អានតួអត្ថបទ
ភូមា

វិបត្តិ​រ៉ូហ៊ីងយ៉ា៖ អង្គការ​សហប្រជាជាតិ ​ពិចារណា​លើ​សេចក្តី​សម្រេចចិត្ត ​ដាក់​កំហិត​លើ​ភូមា

ក្រុមប្រឹក្សា​សន្តិសុខ​ នៃ​អង្គការ​សហប្រជាជាតិ ​កំពុង​តែ​ពិចារណា ​ដើម្បី​រៀបចំ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ ​ ក្នុង​គោល​បំណង ​ចាប់​បង្ខំ​រដ្ឋាភិបាល​ភូមា ​ ឲ្យ​បិទ​បញ្ឈប់​រាល់​សកម្មភាព​ហិង្សា ​ធ្វើបាប​ទៅ​លើ​សហគម​ជនជាតិ​អ៊ីស្លាម ​រ៉ូហ៊ីងយ៉ា។ ក្នុង​រយៈពេល​៣ខែ​ចុង​ក្រោយ​នេះ  ​មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា ​រាប់សែន​នាក់​ ដែល​បាន​រត់​ភៀសខ្លួន​ ​ទៅ​បង់ក្លាដែស ​ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើបាប ​ និង​បន្ទាប់​ពី​ផ្ទះ​សំបែង​របស់​ពួកគេ​ ត្រូវ​បាន​ដុត​បំផ្លាញ​ ដោយ​កងទ័ព​ភូមា ​នៅ​រដ្ឋ​រ៉ាឃីន។

ក្មេងប្រុងរ៉ូហ៊ីងយ៉ា ​នៅ​ចំណុច​ព្រំដែន ​Teknaf ​ជាប់​បង់ក្លាដែស។ ថ្ងៃទី​ ២៥​ តុលា ​២០១៧
ក្មេងប្រុងរ៉ូហ៊ីងយ៉ា ​នៅ​ចំណុច​ព្រំដែន ​Teknaf ​ជាប់​បង់ក្លាដែស។ ថ្ងៃទី​ ២៥​ តុលា ​២០១៧ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

បារាំង​ និង​អង់គ្លេស ​បាន​ចេញមុខ​ រៀបចំ​ស្នើ​គំរោង​សេចក្តី​សម្រេចចិត្ត​មួយ​ ទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ ​នៃ​អង្គការ​សហ​ប្រជាជាតិ ​កាល​ពី​ថ្ងៃពុធ​ ម្សិលមិញ។ បើតាម​ប្រភព​ពី​មន្ត្រី​ទូត​នៅ​អង្គការ​សហប្រជាជាតិ ​បាន​ឲ្យដឹង​ថា ​សម្នើ​សេចក្តី​សម្រេច​ចិត្ត​នេះ ​មិនមែន​ជា​គម្រោង​ដាក់​ទណ្ឌកម្ម​អ្វី​ ទៅ​​លើ​រដ្ឋាភិបាល​ភូមា​ទេ។ តែ​ជា​អត្ថបទ​ ដែល​មាន​ខ្លឹមសារ​ម៉ឺងម៉ាត់ ​ និង​ចាប់​បង្ខំ​ ឲ្យ​ភូមា​គោរព​ឲ្យ​ខាង​តែ​បាន។

អត្ថបទ​ស្នើ ​ដែល​មាន​កំរាស់​៦ទំព័រ​នេះ ​ មាន​ខ្លឹមសារ ​សង្កត់​ធ្ងន់​ ទាមទារ ​ឲ្យ​រដ្ឋាភិបាល​ភូមា ​បញ្ឈប់​ជា​បន្ទាន់ ​នូវ​សកម្មភាព​ប្រើ​កំលាំង​ទាហាន ​និង​នរគបាល​ ដែល​ធ្វើបាប ​ដុត​ភូមិ​ស្រុក ​និង​វាយ​បណ្តេញ​ប្រជាជន​រ៉ូហ៊ីងយ៉ា។ ទីពីរ​ ភូមា ​ត្រូវ​អនុញ្ញាត ​ឲ្យ​មន្ត្រី​ជំនាញ​ របស់​អង្គការ​សហ​ប្រជាជាតិ​ ចុះទៅ​រដ្ឋ​រ៉ាឃីន​ ​ដើម្បី​ត្រួត​ពិនិត្យ​ស្ថានការណ៍ ​និង​ស្រង់​យក​សក្ខីកម្ម​នានា ​​ពី​សំណាក់​ប្រជាជន​រ៉ូហ៊ីងយ៉ា។ ទីបី ​រដ្ឋាភិបាល​ភូមា ​ត្រូវបើក​ផ្លូវ ​សម្រួល​ដល់​ការ​ធ្វើ​អន្តរាគមន៍​របស់​អង្គការ​មនុស្ស​ធម៌​នានា ​ដែល​មាន​បំណង​ទៅ​ជួយ​ប្រជាជន​រ៉ូហ៊ីងយ៉ា ​នៅ​រដ្ឋរ៉ាឃីន។ ទីបួន ​គឺ​ភូមា ​ត្រូវ​ទទួល​យក​នូវ​ការ​បង្កើត​គណកម្មការ​ពិសេស​មួយ​ ដើម្បី​ការពារ​សិទ្ធិ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា  ​ដោយ​មាន​លោក​ កូហ្វ៊ី​ អាណាន់​ជា​ប្រធាន។

តែ​យ៉ាងណា​ មន្ត្រី​អង្គការ​សហប្រជាជាតិ​មួយ​ចំនួន​  បាន​ថ្លែង​ថា​ គំរោង​សេចក្តី​សម្រេច​ចិត្ត​នេះ ​អាច​នឹង​ជួប​ការ​លំបាក ​ក្នុង​ពេល​ពិភាក្សាគ្នា ​ព្រោះថា​ភាគី​ចិន​ បាន​បដិសេធ ​មិន​ទទួល​យក​ជា​ដាច់ខាត។ ចិន​មាន​ចេតនា ​បង្អាក់​ មិនឲ្យ​អង្គការ​សហប្រជាជាតិ ​ចាត់​វិធានការ​អ្វី​ទាំងអស់ ​ទៅ​លើ​រដ្ឋាភិបាល​ភូមា  ​ព្រោះ​ចិន ​​បាន​ចេញ​មុខ​ការពារ​ សកម្មភាព​ហិង្សារ​របស់​កងទ័ព​ភូមា​ ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ថា​ជា​រឿង​ត្រឹមត្រូវ។

គួរ​បញ្ជាក់ថា ​យោង​តាម​តួលេខ ​របស់​អ្នក​សង្កេតការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ គិតចាប់​ពី​ខែ​សីហា​មក ​ ​គឺ​មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា ​ប្រមាណជា​៥៨​ម៉ឺន​នាក់ ​បាន​រត់​ភៀស​ខ្លួន ​ ឆ្លង​​ពី​ខេត្ត​រ៉ាឃីន ​ចូល​ទៅ​បង់ក្លាដែស។ នៅ​បង់ក្លាដែស  ​ពួកគេ​រស់នៅ​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​ តាម​គំពត​ព្រៃ ​ក្នុង​លក្ខខណ្ឌ​យ៉ាង​លំបាក​វេទនា​ជា​ទី​បំផុត។

កន្លងមក ​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន  ​បាន​ស្តី​បន្ទោសទៅ​អង្គការ​សហ​ប្រជាជាតិ​ ថា​នៅ​ឈរ​ព្រងើយ​ឱបដៃ ​មិន​ព្រម​ចាត់​វិធានការ​ឲ្យ​ទាន់​ពេល​វេលា ​ដើម្បី​ទប់ស្កាត់​អំពើ​អមនុស្សធម៌​នេះ។ យ៉ាងណា​មិញ ​លោកស្រី ​Lee Yanghee ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ប្រចាំ​នៅ​ភូមា ​បាន​លើក​ឡើង​ថា ​ ទុក្ខវេទនា​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា ​មិនមែន​ទើប​តែ​ចោទ​ឡើងទេ​ ហើយវា​ដល់​ពេល​ហើយ ​ដែល​សហគម​អន្តរជាតិ​ ត្រូវធ្វើ​អ្វី​ម្យ៉ាង ​ព្រោះវា​បាន​រីក​ ក្លាយ​ជា​វិបត្តិ​តំបន់ ​មិនមែន ​គ្រាន់តែ​ជា​វិបត្តិ​ផ្ទៃក្នុង​របស់​ភូមា​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ