អានតួអត្ថបទ
កម្ពុជា-បារាំង

សម្តីសមាជិក​សភា​បារាំង​ លោក អេរិក វឺត ​ដែល​ចាត់ទុក​លោក​ម៉ាក្រុង​ ថាមាន​”ចរិកជាខ្មែរ” ​ធ្វើឲ្យ​មាន​ការ​ខឹង​សម្បារ

លោក​ អេរិក វឺត ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​និង​ជា​សមាជិក​សភា​បារាំង ​បាន​បង្ករ​ឲ្យ​មាន​ការ​ខឹងសម្បារ​ ជាខ្លាំង ​នៅតាម​បណ្តាញ​សង្គម ​ពី​សំណាក់​ប្រជាជន​ខ្មែរ ​ទាំង​នៅ​កម្ពុជា ​ទាំង​នៅ​បារាំង ​បន្ទាប់​ពីលោក​ម្នាក់​នេះ ​បាន​និយាយ​ថា ​លោក​ប្រធានាធិបតី​ម៉ាក្រុង ​មាន​អត្តចរិក​ជាខ្មែរ ​ពោលគឺ​ឃោរឃៅ ​គ្មាន​មេត្តា​ធម៌ ​ចំពោះ​លោក ​ម៉ានុយអែល វ៉ាល់ស៍។ មាន​ការ​ទាមទារ​ ឲ្យលោក ​អេរិក​ វឺត​ ធ្វើការ​សុំទោស​ជា​សាធារណៈ ​ចំពោះ​សម្តី​ម៉ាក់ងាយ​ មក​លើ​ប្រជាជន​ខ្មែរ​នេះ។

លោក Eric Woerth
លោក Eric Woerth AFP
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ពេល​ព្រឹក ​កាលពី​ថ្ងៃ​ពុធ​ ទី១០​ ឧសភា ​នៅ​វិទ្យុ​Europe1​ លោក​អេរិក វឺត​ (Eric Woerth) បាន​និយាយ​ថា ​លោក ​អេម៉ានុយអែល ម៉ាក្រុង ​មាន​ចរិក​ពុំគប្បី ​ទៅ​លើ​លោក​ម៉ានុយអែល វ៉ាល់ស៍​ ដែល​បាន​មក​ប្រគល់​ខ្លួន ​សុំ​ឈរឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​បោះឆ្នោត​សភា​របស់​បក្ស​លោក​ម៉ាក្រុង។ ​លោក ​អេរិក វឺត​ បាន​បន្ថែម​ថា ​ចរិក​លោក​ម៉ាក្រុង​នេះ ​គឺ​មាន​លក្ខណៈ​ជាខ្មែរ​ ពោល​គឺ​ជា​អត្តចរិក ​មិន​ថ្លៃថ្នូរ​ គ្មាន​មេត្តា​ធម៌​ ជាន់​ពន្លិច​ និង​មិន​ទុក​កិត្តិយស​ឲ្យ​គ្នា។

 
សម្តី​ប៉ុន្មាន​ម៉ាត់​របស់​លោក អេរិក វឺត​ នេះ ​បាន​បង្ករ​ជា​ការ​ខឹង​សម្បារ ​នៅ​តាម​បណ្តាញ​សង្គម ​ពី​សំណាក់​ ប្រជាជន​ខ្មែរ​មួយ​ចំនួន​ ទាំង​រស់នៅ​ប្រទេស​បារាំង ​និង​នៅ​ក្នុង​ស្រុក ​ព្រម​ទាំង​ពី​សំណាក់​ ប្រជាជន​បារាំង​មួយ​ចំនួន​ ដែល​ជា​អ្នក​ស្គាល់ ​និង​ស្រលាញ់​ប្រទេស​កម្ពុជា។

ជាការពិតទៅ​ គេ​អាច​កាត់​យល់​បាន​ ថា​លោក​អេរិក វឺត​ ចង់​សំដៅទៅ​ដល់ ​របប​ខ្មែរ​ក្រហម ​ក៏​ប៉ុន្តែ​ការ​ប្រើ​ពាក្យ​មិន​ពេញ​លេញ ​បែបនេះ ​បាន​បង្ករ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ ​ហើយ​សម្រាប់​មតិ​មួយ​ចំនួន​ធំ ​វា​គឺ​ជា​ការ​មើលងាយ ​ដល់​ជាតិសាសន៍​ខ្មែរ​មួយ​ទាំង​មូល​តែ​ម្តង។ លោក ​ចែម វីដយ៉ា ​ឯកអគ្គទូត​កម្ពុជា ​ប្រចាំ​ប្រទេស​បារាំង ​បាន​សរសេរ​លិខិត​មួយ ​ផ្ញើរ​ទៅ​កាន់​លោក​ អេរិក វឺត ​នៅ​ថ្ងៃ​ទី​ ១១​ ឧសភា ​ដើម្បី​សុំការ​ពន្យល់ ​និង​ទាមទារ​ឲ្យ​លោក អេរិក វឺត​ ធ្វើការ​សុំទោស​ជា​សាធារណៈ​ដល់​ប្រជាជន​ខ្មែរ។

ដោយឡែក ​លោក​ ហ្លូរីយ៉ង់ បូអេម (Florian Bohême) ​បេក្ខជន​ឈរ​ឈ្មោះ​សមាជិក​សភា​បារាំង ​មក​ពីបក្ស​ឆ្វេង​និយម​ ក៏បាន​ធ្វើ​លិខិត​មួយ​ថ្កោលទោស​ចំពោះ​សម្តី​របស់​លោក ​អេរិក វឺត​ផងដែរ ​ដោយ​បាន​ចាត់​ទុក​ថា​ គឺ​សម្តី​របស់​លោក​អេរិក វឺត​ ទៅវិញ​ទេ ​ដែល​មិន​ថ្លៃថ្នូរ ​មិន​សម​ជា​អ្នក​នយោបាយ ​និង​ជា​អ្នក​ចេះដឹង​បារាំង​មួយ​រូប។

នៅល្ងាចថ្ងៃទី ១១ ​ឧសភា ​គេបាន​ឃើញ​លោក ​អេរិក​ វឺត​ បាន​សរសេរ​សារ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​របស់​លោក ​ដោយបាន​សរសេរ​ថា ​លោក​មាន​ការ​សោកស្តាយ ​និង​សុំទោស ​បើសិន​សម្តី​របស់​លោក ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​មនុស្ស​មួយ​ចំនួន។ លោក​បន្ត​ថា ​សម្តី​របស់​លោក ​ជា​សម្តី​ដែល​មិន​បាន​ត្រៀម​ទុក​មុន​ ហើយ​លោក​មិន​បាន​សំដៅ​លើ​ប្រជាជន​ទេ ​គឺ​លោក​សំដៅ​លើ​ទំព័រ​ប្រវត្តិសាស្ត្រ​ មួយ​ដំណាក់​កាល​ប៉ុណ្ណោះ។ ម្យ៉ាងទៀត ​លោក​បន្ថែម​ថា ​ពាក្យ​ថា ​ចិរកជា​ខ្មែរ​ នេះ ​គឺត្រូវ​បាន​អ្នក​នយោបាយ​បារាំង​ខ្លះ ​យក​មក​និយាយ​ទាំង​មិន​សម​បែប​នេះ ​ជាយូរ​មក​ហើយ។

សារសុំទោស​របស់លោកអេរិក វឺត
សារសុំទោស​របស់លោកអេរិក វឺត

 
សារ​សុំទោស ​នៅ​លើ​ហ្វេសប៊ុក​ របស់​លោក​អេរិក វឺត​ នៅ​មិន​ទាន់​អាច​រំងាប់​ការ​ខឹង​សម្បារ​របស់​មនុស្ស​មួយ​ចំនួន​នៅ​ឡើយ​ទេ ​ដោយ​គេ​ទាមទារ​ឲ្យ​លោក ​ប្រកាស​សុំទោស​ជា​ផ្លូវការ​ទាម​វិទ្យុ។ វិទ្យុ​បារាំង​អន្តរជាតិ ​បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ អេរិក វឺត​ នៅថ្ងៃ​ទី​១៣​ ឧសភា​នេះ ​ដើម្បី​សុំការ​បំភ្លឺ ​តែ​មិនអាច​ទាក់ទង​បាន៕

លិខិតរបស់ស្ថានទូតកម្ពុជា​ប្រចាំប្រទេសបារាំង​ ផ្ញើរទៅ​លោក​ អេរិក វឺត
លិខិតរបស់ស្ថានទូតកម្ពុជា​ប្រចាំប្រទេសបារាំង​ ផ្ញើរទៅ​លោក​ អេរិក វឺត

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ