អានតួអត្ថបទ
ជប៉ុន

ប្រជុំកោះ​​សេនកាគូ​៖ រដ្ឋាភិបាល​ជប៉ុន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​ចិន​

រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​អង្គារ​៨​មករា​នេះ បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​ចិន ជា​លើក​ទី​មួយ ចាប់​តាំង​ពី​ការ​ចូល​កាន់​តំណែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​Shinzo Abeដើម្បី​ប្រឆាំង​ទល់​នឹង​វត្តមាន​ជា​ញឹកញាប់​នៃ​នាវា​ចិន​ដែល​បើក​​ចូល​​ក្នុង​ដែន​ទឹក​​ម្តុំ​ប្រជុំ​កោះ​សេនកាគូ​។​

នាវាល្បាត​​ដែល​ចិន​បញ្ជូន​ទៅ​ប្រជុំកោះ​សេនកាគូ-ទៀវយូ ដែល​ជាប់ជម្លោះ​ជាមួយ​ជប៉ុន
នាវាល្បាត​​ដែល​ចិន​បញ្ជូន​ទៅ​ប្រជុំកោះ​សេនកាគូ-ទៀវយូ ដែល​ជាប់ជម្លោះ​ជាមួយ​ជប៉ុន REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

 

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស ជប៉ុន លោក Akitaka Saiki បាន​ជួប​សន្ទនាជាមួយ​លោក Cheng Yonghua នៅ​ព្រឹកថ្ងៃអង្គារនេះ​ ដើម្បី​សម្តែង​ការ​ប្រឆាំង​របស់​​ជប៉ុន​ទល់​នឹង​វត្តមាន​នៃ​​នាវា​ល្បាតចិន​​៤​គ្រឿង​ ​ដែល​បើកចូលកៀក​​ម្តុំជុំវិញ ប្រជុំកោះសេនកាគូនេះ​ដែល​គ្រប់​គ្រង​​ដោយ​ប្រទេស​ជប៉ុន។ ប្រជុំកោះ ដែល ​ប្រទេស​ចិន​ទាមទារ​​ជានិច្ចជាកាល​ ថា​ជា​តំបន់​​កម្មសិទ្ធិ​របស់​ខ្លួន​ក្រោម​ឈ្មោះ​ថា ទាវយូ ជាភាសាចិន។​

 នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែរ ក្រសួង​ការបរទេស​ជប៉ុន បាន​ធ្វើការ​ប្រឆាំង​ម្តង​មក​រួចមកហើយ​តាម​ការហៅ​ទូរស័ព្ទ​ទៅស្ថានទូតចិន​ប្រចាំទីក្រុង​តូគ្យូ។ បន្ទាប់មក ក្រសួងការបរទេស​ជប៉ុន បាន​កោះ​ហៅ ឯកអគ្គរដ្ឋទូត​ចិន ដែល​ជា​លើក​ទី​មួយដែរ ​​ចាប់​តាំង​ពី​លោក​Shinzo Abe ឡើង​​កាន់​តំណែងជានាយករដ្ឋមន្ត្រីជប៉ុន​ចាប់តាំងពីថ្ងៃទី២៦ធ្នូ ដើម្បី​បញ្ជាក់​ពីចេតនា​យ៉ាង​មឺងម័ត​របស់​ជប៉ុននៅក្នុងការ​ដោះស្រាយជម្លោះ​ដែន​ទឹក​នេះ។

ឯកអគ្ករដ្ឋទូត​ចិន បាន​ឆ្លើយ​តប​ដោយ​និយាយ​​ជា​ច្រើន​ដង​​ថា ប្រជុំ​កោះ​សេនកាគូ​ជា​ដែន​អធិបតេយ្យ​របស់​ចិន។ ទន្ទឹមនេះដែរ ឯកអគ្គរដ្ឋទូត​ចិន​ បាន​គូសបញ្ជាក់​ទៀត​ថា គាត់​នឹង​ធ្វើ​សេចក្តី​រាយការណ៍​ អំពី​ការ​ប្រឆាំង​របស់​ជប៉ុន​ដល់​ទីក្រុង​ប៉េកាំង អំពីបញ្ហា​​នាវា​ចិនដែលបាន​បើក​​ចូល​ក្នុង​ដែន​ទឹក​ជប៉ុន​យ៉ាង​យូរកាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញនិងការទាមទារ​របស់​​ជប៉ុន​ដើម្បី​កុំ​ឲ្យ​ហេតុការ​នេះ​កើត​មាន​ឡើង​ជា​ថ្មីទៀត។

គួររំលឹកថាជំនាន់រដ្ឋាភិបាលឆ្វេងនិយមដឹកនាំ​លោក Yoshihiko Noda ធ្លាប់បាន​​ស្តី​បន្ទោស ឯកអគ្គរដ្ឋទូតចិនកាលពីថ្ងៃទី១៣​ធ្នូកន្លងមក ក្រោយពី​មាន​យន្តហោះ​ចិន​មួយ​គ្រឿងបាន​បើក​ឈ្លានពាន​ចូល​ដែន​អាកាស​ជប៉ុន​ជិត​តំបន់​ប្រជុំ​កោះសេន​កាគូដែលជប៉ុនកត់ត្រាទុកថា​ជា​សកម្មភាព​​ថ្មី​ទែង​មួយ​នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសជប៉ុន។

មូលហេតុ​​នាវា​រដ្ឋាភិបាល​ចិន បានបើក​ចូល​ជាញឹកញាប់​ល្បាត​នៅ​ក្នុង​ដែន​ទឹក​ម្តុំ​ប្រជុំ​កោះ​សេនកាគូ​​ គឺ​ក្រោយពី​ រដ្ឋាភិបាល​ជប៉ុនបានប្រមូល​​ទិញកូន​កោះ​៣ក្នុង​ចំណោម​កូន​កោះ​ទាំង​៥​​នៃ​ប្រជុំកោះ​នេះ ពី​ម្ចាស់​កម្មសិទ្ធិ​ឯកជន មក​ដាក់​ជា​សម្បត្តិ​របស់រដ្ឋជប៉ុន។ មិនតែប៉ុណ្ណោះ បាតុកម្ម​ជា​ច្រើនប្រឆាំង​នឹង​ប្រទេស​ជប៉ុនដែល​ជួន​កាល​ប្រកប​ដោយ​អំពើ​ហិង្សា ​បាន​ផ្ទុះឡើង​នៅ​តាម​ក្រុងជាច្រើនក្នុង​ប្រទេសចិន អស់រយៈមួយសប្តាហ៍ទម្រាំតែ​រដ្ឋាភិបាល​ប៉េកាំង ចាត់​វិធានការ​ដើម្បី​បញ្ឈប់សកម្មភាព​បាតុកម្មប្រឆាំងជប៉ុននេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ