អាល្លឺម៉ង់ និងជប៉ុន សន្យាលើកកំពស់ការដោះដូរពាណិជ្ជកម្មសេរី ទល់នឹងចរន្តអត្មានិយម
លោកស្រីអង់ហ្គេឡា មែរគែល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ និងលោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនបានជួបពិភាក្សាគ្នានៅប្រទេសអាល្លឺម៉ង់ កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ។ ថ្នាក់ដឹកនាំទាំងពីរ បានសន្យាជំរុញលើកកំពស់ ការដោះដូរពាណិជ្ជកម្មសេរី ឲ្យមានសមធម៌ ហើយប្រឆាំងដាច់ខាត នឹងចរន្តពាណិជ្ជកម្ម បែបបិទទ្វារអត្មានិយម។ បើទោះបីជាថ្នាក់ដឹកនាំទាំងពីរ មិនបានលើកឡើងឲ្យចំៗ ក៏គេអាចស្មានដឹងថា គឺចង់សំដៅទៅលើលោកដូណាល់ ត្រាំ ដែលបានប្រកាសថា នឹងដាក់រនាំងពាណិជ្ជកម្ម ប្រឆាំងនឹងផលិតផល នាំចូលពីបរទេស។ បន្ទាប់ពីជូបលោកស្រី មែរគេល លោកនាយករដ្ឋមន្ត្រីជប៉ុន និងអញ្ជើញពិសារបាយ ជាមួយលោកប្រធានាធិបតីបារាំង នៅល្ងាចថ្ងៃទី២០ មីនា នៅទីក្រុងប៉ារីស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៨
ឆ្លៀតឱកាសដែរជប៉ុនជាប្រទេសកិត្តិយស នៃពិពណ៌ Hight-Tech ប្រចាំឆ្នាំនៅទីក្រុងHanovre ប្រទេសអាល្លឺម៉ង់ លោកនាយករដ្ឋមន្ត្រីជប៉ុន បានឆ្លៀតជួបពិភាក្សាជាមួយលោកស្រី អង់ហ្គេឡា មែរគែល ដែលទើបត្រលប់មកពីសហរដ្ឋអាមេរិក។ មេដឹកនាំប្រទេសទាំងពីរ ជប៉ុន និងអាល្លឺម៉ង់ បានលើកឡើងជាអាទិ ស្តីពីការជំរុញ លើកកំពស់ ការដោះដូរពាណិជ្ជកម្មសេរី។
លោកស្រីអង់ហ្គេឡា មែរគែល បានថ្លែងថា “យើងចង់បានទីផ្សារដែលមានលក្ខណៈសេរី និងបើកចំហរ។ យើងចង់បានណាស់ នូវការដោះដូរពាណិជ្ជកម្ម ដែលមានសមធម៌ ស្មើភាពគ្នា តែយើងមិនចង់បានដាច់ខាត នូវការដាក់រនាំងការពារប្រយោជន៍តែរៀងៗខ្លួន។” លោកស្រីមែរគែល បានបន្តថា “អ្វីដែលអាល្លឺម៉ង់ចង់បាន គឺភ្ជាប់ក្រុមហ៊ុនអាល្លឺម៉ង់ ទៅនឹងក្រុមហ៊ុនតាមប្រទេសដ៏ទៃ ដើម្បីស្ថាបនាចំណងសហការ ដែលមានលក្ខណៈយុត្តិធម៌ ស្មើភាពគ្នា។”
លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ក៏បានឆ្លៀតលើកឡើងផងដែរ អំពីគម្រោងចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប និងជប៉ុន ដែលនឹងអាចត្រូវធ្វើនៅក្នុងឆ្នាំ២០១៧នេះ។ សម្រាប់លោកស្រីមែរគែល វាជារឿងមួយល្អណាស់ ដែលជប៉ុន និងសហភាពអឺរ៉ុប មិនឈ្លោះប្រកែកគ្នា ហើយមានការយល់ឃើញដូចគ្នា ទៅលើសារៈសំខាន់ និងផលប្រយោជន៍នៃការបើកចំហរទ្វារ ទទួលយកការដោះដូរពាណិជ្ជកម្មដោយសេរី ទៅវិញទៅមក។
លោកស៊ិនហ្សូ អាបេវិញ បានឆ្លើយតបថា “ជប៉ុនសន្យានៅក្បែរអាល្លឺម៉ង់ជានិច្ច ក្នុងការផ្តល់សន្ទុះដល់ការដោះដូរពាណិជ្ជកម្មសេរី តែត្រូវកំណត់គោលការណ៍ឲ្យបានច្បាស់ ដើម្បីទប់ស្កាត់ រាល់ចរន្តអត្មានិយម និងចៀសវៀង ការប្រមូលផ្តុំផលចំណេញ និងធនធាន ឲ្យនៅតែក្នុងកណ្តាប់ដៃ របស់ក្រុមហ៊ុន រឺមនុស្សមួយក្តាប់តូច។”
គួរកត់សម្គាល់ថា ការប្រកាសរួមគ្នា របស់ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ និងជប៉ុននាពេលនេះ គឺជាការបន្លឺរិះគន់ ដោយមិនបញ្ចេញឈ្មោះ ទៅលើអ្វីដែលលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក តែងតែស្រែកក្តែងៗ។ លោកត្រាំ មានទស្សនវិស័យ ផ្ទុយស្រលះអំពីគោលការណ៍ដោះដូរពាណិជ្ជកម្មសេរី។ កម្មវិធីនយោបាយរបស់លោកត្រាំ គឺធ្វើយ៉ាងណាបិទទ្វារ ដាក់រនាំង ដាក់ពិន័យទៅលើក្រុមហ៊ុន រឺក៏ផលិតផលប្រទេសផ្សេង។ ជាងនេះទៅទៀត រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានទាមទារមិនឲ្យ កិច្ចប្រជុំប្រទេសសេដ្ឋកិច្ចនាំមុខទាំង២០ ធ្វើសេចក្តីថ្លែងការរួម ស្តីពីការប្រយុទ្ធប្រឆាំងនិងចរន្តពាណិជ្ជកម្ម បែបបិទទ្វារ អត្មានិយម នេះទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ