អានតួអត្ថបទ
អាស៊ី

ចាប់​បានសញ្ញា​ប្រអប់​ខ្មៅ​យន្តហោះ AirAsia ១២​ថ្ងៃ​បន្ទាប់​ពី​យន្តហោះ​ធ្លាក់

ចាប់​បាន​ហើយ​សញ្ញា​ប្រអប់​ខ្មៅ​យន្តហោះ AirAsia។ ១២​ថ្ងៃ​បន្ទាប់​ពី​យន្តហោះ​ធ្លាក់ គឺ​នៅ​ថ្ងៃ​សុក្រ​នេះ​តែ​ម្ដង ដែល​ក្រុម​អ្នក​សង្គ្រោះ​និង​រុក​រក ​ចាប់​បាន​សញ្ញា​ប្រអប់​ខ្មៅ​យន្តហោះ AirAsia ជើង​ហោះ​ហើរ QZ8501។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​មន្ដ្រី​ឥណ្ឌូនេស៊ី។ ការ​វិវត្តន៍​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​គេ​មាន​សង្ឃឹម​ជា​ថ្មី​ថា នឹង​អាច​ស្វែង​យល់​ពី​ហេតុផល​ដែល​ធ្វើ​ឲ្យ​យន្តហោះ AirAsia នេះ ជួប​គ្រោះ​អាក្រក់​ធ្លាក់​លិច​ទៅ​ក្នុង​បាត​សមុទ្រដូច្នេះ​។

បំណែក​ខាង​ក្រោយ​​យន្តហោះ​ធ្លាក់​​ដែល​​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ទើប​រកឃើញ​នៅ​សមុទ្រ​ហ្សាវ៉ា​
បំណែក​ខាង​ក្រោយ​​យន្តហោះ​ធ្លាក់​​ដែល​​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ទើប​រកឃើញ​នៅ​សមុទ្រ​ហ្សាវ៉ា​ REUTERS/BASARNAS/Handout
ផ្សាយពាណិជ្ជកម្ម

សញ្ញា Ping នៃ​ប្រអប់​ខ្មៅ​យន្តហោះ AirAsia ទើប​តែ​ត្រូវ​ក្រុម​អ្នក​រុក​រក​ចាប់​បាន​នៅ​ថ្ងៃ​សុក្រ​ទី​៩​មករា​នេះ។ មន្ដ្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ប្រតិបត្តិការ​រុក​រក​និង​ជួយ​សង្គ្រោះ​របស់​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សញ្ញា​របស់​ប្រអប់​ខ្មៅ​យន្តហោះ​នោះ ត្រូវ​គេ​ចាប់​បាន​នៅ​បាត​សមុទ្រ ម្ដុំ​កន្លែង​ដែល​គេ​រក​ឃើញ​កន្ទុយ​យន្តហោះ​។

គួរ​រំលឹក​ថា កន្ទុយ​យន្តហោះ​ដែល​ជា​កន្លែង​ផ្ទុក​ប្រអប់​ខ្មៅ ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​ពុធ ទី​៧​មករា នៅ​ក្នុង​បាត​សមុទ្រ​ដែល​មាន​ជម្រៅ​ដល់​ទៅ​៣០​ម៉ែត្រ​ឯ​ណោះ​​។ តាំង​ពី​ថ្ងៃ​ពុធ​នោះ​មក ក្រុម​អ្នក​រុក​រក​និង​សង្គ្រោះ បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ លើ​កន្ទុយ​យន្តហោះ​ដែល​រក​ឃើញ​នោះ ដោយ​សង្ឃឹម​ថា ប្រអប់​ខ្មៅ​អាច​ស្ថិត​នៅ​ក្នុង​កន្ទុយ​យន្តហោះ​នៅ​ឡើយ​។​ ក៏​ប៉ុន្តែ​នៅ​ក្នុង​កន្ទុយ​យន្តហោះ​នោះ គេ​ចាប់​មិន​បាន​សញ្ញា​របស់​ប្រអប់​ខ្មៅ​ឡើយ​។ ចាប់​សញ្ញា​មិន​បាន​ដូច្នេះ បង្កើត​ជា​សេណារីយ៉ូ​ថ្មី​មួយ​ទៀត​ថា ប្រអប់​ខ្មៅ​ប្រហែល​ជា​អាច​របូត​ពី​កន្ទុយ​យន្តហោះ ជ្រុះទៅ​កន្លែង​ណា​មួយ ពេល​យន្តហោះ​ធ្លាក់​​បែក​បាក់​។

សូម​ជម្រាប​ថា ថ្ងៃ​ទី​៩​មករា​នេះ ត្រូវ​ជា​​ថ្ងៃ​ទី​១២​ហើយ បន្ទាប់​ពី​យន្តហោះ​ធ្លាក់​លិច​ទៅ​ក្នុង​សមុទ្រ​។ ជា​ទូ​ទៅ ប្រអប់​ខ្មៅ​​អាច​បញ្ជូន​សញ្ញា Ping បាន​រហូត​ដល់​ទៅ​៣០​ថ្ងៃ បន្ទាប់​ពី​យន្តហោះ​ធ្លាក់​។ ការ​វិវត្តន៍​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​គេ​មាន​សង្ឃឹម​ជា​ថ្មី​ថា នឹង​អាច​ស្វែង​យល់​ពី​ហេតុផលពិត​ប្រាកដ ​ដែល​ធ្វើ​ឲ្យ​យន្តហោះ AirAsia ជួប​គ្រោះ​អាក្រក់​ដូច្នេះ​។

សេចក្ដី​រាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា បំណែក​យន្តហោះ​មួយ​ចំនួន​ដូច​ជា​កៅអី និង​បង្អួច​ ព្រម​ទាំង​សាកសព​យ៉ាង​ហោច​ណាស់​៤៦​ ត្រូវ​បាន​គេ​ស្រង់​ចេញ​ពី​ទឹក​។ ប៉ុន្តែ​ ប្រតិបត្តិការ​រុក​រក​និង​សង្គ្រោះ បាន​និង​កំពុង​ប្រព្រឹត្ត​ធ្វើ​ទៅ​ដោយ​លំបាក​ជា​ទី​បំផុត ដោយ​សារ​តែ​អាកាសធាតុ​អាក្រក់ មាន​ទាំង​រលក​ធំ​ៗ ព្រម​ទាំង​ខ្យល់​ខ្លាំង​បក់​បោក​ផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ