អានតួអត្ថបទ
ចិន-អាមេរិក

Snowden៖​អាមេរិក​លួច​យក​ព័ត៌មាន​​ពី​កុំព្យូទ័រ​ក្នុង​ហុងកុង និង​ចិន​តាំង​ពី​ឆ្នាំ ២០០៩

នៅមួយ​សប្តាហ៍​ក្រោយ​បែក​រឿង​អាស្រូវ លួច​ថត​ទូរស័ព្ទ​របស់​ប្រជាជន​អាមេរិក ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ត្រូវ​ព្រឹទ្ធសភា អាមេរិក​កោះហៅ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ កាលពី​ថ្ងៃ​ពុធ​ទី ១២ មិថុនា ២០១៣។ បុរស​Edward Snowden វិញ ដែល​អះអាង​ថា ជាអ្នក​ទម្លាយ បញ្ចេញ​ឯកសារ​សម្ងាត់​ទៅ​ឲ្យ​អ្នកកាសែត នៅពេល កំពុង​ស្ថិតនៅ​ក្នុង​ទីក្រុង​ហុងកុង​នៅឡើយ។ លោក​Snowden​ថែម​ទាំង​បាន​ផ្តល់​ឯកសារ​សំខាន់ៗ​ផ្សេងទៀត ដល់​កាសែត​ចិន ក្នុង​ទីក្រុង​ហុងកុង ដែល​បង្ហាញ​ថា ទីក្រុង​វ៉ាស៊ីនតោន​បានលួច​យក​ព័ត៌មាន​របស់​ក្រុង​ហុងកុង និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង តាំងពី​ឆ្នាំ ២០០៩​មកម្ល៉េះ។

អតីត​អ្នកបម្រើការ​ឲ្យ​CIA​បាន​ហែកកេរ្តិ៍ប្រាប់​កាសែតហុងកុងថា ទីភ្នាក់ងារ​អាមេរិក​ចំណាយ​លុយច្រើន​បង្កើត​បណ្តាញ​ចារកម្ម​នៅ​ហុងកុង
អតីត​អ្នកបម្រើការ​ឲ្យ​CIA​បាន​ហែកកេរ្តិ៍ប្រាប់​កាសែតហុងកុងថា ទីភ្នាក់ងារ​អាមេរិក​ចំណាយ​លុយច្រើន​បង្កើត​បណ្តាញ​ចារកម្ម​នៅ​ហុងកុង ©Reuters
ផ្សាយពាណិជ្ជកម្ម

 

គេ​មិនដឹងថា តើបុរស​ Snowden​កំពុង​លាក់ខ្លួន នៅកន្លែង​ណាទេ ក្នុង​ទីក្រុង​ហុងកុង ប៉ុន្តែ កាលពី​ថ្ងៃ​ពុធ​ទី ១២ មិថុនា Snowden​ទើប​តែ​ផ្តល់​បទសម្ភាសន៍​រយៈពេល មួយម៉ោង​ដល់​កាសែត​ចិន South China Morning Post ដែល​ជា​កាសែត​ភាសា​អង់គ្លេស​ធំជាង គេ​ក្នុង​ទីក្រុង​ហុងកុង។ តាម​Snowden រដ្ឋាភិបាល​អាមេរិក​បាន​ចំណាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​បង្កើត​បណ្តាញ​ចារកម្ម​ក្នុង​ទីក្រុង​ហុងកុង។ ជាមួយ​នឹង​ឯកសារ​សម្ងាត់ ដែល​ Snowden​បាន​ផ្តល់​ឲ្យ កាសែត South China Morning Post​បាន​ចុះផ្សាយ​ព័ត៌មាន​ក្តៅ នៅលើ​ទំព័រមុខ​របស់ខ្លួន ដែល​បង្ហាញថា ទីភ្នាក់ងារ​សន្តិសុខ​ជាតិ NSA​របស់​អាមេរិក​បាន​ចូលលួច​យក​ព័ត៌មាន​ពី​កុំព្យូទ័រ នៅទីក្រុង​ហុងកុង និង​នៅចិន​ដីគោក តាំងពី​ឆ្នាំ ២០០៩។ ប៉ុន្តែ បើតាម​Snowden ព័ត៌មាន​ដែល​ទីភ្នាក់ងារ​អាមេរិក លួចថត​យក គ្មានទាក់ទង​នឹង​ឯកសារ​យោធា​របស់​ប្រទេស​ចិនទេ។

Edward Snowden ចង់​ប្រឈម​តទល់​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ស្វែងរក​យុត្តធម៌​ផ្ទាល់ខ្លួន។ នៅ​ក្នុង​បទសម្ភាសន៍ គេ​បាន​និយាយ​ថា គេ​មាន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​ទីក្រុង​ហុងកុង ហើយ​គេ​សម្រេច​ចិត្ត​បន្ត​រស់នៅក្នុង​ទីក្រុង​ហុងកុង រហូតដល់​ពេលណា​ដែល​ទីក្រុង​មួយ​នេះ​របស់​ប្រទេស​ចិន​សម្រេចចិត្ត​បណ្តេញ​គេចេញ។

“ខ្ញុំ​មិនមែន​ជា​វីរជន ឬ​ជាជន​ក្បត់ជាតិ ដូច​មតិ​មួយចំនួន​លើកឡើង​នោះទេ ខ្ញុំ​គ្រាន់តែ​ជា​ប្រជាជន​អាមេរិកាំង​ធម្មតា ដែល​ជឿ​ទៅលើ​សិទ្ធិសេរីភាព​បញ្ចេញមតិ”។ នេះ​ជា​ការអះអាង​របស់​ Snowden។

នៅទីក្រុង​វ៉ាស៊ីនតោនវិញ នៅចំ​ថ្ងៃ​ដែល​Snowden​ទម្លាយ​ព័ត៌មាន​ជាថ្មី​ដល់​កាសែត​ចិន ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ NSA ដែល​កំពុង​ទទួល​រងរឿង​អាស្រូវ ក៏​ត្រូវ​ព្រឹទ្ធសភា​អាមេរិក​កោះហៅ​ឲ្យ​ទៅ​បកស្រាយ​ពី​កម្មវិធី​លួចថត​សំឡេង​ទូរស័ព្ទ​ដោយ​សម្ងាត់ ដែល​Snowden អតីត​អ្នកបម្រើការ​ឲ្យ​CIA ទើប​តែ​បកអាក្រាត​នៅពេលនេះ។

គួរដឹងថា កាលពី​ពេលថ្មីៗនេះ ទីភ្នាក់ងារ​ NSA ត្រូវ​គេ​ឲ្យ​ឈ្មោះថា ទីភ្នាក់ងារ​ស្រមោល គឺ​គ្មាន​រូបរាង​ជាផ្លូវការ​ទេ។ ប៉ុន្តែ ពេលនេះ ប្រធាន​ NSA​ លោក​Keith Alexander គ្មានជម្រើស ត្រូវ​បង្ហាញ​ខ្លួន​ដល់​សាធារណជន។

នៅចំពោះ​មុខ​ក្រុមសមាជិក​ព្រឹទ្ធសភា លោក​Keith Alexander បាន​ខំ​និយាយ​ការពារ​ទីភ្នាក់ងារ​របស់លោក ដែល​ខំធ្វើ​ការងារ​ដើម្បី​ប្រយោជន៍​ជាតិ ព្រោះ​បើតាម​លោក Alexander កម្មវិធី​ Prism និង​កម្មវិធី​លួច​ថត​សំឡេង​តាម​ទូរស័ព្ទ ​បាន​ជួយ​ឲ្យ​គេ​ដឹងមុន និង​ទប់ស្កាត់​គម្រោង​ធ្វើ​ភេរវកម្ម ដែល​ចង់​វាយប្រហារ​ក្រុង​ញូវយ៉ក កាលពី​ឆ្នាំ ២០០៩៕ សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយចំនួន​នៅមិនទាន់​ជឿទុកចិត្ត​នៅឡើយ។ សវនាការ​ជាមួយ​លោក​ Alexander​នឹង​បន្ត​មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ម្តងទៀត ប៉ុន្តែ លើកនេះ នឹង​ធ្វើឡើង​ដោយ​បិទទ្វារ ក្នុង​ស្ថានភាព​secret défense គឺ​កិច្ចការ​យោធា​សម្ងាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ