អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមប្រទេសG20​​កែទម្រង់FMI​​មូលនិធិ​​រូបិយវត្ថុ​​អន្តរជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសៅរ៍​ទី២៣​តុលានេះ​ ​ ក្រុម​ប្រទេសG20​បាន​បោះ​ជំហាន​ឈាន​ទៅរក​កិច្ចព្រមព្រៀង​ដើម្បី​ធ្វើ​ការ​ កាត់បន្ថយ​វិសមតា​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​និង​ដើម្បី​បញ្ចៀស​កុំឲ្យ​ កើតមាន​សង្គ្រាម​រូបិយវត្ថុ។​ ទាំងនេះ​ ក្រោយពី​មាន​ការ​ពិភាក្សា​អស់រយៈ​ពេល​ពីរថ្ងៃ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល ​អនុញ្ញាត​ឲ្យ​សម្រេច​បាន​នូវ​កំណែ​ទម្រង់​ជា​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​ នឹង​អភិបាលកិច្ច​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI។ 

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារ​កណ្តាល​នៃ​ក្រុម​ប្រទេសG20ជួបប្រជុំគ្នា​នៅកូរ៉េខាងត្បូង
រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារ​កណ្តាល​នៃ​ក្រុម​ប្រទេសG20ជួបប្រជុំគ្នា​នៅកូរ៉េខាងត្បូង © REUTERS/Nicky Loh
ផ្សាយពាណិជ្ជកម្ម

កំណែ​ទម្រង់​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ដែល​សម្រេច​បាន​ដោយ​ក្រុម​ប្រទេសG20​ ក្រោយពី​មាន​ការ​ពិភាក្សា​អស់រយៈ​ពេល​ពីរថ្ងៃ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​គឺពិតជា​កំណែទម្រង់​មួយ​ដ៏​សែន​ធំធេង​ពុំ​ដែល​កើតមាន​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI។

 
គម្រោង​នៃ​កំណែ​ទម្រង់​នេះ​ត្រូវ​ទទួល​ការ​អនុញ្ញាត​ពី​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI ជាមុន​សិន។​ គេគ្រោង​ធ្វើការ​ដំឡើង​មូលធន​របស់​FMI​ ​ បន្ថែម​ចំនួន​អាសនៈ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ ​ ពង្រឹង​ពង្រីក​អំណាច​ក្នុង​ការ​ត្រួត​ពិនិត្យ​ទៅលើ​នយោបាយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ជា​សមាជិក។

សមាជិក​ភាគហ៊ុន​សំខាន់ៗ​ជាងគេ​ទាំង១០​ប្រទេស​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​មាន៖
សហរដ្ឋ​អាមេរិក​ ​ ប្រទេស​ជប៉ុន​ ​ និង​ប្រទេស​អឺរ៉ុប​សំខាន់ៗទាំងបួន​គឺ​ប្រទេស​អាល្លឺម៉ង់​ ប្រទេសបារាំង​ ប្រទេសអង់គ្លេស​និង​ប្រទេស​អ៊ីតាលី​ ​ បូកបន្ថែម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំជាងគេ​បួន​ប្រទេស​ដែល​ក្នុងនោះមាន​ ​ ប្រទេសប្រេស៊ីល​ រុស្ស៊ី​ ឥណ្ឌា​ និង​ប្រទេសចិន។

គួរកត់​សម្កាល់ថា​ ​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​Lee Myung-Bak​បាន​សុំឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារ​កណ្តាល​នៃ​ក្រុម​ប្រទេសG20 ​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​​ស្ដីពី​កំណែ​ទម្រង់​ជា​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​ ​ ដើម្បី​ពង្រឹង​ឲ្យ​មាន​ជំនឿ​ទុកចិត្ត​ទៅលើ​ជំនួប​ប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេសG20​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​សេអ៊ូល​នៅ​ថ្ងៃទី១១​និង១២​វិច្ឆិកា​ខាងមុខនេះ។

ក្រៅពីនេះ​ ​ ក្រុម​ប្រទេសG20​គ្រោង​ចាត់​វិធានការ​មួយចំនួន​ទៀត​មាន​ដូចជា​ ​ ការ​រិះរក​កាត់​បន្ថយ​វិសមតា​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​និង​ដើម្បី​បញ្ចៀស​កុំឲ្យ​កើតមាន​សង្គ្រាម​រូបិយវត្ថុ។

បើ​ប្រសិនជា​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារ​កណ្តាល​នៃ​ក្រុម​ប្រទេសG20 ​សម្រច​បាន​នូវ​កិច្ចព្រមព្រៀង​មែន​ ​ នោះ​វា​ប្រាកដ​ជា​កត្តា​មួយ​ដ៏​ប្រពៃ​សម្រាប់​មក​ជួយ​រំងាប់​ក្តីបារម្ភ​ដែល​កើតមាន​នៅលើ​ទីផ្សារ​នៅ​ចំពោះមុខ​ភាពតានតឹង​ដែលមាន​នៅ​ជុំវិញ​បញ្ហា​អត្រាប្តូរ​រូបិយប័ណ្ណ។

ក្រុម​ប្រទេស​សមាជិក​G20​ត្រូវតែ​ឈប់​អនុវត្ត​នយោបាយ​អត្រាប្តូរ​រូបិយប័ណ្ណ​ដែល​ធ្វើ​​ឡើង​សម្រាប់​បញ្ចុះ​តម្លៃ​រូបិយវត្ថុ​របស់ខ្លួន​ក្នុង​គោល​បំណង​នាំ​ផលិតផល​ចេញ​ទៅលក់​ក្រៅ​ប្រទេស។

អន្តរាគមន៍​ថ្មីៗ​នៃ​ធនាគារ​កណ្តាល​ជាច្រើន​ដើម្បី​ខាឃាំង​កុំឲ្យ​រូបិយប័ណ្ណ​របស់​ខ្លួន​ឡើង​ថ្លៃ​នៅ​ចំពោះមុខ​ប្រាក់​ដុល្លារ​អាមេរិក​បាន​ធ្វើ​ឲ្យ​គេ​បារម្ភ​ខ្លាច​កើតមាន​គ្រោះ​មហន្តរាយ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ដោយហេតុ​តែ​ការវិល​ត្រឡប់​ទៅរក​​នយោបាយ​​​ការពារ​​​​ផលិត​ផល​​ក្នុង​ស្រុក​​​​​ជ្រុល​​​ហួស​​ហេតុ​​ពេក​។​

សហរដ្ឋ​អាមេរិក​បានចោទ​ប្រទេសចិន​ថា​ ​ បាន​រក្សា​តម្លៃ​ប្រាក់យ័ន​ឲ្យ​ឋិត​នៅ​កម្រិត​ទាប​ជ្រុល​ពេក។​ រីឯ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយចំនួន​វិញ​​ បាន​ចោទ​ទីក្រុង​វ៉ាស៊ីនតោន​ថា​ ​ បាន​អនុវត្ត​នយោបាយ​ទម្លាក់​ប្រាក់​ដុល្លារ​អាមេរិក​ឲ្យ​ឋិត​នៅ​ក្នុង​តម្លៃ​មួយដ៏​សែនទាប​ដែល​ជា​ការងាយ​ស្រួល​ក្នុង​ការនាំ​ផលិតផល​អាមេរិកាំង​ចេញ​ទៅលក់​ក្រៅប្រទេស។

នៅ​ឆមាស​ទីមួយ​ឆ្នាំ២០១០នេះ​ ​ ការសល់ផល​សរុប​នៃ​ការដោះដូរ​របស់​ប្រទេស​ចិន​បាន​កើនឡើង​ដល់ទៅ​៤,៩%​នៃ​ផលិតផល​ដុល​ក្នុង​ប្រទេស។​ សហរដ្ឋ​អាមេរិក​បាន​ទាមទារ​ឲ្យ​ការសល់ផល​សរុប​នៃ​ការដោះដូរ​របស់​ប្រទេស​នីមួយៗ​មាន​ត្រឹម​តែ​៤%​ប៉ុណ្ណោះ។

នៅថ្ងៃសៅរ៍​ទី២៣​តុលានេះ​ ក្រុម​ប្រទេស​សមាជិក​G20​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយទៀត​ស្ដីពី​កំណែទម្រង់​ទៅលើ​ប្រព័ន្ធ​ធនាគារ​និង​ទៅលើ​ស្ថាប័ន​ហិរញ្ញវត្ថុ​សំខាន់ៗ​ដែល​ជាប់ចោទ​ពីបទ​បាន​បង្ក​ឲ្យ​កើតមាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នៅឆ្នាំ២០០៨/២០០៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ