា​នេះ ​បើ​ជាមួយ​សហរដ្ឋ​អាមេរិក​វិញ ​គឺ​ថា​ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ ​ជេរ​លោក​អូបាម៉ា ​កប់ៗ​មាត់​តែ​ម្តង។

នៅ​ក្រោយ​ពេល​ដែល​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ សម្រេច​សេចក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ ​លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​បាន​និយាយ​ហើយ​ថា ​ហ្វីលីពីន​មិន​ចង់​ទៅ​ដាក់​លក្ខខណ្ឌ​ បង្ខំ​ចិន​ឲ្យ​គោរព​ទេ​ ផ្ទុយ​ទៅ​វិញ​ ហ្វីលីពីន​ត្រៀម​ខ្លួន​សុខចិត្ត ​បែងចែក​ភោគផល ​ព្រមទាំង​ការ​កាន់កាប់​តំបន់​មាន​ជម្លោះ​ជាមួយ​ចិន ​ដើម្បី​ជានា​គ្នា​ឡើង​វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក្នុង​កំឡុង​ពេល​ធ្វើ​ការ​ឃោសនា​បោះឆ្នោត ​លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​បាន​ទាំង​និយាយ​ទៀត​ថា ​បើលោក​ឈ្នះ​ឆ្នោត​ លោក​សុខចិត្ត​ឲ្យ​ចិន​កាន់​កាប់​តំបន់​កោះ ​តំបន់​សមុទ្រ​ទៅចុះ​ ឲ្យតែ​ចិន​ព្រម​ជួយ​សាង​សង់​បណ្តាញ​ផ្លូវដែក​ឲ្យ​ហ្វីលីពីន។

ក្នុង​សម្តី​នេះ ​ប្រធានាធិបតី​ហ្វីលីពីន​ សុខចិត្ត​ព្រម​ខាតបង់​អធិបតេយ្យ​ដែន​សមុទ្រ ​ជា​ថ្នូរ​នឹង​ការ​សាងសង់​បណ្តាញ​ផ្លូវដែក។ តែ​ទន្ទឹម​គ្នា​នេះ សួរ​ថា​វិស័យ​នេសាទ​សមុទ្រ​របស់​ហ្វីលីពីន​ នឹង​ខាតបង់​កម្រិត​ណា? ប្រជា​នេសាទ​ហ្វីលីពីន ​ដែល​រាល់ថ្ងៃ​នេះ​ត្រូវ​បាន​ចិន​ហាមឃាត់​មិន​ឲ្យ​ទៅ​នេសាទ ​តើ​ប្រធានាធិបតី​ហ្វីលីពីន ​មាន​ដំណោះស្រាយ​យ៉ាង​ណា​ខ្លះ? បញ្ហា​នេះ ​ ប្រាកដជា​បង្ក​ជា​ការ​តវ៉ា ​មិនខាន​ទេ ​សម្រាប់​ប្រជាជន​ហ្វីលីពីន ​ក៏ដូច​ជា​ចលនា​ជាតិនិយម​ហ្វីលីពីន ​ដែល​មិន​ចង់​ឃើញ​ប្រទេស​ខ្លួន​ ទៅ​លត់​ជង្គង់​ចំពោះ​មុខ​មហា​យក្ស​ចិន។

លោក រ៉ូឌ្រីហ្គោ​ ឌុយទែរតេ ​ជា​មនុស្ស​ធ្លាប់​ស្រលាញ់​លទ្ធិ​កុម្មុយនីស្ត៖
លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​តាំង​ពី​ដើម​មក ​មិន​ដែល​លាក់​បាំង​ពី​ទឹកចិត្ត​របស់​លោក ​ដែល​ស្អប់​ខ្ពើម​អាមេរិក ​ និង​របប​មូលធន​និយម​ទេ។ បើ​មិន​ជេរ​លោក​អូបាម៉ា ​ក៏​គាត់​រិះគន់​សហរដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ដែរ។ មាន​ន័យ​ថា ​លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​មាន​ទំនោរ​ទៅ​រក​ចិន ​និង​រុស្ស៊ី​បាត់​ទៅហើយ ​ ដែល​ប្រទេស​ទាំង​ពីរ​នេះ​សុទ្ធសឹង​តែ​ជា​ប្រទេស​ ដែល​មាន​ប្រព័ន្ធ​ដឹកនាំ​បែប​កុម្មុយនីស្ត​ផ្តាច់ការ។

លើស​ពី​នេះ​ទៀត​ ខុស​ពី​អាមេរិក​ និង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប​ ចិន​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ប្រតិបត្តិការ​បោស​សម្អាត​បណ្តាញ​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​ នៅ​ហ្វីលីពីន​ របស់​លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ។ ត្រង់​ចំណុច​នេះ ​អ្នក​វិភាគ​យល់​ថា ​វា​គ្មាន​អ្វី​ចំលែក​ទេ​ ព្រោះ​ចិន​មិន​ដែល​ខ្វល់​ពី​កិច្ចការ​សិទ្ធិ​មនុស្ស​ស្អី​ទេ។ ចិន​គាំទ្រ​ហ្វីលីពីន​ក្នុង​រឿង​នេះ ​ក៏​ព្រោះតែ​ចង់​លើក​ជើង​បញ្ជោរ​លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​តែ​ប៉ុណ្ណោះ។ គឺ​វា​ខុស​ពី​សហរដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ​ដែល​គេ​មើល​ឃើញ​ អំពី​អំពើ​ហិង្សា​ជ្រុល​ហួសហេតុ​របស់​អាជ្ញាធរ​ហ្វីលីពីន​ ដែល​បាន​សម្លាប់​រង្គាល​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ​ដល់​ទៅ​ជាង​៣០០០​នាក់​ ក្នុង​រយៈពេល​តែ​ជាង​៣ខែ ​ដោយ​គ្មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាល់។

តាម​ពិត​ទៅ ​លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​នេះ​មាន​ប្រវត្តិ​ជា​អ្នក​ស្រលាញ់​គាំទ្រ ​លទ្ធិកុម្មុយនីស្ត​យូរ​ណាស់​មក​ហើយ។ តាម​ការ​ស្រាវជ្រាវ​ពី​ប្រវត្តិ​រូប​គាត់​ គឺ​គាត់​ធ្លាប់​ជា​អ្នក​គាំទ្រ​លោក ​Sison ​ដែល​ជា​ស្ថាបនិក​គណបក្ស​កុម្មយនីស្ត​ហ្វីលីពីន ​កាល​ពី​ជំនាន់​ឆ្នាំ​១៩៦០-៧០។ ដូច្នេះ​សម្រាប់​អ្នក​វិភាគ​នានា ​គឺ​វា​គ្មាន​អ្វី​ប្លែក​ទេ ​ដែល​លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​គាំទ្រ​និយម​ចិន​ និង​អួត​សរសើរ​ពី​លោក​ប្រធានាធិបតី​ស៊ី ជីងពីង ​នា​ពេល​នេះ។

អារសាច់​ជូនខ្លា ​ទើប​នៅ​សុខ​បាន៖
ទាក់ទិន​នឹង​ជម្លោះ​អធិបតេយ្យភាព​ដែន​សមុទ្រ​នេះ​ សម្រាប់​មតិ​អ្នក​វិភាគ​ភាគច្រើន​ យល់ថា ​ហ្វីលីពីន​ជា​អ្នក​ត្រូវសោះ ​ បែរ​ជា​ទៅ​សុំ​ការ​សណ្តោស​ប្រណី​ពី​ចិន​ ដែល​ជា​អ្នក​មក​បំពាន​គេ ​ទៅ​វិញ។ អ្នក​តំណាង​រាស្ត្រ​ហ្វីលីពីន​ម្នាក់ ​មក​ពី​ខាង​គណបក្ស​ប្រឆាំង​យល់​ថា ​ជំហរ​បែប​ឱបជើង​ចិន​របស់​ប្រធានាធិបតី​​ហ្វីលីពីន​នា​ពេល​នេះ ​ នឹង​ជះ​ផល​អាក្រក់​មក​លើ​ហ្វីលីពីន​នៅ​ថ្ងៃ​ស្អែក។ ចិន ​នឹង​កាន់​តែ​បាន​ចិន ​សង្កត់​ក​ហ្វីលីពីន​គ្រប់​វិស័យ ​ដើម្បី​ការពារ​ប្រយោជន៍​របស់​ផង​គេ ​ ហើយ​លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ​វិញ ​ខ្លាច​លោក​ស៊ី ជីងពីង​ឡើង​រញោម ​ដូចឆ្មា​ត្រូវ​ទឹក។

ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​ខ្លះ ​នៅ​សកលវិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ​ហ្វីលីពីន​វិញ ​ យល់​ថា​បន្ទាត់​នយោបាយ​បែរ​ទៅ​ខាង​ចិន​នា​ពេល​នេះ ​ វា​ជា​រឿង​ចាំបាច់​ក្នុង​បរិបទ​សកល ​ដែល​ហ្វីលីពីន​ត្រូវ​ការ​រក​បង្អែក​ថ្មី​ ព្រោះ​សហរដ្ឋ​អាមេរិក​កំពុង​អស់​ឥទ្ធិពល​បណ្តើរៗ​ទៅ​ហើយ ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ គ្មាន​នរណា​ម្នាក់ ​អាច​គេច​ពី​ក្រញ៉ាំ​របស់​ចិន​បាន​ទេ។ ជាង​នេះ​ទៅទៀត​ ក្នុង​អាណត្តិ​ទាំងពីរ​របស់​លោក​អូបាម៉ា​ សហរដ្ឋ​អាមេរិក​ ហាក់​បាន​កាត់​បន្ថយ​ ​មិន​ចង់​ធ្វើ​អន្តរាគម ​រឺ​ចេញមុខ​ឈ្លោះ​ជា​មួយ​អ្នក​ណា​ ដើម្បី​ការពារ​កូនចៅ ​ដូច​កាល​ពី​ជំនាន់​មុន​ទេ។ ដូច្នេះ​បើ​ហ្វីលីពីន​ទៅ​តទល់​ជាមួយ​ចិន​​តែ​ម្នាក់​ឯង​ គឺ​មិន​ខុស​ពី​យក​ពងមាន់​ទៅ​ជល់​នឹង​ថ្ម​ទេ។ ការ​បត់ក្បាល​ទៅ​រក​ចិន​នាពេល​នេះ ​គឺ​ជា​ការ​យល់ឃើញ​ពី​កាលៈទេសៈ​ជាក់ស្តែង។ វិស័យ ​ពាណិជ្ជកម្ម ​ជំនួយ​វិនិយោគ ​ទាំងអស់​នេះ​ដែល​ហ្វីលីពីន​ត្រូវ​ការ​ចិន ​បាន​ផលពី​ចិន ​​ជា​ជាង​បង្ក​ជម្លោះ​ជាមួយ​ចិន។

ពាក្យ​ចាស់​ថា ​អារ​សាច់​ជូន​ខ្លា ​ទើប​នៅ​សុខ​បាន ​គឺ​មិន​ខុស​ទេ។ ​តែ​យ៉ាងណា ​យើង​កុំ​ភ្លេច​ថា ​លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ ​ជា​មនុស្ស​ចិត្តក្តៅ​តក់​ក្រហល់​ ឆេវឆាវ​ណាស់។ លក្ខណៈ​ទាំងនេះ ​ធ្វើ​ឲ្យ​ខាង​ចិន​នៅ​តែ​មិន​ទាន់​ទុក​ចិត្ត​បាន​ទេ។ បើ​និយាយ​មួយ​បែប​ទៀត​ អាច​មាន​ន័យ​ថា ​មនុស្ស​លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ​ ជា​មនុស្ស​ងាយ​ប្រែប្រួល​ណាស់ ​ម្តង​ក្តៅ​ម្តង​ត្រជាក់​ ថ្ងៃ​នេះ​ជេរ​អាមេរិក​ ហើយ​ឱប​ជើង​ចិន​ តែ​ថ្ងៃ​ស្អែក​ថា​មិន​ត្រូវ​ លោក​រ៉ូឌ្រីហ្គោ ឌុយទែរតេ​ អាច​មក​ឱប​ជើង​អាមេរិក​វិញ​ ​ក៏​ថា​បាន​ដែរ ​បើ​សិន​ជា​ចិន​ ធ្វើ​ឲ្យ​គាត់​ខក​បំណង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ