អានតួអត្ថបទ
ថៃ

ប្រមុខ​យោធា​ថៃ​ប្តឹង​មេដឹកនាំ​ក្រុម​អាវក្រហម​​ពី​បទ​ជេរប្រមាថ​ព្រះមហាក្សត្រ

នៅពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត កាន់តែខិត​ចូល​មកដល់ ប្រមុខ​ដឹកនាំ​យោធា​ថៃ លោក​ឧត្តមសេនីយ ប្រាយុត ចាន់អូចា បាន​ព្រមាន នៅថ្ងៃ​ពុធ​ម្សិលមិញ ហាម​មិនឲ្យ​គណបក្ស​នយោបាយ​ថៃ​ទាំងអស់ យក​ព្រះមហាក្សត្រ​ថៃ​ទៅ​និយាយ​លូកឡំ​ក្នុង​ការសួរ​ដេញដោល​នយោបាយ។ ក្នុង​ប្រទេស​ថៃ ​រាជានិយម គឺ​ជារឿង​ដ៏រសើបបំផុត។ យោងតាម​ច្បាប់​ព្រហ្មទណ្ឌថៃ អ្នក​ដែល​ហ៊ាន​និយាយ ប៉ះពាល់ ឬ​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ​ត្រូវ​កាត់ទោស​ជាប់គុក​១៥​ឆ្នាំ។

គណបក្ស​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​លោក​អាភីស៊ីត​ច្រៀង​បទភ្លេងជាតិ​ថៃ និង​នៅពីមុខ​រូប​ព្រះមហាក្សត្រ​ ភូមិបុល អាឌុលយ៉ាដេត
គណបក្ស​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​លោក​អាភីស៊ីត​ច្រៀង​បទភ្លេងជាតិ​ថៃ និង​នៅពីមុខ​រូប​ព្រះមហាក្សត្រ​ ភូមិបុល អាឌុលយ៉ាដេត ©Reuters
ផ្សាយពាណិជ្ជកម្ម

02:23

សេចក្តីរាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

រាជានិយម គឺជាស្ថាប័នដែលខ្ពស់ជាង​គេ​បំផុត និង​ខ្ពស់​ នៅពីលើ​ជម្លោះ​នយោបាយ​នានា ក្នុង​ប្រទេស។ ដូច្នេះ គណបក្ស​នយោបាយ​ទាំងអស់​មិន​ត្រូវ​យករាជានិយម​ទៅ​លូកឡំ ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​ខ្លួនទេ។ និយាយ​ឲ្យចំ គ្រប់​គណបក្ស​ទាំងអស់​មិនត្រូវ​យក​ព្រះមហាក្សត្រ​មកធ្វើ​ជាប្រធានបទ ដើម្បី​និយាយ​តសំដី​គ្នា នោះទេ។ នេះ​ជា​ការនិយាយ​ព្រមាន​ទុកមុន​របស់​លោក​ឧត្តមសេនីយ ប្រាយុត ចាន់ អូចា។ ប្រមុខ​ដឹកនាំ​យោធា​ថៃរូបនេះ បាន​បញ្ជាក់​ថា កងទ័ព​ដែលស្ម័គ្រស្មោះ ដើរតាម​ព្រះរាជបល្ល័ង្ក នឹង​ចាត់​គ្រប់​វិធានការ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការនិយាយ​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ។

 
ឧត្តមសេនីយ​ប្រាយុត ចាន់អូចា អះអាង​ថា វិធាននេះ​មិនមែន​ធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ​ទេ។ ប៉ុន្តែ គួរដឹងថា កាលពីសប្តាហ៍មុន ប្រមុខ​យោធា​ថៃ​បាន​ធ្វើពាក្យ​បណ្តឹង រួចហើយ ប្តឹង​មេដឹកនាំ​ក្រុម​អាវក្រហម​បីនាក់ ពីបទ​និយាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ក្នុង​អំឡុង​បាតុកម្ម​តវ៉ា​របស់ពួកគេ កាល​ពីឆ្នាំមុន នៅទីក្រុង​បាងកក។

កាលពីថ្ងៃ​អង្គារ​អាជ្ញាធរ​ថៃ​បាន​កោះហៅ​មេដឹកនាំ​អាវក្រហម​១៨​នាក់ មក​ទទួល​ដឹងលឺ​ពី​ការចោទប្រកាន់​ទៅលើ​ពួកគេ ពីបទ​ចង់​ធ្វើការ​រើបម្រះ និង​ប្រមាថ​រាជានិយម។

គណបក្ស​រណសិរ្ស​រួបរួម​ដើម្បីប្រជាធិបតេយ្យ និង​ប្រឆាំង​របបផ្តាច់កា ដែល​គេ​ស្គាល់ថា ជា​អ្នកដឹកនាំ​ចលនា​ក្រុមអាវក្រហម នៅក្នុង​បាតុកម្ម​ឆ្នាំមុន បាន​បដិសេធ និង​ថា គណបក្ស​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ឬ​គ្រួសារ​រាជវង្ស​ទេ។ គណបក្ស​មាន​ភស្តុតាងគ្រប់គ្រាន់ និង​ត្រៀម​ខ្លួន ទៅ​បញ្ជាក់​ពីភាពស្អាតស្អំ​របស់ខ្លួន នៅតុលាការ។ ដោយ​ខ្លាច​និយាយ​ប៉ះពាល់​ដល់​រាជានិយម អំណឹះតទៅ គណបក្ស​នឹង​មិនចេញមុខ​ធ្វើ​អត្ថាធិប្បាយ​ ទាក់ទង​នឹង​បណ្តឹង​ជេរប្រមាថ​ព្រះមហាក្សត្រ។ នេះ​បើតាម​ការអះអាង​របស់​លោក​ណាថាវុធ សៃគួ មេដឹកនាំ​ក្រុមអាវក្រហម។

ក្នុង​ប្រទេស​ថៃ ការនិយាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ និង​គ្រួសារ​រាជវង្ស ត្រូវចាត់ទុក​ជា​បទឧក្រិដ្ឋ។ គេ​បាន​រកឃើញថា ក្នុង​រយៈពេល ២៥​ឆ្នាំ ចុងក្រោយ​នេះ បទឧក្រិដ្ឋ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​បាន​កើន​ឡើង​ពី ៣​ករណី ទៅដល់​ ១០០​ករណី។ ថ្មីៗនេះ នៅក្នុង​ខេត្ត​រ៉ាក់យ៉ង អាជ្ញាធរ​បាន​ចាប់​យុវជន​ ថៃ​ម្នាក់ ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​ស្តីពី​រាជានិយម ក្នុង​វិបសៃត៍ Facebook។ យុវជន​ខាងលើ​បាន​និយាយ​ថា ខ្លួន​ជា​ក្រុមអាវក្រហម​ដែល​បាន​ចូលរួម​តវ៉ា​ក្នុង​ក្រុង​បាងកក ប៉ុន្តែ ខ្លួន​មិន​បាន​និយាយ​រិះគន់​ព្រះមហាក្សត្រ​ដូចការចោទប្រកាន់​ឡើយ។

ទាំងគណបក្ស​ប្រឆាំង និង​អ្នកការពារ​សិទ្ធិមនុស្ស​ថៃ បារម្ភ​ថា អ្នកមាន​អំណាចឆ្លៀត​​ប្រើប្រាស់​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ដើម្បី​បង្រ្កាប​អ្នកប្រឆាំង​នឹង​ខ្លួន។ តុលាការ ឬ​អាជ្ញាធរប៉ូលិស​​កម្រ​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ល្អិតល្អន់ ព្រោះខ្លាច​គេ​ចោទ​បន្ត​ថា មិន​ធ្វើការ​គោរព​ដល់​ព្រះមហាក្សត្រ។ គួរ​ជម្រាបជូនថា ក្នុងព្រះជន្ម ៨២ ព្រះវស្សា ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ប្រជារាស្រ្ត​ថៃ​ គោរពកោតខ្លាចខ្លាំង និង​ចាត់ទុក​ ជា​បុគ្គល​ពាក់កណ្តាល​ព្រះអាទិទេព។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ