អានតួអត្ថបទ
ថៃ

អ្នក​ទទួលខុសត្រូវ​ថៃ​នានា​ លើកឡើង​ថា​ ថៃ​ស្ថិត​ក្បែរ​សង្គ្រាម​ស៊ីវិល​

នៅថ្ងៃ​អង្គារ​នេះ អ្នកទទួល​ខុសត្រូវ​ថៃ​នានា​​ បាន​សំដែង​ការប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​​​​ប្រទេស​ថៃ ដែល​ស្ថិត​នៅ​ក្បែរ​ជ្រោះនៃ​សង្គ្រាម​ស៊ីវិល។ កាលពីថ្ងៃ​ចន្ទ​ ​លោក ប្រាយុត ចាន់ អូឆា ជា​មេដឹកនាំ​កងទ័ព​ជើងគោក​ថៃ​ដ៏​មាន​ឥទ្ធិពល​​ ​ក៏បាន​​បង្ហាញ​ការព្រួយបារម្ភ​ផងដែរ​ ថា​ថៃ​អាច​នឹងវិនាស​ភ្លាមៗ​បាន។ វិបត្តិ​នយោបាយ​នៅ​ថៃ​ ជិត​៤ខែ​មកនេះ បាន​សម្លាប់​មនុស្ស​២២នាក់​ មកហើយ ​ក្នុង​នោះ​មាន​កុមារ​៤នាក់​ផងដែរ។ ការបាញ់គ្នា​ដែល​តែងកើតឡើង​​ជា​​​ប្រចាំ​ នៅក្រុងបាងកក បាន​ធ្វើ​អោយ​របួស​​មនុស្ស​២នាក់ នៅព្រឹកថ្ងៃ​អង្គារ​នេះ។

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ នៅ​ក្រុងបាងកក ថ្ងៃ​២៤កុម្ភៈ
បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ នៅ​ក្រុងបាងកក ថ្ងៃ​២៤កុម្ភៈ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

នៅថៃ ថ្ងៃ​អង្គារ​នេះ លោក តារិត ប៉េងឌីត ប្រធាន​មន្ទីរ​ស៊ើបអង្កេត​ពិសេសថៃ ដែល​ជា​មន្ទីរ​មាន​ភារកិច្ច​ដូច​ទីភ្នាក់ងារស៊ើបអង្កេត​​ FBI​ អេហ្វ ប៊ី អាយ អាមេរិក​ដែរនោះ បាន​លើកឡើង​ពី​ការព្រួយបារម្ភ​​របស់​លោក ថា​ ថៃ​អាច​នឹង​រង​នូវ​ការវាយលុក​ឈាន​ទៅដល់​សង្គ្រាម​ស៊ីវិល​បាន។ ជិត​៤ខែ​មកនេះ វិបត្តិ​នយោបាយ​ថៃ​ បង្កឡើង​ដោយ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ បាន​សម្លាប់​មនុស្ស​ជាង​២០នាក់​មកហើយ ជនរងគ្រោះ​ភាគច្រើន​ស្ថិត​នៅ​ក្រុងបាងកក។

គិត​ពី​ឆ្នាំ​២០១០មក វិបត្តិ​នយោបាយ​លើក​នេះ ជាវិបត្តិ​ធ្ងន់ធ្ងរ​បំផុត​ដែល​ថៃ​​ឆ្លងកាត់។ កាលពី​ឆ្នាំ​២០១០ ក្រុមអាវក្រហម​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ បាន​ចុះបាតុកម្ម​តាម​ដងផ្លូវ និង​ត្រូវ​បាន​កងទ័ពបង្ក្រាប ធ្វើអោយ​មាន​មនុស្ស​ស្លាប់​ជាង​៩០នាក់។

នៅ​ចំពោះ​មុខ​មហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​ក្រុមអាវលឿង នៅ​ពេលនេះ ក្រុម​អាវក្រហម​​ដែលគាំទ្រ​លោកស្រី​យីងឡាក់ មិនបាន​ចេញមុខ​​ធ្វើសកម្មភាព​អ្វីទេ ព្រោះខ្លាច​ប៉ះទង្គិច​ជាមួយ​ក្រុមប្រឆាំង​រដ្ឋាភិបាល ។ ប៉ុន្តែ នៅពេល​ថ្មីៗនេះ ក្នុងពេល​ដែល​លោកស្រី យីងឡាក់ អាច​រងការជាប់ពិរុទ្ធ​ពីបទ​ធ្វេសប្រហែស ក្នុង​កម្មវិធី​ទិញផលស្រូវ​ជួយ​កសិករ​នោះ ក្រុម​អាវក្រហម បាន​​ចាប់​បង្ហាញ​​ពី​ជំហរ​ខ្លួនកាន់តែខ្លាំង។ លោក​ណាតាវុត សៃគូយ៉ា ជា​អ្នកទទួលខុសត្រូវ​សកម្មជន​​អាវក្រហម​បានលើកឡើង​ នៅថ្ងៃ​អង្គារ​នេះថា សកម្មជន​អាវក្រហម​​បានត្រៀម​​ចុះ​​​ក្រុង​បាងកក​រួចហើយ ក្នុង​រយៈពេល​២៤ម៉ោង​ទៀតនេះ ដើម្បី​ការពារ​​​​​​លទ្ធិប្រជាធិបតេយ្យ។ ក្រុម​អាវក្រហម​នឹង​ធ្វើ​បាតុកម្ម​គាំទ្រ​លោកស្រី​យីងឡាក់ នៅ​សប្តាហ៍​​ក្រោយៗ​នេះ នៅ​តាម​ខេត្ត​ភាគ​ឥសាន​ប្រទេស ដើម្បី​បង្ហាញ​ពី​​សមត្ថភាព​តវ៉ា​របស់​ខ្លួន។

ដូច្នេះ​ អ្វី​ដែលគេ​បារម្ភពេលនេះ​ គឺ​​​ការ​ប៉ះ​ទង្គិច​រវាង​ក្រុមប្រឆាំង​ និង​ក្រុមគាំទ្រ​រដ្ឋាភិបាល។ យោងតាម​​លោក ប្រាយុត ចាន់ អូឆា ជា​មេដឹកនាំ​កងទ័ព​ជើងគោក​ថៃ​ដ៏​មាន​ឥទ្ធិពល​​ ​ប្រសិន​បើ​​គ្រប់​ភាគី​​មិនគោរព​​តាម​វិធាន​ច្បាប់​នោះទេ នោះ​សង្គ្រាម​ស៊ីវិល​នឹង​ផ្ទុះឡើង។ លោក​បន្ថែម​ថា កងទ័ព​ថៃ​នឹង​ធ្វើគ្រប់​យ៉ាង​ដើម្បី​ជាតិ​និង​ប្រជាជន មិនមែន​ដើម្បី​បក្ស​ពួក​ណាមួយ​នោះទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ