អានតួអត្ថបទ
យេម៉ែន

ការបោះឆ្នោត​ប្រធានាធិបតី​ដើម្បីឈាន​ជើងចេញ​ពីរបបចាស់​

ពលរដ្ឋយេម៉ែន​ចំនួនជាង​១២លាននាក់​ ត្រូវ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​ នៅថ្ងៃ​​អង្គារ​​ទី២១​កុម្ភៈនេះ ​ដើម្បី​ជំនួស​លោក​Ali​ Abdallah ​Salech ​ដែល​​បាន​ចុះចេញ​​ពី​តំណែង​​ក្រោយពី​​មាន​ចលនា​បដិវត្តន៍​កើតឡើង​អស់រយៈពេល​ជាច្រើនខែ។ ​ក៏ប៉ុន្តែ​អ្នក​បោះឆ្នោត​​គ្មាន​​ជម្រើស​​ទេ​​ ពីព្រោះ​មាន​តែ​បេក្ខជន​​ម្នាក់​គត់ ​​នោះគឺ​លោក​Abd​​ Rabbo​​ Mansour​​ Hadi​​ ដែល​​មាន​​​តំណែង​​​ជា​​​អនុ​​​ប្រធានាធិបតី​​នៅក្នុង​​របប​ចាស់។​​

អនុប្រធានាធិបតី​នៃរបបចាស់​នឹងក្លាយជា​ប្រធានាធិបតី​នៃរបបថ្មី​
អនុប្រធានាធិបតី​នៃរបបចាស់​នឹងក្លាយជា​ប្រធានាធិបតី​នៃរបបថ្មី​ © RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្ងៃ​អង្គារ​ទី​២១​កុម្ភៈ​នេះ មាន​បេក្ខជន​ឈរ​ឈ្មោះ​តែ​ម្នាក់​គត់​ គឺ​លោក​Abdo Rabbo Mansour Hadi​ ដែល​ជា​អនុប្រធានាធិបតី​នៅ​ក្នុង​របប​ចាស់​របស់​លោក​Ali Abdallah Salech។ ​នេះ​មិន​មែន​ជា​រឿង​មួយ​ចម្លែក​ទេ​ ពីព្រោះ​មុន​នឹង​ចុះចេញ​ពី​តំណែង ​លោក​Salech​ដែល​ពួក​អ្នក​ប្រឆាំង​បាន​ធ្វើ​បដិវត្តន៍​រំលំ​ពី​អំណាច​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​តម្រូវ​ឲ្យ​អនុប្រធានាធិបតី​របស់​លោក​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​ នៅ​ក្នុង​សម័យ​អន្តរកាល។

 
ម្ល៉ោះ​ហើយ ​សូម្បី​តែ​បក្ស​ប្រឆាំង​al-Islah​ដែល​ជា​ចលនា​អ៊ីស្លាម​ជ្រុល​និយម ​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចូល​រួម​បោះ​ឆ្នោត​ដែរ។ ​ទាំង​នេះ​ស្តែង​ឲ្យ​ឃើញ​ថា ​នៅ​ក្នុង​អន្តរកាល​ក្រោយ​សម័យ​បដិវត្តន៍​ ប្រជាជន​យេម៉ែន​គិត​ពី​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ​ ជាង​ប្រយោជន៍​នយោបាយ​របស់​គណបក្ស​នីមួយៗ។

នៅ​ក្នុង​អន្តរាគមន៍​មួយ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​កាល​ពី​យប់​មិញ ​លោក​អនាគត​ប្រធានាធិបតី​​នៃ​ប្រទេស​យេម៉ែន​ បាន​គូស​បញ្ជាក់​ថា អ្វី​ដែល​សំខាន់​នៅ​ពេល​ខាង​មុខ ​គឺ​ការ​រួបរួម​ជាតិ​ ឯកភាព​របស់​កងទ័ព ​កំណែ​ទម្រង់​នយោបាយ​ដើម្បី​ឈាន​ទៅ​រក​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​អង្គការ​ភេរវកម្ម​អាល់កៃដា​នៅ​ក្នុង​ប្រទេស។​ លោក​បាន​បន្ថែម​ទៀត​ថា ដើម្បី​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ ​លោក​ត្រូវ​ការ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ