G២០ ព្យាយាមរៀបចំសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកឡើងវិញ
ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១១ វិច្ឆិកានេះ រហូតដល់ថ្ងៃសុក្រ ទី១២ វិច្ឆកាស្អែក ក្រុមប្រទេស G២០ផ្តើមជំនួបកំពូលរបស់ខ្លួននៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ជំនួបកំពូល G២០លើកទី ៥ឆ្នំានេះ នឹងព្យាយាមរៀបចំសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកឡើងវិញ។
ចុះផ្សាយនៅថ្ងៃ៖
បទអន្តរាគមន៍របស់ គួច គន្ធារ៉ា
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំជំនួបកំពូល G២០ឆ្នំានេះ កូរ៉េខាងត្បូងមិនញញើតនឹងបង្ហាញពិភពលោកឲ្យស្គាល់ និងឲ្យដឹងអំពីស្នាដៃរបស់ខ្លួន។ នៅតាមផ្លូវ ក៏ដូចជានៅតាមចិញ្ជើមផ្លូវ ត្រូវបានគេបោសសំអាត សូម្បីតែកន្ទុយបារី និងសំណល់ស្ករកៅស៊ូ ក៏គ្មានដែរ។ អ្នកលក់ដូរតាមផ្លូវ និងអ្នកគ្មានទីជម្រកក៏ត្រូវបានរដ្ឋអំណាចជម្លៀសទៅកាន់កន្លែងឆ្ងាយពីរុក្ខវិថីសំខាន់ៗក្នុងទីក្រុងសេអ៊ូល។ នៅតាមស្ថានីយ៍រថភ្លើងលើដី ក្រោមដី គេសង្កេតឃើញមានក្រុមអ្នកបកប្រែឈរប្រចំាការនៅទីនោះ ដើម្បីផ្តល់ព័ត៌មានឲ្យគ្រប់អ្នកដំណើរជាជនបរទេស។ « ប្រសិនបើអ្នកឃើញជនបរទេសណាម្នាក់ អ្នកត្រូវញញឹម និងនិយាយថា៖ Hello ! » នេះជាពាក្យមួយឃ្លាដែលអ្នកបកប្រែម្នាក់ៗត្រូវទន្ទិញចំាមាត់។ នៅតាមរុក្ខវិថីសំខាន់ៗវិញ គេសង្កេតឃើញមានការចងបដាកាត់ផ្លូវដែលសរសេរថា៖ « ពិភពលោកផ្តោតចក្ខុមើលប្រទេសកូរ៉េ »។
ទំាងនេះមិនភ្លេចទេ ពីបញ្ហាសន្តិសុខ ព្រោះថា នាឱកាសជំនួបកំពូល G២០នេះ មានវត្តមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល គណៈប្រតិភូ ព្រមទំាងអ្នកកាសែតជាតិ និងអន្តរជាតិសរុបទំាងអស់មានគ្នាប្រមាណជា ១០ ០០០នាក់។ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុងជំនួបកំពូលនេះ រដ្ឋអំណាចទីក្រុងសេអ៊ូលបានដាក់ពង្រាយកម្លំាងនគរបាលប្រមាណជា ៥ម៉ឺននាក់ នៅគ្រប់ច្រកល្ហក។ កម្លំាងយោធាត្រូវបានគេប្រកាសឲ្យប្រុងជើងការជាប់ជាប្រចំា។ មួយវិញទៀតនាឱកាសនេះដែរ ច្បាប់ពិសេសមួយត្រូវបានគេប្រកាសដាក់ឲ្យអនុវត្ត គឺច្បាប់ហាមមិនឲ្យរៀបចំក្បួនបាតុកម្មនៅក្នុងរង្វង់ ២គីឡូម៉ែត្រពីទីកន្លែងប្រជុំ។
តើមានប្រទេសណាខ្លះ ជាសមាជិកនៃក្រុមប្រទេស G២០ ?
នៅក្នុងក្រុមប្រទេស G២០ មាន ១៩ប្រទេស បូកនឹងសហភាពអឺរ៉ុប។ នៅក្នុងចំណោមប្រទេសទំាងនោះ មានប្រទេសចំនួន ៧ ជាសមាជិកនៃក្រុមប្រទេស G៧ គឺជាក្រុមប្រទេសដែលមានឧស្សហកម្មជឿនលឿនជាងគេលើពិភពលោក ក្នុងនោះមាន សហរដ្ឋអាមេរិក ជប៉ុន អាឡឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និងប្រទេសកាណាដា។
ដូច្នេះ ក្រុមប្រទេស G២០ គឺមានក្រុមប្រទេស G៧ បូកសហភាពអឺរ៉ុប និងបូកបន្ថែមប្រទេសចំនួន ១២ ផ្សេងទៀតក្នុងនោះមាន៖
è ៥ប្រទេសមកពីអាស៊ី-ប៉ាស៊ីហ្វ៊ិក មាន ចិន ឥណ្ឌា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងអូស្រ្តាលី។
è ៣ប្រទេសមកពីអាមេរិកឡាទីន មាន ប្រេស៊ីល ម៉ិចស៊ិក និងអារហ្សង់ទីន។
è ២ប្រទេសមកពីមជ្ឈិមបូព៌ា មាន ទួរគី និងអារ៉ាប៊ី សាអ៊ូឌីត។ ប្រទេសមួយមកពីទ្វីបអាហ្វ្រ៊ិក គឺអាហ្វ្រ៊ិកខាងត្បូង និងសមាជិកទី១២ គឺប្រទេសរុស្ស៊ី។
កម្មវត្ថុនៃជំនួបកំពូល G២០ លើកទី ៥
ជំនួបកំពូលG២០ ឆ្នំានេះត្រូវបានរៀបចំឡើង នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក នៅមិនទាន់ងើបផុតពីវិបត្តិនៅឡើយទេ។ កំណើនសេដ្ឋកិច្ចក្នុងពិភពលោក នៅមានតិចតួចស្តួចស្តើង និងសឹងតែគ្មានផង នៅក្នុងបណ្តាប្រទេសមួយចំនួន រាប់ទំាងប្រទេសអ្នកមានផង។
ដូច្នេះ កម្មវត្ថុចំបងរបស់ G២០ គឺជួយជំរុញឲ្យពិភពលោកទទួលបានកំណើនសេដ្ឋកិច្ចឡើងវិញ កំណើនសេដ្ឋកិច្ចដែលមានលក្ខណៈយូរអង្វែង និងសមភាព។ ដើម្បីអាចស្រោចស្រង់សេដ្ឋកិច្ចពិភពលោកបាន ប្រទេសទំាងអស់ត្រូវតែរួមសហការគ្នា ដោយមិនមែនគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ។ កន្លងមក គេសង្កេតឃើញថា តំាងតែពីក្រោយផ្ទុះវិបត្តិសេដកិច្ចក្នុងឆ្នំា ២០០៨ មក មានប្រទេសមួយចំនួនបានចាត់វិធានការផ្ទាល់ខ្លួន ដើម្បីរស់តែខ្លួនឯង ដោយមិនគិតអ្នកដទៃ។
ជាក់ស្តែងនាពេលថ្មីៗនេះ ធនាគារកណ្តាលអាមេរិកបានប្រកាសចាក់បញ្ចូលសាច់ប្រាក់ប្រមាណជា៦០០ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ពិសេស ជួយបង្កើនការនំាទំនិញអាមេរិកចេញទៅក្រៅប្រទេស។ នេះជាវិធានការមួយដែលបានធ្វើឲ្យប្រាក់ដុល្លារធ្លាក់ថ្លៃ និងសម្លាប់ដៃគូពាណិជ្ជកម្មរបស់អាមេរិក។
ប្រទេសចិនក៏ត្រូវបានប្រទេសដៃគូចោទថា បានបន្តរក្សាតម្លៃប្រាក់យ័នឲ្យទាបជាងប្រាក់ដុល្លារ ដើម្បីជំរុញលើវិស័យនំាចេញ។
គឺវិធានការរបស់ប្រទេសនីមួយៗនាពេលនេះហើយ ដែលបានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។ ដូច្នេះ កម្មវត្ថុរបស់ G២០ គឺធ្វើយ៉ាងណា រៀបចំសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកឡើងវិញ ពិសេស កាត់បន្ថយវិសមភាពនៅក្នុងការដោះដូរពាណិជ្ជកម្មក្នុងពិភពលោក។
តើអ្វីទៅ ដែលហៅថា « សង្រ្គាមរូបិយវត្ថុ » ?
« សង្រ្គាមរូបិយវត្ថុ » គឺគេចង់និយាយសំដៅលើសង្រ្គាមដែលអាចផ្ទុះឡើងតាមរយៈការធ្វើ អន្តរាគមន៍របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ទៅលើតម្លៃអត្រាប្តូរប្រាក់ជាតិ ធៀបនឹងតម្លៃប្រាក់បរទេស ពិសេសលុយដុល្លារអាមេរិក។ លុយដុល្លារអាមេរិកដែលត្រូវបានគេចាត់ទុកជារូបិយវត្ថុគោលនៅក្នុង ការដោះដូរពាណិជ្ជកម្មអន្តរជាតិ។
គឺនយោបាយលើអត្រាប្តូរប្រាក់ជាតិ ជាមួយនឹងប្រាក់ដុល្លារអាមេរិកនេះហើយ ដែលត្រូវបានប្រទេសមួយចំនួនយកមកធ្វើជាអាវុធដើម្បីប្រយោជន៍ សេដ្ឋកិច្ចផ្ទាល់ខ្លួន ពិសេសជួយជម្រុញវិស័យនំាចេញ។ ឧទាហរណ៍ជាក់ស្តែងគឺប្រទេសចិនបច្ចុប្បន្ន ដែលត្រូវបានប្រទេសដៃគូពាណិជ្ជកម្ម ពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ពីបទបានលូកដៃទប់មិនឲ្យអត្រាប្តូរប្រាក់យ័ន ធៀបនឹងប្រាក់ដុល្លារអាមេរិកឡើង ចុះទៅតាមតម្លៃទីផ្សារ។
សម្រាប់ប្រទេសចិន គឺការរក្សាតម្លៃប្រាក់យ័នឲ្យនៅកម្រិតមួយទាប ហើយថេរ ធៀបនឹងប្រាក់ដុល្លារអាមេរិកនេះឯង ដែលបានអនុញ្ញាតឲ្យខ្លួនបន្តមានកំណើនសេដ្ឋកិច្ចមកទល់ពេល បច្ចុប្បន្ន។ គឺប្រាក់យ័នមានតម្លៃថោក ធៀបនឹងប្រាក់ដុល្លារអាមេរិកនេះឯង ដែលបានអនុញ្ញាតឲ្យផលិតផលចិននៅលើទីផ្សារអន្តរជាតិមានតម្លៃថោក ជាងផលិតផលរបស់បណ្តាប្រទេសផ្សេងទៀត។
ក៏ប៉ុន្តែ នយោបាយរបស់ចិនពេលនេះបាននិងកំពុងសម្លាប់ដៃគូពាណិជ្ជកម្មរបស់ចិន ដូចយ៉ាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ហើយប្រសិនបើប្រទេសផ្សេងទៀតផ្តើមអនុវត្តនយោបាយលើរូបិយវត្ថុជាតិ ខ្លួន ដូចករណីប្រទេសចិនសព្វថ្ងៃនោះ « សង្រ្គាមរូបិយវត្ថុ » នឹងផ្ទុះឡើងដោយចៀសមិនរួច។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ