អានតួអត្ថបទ
ថៃ

តំណាងរាស្រ្ត​ថៃ​ម្នាក់​នៃ​គណបក្ស​ភឿថៃ​ដែល​ស្និទ្ធ​នឹង​លោក ថាក់ស៊ីន ទទួល​រងការបាញ់ប្រហារ

នៅ​យប់​ថ្ងៃ​អង្គារ ទី១០ ឧសភា​ម្សិលមិញ លោក ប្រាឆា ប្រាសូបឌី តំណាងរាស្ត្រ​ម្នាក់​នៃ​គណបក្ស​ភឿថៃ​ដែល​ស្និទ្ធ​នឹង​លោក​អតីត​នាយករដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន ត្រូវ​បាន​ជនប្រដាប់​អាវុធ ២នាក់​ជិះ​ម៉ូតូ​បាញ់​ទៅ​លើ​រថយន្ត​ដែល​លោក​កំពុង​ជិះ។ លោក ប្រាឆា ប្រាសូបឌី បាន​ត្រូវ​របួស​ចំ​ខ្នង និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ ខណៈ​នេះ ប៉ូលិស​កំពុង​បើក​ការ​ស៊ើបអង្កេត​មួយ​ដើម្បី​ចង់​ដឹង​ថា តើ​រឿង​នេះ ជា​រឿង​ផ្ទាល់ខ្លួន ឬ​មួយ​ក៏​ជា​រឿងនយោបាយ។

រថយន្ត​របស់​តំណាងរាស្រ្ត​ថៃ​ម្នាក់​នៃ​គណបក្ស​ភឿថៃ រងការបាញ់ប្រហារ
រថយន្ត​របស់​តំណាងរាស្រ្ត​ថៃ​ម្នាក់​នៃ​គណបក្ស​ភឿថៃ រងការបាញ់ប្រហារ
ផ្សាយពាណិជ្ជកម្ម

សរុប​ទៅ មាន​គ្រាប់​កំាភ្លើង​ចំនួន ៩គ្រាប់​ដែល​ជនប្រដាប់​អាវុធ​ទំាង ២នាក់​បាន​បាញ់​ទៅ​លើ​រថយន្ត​ដែល​លោក ប្រាឆា ប្រាសូបឌី​កំពុង​ជិះ តែ​មាន​១គ្រាប់​គត់​ដែល​លោក​បាន​ទទួល​នៅ​ចំ​កណ្តាល​ខ្នង។ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត សាមុត ប្រាកន ខេត្ត​មួយ​ស្ថិត​នៅ​ជាយ​ក្រុង​បាងកក និង​ដែល​លោក ប្រាឆា ប្រាសូបឌី​ជា​តំណាងរាស្រ្ត​នៃ​គណបក្ស​ភឿថៃ​ប្រចំា​មណ្ឌល​នោះ។ នៅ​ថ្ងៃ​នេះ មន្រ្តី​នគរបាល​ប្រចំា​ខេត្ត​សាមុត ប្រាកន​បាន​បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​ទៅ​លើ​តំណាងរាស្រ្ត​រូប​នោះ​នៅ​ឡើយ​ទេ ពិសេស​ថា​តើ​វា​ជា​រឿង​ផ្ទាល់ខ្លួន ឬ​មួយ​ជា​រឿង​នយោបាយ។ អ្វី​ដែល​គេ​ដឹង អំពើហិង្សា​លើ​អ្នកនយោបាយ​នៃ​បក្សប្រឆំាង​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​បាងកក​បាន​ប្រកាស​រំលាយ​រដ្ឋសភា​កាល​ពី​២ថ្ងៃ​មុន និង​គ្រោង​រៀបចំ​ការ​បោះឆ្នោត​សភា​មុន​កាល​កំណត់​នៅ​ថ្ងៃទី ៣ កក្កដា​ខាង​មុខ។

អ្នកនំាពាក្យ​នៃ​គណបក្ស​ភឿថៃ​បាន​អះអាង​ថា លោក ប្រាឆា ប្រាសូបឌី​ក៏​មាន​បំណង​ឈរ​ឈ្មោះ​ជាថ្មី​នៅ​ក្នុង​ខេត្ត​សាមុត ប្រាកន​ដែរ តែ​អ្នក​នំាពាក្យ​នៃ​គណបក្ស​ភឿថៃ​រូប​នេះ​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ទេ ថា​តើ​ការ​វាយប្រហារ​លើ​រូប​លោក ប្រាឆា ប្រាសូបឌី មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ ឬទេ ?។ តែ​លោក ស៊ូថេប ថូស៊ូបាន ឧបនាយករដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​សន្តិសុខជាតិ​បាន​លើក​ឡើង​ពី​មូលហេតុ​នយោបាយ។ មូលហេតុ​នយោបាយ​ដែល​លោក ស៊ូថេប ថូស៊ូបាន នៅ​មិន​ទាន់​ដឹង​ថា តើ​វា​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ថ្នាក់ជាតិ ឬ​ថ្នាក់ខេត្ត​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ចាប់​ពី​ពេល​នេះ ដល់​ថ្ងៃ​រៀបចំ​បោះឆ្នោត លោក ស៊ូថេប ថូស៊ូបាន បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដល់​កម្លំាង​ប៉ូលិស ដើម្បី​ពង្រឹង​សន្តិសុខ​បន្ថែម​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន និង​បង្កើន​បន្ថែម ការ ការពារ​សុវត្ថិភាព​ដល់​អ្នកនយោបាយ។

ជាង ១ខែ មុន​ការ​បោះឆ្នោត​ឈាន​ចូល​មក​ដល់ មាន​គណបក្ស​ពីរ​ដែល​កំពុង​ប្រជែង​គ្នា គឺ​គណបក្ស​ភឿថៃ ដែល​ជា​គណបក្ស​ប្រឆំាង​ដឹក​នំា​ដោយ​ក្រុមជំនិត​របស់​លោក​អតីត​នាយករដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន កំពុង​ភៀសខ្លួន​រស់​នៅ​បរទេស និង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​នាយករដ្ឋមន្រ្តី អាប់ភីស៊ីត​បច្ចុប្បន្ន។ បើ​យោង​តាម​លទ្ធផល​នៃ​ការស្ទង់​មតិ​មួយ​ចំនួន​ឲ្យ​ដឹង​ថា គណបក្ស​ភឿថៃ​អាច​នឹង​ឈ្នះ​គណបក្ស​ប្រជាធិបតេយ្យ។ គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក អាប់ភីស៊ីតដែល​មិន​ធ្លាប់​បាន​ឈ្នះឆ្នោត​ជា​ផ្លូវការ​ម្តង​ណា​ទេ តំាង​ពី​ជិត ២០ឆ្នំា​កន្លង​ទៅ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ