អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​ពង្រីក​ឥទ្ធិពល​ចូល​ទៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​ចិន​កំពុង​​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​ឡាទីន​។ តាំង​ពី​ឆ្នាំ​២០០៣​មក​អាមេរិក​ឡាទីន​​ជា​អាទិភាព​មួយ​ចំបង​នៃ​នយោបាយ​ការ​បរទេស​របស់​ចិន។ តើ​មក​ពី​មូលហេតុ​អ្វី​?

លោក ស៊ី ជីនពីន ប្រធានាធិបតី​ប្រទេសចិន។
លោក ស៊ី ជីនពីន ប្រធានាធិបតី​ប្រទេសចិន។ RFI
ផ្សាយពាណិជ្ជកម្ម

លើក​នេះ ក្រៅ​តែ​ពី​ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​គុយបា វ៉េណេស៊ុយឡា អាហ្សង់ទីន និង​ប្រេស៊ីល​​​ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ក៏​ត្រូវ​ចូល​រួម​ផង​ដែរ​ក្នុង​ជំនួប​កំពូល​ក្រុម​ប្រទេស​​​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ហៅ​កាត់​ថា​BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិកខាងត្បូង) និង​ក្នុង​វេទិកា​ចិន-អាមេរិកឡាទីន។ ទាំង​នេះ​ស្តែង​ឱ្យ​ឃើញ​ថា លោក​ស៊ី ជីនពីង កំពុង​បន្ត​អនុវត្ត​នយោបាយ​ការ​បរទេស​របស់​ចិន​នៅ​អាមេរិកឡាទីន នោះ​គឺ​ការ​ពង្រីក​និង​ពង្រឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​មួយ​នេះ។

គួរគូសបញ្ជាក់ថា រហូត​មក​ដល់​ឆ្នាំ២០០៣ ​ចិន​មិន​​សូវបានយក​ចិត្ត​ទុក​ដាក់​ឡើយ​ទៅ​លើ​អាមេរិកឡាទីន ទោះ​បី​ជា​ចិន​មាន​ទំនាក់ទំនង​ទូត​ជាមួយ​បណ្តា​ប្រទេស​ភាគ​ច្រើន​នៃ​តំបន់​មួយ​​នេះ តាំង​ពី​ទសវត្សរ៍​ទី​៧០​មក​ក្តី។

នៅ​ឆ្នាំ​២០០៣ សង្គ្រាម​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់ បាន​ធ្វើ​ឱ្យ​ទីក្រុង​ប៉េកាំង​បារម្ភ​ខ្លាច​ខ្វះ​ប្រេង​កាត ​ពីព្រោះ​សង្គ្រាម​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ភូមិភាគ​មួយ​សម្បូណ៌​ទៅ​ដោយ​ប្រេងកាត។ ម្ល៉ោះ​ហើយ​​បាន​ជា​ពី​ឆ្នាំ​២០០៣ ​តរហូត​មក​ទល់​សព្វ​ថ្ងៃ ​ថ្នាក់​ដឹក​នាំ​ចិន​អនុវត្ត​អ្វី​ដែល​គេ​ហៅ​ថា ​ការទូត​ថាម​ពល​ បាន​ន័យ​ថា​ចិន​ដើរ​ស្វែង​រក​ប្រេង​កាត​និង​ឧស្ម័ន​ធម្មជាតិ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ ក្នុង​នោះ​រួមមាន​ជា​អាទិ៍​បណ្តា​ប្រទេស​​ផលិត​ប្រេងកាតនៅ​អាមេរិកឡាទីន​ដូច​យ៉ាង​ប្រេស៊ីល វ៉េណេស៊ុយឡា អាហ្សង់ទីន​ និង​បូលីវី។

តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ឥទ្ធិពល​របស់​ចិន​ទៅ​លើ​បណ្តា​ប្រទេស​អាមេរិកឡាទីន​បាន​រីក​ធំ​ និង​កើន​​ឡើង​ខ្លាំង។ សព្វថ្ងៃនេះ​ ចិន​ជា​ប្រទេស​លំដាប់​ទី​២​នៅ​ក្នុង​ពិភពលោក​ដែល​ទិញ​ប្រេង​កាត​ច្រើន​ជាង​គេ​ពី​​អាមេរិកឡាទីន ដោយ​ដេញ​ប្រកិត​ពី​ក្រោយសហរដ្ឋ​​អាមេរិក ហើយចិន​ក៏ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​២​របស់​អាមេរិក​ឡាទីនដែរ។

ក្រៅ​ពី​ប្រយោជន៍​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម វត្តមាន​របស់​ចិន​នៅ​អាមេរិក​ឡាទីន​មាន​គោល​ដៅ​នយោបាយ​មួយ​ច្បាស់ នោះ​គឺ​កាត់​បន្ថយ​ចំនួន​បណ្តា​ប្រទេស​នៅ​ក្នុង​លោក​ដែល​នៅ​បន្ត​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​។​ ចូរ​កុំ​ភ្លេច​ថា​ក្នុង​ចំណោម​ប្រទេសប្រមាណ​ជាងម្ភៃនៅ​ក្នុង​ពិភព​លោក ដែល​នៅ​បន្ត​មាន​ទំនាក់​ទំនង​ទូត​ជាមួយ​តៃវ៉ាន់ ជិត​ពាក់​កណ្តាល​សុទ្ធសឹង​ជា​ប្រទេស​អាមេរិក​ឡាទីន។ នៅ​ក្នុង​ន័យ​នេះ នៅ​ឆ្នាំ​២០០៧ ថ្នាក់​ដឹក​នាំ​ចិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រទេស​កូស្ថារីកា ឱ្យ​ផ្តាច់​ទំនាក់​ទំនង​ទូត​ជា​មួយ​តៃវ៉ាន់និងបែរមក​ទទួល​ស្គាល់​គោលការណ៍​ប្រទេស​ចិន​តែ​មួយ។

ដោយ​ឡែក នៅ​ពេល​ដែល​អាមេរិក​ក្រោម​អាណត្តិ​របស់​លោក​អូប៉ាម៉ា កំពុង​បន្ត​បង្កើន​ឥទ្ធិពល​​របស់​ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក វត្តមាន​របស់​ចិន​នៅ​អាមេរិក​ឡាទីន​ក៏​អាច​ជា​ចម្លើយ​ភូមិសាស្រ្ត​នយោបាយ​មួយ​តប​ទៅ​អាមេរិក​វិញ​ដែរ។

គួរ​បញ្ជាក់​ត្រង់​នេះ​បន្តិច​ថា តាំង​ពី​សតវត្សរ៍​ទី​១៩​មក ពោល​គឺ​តាំង​ពី​សម័យ​លោក​ប្រធានាធិបតី​​អាមេរិកាំង ជេម ម៉ុនរ៉ូ​(James Monroe)​មក សហរដ្ឋ​អាមេរិក​ចាត់​ទុក​អាមេរិក​ឡាទីន​ថា ជា​ដែន​អំណាច​ផ្តាច់​មុខ​របស់​ខ្លួន។ ម្ល៉ោះ​ហើយ តាម​រយៈ​ការ​ខិតខំ​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​អាមេរិកឡាទីន ចិន​ក៏​ចង់​បញ្ឈឺ​និង​ឌឺ​ដាក់​អាមេរិក​ថា បើ​អ្នក​ចូល​មក​លុក​លុយ​តំបន់​អាស៊ី​ដែល​ជា​ដែន​អំណាច​របស់​ខ្ញុំ ខ្ញុំ​ក៏​នឹង​ដាក់​ជើង​ចូល​មក​ក្នុង​ដែន​អំណាច​របស់​អ្នក​ឯង​វិញ​ដែរ។

យ៉ាង​ណា​ក៏​ដោយ ប្រទេស​អាមេរិក​ឡាទីន​មួយ​ចំនួន​ចាប់​ផ្តើម​រអ៊ូរទាំ ដ្បិត​ជា​ទូទៅ​ចិន​ទិញ​យក​តែ​វត្ថុធាតុដើម​ពី​ដៃគូ​របស់​ខ្លួន រួច​ហើយ​លក់​មក​វិញ​សុទ្ធ​តែ​ផលិតផល​ចម្រាញ់។ មិន​តែ​ប៉ុណ្ណោះ ឆន្ទៈ​នយោបាយ​របស់​ទីក្រុង​ប៉េកាំង​ក្នុង​ការរក្សាតម្លៃ​ប្រាក់​យ័នឱ្យនៅទាប ​ធ្វើ​ឱ្យ​ផលិត​ផល​ចិន​មាន​តម្លៃ​ថោក ជាហេតុ​បណ្តាល​ឱ្យ​ការ​នាំ​ចេញ​របស់​ប្រទេស​អាមេរិក​ឡាទីន​ថយ​ចុះ រី​ឯ​ផលិតផល​ចិន​វិញ​ចេះ​តែ​បន្ត​ហូរ​គគុក​គគាក់​ចូល​មក​ក្នុង​ប្រទេស​ទាំង​នេះ។

ម្ល៉ោះ​ហើយ ត​ទៅ​ថ្ងៃ​មុខ សំណួរ​ដែល​នឹង​ចោទ​ឡើង​គឺ តើ​បណ្តា​ប្រទេស​អាមេរិក​ឡាទីន ​ជាពិសេស​ប្រទេស​តូចតាច​និង​ក្រីក្រ អាច​ទប់ទល់​បាន​ដែរ​ឬ​ទេ​នឹង​ឥទ្ធិពល​ខ្លាំងជ្រុលរបស់​ចិន​មក​លើ​តំបន់​របស់​ពួក​គេ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ