អានតួអត្ថបទ
បារាំង-ជប៉ុន

François Hollande ចង់​​ឲ្យ​​ជប៉ុន និង​​ចិន​​បញ្ចប់​​ជម្លោះ​​ដោយ​​សន្តិវិធី

នៅ​ថ្ងៃ​សុក្រ​នេះ ជាថ្ងៃទី២ហើយ នៃ​ទស្សកិច្ច របស់​លោក​ប្រធានាធិបតី​បារាំង François Hollande នៅ​ប្រទេស​ជប៉ុន។ លោក​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​សន្តិភាព​មួយ លើ​ជម្លោះ​ប្រជុំ​កោះ រវាង​ជប៉ុន និងចិន។​ ហើយនៅក្នុងឧកាសនោះដែរ ​លោក បាន​ប្រកាស គាំទ្រ​ជប៉ុន ជា​សមាជិក​អចិន្រ្តៃយ៍​មួយ របស់​ក្រុមប្រឹក្សា​សន្តិសុខ នៃ​អង្គការ​សហប្រជាជាតិ។

ប្រធានាធិបតី​បារាំង Francois Hollande (ឆ) និង​នាយករដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe
ប្រធានាធិបតី​បារាំង Francois Hollande (ឆ) និង​នាយករដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe REUTERS/Junko Kimura/Pool
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី បារាំង François Hollande បាន​បង្ហាញ​ពី កង្វល់​របស់​ខ្លួន ស្តី​អំពី​ភាព​តានតឹង រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​ជិត​ខាង។ ហើយ​លោក​ចង់​ឲ្យ​ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់​ រក​បាន​នូវ​ដោះស្រាយ​សន្តិភាព​មួយ។

 
នៅ​ចំពោះ​មុខ​សភា​ជប៉ុន លោក François Hollande​​ មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ដែល​មាន​ជម្លោះ​ឡើយ។ តែ​គេ​អាច​ដឹង​បាន​ថា លោក និយាយ​សំដៅ​លើ ជម្លោះ​ប្រជុំកោះ និង​ប្រវត្តិសង្រ្គាម​ ដណ្តើម​ទឹក​ដី​គ្នារ វាង​ប្រទេស​ជប៉ុន និង​ចិន ជាច្រើនឆ្នាំ​មក​ហើយ។

នៅ​ក្នុង​ជំនួប​​ជាមួយ នាយក​រដ្ឋមន្រ្តី​ជប៉ុន Shinzo Abe​ បារាំង​ចង់​ឲ្យ​ជប៉ុន និង​ចិន បំភ្លេច​ភាព​ជូរ​ចត់់ នៃ​អតីតកាល រវាង​គ្នា​នឹង​គ្នា។ ហើយ​ប្រទេស​ទាំង​ពីរ​គួរតែ ព្រម​ទទួល​យក ​ដំណោះស្រាយ​មួយ ​ដោយ​សន្តិវិធី និង​ដោយ​គោរព​ទៅ​តាម​ច្បាប់​អន្តរជាតិ។

ប្រធានាធិបតី​បារាំង ក៏​បាន​លើក​ឡើង​នូវ ឧទាហរណ៏​ផ្ទាល់​ខ្លួន​មួយ រវាង​ប្រទេស​បារាំង និងអាឡឺម៉ង់ មកធ្វើជាគំរូ។​ លោក​រម្លឹកថា នៅ​ក្នុង​កំឡុង​សតវត្យ​ទី​២០ បណ្តា​ប្រទេស​ នៅ​អឺរ៉ុប​ បាន​ស្គាល់​នូវ​ភាព​ឈឺ​ចាប់​នៃ​សង្រ្គាម ជាច្រើន។​ តែ​ក្រោយ​មក ប្រទេស​ទាំងអស់​​ អាច​រក​បាន​នូវ​​សន្តិភាព​មួយ​យ៉ាង​ល្អ។​ តួយ៉ាង អាឡឺម៉ង​ និងបារាំង ក៏​ទើប​តែ ប្រារព្ធ​​ខួប សន្ធិសញ្ញា​សន្តិភាព លើក​ទី​៥០​របស់​ខ្លួន។​

បន្ទាប់​ពី​ផ្តល់​ជា​យោបល់ និង​គំរូ​ផ្ទាល់​ខ្លួន​ក្នុង​ការ​រក​សន្តិភាព លោក​ក៏​មិន​បាន​ភ្លេច ផ្តល់​ប្រយោជន៏​ដល់​ជប៉ុន​ផង​ដែរ។ ក្នុង​នាម​ជា​សមាជិក​មួយ​រូប របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ នៃ​អង្គការ​សហប្រជាជាតិ បារាំង​បាន​ប្រកាស គាំទ្រ​ជប៉ុន ឲ្យ​ក្លាយ​ជា​សមាជិក​អចិន្រ្តៃយ៍ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

វា​ជា​ផ្លែផ្កា​មួយ​ ដែល​ជប៉ុន​សម្រេច​បាន​ជាង​២០​ឆ្នាំ​មក​នេះ។ គឺ​ជប៉ុន​បាន​ចូលរួម​ចំណែក​រក សន្តិភាព និង​ផ្តល់​ជំនួយ​មនុស្សធម៌ នៅ​បណ្តា​ប្រទេស​ជា​ច្រើន នៅ​ក្នុង​ពិភពលោក។ លោក​ François Hollande​​ បាន​ប្រកាស​ថា បារាំង និង​ជប៉ុន ជា​ដៃ​គូ​សហប្រតិបត្តិការ មួយ​ដ៏​សំខាន់ ផ្នែក​នយោបាយ​រក​សន្តិភាព និង​ប្រឆាំង​ភេរវកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ