អាមេរិក និងចិនប្រជែងគ្នាបង្កើតតំបន់ដោះដូរពាណិជ្ជកម្មសេរី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥០
ជំនួបកំពូលនៃសហប្រតិបត្តិការសេដ្ឋកិច្ចAPEC ត្រូវបិទទ្វារនៅថ្ងៃអង្គារទី ៨ តុលា នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ឆ្លៀតមុនពេលបិទកិច្ចប្រជុំ អាមេរិក និងប្រមុខដឹកនាំក្រុមប្រទេស១១ ផ្សេងទៀតកំពុងសម្រុកជួបប្រជុំគ្នាដែរ នៅល្ងាចថ្ងៃនេះ ដើម្បីពិភាក្សាពីគម្រោងដោះដូរពាណិជ្ជកម្មសេរី ឬ ដៃគូអន្តរ-ប៉ាស៊ីហ្វិក Partenariat Trans-Pacifique (TPP)។
នៅរាល់កិច្ចប្រជុំ កំពូលAPEC អាមេរិក និងប្រទេស១១ផ្សេងទៀត តែងតែឆ្លៀត ជួបប្រជុំគ្នា ដើម្បីនិយាយពីគម្រោងដោះដូរពាណិជ្ជកម្មសេរី ដែលជាគំនិតផ្តួចផ្តើមរបស់អាមេរិក។ លើកនេះ អាមេរិកដែលតំណាងដោយលោកប្រមុខការបរទេសJohn Kerry ចង់ជំរុញឲ្យប្រទេសសមាជិកបង្កើនការចរចា និងប្រជុំឲ្យបានច្រើន គឺធ្វើយ៉ាងម៉េចឲ្យគេអាចចុះហត្ថលេខាលើគម្រោងដៃគូអន្តរ ប៉ាស៊ីហ្វិកឲ្យបានមុនដាច់ឆ្នាំ ២០១៣។
ប៉ុន្តែ តាមលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាសមាជិកគម្រោងដោះដូរពាណិជ្ជកម្មសេរី អន្តរប៉ាស៊ីហ្វិក គេមិនអាចសម្រេចធ្វើកិច្ចព្រមព្រៀងបានឆាប់ៗ គឺឲ្យបានមុនដាច់ឆ្នាំ២០១៣នេះ ទៅតាមការប៉ងចង់បានរបស់អាមេរិកទេ។ គម្រោងដៃគូ អន្តរ ប៉ាស៊ីហ្វិក គឺការបង្កើតតំបន់ដោះដូរពាណិជ្ជកម្មសេរី ត្រូវបានលោកអូបាម៉ាផ្តួចផ្តើមគំនិតអស់បីឆ្នាំមកហើយ ប៉ុន្តែ នៅមិនទាន់ចេញរូបរាងនៅឡើយទេ។
ជាផ្លូវការ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានលើកឡើងពីហេតុផល ពេលវេលាខ្លី។ ប៉ុន្តែ គឺអវត្តមានរបស់លោកប្រធានាធិបតីអាមេរិកទេ ដែលធ្វើឲ្យលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីខកចិត្ត និងនិយាយដូច្នេះ។ គឺអវត្តមានរបស់លោកអូបាម៉ា នៅAPEC ដែលចងជើងដោយវិបត្តិក្នុងស្រុក ដែលធ្វើឲ្យការពិភាក្សាលើគម្រោងដៃគូ អន្តរប៉ាស៊ីហ្វិក មិនបោះជំហានទៅមុខ។
លោកប្រធានាធិបតីអាមេរិក ជាអ្នកផ្តួចផ្តើម គំនិតឲ្យបង្កើតតំបន់ដោះដូរសេរី ជាមួយប្រទេស នៅអាស៊ីប៉ាស៊ីហ្វិក។ បណ្តាប្រមុខរដ្ឋផ្សេងទៀត ដែលចូលរួមជាមួយអាមេរិកដើម្បី បង្កើតតំបន់ដោះដូរពាណិជ្ជកម្មសេរី សង្ឃឹមថា នឹងអាចជជែកជាមួយលោកប្រធានាធិបតីអាមេរិក ដែលជាមេគំនិត នៅក្នុងក្រៅកិច្ចប្រជុំAPEC នៅឥណ្ឌូណេស៊ី។
ដៃគូ អន្តរ ប៉ាស៊ីហ្វិកមានទិសដៅ បង្កើតការដោះដូ ពាណិជ្ជកម្មសេរី រវាងប្រទេសសមាជិក ដែលតំណាងឲ្យមួយភាគបី នៃការដោះដូពាណិជ្ជកម្មសរុបក្នុងពិភពលោក។ ការដោះដូរពាណិជ្ជកម្មដែលនឹងតំណាងឲ្យ៤០ភាគរយនៃសេដ្ឋកិច្ចពិភពលោក។ ក្នុងគំនិតរបស់លោកអូបាម៉ា ការដោះដូរពាណិជ្ជកម្មដោយសេរី នឹងលុបបំបាត់ចោលរនាំង ដែលរាំងស្ទះ កំណើនសេដ្ឋកិច្ច និងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាមេរិក និងប្រទេសអាស៊ី ដែលមានដូចជា ការដាក់ដេញថ្លៃរបស់រដ្ឋាភិបាលនីមួយៗ ដែលកន្លងមក ត្រូវបានផ្តល់អត្ថិភាពជាមុន ដល់ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនក្នុងស្រុក។
គម្រោងដោះដូរពាណិជ្ជកម្មមានទិសដៅផងដែរ កែលម្អ បទដ្ឋានការងាររបស់បុគ្គលិក ការការពារបរិស្ថាន និងការគោរពកម្មសិទ្ធិបញ្ញា។ តាមមន្រ្តី ជំនាញកាណាដា ដៃគូ អន្តរ ប៉ាស៊ីហ្វិកមិនត្រឹមតែដោះស្រាយបញ្ហាកម្មសិទ្ធិបញ្ញាប៉ុណ្ណោះទេ ប៉ុន្តែ វាជំរុញការវិនិយោគឲ្យប្រសើរឡើង នៅក្នុងប្រទេសដែលជាសមាជិក។ ពោល គឺក្រុមហ៊ុនវិនិយោគបរទេស នឹងទទួលបានប្រយោជន៍ និងលើកទឹកចិត្ត ដូចក្រុមហ៊ុនវិនិយោគក្នុងស្រុកដែរ។
គឺចំណុចនេះដែលកំពុងធ្វើឲ្យប្រទេសមួយចំនួន ដូចជាម៉ាឡេស៊ី និងវៀតណាម ដែលជាសមាជិក នៅមានការរារែក និងបណ្តាលឲ្យមានការពិភាក្សា ចរចាយូររហូតមក។ នៅក្នុងប្រទេសទាំងពីរខាងលើ រដ្ឋមានវត្តមាន និងគ្រប់គ្រងដោយផ្ទាល់លើក្រុមហ៊ុនវិនិយោគក្នុងស្រុក។ ដូច្នេះ ការបើកដៃឲ្យក្រុមហ៊ុនឯកជនបរទេស នឹងអាចគំរាមកំហែងផលប្រយោជន៍ របស់រដ្ឋ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ប្រទេសសមាជិកនៃដៃគូ អន្តរប៉ាស៊ីហ្វិកនៅតែមើលឃើញប្រយោជន៍ច្រើន ដែលបានមកពីការដោះដូរពាណិជ្ជកម្មសេរី។ ពោល គឺគេចង់ឆ្លៀតយកគម្រោងដោះដូរពាណិជ្ជកម្មទៅធ្វើសេរីកម្ម និងធ្វើឲ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងវិស័យ កសិកម្ម ឬឧស្សាហកម្មដែលមិនសូវរឹងមាំនៅក្នុងស្រុករបស់ពួកគេ។
ចិននឹងបង្កើតតំបន់ដោះដូរសេរីជាមួយអាស៊ាន
កាលពីថ្ងៃចន្ទ ទី ៧ តុលា លោកប្រធានាធិបតីចិនបានរិះគន់គម្រោងដោះដូរពាណិជ្ជកម្មសេរី ឬដៃគូអន្តរ ប៉ាស៊ីហ្វិក។ ចិនមិនដែលពេញចិត្ត នឹងគម្រោងបង្កើតតំបន់ដោះដូរពាណិជ្ជកម្មសេរីដែលបង្កើតឡើងដោយអាមេរិក។ ទីមួយ ចិនមើលឃើញថា អាមេរិកនេះកំពុងចង់បោះយុថ្កា ទាំងយោធា និងពង្រីកជំនួញនៅ អាស៊ីប៉ាស៊ីហ្វិក ដែលជាដែនអំណាចរបស់ខ្លួន។ មួយវិញទៀត ប្រទេសចិនខ្លួនឯង ត្រូវគេផាត់ចោល នៅក្រៅបញ្ជី។ គឺមានតែប្រទេស១២ប៉ុណ្ណោះ ដែលចូលរួម ក្នុងគម្រោងដៃគូអន្តរ ប៉ាស៊ីហ្វិក ដែលមានដូចជា ជប៉ុន អូស្តា្រលី ព្រុយណេ សិង្ហបុរី ពេរ៉ូ ឈីលី ម៉ិកស៊ិក នូវែលហ្សេឡង់ អាមេរិក ម៉ាឡេស៊ី និងវៀតណាម កាណាដា។ ចិនបារម្ភថា សេដ្ឋកិច្ចរបស់ខ្លួន នឹងរងគ្រោះ ដោយសារតំបន់ដោះដូរពាណិជ្ជកម្មសេរី ដែលនឹងផ្តល់ប្រយោជន៍ទៅដល់មហាសេដ្ឋកិច្ច ពិភពលោកទីមួយ អាមេរិក និងជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខបី។
ដំបូងឡើយ ប្រទេសចិនធ្លាប់មានអរិភាពនឹងគម្រោងដៃគូអន្តរប៉ាស៊ីហ្វិក ប៉ុន្តែ ក្រោយមកក៏បន្ទន់ជំហរវិញ ដោយបង្ហាញចេតនាចង់សហការជាមួយដៃគូអន្តរ ប៉ាស៊ីហ្វិកវិញ។ លក្ខខណ្ឌតឹងរ៉ឹងបានធ្វើឲ្យចិនរារែក។ ពោលគឺដើម្បីអាចចូលជាសមាជិកបាន ប្រទេសនីមួយៗ ត្រូវបំពេញឲ្យបានលក្ខខណ្ឌសមស្របខាងផ្នែកសង្គម និងបរិស្ថាន។
ដូច្នេះ ដើម្បីផ្គើន បញ្ឈឺចិត្តអាមេរិក ចិនបានងាកទៅចូលរួមបង្កើតជាមួយ ប្រទេសអាស៊ី១៥ទៀត គឺក្នុងគម្រោងស្រដៀងគ្នានឹងគម្រោងដៃគូ អន្តរ ប៉ាស៊ីហ្វិករបស់អាមេរិកដែរ។ ប៉ុន្តែ លើកនេះ គឺចិននឹងចូលរួមជាមួយប្រទេសអាស៊ាន ទាំង១០ និងប្រទេសផ្សេងទៀត ដើម្បីប្រកួតប្រជែងជាមួយតំបន់ដោះដូរពាណិជ្ជកម្មសេរីអន្តរ ប៉ាស៊ីហ្វិករបស់អាមេរិក។ កិច្ចប្រជុំតំបន់សេដ្ឋកិច្ចពិសេស ដែលចិនគ្រោងធ្វើជាមួយអាស៊ាន នឹងត្រូវបើកធ្វើ នៅប្រទេសព្រុយណេ នៅថ្ងៃពុធស្អែកនេះ ដែរ គឺនៅក្រៅក្របខ័ណ្ឌកិច្ចប្រជុំអាស៊ាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ