អានតួអត្ថបទ
ធនាគារ​ពិភពលោក

ធនាគារ​ពិភពលោក​ព្រមាន​ពី​ការ​កើន​ឡើង​តម្លៃ​រូបិយវត្ថុ​ក្នុង​តំបន់​អាស៊ី

នៅ​ថ្ងៃ​អង្គារ ទី១៩ តុលា​នេះ ធនាគារ​ពិភពលោក​បាន​ទាញ​សញ្ញា​អាសន្ន​ស្តី​ពី​ការ​កើន​ឡើង​នូវ​តម្លៃ​​រូបិយវត្ថុ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន។ បើ​យោង​តាម​ធនាគារ​ពិភពលោក កំណើន​តម្លៃ​រូបិយវត្ថុ​ដែល​នឹង​អាច​គំរាម​លើ​វិស័យ​នំា​​ចេញ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក។

ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​ពិភពលោក (រូបខាងឆ្វេង) និង​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (រូបកណ្តាល)
ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​ពិភពលោក (រូបខាងឆ្វេង) និង​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (រូបកណ្តាល) AFP/Tim Sloan
ផ្សាយពាណិជ្ជកម្ម

02:37

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

ដោយ​មិន​និយាយ​ពី​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន ធនាគារ​ពិភពលោក​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​កំណើន​តម្លៃ​រូបិយវត្ថុ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​ជា​ទូទៅ ពិសេស​ប្រទេស​អាស៊ី​បូព៌ា។ នៅ​ក្នុង​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​អាស៊ី​បូព៌ា​ចេញ​ផ្សាយ​ថ្ងៃ​អង្គារ ទី១៩ តុលា​នេះ ធនាគារ​ពិភពលោក​បាន​ពន្យល់​បក​ស្រាយ​ពី​ការ​កើន​ឡើង​តម្លៃ​រូបិយវត្ថុ​ក្នុង​ស្រុក ដែល​បណ្តាល​មក​ពី​មាន​ការ​ហូរ​ចូល​មូលធន​បរទេស​យ៉ាង​ច្រើន​សម្បើម។

ការ​ហូរ​ចូល​មូលធន​បរទេស​យ៉ាង​ច្រើន​សម្បើម​ទៅ​ក្នុង​ប្រទេស​អាស៊ី ដោយសារ​តែ​អត្រា​ការប្រាក់​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​តម្លៃ​ទាប និង​ក្រុម​អ្នកវិនិយោគ​មាន​ទំនុកទុកចិត្ត​លើ​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​នៅ​អាស៊ី ជាង​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត។

យោង​តាម​ធនាគារ​ពិភពលោក ការ​ហូរ​ចូល​មូលធន​បរទេស​យ៉ាង​ច្រើន​សម្បើម​ទៅ​ក្នុង​ប្រទេស​អាស៊ី​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​រូបិយវត្ថុ​ក្នុង​តំបន់​អាស៊ី​កើន​ពី ១០ ទៅ ១៥% បើ​ប្រៀប​នឹង​មុន​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នំា ២០០៨។

នៅ​ក្នុង​ចំណោម​រូបិយវត្ថុ​នៅ​អាស៊ី​បូព៌ា ធនាគារ​ពិភពលោក​បាន​លើក​ឡើង​នូវ​តម្លៃ​ប្រាក់​យ័ន​របស់​ចិន​ដែល​បាន​កើន​ប្រមាណ ៤% បើ​ប្រៀប​នឹង​តម្លៃ​រូបិយវត្ថុ​នៃ​ប្រទេស​ដៃ​គូ​ពាណិជ្ជកម្ម​របស់​ចិន គិត​តំាង​ពី​ដើម​ឆ្នំា ២០១០។

សហរដ្ឋអាមេរិក​តែង​តែ​បាន​ចោទ​ប្រទេស​ចិន​ថា បាន​លូក​ដៃ​ចូល​អន្តរាគមន៍​ទប់​កុំ​ឲ្យ​ប្រាក់​យ័ន​របស់​ខ្លួន​ឡើង ចុះ​ទៅ​តាម​តម្លៃ​ទីផ្សារ។ ចំណែក​អ្នក​ខ្លះ​ទៀត​យល់​ឃើញ​ថា ការ​ដែល​មាន​ប្រទេស​ខ្លះ​ព្យាយាម​រក្សា​​តម្លៃ​ប្រាក់​របស់​ខ្លួន​ឲ្យ​នៅ​ទាប​ជាង​តម្លៃ​ទីផ្សារ ក្នុង​បំណង​បង្កើន​លើ​វិស័យ​​នំា​ចេញ​របស់​ខ្លួន​នោះ នឹង​នំា​ឲ្យ​ផ្ទុះ​ចេញ​នូវ​សង្រ្គាម​រូបិយវត្ថុ​ក្នុង​ពិភពលោក​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។

ធនាគារ​ពិភពលោក​បាន​កត់​សម្គាល់​ឃើញ​ថា ស្ថានភាព​នៃ​វិស័យ​នំា​ចេញ​ក្នុង​តំបន់​អាស៊ី​បូព៌ា​នៅ​តែ​ល្អ តែ​ការ​ដែល​មាន​ប្រទេស​មួយ​ចំនួន​បន្ត​លូក​ដៃ​ចូល​អន្តរាគមន៍​ទប់​កុំ​ឲ្យ​ប្រាក់​របស់​ខ្លួន​ឡើង ចុះ​ទៅ​តាម​តម្លៃ​ទីផ្សារ​នោះ នឹង​អាច​នំា​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​ថយ​ចុះ ដែល​ជា​ឧបសគ្ក​ចំពោះ​ការ​ងើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក។

បច្ចុប្បន្ន​នេះ បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ និង​ប្រទេស​ចិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្បាល​រថភ្លើង​អូសទាញ​សេដ្ឋកិច្ច​ពិភពលោក ជាមួយ​នឹង​អត្រា​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជា ៨,៩% ក្នុង​ឆ្នំា ២០១០។ ទោះ​បី​យ៉ាង​នេះ​ក្តី ធនាគារ​ពិភពលោក​បាន​អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ទំាង​អស់​នៅ​ក្នុង​តំបន់ រួម​សហការ​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​រួម។

យ៉ាង​ណា​ក៏​ដោយ សំណុំរឿង​អត្រា​ប្តូរប្រាក់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រធានបទ​មួយ នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​កំពូល G២០​នៃ​បណ្តា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក និង​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​ជឿនលឿន​ដែល​គ្រោង​រៀប​ចំ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នា​ខែ​វិច្ឆិកា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ