អានតួអត្ថបទ
ចិន-អាមេរិក

កាសែត​ចិន៖ ការធ្វើ​បត្យាប័ន​Snowdenនឹង​ធ្វើ​ឲ្យ​មាន​វិបល្លាស​នៅ​ហុងកុង និង​ចិន​ដីគោក

មួយ​សប្តាហ៍​មកហើយ ដែល​យុវជន​Edward Snowden អ្នកលួច​បញ្ចេញ​ឯកសារ​សម្ងាត់ ទៅ​ឲ្យ​អ្នកកាសែត បាន​បង្ហាញមុខ​ក្នុង​ទីក្រុង​ហុងកុង។ រហូត​មកដល់​ពេលនេះ ទីក្រុង​ប៉េកាំង នៅមិនទាន់​មាន​យោបល់​ណាមួយ​ទាក់ទង​នឹង​​ជោគវាសនា​របស់​Snowden ទេ ប៉ុន្តែ កាសែត​Global Times ដែល​ជា​កាសែត​ផ្លូវរដ្ឋ​របស់​បក្ស​កុម្មុយនិស្ត​ចិន បាន​សរសេរ ចុះផ្សាយ នៅថ្ងៃ​ចន្ទ ទី ១៧ មិថុនា ថា ការចាប់បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​អាមេរិក គឺ​ជា​ការក្បត់​ទំនុកចិត្ត​របស់ Snowden។

ប្រជាជន​​ហុងកុង​គំាទ្រ​Snowden ដែល​ជាអ្នក​ទម្លាយ​បញ្ចេញ​ឯកសារ​សម្ងាត់​អាមេរិក
ប្រជាជន​​ហុងកុង​គំាទ្រ​Snowden ដែល​ជាអ្នក​ទម្លាយ​បញ្ចេញ​ឯកសារ​សម្ងាត់​អាមេរិក ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ការចាប់បញ្ជូន​យុវជន​ Snowden​ទៅ​ឲ្យ​រដ្ឋាភិបាល​អាមេរិក មិនមែន​គ្រាន់តែ​ក្បត់​ទំនុកចិត្ត​របស់ Edward Snowden អតីត​មន្រ្តី របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA ​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​ពិភពលោក​ទាំងមូល​ខកចិត្ត។ នេះ​ជា​យោបល់​របស់​កាសែត​ចិន​ជា​ភាសា​អង់គ្លេសGlobal Times។

បើតាម​Global Times ដែល​តំណាង​ឲ្យ​មតិ​សាធារណជន​ចិន Snowden អតីត​អ្នកបម្រើការ​ឲ្យ​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក បាន​សម្រេចចិត្ត​ទៅ​សំងំ​លាក់ខ្លួន នៅ​ទីក្រុង​ហុងកុង ដោយសារ​តែ​ជឿទុកចិត្ត​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង។ សម្រាប់​កាសែត​ចិន Snowden​បាន​បកអាក្រាត​ឲ្យ​គេ​ឃើញ​កម្មវិធី​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក ដែល​បាន​រំលោភ​យ៉ាង​ពិសពុល​ទៅលើ​ជីវិត​ឯកជន​របស់​ប្រជាជន​អាមេរិក។

តាមកាសែត បើសិន​គេ​ធ្វើ​បត្យាប័ន​ Snowden​ទៅ​ឲ្យ​អាមេរិក នោះ ទាំង​អ្នកដឹកនាំ​ក្រុង​ហុងកុង និង​រដ្ឋាភិបាល​ប៉េកាំង ​ពិតជា​នឹង​បាក់មុខ។ លើសពីនោះទៀត អាជ្ញាធរ កាសែត​បាន​ព្រលយ​ឲ្យ​ដឹងថា ការធ្វើ​បត្យាប័ន​ Snowden នឹង​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​ប្រជាជន​ក្នុងស្រុក និង​វិបល្លាស​ទាំង​នៅ​ហុងកុង និង​នៅ​ចិន​ដីគោក។

 
រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅមិនទាន់​មាន​ប្រតិកម្ម​យ៉ាងណា​ទេ ទៅ​លើ​ជោគវាសនា​របស់​ ប៉ុន្តែ ការចុះផ្សាយ​របស់​កាសែត​ចិន ហាក់​បាន​បញ្ជាក់​ជំហរ​របស់​ទីក្រុង​ប៉េកាំង​រួចហើយ។ យោងតាម ការស្ទង់មតិ កាលពី​ថ្ងៃ​អាទិត្យ ប្រជាជន​ហុងកុង​ជិតពាក់កណ្តាល​បាន​ប្រឆាំង​មិន​ឲ្យ​គេ​ធ្វើ​បត្យាប័ន យុវជន​ Snowden។

គួររំលឹកថា ទីក្រុង​ហុងកុង ធ្លាប់​បាន​ចុះ​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​ជាមួយ​អាមេរិក នៅឆ្នាំ ១៩៩៦ មុន​នឹង​ត្រូវ​អង់គ្លេស​ប្រគល់ ទៅ​ឲ្យ​ប្រទេស​ចិន​វិញ។ ចំណែក​ទីក្រុង​ប៉េកាំង​ធ្លាប់​បាន​អះអាង​ថា គេ​នឹង​មិន​ធ្វើ​បត្យាប័ន​ក្នុង​ករណី​ណា​ដែល​វា​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ