អានតួអត្ថបទ
អាមេរិក

រដ្ឋាភិបាល​អាមេរិក​ដាក់​ពាក្យ​បណ្តឹង ប្តឹង​អ្នក​ដែល​លួច​បញ្ចេញ​ឯកសារ​សម្ងាត់

តុលាការ​អាមេរិក​បាន​បើក​រួចហើយ ការស៊ើបអង្កេត​ឧក្រិដ្ឋ​ប្រឆាំង យុវជន​Edward Snowden។ យោងតាម​ប្រធាន​របស់​ប៉ូលិស​សហព័ន្ធ​FBI រដ្ឋាភិបាល​អាមេរិក​នឹង​ធ្វើ​គ្រប់​មធ្យោបាយ​ដើម្បី​កាត់ទោស Edward Snowden ដែល​បាន​បើក​បង្ហាញ​ឲ្យ​គេ​ឃើញ​ពី​កម្មវិធី​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក។

លោក​Robert Mueller បកស្រាយ​នៅ​គណៈកម្មាធិការ​យុត្តិធម៌​របស់​សភា​អាមេរិក នៅថ្ងៃ​ព្រហស្បតិ៍ ទី ១៣ មិថុនា
លោក​Robert Mueller បកស្រាយ​នៅ​គណៈកម្មាធិការ​យុត្តិធម៌​របស់​សភា​អាមេរិក នៅថ្ងៃ​ព្រហស្បតិ៍ ទី ១៣ មិថុនា ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ការទម្លាយ​ឯកសារ​សម្ងាត់ ស្ថាប័ន​ជាន់ខ្ពស់​អាមេរិក​បាន​កោះហៅ​មន្រ្តី​ជាន់ខ្ពស់​ខាងផ្នែក​សន្តិសុខ និង​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់ ឲ្យ​ចូល​ខ្លួន​មកបកស្រាយ។ បន្ទាប់ពី​ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ NSA ត្រូវ​បកស្រាយ នៅ​មុខ​ក្រុម​សមាជិកព្រឹទ្ធសភា ឥលូវ​ដល់​វេន​ប្រធាន​ប៉ូលិស​សហ័ពន្ធ​FBI ដែល​ត្រូវ​ពន្យល់​ដល់​គណៈកម្មាធិការ​យុត្តិធម៌​របស់​សភា។

 
មាន​យោបល់​ដូច​ប្រធាន​ទីភ្នាក់ងារ​NSA ប្រធាន​ប៉ូលិស​សហព័ន្ធ​លោក Robert Muellerបាន​និយាយ​ការពារ​កម្មវិធី​លួចស្តាប់​ទូរស័ព្ទ ដែល​រហូតមក​ដល់​ពេលនេះ បាន​ជួយ​ឲ្យ​គេ​បង្រ្កាប​បាន​ជាមុន គម្រោង​ធ្វើ​ភេរវកម្ម ជាង ១០ នៅក្នុង​ប្រទេស​អាមេរិក។ តាម​ប្រធាន​FBI កម្មវិធី របស់​ទីភ្នាក់ងារ​NSA ធ្វើ​ឡើង​តាមច្បាប់ ដែល​អនុញ្ញាត​ឲ្យ​គេ​កំណត់​បាន​អត្តសញ្ញាណ​បុគ្គល​ដែល​បាន​ប្រើ​ទូរស័ព្ទ​ដើម្បី​ធ្វើ​សកម្មភាព​ភេរវកម្ម។

សកម្មភាព​របស់​ Snowden បាន​បង្ក​ឲ្យ​មាន​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជាតិ និង​សុវត្ថិភាព​របស់​អាមេរិក។ សម្រាប់​ប្រធាន​FBI គេ​នឹង​ចាត់​រាល់​វិធានការ​ដើម្បី​ចាប់​យក​ Snowden​ឲ្យ​មក​ទទួល​ខុសត្រូវ​លើ​ការបែកធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋាភិបាល​អាមេរិក។

រហូត​មកដល់​ពេលនេះ វ៉ាស៊ីនតោន​ក៏មិនទាន់​បាន​សុំ​ជាផ្លូវការ​ឲ្យ​ទីក្រុង​ប៉េកាំង​ធ្វើ​បត្យាប័ន​យុវជន​Snowden។ ចំណែក​ទីក្រុង​ប៉េកាំង នៅមិនទាន់​បញ្ចេញ​ប្រតិកម្ម​ណាមួយ​ទាក់ទង​នឹង​Snowden ប៉ុន្តែ គេមើលឃើញថា យុវជន​Snowden មាន​ប្រយោជន៍​ច្រើន​សម្រាប់ទីក្រុង​ប៉េកាំង ព្រោះថា ឯកសារ​ដែល​Snowden បាន​ប្រគល់​ទៅ​ឲ្យ​កាសែត​ហុងកុង បាន​បង្ហាញ​យ៉ាងច្រើន​ពី​ការវាយប្រហារ​តាមអ៊ីនធ័រណេត​របស់​អាមេរិក ទៅលើ​រដ្ឋាភិបាល​ចិន។ សំណុំរឿង​Snowden នឹង​អាច​ជា​វិញ្ញាសា​ថ្មី ដើម្បី​វាស់ស្ទង់​ភាព​ទុកចិត្ត​គ្នា​រវាង​មហាអំណាច​ចិន និង​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ