អានតួអត្ថបទ
ថៃ

ថៃ៖របបសឹក​គំរាម​ព្រមាន​ប្រឆំាង​រាល់​បាតុកម្ម​គំាទ្រ​ត្រកូល​ស្ហ៊ីណាវ៉ាត់

នៅ​រសៀល​ថ្ងៃ​អង្គារ ទី៦ មករា លោក​ប្រមុខ​របបសឹក​ដែល​កំពុង​កាន់​អំណាច​ក្នុង​ប្រទេស​ថៃ​សព្វថ្ងៃ ប្រាយុទ្ធ ចាន់អូចា​បាន​ព្រមាន​ថា លោក​នឹង​ចាត់​វិធានការ​ចាស់​ដៃ​បង្រ្កាប​លើ​បាតុកម្ម​គ្រប់​រូបភាព​ដែល​សំដៅ​គំាទ្រ​លោកស្រី​នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច​យីងឡាក់។ ការ​ព្រមាន​របស់​មនុស្ស​ខ្លំាង​ក្រុង​បាងកក​ពេល​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​មុន​នឹង​សភា​បើក​កិច្ចប្រជុំ​ដើម្បី​សិក្សា​ពី​លទ្ធភាព​រារំាង​លោកស្រី​យីងឡាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នំា។

​លោកនាយករដ្ឋមន្រ្តី​ថៃ ​ប្រាយុទ្ធ ចាន់អូចា
​លោកនាយករដ្ឋមន្រ្តី​ថៃ ​ប្រាយុទ្ធ ចាន់អូចា ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

« គឺ​នឹង​គ្មាន​ក្បួន​បាតុកម្ម​ទេ ពួក​គេ​មិន​អាច​ធ្វើ​បាតុកម្ម​បាន​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​មនុស្ស​ខ្លំាង​ក្រុង​បាងកក​លោក​ប្រាយុទ្ធ ចាន់អូចា​ដោយ​លោក​បាន​លើក​ឡើង​ពី​ច្បាប់​អាជ្ញាសឹក​ដែល​បាន​ចូល​ជា​ធរមាន​តំាង​ពី​ថ្ងៃ​រដ្ឋប្រហារ​យោធា ទី២២ ឧសភា ឆ្នំា ២០១៤។ គឺ​ជា​ច្បាប់​ដែល​ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​នយោបាយ។ ការ​ថ្លែង​ព្រមាន​របស់​លោក​ចាន់អូចា​ពេល​នេះ​បាន​ធ្វើ​ឡើង ២ថ្ងៃ មុន​សភា​ផ្តើម​សិក្សា​ពិនិត្យ​ពី​លទ្ធភាព​ក្នុង​ការ​រារំាង​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​យីងឡាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នំា។ តាម​គម្រោង សភា​នឹង​ត្រូវ​អនុម័ត​លើ​សេចក្តីសម្រេចចិត្ត​មួយ​នៅ​មុន​ដំណាច់​ខែ​មករា​នេះ។ បើ​យោង​តាម​អនុប្រធាន​រដ្ឋសភា គឺ​ក្នុង​រង្វង់​ថ្ងៃទី២២ ឬ ២៣ មករា។ តែ​រដ្ឋអំណាច​កំពុង​បារម្ភ​ពី​ការ​ផ្ទុះ​ចេញ​នូវ​ក្បួន​បាតុកម្ម​គំាទ្រ​ត្រកូល​ស្ហ៊ីណាវ៉ាត់ និយាយ​ជា​រួម និង​លោកស្រី​យីងឡាក់ និយាយ​ដោយឡែក។ តែ​ឧត្តមសេនីយ​ចាន់អូចា​បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​ពួក​គេ​មិន​គោរព​សេចក្តីសម្រេច​របស់​រដ្ឋសភា និង​ហ៊ាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម រដ្ឋអំណាច​នឹង​ចាត់​វិធានការ​ចាស់​ដៃ។

ក្រុម​មេធាវី​ការពារ​លោកស្រី​យីងឡាក់​បាន​ប្រកាស​ឲ្យ​ដឹង​ថា លោកស្រី​យីងឡាក់​នឹង​ទៅ​កាន់​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៩ មករា​ដើម្បី​ការពារ​ខ្លួន។ គឺ​ជា​អន្តរាគមន៍​ដែល​គ្រប់​គ្នា​កំពុង​ទន្ទឹង​រង់ចំា បន្ទាប់​ពី​លោកស្រី​បាន​ស្ថិត​នៅ​ស្ងៀមស្ងាត់​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក។ អ្នកវិភាគ​ជនជាតិ​ថៃ​ម្នាក់​នៅ​សកលវិទ្យាល័យ​ក្រុង​ក្យូតូ ប្រទេស​ជប៉ុន​បាន​គូស​បញ្ជាក់​ថា បើ​របបសឹក​ចង់​កំចាត់​លោកស្រី​យីងឡាក់​ចេញ​ពី​ឆាកនយោបាយ គឺ​គេ​អាច​ធ្វើ​បាន តែ​ទន្ទឹម​គ្នា​នេះ របបសឹក​ក៏​ដឹង​ថា មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ ដោយសារ​តែ​លោកស្រី​យីងឡាក់​នៅ​តែ​មាន​កម្រិត​ប្រជាប្រិយភាព​ខ្ពស់។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា នីតិវិធី​ប្រឆំាង​លោកស្រី​យីងឡាក់​នៅ​រដ្ឋសភា​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​គណៈកម្មការ​ប្រឆំាង​អំពើពុករលួយ​បាន​ចោទ​លោកស្រី​យីងឡាក់​ពេល​លោកស្រី​កាន់អំណាច​ពី​បទ​ធ្វេសប្រហែស​នៅ​ក្នុង​កម្មវិធី​ឧបត្ថម្ភធន​ដល់​ប្រជាកសិករ​ដោយ​រដ្ឋ​យល់ព្រម​ទិញ​អង្ករ​ក្នុង​តម្លៃ​ថ្លៃ​ជាង​តម្លៃ​ទីផ្សារ​រហូត​ដល់​ទៅ ៥០%។ យ៉ាង​ណា​ក៏​ដោយ នីតិវិធី​ប្រឆំាង​លោកស្រី​យីងឡាក់​ពី​សំណាក់​របបសឹក​ពេល​នេះ ជា​សក្ខីកម្ម​បន្ថែម​ដែល​បញ្ជាក់​ពី​ការ​ពុះ​ចែក​សង្គម​ថៃ​កាន់​តែ​ជ្រៅ​រវាង​ក្រុមអ្នកគំាទ្រ និង​ក្រុមអ្នកប្រឆំាង​នឹង​ត្រកូល​ស្ហ៊ីណាវ៉ាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ