អានតួអត្ថបទ
ភូមា

សហរដ្ឋ​អាមេរិក ​ទាមទារ​ឲ្យ​ភូមា​ទទួល​យក​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ត្រឡប់​ទៅ​ភូមិ​ស្រុក​វិញ

ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ដែលបានទៅដល់ ជំរំជនជាតិរ៉ូហ៊ីងយ៉ា កាលពីថ្ងៃសៅរ៍ទី ៤ វិច្ឆិកា បានលើកឡើងថា សហរដ្ឋអាមេរិក ប្រកាសទាមទារឲ្យរដ្ឋាភិបាលភូមា ត្រូវទទួលយកជនជាតិរ៉ូហ៊ីងយ៉ា ត្រលប់ទៅវិញ។​​ ភូមា ក៏ត្រូវតែធ្វើការស៊ើបអង្កេត ឲ្យបានដឹងការពិត និងឈានទៅចាប់មនុស្ស ដែលបានធ្វើសកម្មភាព ហិង្សា និងព្រៃផ្សៃ មកលើជនជាតិរ៉ូហ៊ីងយ៉ា ស្លូតត្រង់។

កុមារ រ៉ូហ៊ីងយ៉ា​កំពុងតំរង់​ជួរ ​ដើម្បី​ឆ្លង​ទៅ​បង់ក្លាដែស ។ ថ្ងៃទី ​២២ ​កញ្ញា​ ២០១៧
កុមារ រ៉ូហ៊ីងយ៉ា​កំពុងតំរង់​ជួរ ​ដើម្បី​ឆ្លង​ទៅ​បង់ក្លាដែស ។ ថ្ងៃទី ​២២ ​កញ្ញា​ ២០១៧ AFP
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក ទាមទារ ឲ្យភូមា ត្រូវទទួលយកជនជាតិរ៉ូហ៊ីងយ៉ា ត្រលប់ទៅវិញ។ នេះជាសម្តីរបស់លោក Simon Henshaw ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ចេញពីទៅក្រុងដាកា រដ្ឋធានីបង់ក្លាដែស បន្ទាប់ពីបានចុះទៅត្រួតពិនិត្យ ជំរំនៅជនភៀសខ្លួន រ៉ូហ៊ីងយ៉ា​ នៅតាមបណ្តោយព្រំដែន។ ភូមា ត្រូវតែប្រគល់ដី ប្រគល់ភូមិស្រុក ឲ្យទៅជនជាតិរ៉ូហ៊ីងយ៉ាវិញ។

មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ បានបញ្ជាក់ថា៖ ទីមួយ វាគឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ភូមា ដែលត្រូវតែរៀបចំរដ្ឋរ៉ាឃីន  ឲ្យមានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពឡើ​ងវិញ។ ហើយទី២ ភូមា មានកាតព្វកិច្ច បើកការស៊ើបអង្កេត ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកពីការពិត  អំពីសកម្មភាពហិង្សា និងអំពើអមនុស្សធម៌នានា ដែលបានធ្វើទៅលើប្រជាជនអ៊ីស្លាម រ៉ូហ៊ីងយ៉ា។

គួរកត់សំគាល់ថា ចាប់តាំងពីមានផ្ទុះអំពើហិង្សា ចាប់ពីខែសីហាមក  មានជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណ៦សែននាក់ ដែលបានរត់ឆ្លងទៅបង់ក្លាដែស។ នៅបង់ក្លាដែល ក្នុងជំរំ Cox’s Bazar មានជនជាតិរ៉ូហ៊ីងយ៉ា ជាង២សែននាក់រួចទៅហើយ ដែលបានរត់ទៅដល់  ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ នៅទីនោះ ស្ថានភាពរបស់ជនជាតិ រ៉ូហ៊ីងយ៉ា ស្ថិតក្នុងភាពអនោចអធម្ម លំបាកជាទីបំផុត ដោយខ្វះចំណីអាហារ ហើយប្រឈមមុខនឹងជំងឺឆ្លងគ្រប់ប្រភេទ។

អង្គការសិទ្ធិមនុស្ស អង្គការមនុស្សធម៌  បានចោទប្រកាន់​ដោយសំអាងលើភស្តុតាងជាច្រើន  ថាអាជ្ញាធរ ភូមា មានទាហាន និងកងទ័ព បានចូលដៃជាមួយពួកពុទ្ធសាសនាជ្រុលនិយម នៅរដ្ឋរ៉ាឃីន  ធ្វើសកម្មភាពហិង្សា រំលោភស្ត្រី ដុតផ្ទះនឹងភូមិអ្នកស្រុករ៉ូហ៊ីងយ៉ា ដើម្បីបណ្តេញពួកគេ​ ឲ្យរត់ចេញពីភូមា។

ដោយឡែក ​កាលពីថ្ងៃសុក្រ ទី ៣វិច្ឆិកា​ សមាជិកសភា អាមេរិក មួយក្រុម ​បានមូលមតិគ្នា ធ្វើសេចក្តីព្រាងច្បាប់មួយ  ដើម្បីដាក់ទណ្ឌកម្ម ឲ្យធ្ងន់ទៅលើមេដឹកនាំយោធាភូមា មួយចំនួន ទាក់ទិន ទៅនឹងសកម្មភាពហិង្សាព្រៃផ្សៃ ធ្វើទៅលើជនជាតិអ៊ីស្លាមរ៉ូហ៊ីងយ៉ា។ តែយ៉ាងណា​ ថ្នាក់ដឹកនាំអាមេរិក បានចៀសវៀង មិនធ្វើការស្តីបន្ទោស ដោយផ្ទាល់ ទៅលើរូបលោកស្រីអ៊ុងសាន ស៊ូជីទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ