អានតួអត្ថបទ
ឥណ្ឌូនេស៊ី

ប្រអប់​ខ្មៅ​របស់​យន្តហោះ ​Air Asia​ ត្រូវ​បាន​ស្រង់​ចេញ​ពី​សមុទ្រ​

ប្រអប់​ខ្មៅ សម្រាប់​ថត​ទិន្នន័យ​ជើងហោះហើរ របស់ យន្តហោះ​AirAsia ត្រូវបាន​គេ​ស្រង់​ចេញមក​ហើយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ប្រអប់​ខ្មៅ​ថត​ទិន្នន័យ​ជើងហោះហើរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ប្រអប់​ខ្មៅ ដែល​ថត​រាល់​ទិន្នន័យ​ហោះហើរ​ទាំងអស់​របស់រ​យន្តហោះ ហើយ​អី្វ​ដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​បន្ថែមទៀត​នោះ​គឺ ជា​ប្រអប់​ខ្មៅ សម្រាប់​ថត​សំលេង ក្នុង​បន្ទប់​បើកបរ​យន្តហោះ ឬ​ជា​ភាសា​អង់គ្លេស​ហៅថា ‘’Cockpit voice recorder។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​ក្រុម​ស្វែងរក និង​ជួយសង្គ្រោះ​ជាតិ របស់​ឥណ្ឌូនេស៊ី។

REUTERS/Prasetyo Utomo/Pool
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃ​ចន្ទ​ទី១២មករា​នេះ ឧបករណ៍​ថត​ទិន្នន័យ​ជើងហោះហើរ របស់​យន្តហោះ AirAsia ត្រូវបាន​ក្រុម​អ្នក​មុជទឹក​នៃ​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី​ស្រង់​ចេញពី​បាតសមុទ្រ ជម្រៅ​ប្រមាណ​ជាង ៣០ម៉ែត្រ។ សូមបញ្ជាក់ថា​ឧបករណ៍​ថត​ទិន្នន័យ​ជើងហោះហើរ​នេះ គឺជា​ផ្នែក​មួយ​នៃ​ប្រអប់​ខ្មៅ ដែល​ថត​រាល់​ទិន្នន័យ​ហោះហើរ​ទាំងអស់​របស់​យន្តហោះ។

ការស្វែងរក​ប្រអប់​ខ្មៅ ដែល​បាន​ចំណាយពេល​អស់​រយៈពេល២សប្តាហ៍ ហើយ​ត្រូវ​ជួបប្រទះ​នឹង​ភាព ស្មុគស្មាញ​យ៉ាងច្រើន ដោយសារតែ​ស្ថានភាព​អាកាសធាតុ មិន​អំណោយផល នៅពេលនេះ បានចាប់ផ្តើម​មាន​ពន្លឺ​នៃ​ក្តីសង្ឃឹម​ហើយ។ ក្តីសង្ឃឹម ដោយសារតែ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នករុករក អាច​ស្រង់​បាន​ផ្នែក​មួយ​នៃ​ប្រអប់​ខ្មៅ របស់​យន្តហោះ AirAsia ដែល​បាន​ធ្លាក់ នោះ​គឺ​ឧបករណ៍​សម្រាប់​ថត​ទិន្នន័យ​ជើងហោះហើរ របស់​យន្តហោះ​នេះ។

ការរកឃើញ​នេះ អាច​ផ្ដល់​ពន្លឺ​ខ្លះ​ដល់​ការស្រាវជ្រាវ​ពី​មូលហេតុ​នៃ​ការធ្លាក់​របស់​យន្តហោះ AirAsia នេះ​បាន។ យ៉ាងណាក៏ដោយ ក្រុម​អ្នក​ជ្រមុជ​ទឹក នៅតែ​បន្ត​ប្រតិបត្តិ​ការស្វែងរក​របស់​ខ្លួន​តទៅទៀត នោះ​គឺជា​ឧបករណ៍​ថត​សំលេង​ក្នុង​បន្ទប់​បើកបរ​យន្តហោះ Cockpit Voice Recorder។

គួរ​ជម្រាបជូន​ថា ជាទូទៅ គ្រប់​យន្តហោះ​ដឹក​អ្នកដំណើរ​ទាំងអស់​តែង​តែ​មាន​ប្រអប់​ខ្មៅ​ចំនួន​ពីរ គឺ​ប្រអប់​ខ្មៅ​មួយ សម្រាប់​ថត​សំឡេង នៅក្នុង​បន្ទប់​បើកបរ និង​ប្រអប់​ខ្មៅ​មួយទៀត សម្រាប់​ថត​ទិន្នន័យ​សំខាន់ៗទាក់ទង​នឹង​ការហោះហើរ​របស់​យន្តហោះ។ ប្រអប់​ខ្មៅ​ទាំងពីរ​នេះ ដែល​តាមពិត​មាន​ពណ៌​ទឹកក្រូច គឺជា​ឧបករណ៍​ដ៏​សំខាន់​បំផុត សម្រាប់​ការ​ស៊ើបអង្កេត​រក​ឲ្យ​ឃើញ​នូវ​លក្ខខណ្ឌ និង​មូលហេតុ ដែល​នាំ​ឲ្យ​យន្តហោះ AirAsia ជើងហោះហើរ​លេខ QZ8501ត្រូវ​ធ្លាក់ នៅ​ពាក់​កណ្តាលផ្លូវ ក្នុងពេល​កំពុង​ហោះហើរ​ពី​ឥណ្ឌូណេស៊ី ទៅកាន់​សិង្ហ​បុរី កាលពី​ថ្ងៃអាទិត្យ ទី២៨ធ្នូ ឆ្នាំ២០១៤ កន្លងទៅ។

គិត​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ នៅក្នុង​ប្រតិបត្តិ​ការស្វែងរក​យន្តហោះ ដែលមាន​ការចូលរួម​ពី​សំណាក់​នាវាមុជទឹក​មក​ពី​ប្រទេស​ជាច្រើន រួមមាន​ទាំង​អាមេរិក និង​ចិន​ផង​នោះ គេ​បាន​រកឃើញ និង​ស្រង់​ចេញពី​ទឹក​នូវ​សាកសព​អ្នកដំណើរ​ចំនួន ៤៨នាក់ ក្នុងចំណោម​អ្នកដំណើរ​ទាំង ១៦២នាក់។ មន្ត្រីជាន់ខ្ពស់​ឥណ្ឌូណេស៊ី​បាន​អះអាងថា សាកសព​ភាគច្រើន​ទំនងជា​ជាប់​នៅក្នុង​តួ​យន្តហោះ ដែល​គេ​ទើបនឹង​រកឃើញ​ជាមួយ​ប្រអប់​ខ្មៅ នៅ​ថ្ងៃអាទិត្យ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ