អានតួអត្ថបទ
ចិន-អាមេរិកឡាទីន

លោក​ស៊ី ជីនពីង​ចេញដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិកឡាទីន

លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​ចេញ​ដំណើរ​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន​។ ចាប់តាំង​ពី​លោក​ឡើងកាន់តំណែង​មក នេះ​គឺ​ជា​លើក​ទី២​ហើយ ដែល​លោក​ស៊ី ជីនពីង ទៅ​បំពេញ​ទស្សនកិច្ច នៅ​អាមេរិក​​ឡាទីន ដែល​ជា​ធម្មតា ត្រូវ​អាមេរិក​ចាត់ទុក​ថា​ជា​ដែន​ឥទ្ធិពល​របស់​ខ្លួន។

លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន
លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​អាមេរិក​ឡាទីន លោក​ស៊ី ជីនពីង នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចំនួន ៤ គឺ​ គុយបា វ៉េណេស៊ុយអេឡា អាហ្សង់ទីន និង​​ប្រេស៊ីល។ ​​នៅ​​​ប្រេស៊ីល ក្រៅ​ពី​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទ្វេភាគី ​លោក​ស៊ី​ ជីនពីង ក៏​នឹង​ត្រូវ​ចូល​រួម​ផងដែរ​ ​​ក្នុង​ជំនូបកំពូល​រវាង​ប្រមុខដឹកនាំ​​នៃ​ក្រុម​ប្រទេស​​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង ហៅកាត់​ថា BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង)។ នៅទីនោះ លោក​ប្រធានាធិបតី​ចិន​នឹង​ត្រូវ​ជួប​ដោយ​ផ្ទាល់​ជាលើកទី១ ជាមួយ​​លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ដែល​ទើប​នឹង​ជាប់ឆ្នោត​ថ្មី​របស់​ឥណ្ឌា។

បន្ទាប់​មក​ទៀត លោក​ស៊ី ជីនពីង នឹង​ចូលរួម​បើក​វេទិកា​ចិន-អាមេរិក​ឡាទីន ដែល​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់ អំពី​ចំណាប់អារម្មណ៍​របស់​ចិន​ទៅលើ​តំបន់ ដែល​ជាទូទៅ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចាត់ទុក​ជា​ដែន​ឥទ្ធិពល​ផ្តាច់មុខ​របស់​ខ្លួន។

ការណ៍​ដែល​ចិន​ខិតខំ​បង្កើន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ អាច​ជា​ការ​ឆ្លើយតប​មួយ ចំពោះ​អាមេរិក​ដែល​កំពុងតែ​ព្យាយាម​បង្កើន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​អាស៊ី​យ៉ាង​ខ្លាំង​ផងដែរ។

ក្រៅ​ពី​បញ្ហា​ភូមិសាស្រ្ត​នយោបាយ ចិន​ក៏​សំឡឹងឃើញ​ផងដែរ​​នូវ​ផលប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ច ពីព្រោះ​ថា តំបន់​អាមេរិក​ឡាទីន គឺ​ជា​ទីផ្សារ​​មួយ​ប្រកប​ដោយ​សក្តានុពល សម្រាប់​វិស័យ​នាំចេញ​របស់​ចិន។​ យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ចិន កាល​ពីឆ្នាំ​២០១៣​កន្លងទៅនេះ ការដោះដូរ​ពាណិជ្ជកម្ម រវាង​ចិន និង​តំបន់​អាមេរិក​ឡាទីន មាន​ទំហំ​ជាទឹកប្រាក់​រហូតដល់​ទៅ​ជាង ២៦១ពាន់លាន​ដុល្លារ។

ម្យ៉ាងទៀត តំបន់​អាមេរិក​ឡាទីន​នេះក៏​មាន​ប្រទេស​សម្បូរប្រេង ដែល​ចិន​កំពុង​តែត្រូវការ​យ៉ាង​ខ្លាំង​ផងដែរ ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវការ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។ ជាក់ស្តែង ប្រទេស​វ៉េណេស៊ុយអេឡា ដែល​លោក​ស៊ី ជីនពីង ទៅ​បំពេញ​ទស្សនកិច្ច នៅពេលនេះ គឺ​ជា​ប្រទេស​ដែល​នាំប្រេង​ចេញ​ច្រើន​ជាង​គេ​បង្អស់ នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន ហើយ​ជាប់​ចំណាត់ថ្នាក់​លេខ១២ នៅលើ​ពិភពលោក។ កាល​ពីឆ្នាំ​២០១៣​កន្លងទៅនេះ ចិន​បាន​នាំប្រេង​ពី​វេណេស៊ុយអេឡា​គិតជា​មធ្យម​ប្រមាណ​ជាង ៦២ម៉ឺន​ធុង​ក្នុងមួយថ្ងៃៗ ហើយ​ប្រទេស​ទាំងពីរ​គ្រោង​នឹង​បង្កើន​ចំនួន​​ការ​នាំចូល​ប្រេងនេះ​ឲ្យដល់ ១លាន​ធុង​ក្នុងមួយថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ