អានតួអត្ថបទ

វិបត្តិ​នយោបាយថៃ ៖ លោកស្រី​យីងឡាក់ តាំង​ទី​នៅ​​​ក្រៅ​រាជធានី

ប្រមុខ​រដ្ឋាភិបាល​ថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ដែល​ក្រុម​បាតុករ​បះបោរ​ប្រឆាំង​​ចង់​ទម្លាក់​ចេញពី​អំណាច​អស់​ជា​ច្រើន​ខែ​ និង​បាន​ធ្វើ​ឱ្យ​ក្រុង​បាងកក​គាំង​ស្ទះ​ តាំង​ពី​ច្រើន​សប្តាហ៍​នោះ បាន​ចាក​ចេញ​ពី​រាជធានី និងបាន​ទៅ​តាំងទី​ស្នាក់​ការ​ នៅចំងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ​ពី​បាងកក ប៉ុន្តែ​ប្រភព​ព័ត៌មាន​របស់​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ឈ្មោះ​ភូមិ​ឃុំ​ដែល​លោកស្រី​យីងឡាក់​កំពុង​ស្ថិត​នៅ​នោះទេ។

បាតុករ​ថៃ​នាំ​គ្នា​សូត្រ​ធម៌​ឧទ្ទិស​វិញ្ញាណក្ខន្ធ​សព​ក្រោយ​បំផ្ទុះ​គ្រាប់​បែក ថ្ងៃ​ទី ២៣ កុម្ភៈ២០១៤
បាតុករ​ថៃ​នាំ​គ្នា​សូត្រ​ធម៌​ឧទ្ទិស​វិញ្ញាណក្ខន្ធ​សព​ក្រោយ​បំផ្ទុះ​គ្រាប់​បែក ថ្ងៃ​ទី ២៣ កុម្ភៈ២០១៤ REUTERS/Paul Barker
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ជូន​ដំណឹង​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​ថៃ ​មិន​បាន​បញ្ជាក់​ឡើយថា​អំពី​ចំនួន​ថ្ងៃ​ដែល​លោកស្រី​ យីងឡាក់​បាន​ចាក​ចេញ​ពី​ទីក្រុង​បាងកកទេ។ ​លោកស្រី​បាន​លេច​មុខ​ជា​សាធារណៈ​ចុងក្រោយ នៅ​រាជធានី កាលពី​ថ្ងៃអង្គារទី ទី​១៨ កុម្ភៈ​ សប្តាហ៍​មុន និង​ត្រូវ​ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ​ចំពោះ​ការ​ចោទ​ប្រកាន់​ប្រព្រឹត្ត​អំពើ​ពុករលួយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២០កុម្ភៈ។ កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ទំនង​ជា​នឹង​អាច​ត្រូវ​រៀប​ចំ​ជា​លើក​ទី​មួយ នៅ​ក្រៅ​ក្រុង​ នៅថ្ងៃ​អង្គារ​ទី ២៥​កុម្ភៈ​ស្អែក​នេះ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ដែល​រូប​លោក​ផ្ទាល់​ក៏​មិន​ដឹង​ថា​លោកស្រី​នាយករដ្ឋមន្ត្រី​តាំង​ទី​នៅ​ទី​ណា​ឱ្យ​ពិត​ប្រាកដ​ផង។

លោកស្រី​នាយករដ្ឋមន្ត្រី​បាន​សម្រេច​ រើ​និងភៀស​ខ្លួន​ទៅ​នៅ​ក្រៅក្រុង បន្ទាប់​ពី​​បាងកក​បាន​​ជាប់​គាំង​ និង​ពេល​ខ្លះ​បាន​ក្លាយ​ជា​សមរភូមិ​បញ្ចេញ​អំពើ​ហិង្សា​ រវាង​ក្រុមបាតុករ​និង​ប៉ូលិស។ អំពើ​ហិង្សា​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោកស្រី​នាយក​រដ្ឋមន្ត្រី​ចាត់​ទុក​ថា​អំពើ​ភេរវកម្ម បាន​បង្ក​ជា​លើកទី​មួយ ក្នុង​ចំណោម​មនុស្ស​ស្លាប់​បី​នាក់ ​ឱ្យ​ស្លាប់​កុមារ​​ពីរ​នាក់​ ម្នាក់​ជា​ក្មេង​ប្រុស​មាន​អាយុ​ទើប​តែ​បួន​ឆ្នាំ​ប៉ុណ្ណោះ​មិន​មែន​ ១២​ឆ្នាំ ដូច​ការ​ជូន​ដំណឹង​បឋម​ឡើយ​​ និង​ម្នាក់ជា​ទៀត​ជា​ក្មេង​ស្រី​អាយុ​៦ឆ្នាំ ស្លាប់​ព្រោះ​របួស​ធ្ងន់ពេក នៅ​ព្រឹក​មិញ។

គិត​ចាប់​តាំង​ពី​ផ្ទុះ​វិបត្តិ​មក ជីវិត​មនុស្ស​២០​នាក់​បាន​បាត់​បង់ ហើយ​ជា​រៀង​រាល់ពេល​ ក្រុម​សកម្មជន​ប្រឆាំងនិង​ប៉ូលិស​តែង​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ប្រមុខ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ បាន​ចង្អុល​មុខ​ក្រុម​អ្នក​រៀប​ចំ​បាតុកម្ម​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​អំពើ​ហិង្សា​​ពីរ​លើក​ចុង​ក្រោយ​នេះ។ រីឯ​ក្រុម​យោធា​ ជា​ថ្មី​ម្តង​ទៀត តាម​រយៈ​លោក​អគ្គ​មេបញ្ជាការ​កងទ័ព ប្រាយុទ្ធ ចាន់​អូចា ​ដែល​ធ្លាប់​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​​មុនៗ​បាន​បញ្ជាក់​ជា​ថ្មី​ តាម​កញ្ចក់​ទូរទស្សន៍ នៅ​ថ្ងៃ​ចន្ទ​នេះ ថា​គ្មាន​ចេតនា ធ្វើ​អន្តរាគមន៍​ក្នុង​វិបត្តិ​នយោបាយ​ឡើយ តែ​សូម​ឱ្យ​ភាគី​បក្សដិបក្ស​ចូល​ចរចា។​

ទាំង​លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន និង​ទាំង​​​អង្គការ​យូនីសេហ្វ បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ថ្ងៃ​នេះ អំពាវនាវ​មិន​ឱ្យ​បាតុករ​យក​កូន​ចៅ​ទៅ​លូក​លំ​ក្នុង​ចលនា​បាតុកម្ម។ បាតុកម្ម​ ប្រឆាំង​នឹង​រដ្ឋាភិបាល ពេល​ខ្លះ​ហិង្សា​ខ្លាំង​ ធ្វើ​ឡើង​ក្នុង​បំណង​ បង្ខំ​លោក​ស្រី​​យីងឡាក់​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង និង​ដើម្បី​លុប​បំបាត់​ឥទ្ធិពល​របស់​លោក​ ថាក់ស៊ីន ដែល​ពួក​អ្នក​ប្រឆាំង​យល់​ថា​ជា​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ពី​ចម្ងាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ