អានតួអត្ថបទ
ជប៉ុន-ចិន

ជប៉ុន​ប្រឆាំង​នឹង​តំបន់​ហោះហើរ​យោធា​របស់​ចិន

ទីក្រុង​តូក្យូ​បាន​សំដែង​ការប្រឆាំង​របស់ខ្លួន បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​បង្កើត​តំបន់​ហោះហើរ​យោធា កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ។ យោងតាម​កាសែត​ជប៉ុន ក្យូដូ អនុរដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​នឹង​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​តូក្យូ នៅថ្ងៃ​ចន្ទ​ស្អែក ដើម្បី​ឲ្យ​ចូល​មក​ពន្យល់​វិធានការ​ថ្មី​របស់​ទីក្រុង​ប៉េកាំង។

លោក​នាយករដ្ឋមន្រ្តី​ជប៉ុនចុះជួប​កងទ័ព​ជើងទឹក​ជប៉ុន​ដែល​ល្បាត​ការពារ​ប្រជុំកោះសេនកាគូ
លោក​នាយករដ្ឋមន្រ្តី​ជប៉ុនចុះជួប​កងទ័ព​ជើងទឹក​ជប៉ុន​ដែល​ល្បាត​ការពារ​ប្រជុំកោះសេនកាគូ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​តូក្យូ​បាន​ប្រតិកម្ម​ខ្លាំង​តប​នឹង​ការប្រកាស​របស់​ទីក្រុង​ប៉េកាំង ដែល​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ប្រកាស​បង្កើត​តំបន់​ហោះហើរ​យោធា ដែល​គ្រប​ដណ្តប់​ទៅលើ​ប្រជុំកោះ​សេនកាគូ​របស់​ជប៉ុន ប៉ុន្តែ ដែល​ចិន​ទាមទារ​ធ្វើ​ជា​ម្ចាស់​ដែរ ក្នុង​ឈ្មោះ​កោះទៀវយូ។

 
លោក​Junichi Ihara មន្រ្តីជាន់ខ្ពស់​របស់​ជប៉ុន​ទទួល​បន្ទុក អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រសួងការបរទេស​បាន​ទូរស័ព្ទ​ភ្លាម កាលពីថ្ងៃ​សៅរ៍ ដើម្បី​បង្ហាញ​ពីការមិនពេញចិត្ត និង​ការប្រឆាំង​ដាច់ខាត​របស់​ជប៉ុន​នៅក្រោយ​សេចក្តី​ប្រកាស​បង្កើត​តំបន់​ហោះហើរ​យោធា​របស់​ប្រទេស​ចិន។

  ►សូមអាន៖ ចិន​បង្កើត​តំបន់​ហោះហើរ​យោធា​លើ​ប្រជុំ​កោះ​ជម្លោះ​ជាមួយ​ជប៉ុន

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស មន្រ្តីជាន់ខ្ពស់​របស់​ជប៉ុន​បាន​បញ្ជាក់ថា ជប៉ុន​មិន​អាច​ទទួល​យក​បាន​ទេ​តំបន់​ដែល​ចិន​ទើប​បង្កើត និង​ថា ចេតនា​បង្កើត​តំបន់​ហោះហើរ​យោធា​នេះ​នឹង​បង្ក​ឲ្យ​មាន​ការប្រឈម​មុខ​ដាក់គ្នា រវាង​ប្រទេស​ទាំងពីរ​ជុំវិញ​ជម្លោះកោះ​សេនកាគូ។ អាច​ជាគ្រោះថ្នាក់​ដ៏​អាក្រក់​មួយ។ ទីក្រុង​តូក្យូ​បាន​បញ្ជាក់​ជំហរ​យ៉ាងនេះ ទៅ​ភាគី​ចិន។

 
ក្រសួង​ការពារ​ជាតិ​ចិន​វិញ បាន​បញ្ជាក់​ហើយ​នៅក្នុង​វិបសៃតិ៍​របស់ខ្លួន កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ​ថា ចំណាត់ការ​បង្កើត​តំបន់​ហោះហើរ​យោធា​ធ្វើ​ឡើង ដើម្បី​ការពារ និង​ចាត់វិធានការ​បន្ទាន់ ទៅលើ​យន្តហោះ​ណា​ដែល​មិនព្រម​សហការ មិន​ព្រម​ប្រាប់​អត្តសញ្ញាណ ឬ​បដិសេធ​មិន​ព្រម​គោរព​តាម​បទបញ្ជា​របស់ចិន នៅក្នុង​ពេល​ហោះហើរ​នៅ​ក្នុង​តំបន់​ហោះហើរ​យោធា​របស់​ចិន។

សូមអាន៖  តើ​ជម្លោះ​ចិន-ជប៉ុន​អាច​រាលដាល​ជា​ជម្លោះ​ប្រដាប់អាវុធ​ដែរ​ឬ​ទេ?

 
តំបន់​ហោះហើរ​យោធា​ថ្មី បាន​ចូល​ជាធរមាន កាលពី​ថ្ងៃ​សៅរ៍។ នៅថ្ងៃ​ដដែល កងទ័ព​អាកាស​របស់​ចិន​បាន​ប្រកាសថា គេ​បាន​បើក​យន្តហោះ ជាលើក​ទីមួយ ហោះ​ឆ្វែល​ល្បាត នៅក្នុង​តំបន់​ហោះហើរ​យោធា​ថ្មី។

កាលពីថ្ងៃ​ម្សិលមិញ អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​របស់​ចិន​បាន​អះអាង​ថា ចិន​បង្កើត​តំបន់​ហោះហើរ​យោធា​ដើម្បី​ការពារ អធិបតេយ្យ​ជាតិ និង​ដើម្បី​រក្សា​សន្តិសុខ​ដែនដី និង​ដែនសមុទ្រ​របស់​ចិន។ ចិន​បាន​បង្កើត​ឡើង​តំបន់​ហោះហើរ​យោធា ដើម្បី​បន្ថែម ពីលើ​តំបន់​ដែនអាកាស​អធិបតេយ្យភាព​របស់​ប្រទេស សម្រាប់​​ចាប់បាន​ជាមុន សញ្ញា ឬ​ត្រួតពិនិត្យ មុន​ពេល​ដែល​យន្តហោះ​សង្ស័យ ហោះ​ចូល​ក្នុង​ដែនអាកាស​របស់​ប្រទេស​ចិន។ តាម​អ្នកនាំពាក្យ​ដដែល តំបន់​ប្រភេទនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ដោយ​អាមេរិក នៅ​ឆ្នាំ ១៩៥០។ ជប៉ុន​បាន​យក​គំរូ​តាម ដោយ​បង្កើត​តំបន់​ហោះហើរ​យោធា នៅឆ្នាំ ១៩៦៩។ យ៉ាងណាក៏ដោយ ជប៉ុន​នឹង​បន្ត​ប្រឆាំង​តំបន់​ហោះហើរ​យោធា​របស់​ចិន ដែល​ជប៉ុន​បាន​វាយតម្លៃថា កំពុង​រំលោភ​ចូល​ក្នុង​ដែនអាកាស​របស់​ជប៉ុន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ