អានតួអត្ថបទ
ថៃ

អាជ្ញាធរ​​ថៃ​ពង្រឹង​សន្តិសុខ​ បន្ទាប់ពី​មាន​ការ​​បំផ្ទុះ​គ្រាប់បែក​នៅ​បាងកក​

នា​យក​​រដ្ឋមន្ត្​រីថៃ​ ​ទើប​​បាន​​ចេញ​បទ​បញ្ជា​ឲ្យ​ចាត់វិធានការ​​ពង្រឹង​​សន្តិសុខ​​ឲ្យ​បាន​​មធ្យ័ត​​នៅ​​គ្រប់​ទិសទី​ជាពិសេស​​នៅ​តាម​​ទីកន្លែង​​សាធារណៈ​​នានាក្នុង​​ទីក្រុង​បាងកក​ ​បន្ទាប់​ពី​​​មាន​​ការ​​ផ្ទុះ​​គ្រាប់បែក​​​ឆ្នៃ​​ពីរ​គ្រាប់​​កាលពី​​យប់​ម្សិលមិញ។​ ​ឧប្បត្តិហេតុ​​នេះ ​បាន​​រំលឹក​​ឲ្យ​​គេ​​នឹក​​ឃើញ​​​​ទៅ​ដល់​ស្ថានភាព​វឹកវរ​​នានា​​​​នៅ​​មុន​​ពេល​មាន​​​​រដ្ឋប្រហារ​​យោធា​​កាល​ពី​​​​ខែ​​ឧសភា​​ឆ្នាំ​​២០១៤។​ 

ក្រុមប៉ូលីសអ្នកជំនាញ កំពុងធ្វើការស្រាវជ្រាវនៅកន្លែងផ្ទុះគ្រាប់បែកនៅបាងកក
ក្រុមប៉ូលីសអ្នកជំនាញ កំពុងធ្វើការស្រាវជ្រាវនៅកន្លែងផ្ទុះគ្រាប់បែកនៅបាងកក REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

នៅ​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ គ្រាប់បែក​ឆ្នៃ​ពីរ​គ្រាប់​ដែល​មាន​កម្លាំង​ខ្សោយ បាន​​ផ្ទុះ​នៅ​ជិត​​​​មណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅ​ទីក្រុង​បាងកក ជាហេតុ​បណ្តាល​ឲ្យ​អ្នកដំណើរ​ពីរ​នាក់​ ត្រូវ​រង​របួស​ស្រាល។ គ្រាប់បែក​ឆៃ្ន​ទាំងពីរ​គ្រាប់​នេះ ​ត្រូវ​​បាន​គេ​បង្កប់​លាក់​នៅ​ពី​ខាង​ក្រោយ​​ប្រដាប់​កែ​កម្លាំង​អគ្គីសនី​ឬ​ត្រង់ស្វ័រម៉ាទ័រ នេះ​បើ​តាម​ការ​អះអាង​របស់​ប៉ូលីស​ថៃ បា្រប់​ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP។

 
ក្នុង​ពេល​នេះ​អាជ្ញាធរ​ថៃ នៅ​មិន​ទាន់​ស្រែក​ចោទ​ប្រកាន់​ទៅ​លើ​ភាគី​ខាង​ណា​មួយ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អះអាង​បញ្ជាក់​​ថា” ការ​ផ្ទុះ​គ្រាប់បែក​យប់មិញ គឺ​មាន​គោលដៅ​គ្រាន់​តែ​បង្ក​​នូវ ភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត អាជ្ញាធរ​ថៃ​ក៏​មិន​បាន​ភ្ជាប់ហេតុការណ៍​ម្សិលមិញ​ទៅ​នឹង​ស្ថានភាព​តានតឹងនៅ​ខាង​ផ្នែក​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ក៏ប៉ុន្តែ នៅខណៈ​នេះ របបសឹក ​កំពុង​តែប្រឈម​មុខ​​នឹង​ការ​ទិះតៀនរិះគន់​ដែល​កាន់តែ​មាន​ច្រើនឡើងៗ​នៅ​ក្នុង​ប្រទេស ​ជាពិ​សេស​ការ​មានៈ​របស់​អាជ្ញាធរ​ថៃ​ក្នុង​ការ​បន្ត​​​ទុក​ច្បាប់​អាជ្ញា​សឹក​ ក្រោយពីរ​ដ្ឋប្រហារ​យោធា​កាលពី​ខែ​ឧសភា​កន្លង​មក។

ច្បាប់​អាជ្ញា​សឹក​​ដែល​ហាមប្រាម រាល់ការ​កែណ​​ប្រជុំ​គ្នាទាំង​ខាង​​ផ្នែក​នយោបាយ​និង​ទាំង​ការ​ទិះតៀន​ប្រឆាំង​រដ្ឋប្រហារ​។ ​លើសពីនេះ ​​​​របប​សឹក​​ បាន​វាយ​បង្ក្រាប​ជាប់​ ​មិន​​ឲ្យ​មាន​ការ​ងើប​ប្រឆាំ​ង​ណាមួយ​នៅ​ក្នុង​ប្រទេស​ឡើយ​បើទោះបី​ជា​មាន​ទ្រង់ទ្រាយបែបណា​​ក្តី។​

ដោយឡែក យោងតាម​របាយការណ៍​ដ៏សំខាន់​​របស់​ក្រុម​មេធាវី​ថៃ បំរើការ​នៅ​ក្នុង អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ឲ្យ​ដឹង​ថា “ចាប់តាំង​ពី​របប​សឹក ក្តោបក្តាប់​អំណាច​នៅ​ក្នុង​ប្រទេស​មក មាន​ជន​យ៉ាង​តិច ៦៦៦​នាក់ ​ត្រូវ​បាន​ពួក​យោធា កោះហៅ​សួរ​ចម្លើយ។​ ចំណែក​ជន​ចំនួន​ ១៣៤ នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ធ្វើ​​​​បាតុកម្ម​ដោយ​សន្តិភាព រីឯ ជន​យ៉ាង​តិច​ ៣៦២ នាក់​ផ្សេង​ទៀត-​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​​ដោយ​មូលហេតុ​នយោបាយ។ ក្រៅពីនេះ ជន​យ៉ាង​តិច​ ៣៦​នាក់​ត្រូវ​ជាប់​បណ្តឹង​របស់​​​តុលាការ ​ពី​បទ​ឧក្រឹដ្ឋកម្ម​ប្រមាថ​ព្រះចេស្តា​រាជ្យវង្ស​ថៃ និង​ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ