អានតួអត្ថបទ
ថៃ

រដ្ឋាភិបាល​រៀបចំ​ការវិល​ត្រឡប់​មកប្រទេស​ថៃវិញ​របស់​ថាក់ស៊ីន​

នៅ​ថ្ងៃ​នេះ​ សង្គ្រាម​ប៉ាកកា​បាន​ផ្តើម​កើត​ឡើង​នៅ​ទីក្រុង​បាងកក ​ក្រោយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​ថា​ រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់ ​បាន​អនុម័ត​ក្រិត្យ​សុំ​ឲ្យ​ព្រះ​មហាក្សត្រ​ថៃ​លើកលែង​ទោស​ដល់​លោក​អតីត​នាយក​រដ្ឋមន្រ្តី​ថាក់ស៊ីន។ ​បើ​សិន​ជា​វា​ទទួល​បាន​ការ​យល់​ព្រម​ពី​សំណាក់​ព្រះចៅ​ភូមិបុល ​ក្រិត្យ​នេះ​នឹង​បើក​ផ្លូវ​ឲ្យ​លោក​ថាក់ស៊ីន​វិល​ចូល​មក​ប្រទេស​ថៃ​វិញ។

លោក​អតីត​នាយក​រដ្ឋមន្រ្តីថៃ ​ថាក់ ស៊ីន
លោក​អតីត​នាយក​រដ្ឋមន្រ្តីថៃ ​ថាក់ ស៊ីន © RFI
ផ្សាយពាណិជ្ជកម្ម

សម្រាប់​សារព័ត៌មាន​ក្នុង​ស្រុក ​ក្រិត្យ​លើកលែង​ទោស​ដល់​លោក​ថាក់ស៊ីន ត្រូវ​បាន​តាក់តែង​ដោយ​រដ្ឋាភិបាល​ និង​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៥​វិច្ឆិកា​ម្សិលមិញ​ នា​ឱកាស​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី។

ក៏​ប៉ុន្តែ លោក​ស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​ ដែល​ត្រូវ​បាន​អ្នក​កាសែត​ដេញដោល​សួរ​កាល​ពី​ព្រឹក​មិញ មិន​បាន​ច្រាន​ចោល​ព័ត៌មាន​ស្តី​ពី​ក្រិត្យ​លើកលែង​ទោស​នេះ​ឡើយ ហើយ​ក៏​មិន​បាន​បញ្ជាក់​ដែរ​ថា វា​ជា​ព័ត៌មាន​ពិត។
យោង​ទៅ​តាម​សារព័ត៌មាន​ ក្រិត្យ​នោះ​នឹង​ត្រូវ​ដាក់​ឲ្យ​ព្រះមហាក្សត្រ​ភូមិបុល ​ពិនិត្យ​មើល​និង​សម្រេច ឲ្យ​បាន​មុន​ថ្ងៃ​ទី​៥​ធ្នូ ដែល​ជា​ថ្ងៃ​ខួប​គម្រប់​៨៤​វស្សា​របស់​ទ្រង់។

តាំង​ពី​ព្រឹក​មិញ​មក បក្ស​ប្រឆាំង​បាន​សម្តែង​នូវ​កំហឹង​ក្រេវក្រោធ​របស់​ខ្លួន ​និង​បាន​ចោទ​រដ្ឋាភិបាល​លោក​ស្រី​យីងឡាក់​ថា​ មិន​ព្រម​ដោះស្រាយ​វិបត្តិ​ទឹក​ជំនន់ ហើយ​បែរ​ជា​គិត​គូរ​ពី​រឿង​លើកលែង​ទោស​ឲ្យ​លោក​ថាក់ ស៊ីន​ទៅ​វិញ។

សូម​រំឭក​ថា លោក​ថាក់ស៊ីន​ដែល​សព្វ​ថ្ងៃ​រស់​នៅ​បរទេស ត្រូវ​បាន​តុលាការ​កាត់​ទោស​ដោយ​កំបាំង​មុខ ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ក្នុង​បទ​បាន​គៃ​បន្លំ​ពន្ធដារ។​ សម្រាប់​បក្ស​ប្រឆាំង លោក​ថាក់​ស៊ីន​ជា​អ្នក​ទាញ​ខ្សែ​បង្ហៀរ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ដឹក​នាំ​ដោយ​លោក​ស្រី​យីងឡាក់​ដែល​ជា​ប្អូន​ស្រី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ