អានតួអត្ថបទ
ជប៉ុន-ភេរវកម្ម

ក្រុមជីហាត​រដ្ឋអ៊ីស្លាម​គំរាម​សម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​២នាក់

ក្រុមជីហាត​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី បាន​គំរាម​ថា​នឹង​សម្លាប់​​ជនជាតិ​ជប៉ុន ២នាក់ ដែល​ពួកគេ​ចាប់ជា​ចំណាប់​ខ្មាំង ប្រសិនបើ​រដ្ឋាភិបាល​ជប៉ុន​មិន​បង់លុយ​ ២០០លាន​ដុល្លារ​ជា​ថ្នូរ នៅ​ក្នុងរយៈពេល ៧២ម៉ោង។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ប្រកាស​នៅថ្ងៃ​អង្គារ​នេះ​ថា ខ្លួននឹង​មិនធ្វើ​តាម​ការ​ទាមទារ​របស់​ក្រុម​ភេរវជន​នេះ​ជាដាច់ខាត។

លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល ថ្ងៃទី២០ មករា ២០១៥
លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល ថ្ងៃទី២០ មករា ២០១៥ REUTERS/Ammar Awad
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ខ្សែវីដេអូ​ចុះផ្សាយ​តាម​អ៊ីនធ័រនែត គេឃើញ​​ចំណាប់​ខ្មាំង​ជនជាតិ​ជប៉ុន ២នាក់ ក្នុង​សម្លៀក​បំពាក់​​ជា​អ្នក​ទោស​ពណ៌​ទឹកក្រូចអង្គុយ​លុតជង្គង់ ហើយ​នៅ​ក្បែរនោះ​សកម្មជន​ជីហាត​ម្នាក់ស្លៀកពាក់ខ្មៅ បិទមុខជិត ដោយ​មាន​​កាន់កាំបិត​នឹងដៃ បាន​និយាយ​ជា​ភាសា​អង់គ្លេស​ថា រដ្ឋាភិបាល​ជប៉ុន​មាន​ពេល ៧២ម៉ោង ដើម្បី​បង់​លុយ ២០០លាន​ដុល្លារ​ ជាថ្នូរ​លោះជីវិត​ពលរដ្ឋ​ជប៉ុន​ទាំង​ពីររូប។

សកម្មជនជីហាត​​រូបនេះ​ក៏​បាន​បញ្ជាក់ផងដែរ​ថា ការ​ទារលុយ​លោះចំណាប់​ខ្មាំង​នេះ គឺ​ធ្វើឡើង ដើម្បី​តបត​នឹង​ជប៉ុន​ដែល​​ចូលរួម​ផ្តល់​ជំនួយ​ជាលុយ​​ដល់​ប្រតិបត្តិការ​វាយប្រហារ​លើ​​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី។

គួរបញ្ជាក់ថា លោក​ស្ហ៊ីនហ្សូ អាបេ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​តំបន់​ដើមបូព៌ា​បាន​ប្រកាស​សន្យា កាល​ពីថ្ងៃ​សៅរ៍​ថា ជប៉ុន​នឹង​ផ្តល់​ជំនួយ​ចំនួន ២៥០០លាន​ដុល្លារ ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា ព្រមទាំង​ជំនួយ​ជាទឹកប្រាក់​ចំនួន ២០០នលាន​ដុល្លារ​ផ្សេងទៀត​ដល់​បណ្តា​ប្រទេស ដែល​កំពុងប្រយុទ្ធប្រឆាំង​នឹង​ក្រុម​​ជីហាត​រដ្ឋអ៊ីស្លាម។

ថ្លែង​នៅថ្ងៃ​អង្គារ​នេះ ​ពី​ទីក្រុង​ហ្សេរុយសាឡឹម​​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច លោក​ស្ហ៊ីនហ្សូ អាបេ បាន​បរិហារ​ទង្វើ​របស់​ក្រុម​ជីហាត ហើយ​ទាមទារ​ឲ្យ​ដោះលែង​ជា​បន្ទាន់​​នូវ​ចំណាប់​ខ្មាំង​ជប៉ុន​ទាំងពីរ​រូប។

ពី​ទីក្រុង​តូក្យូវិញ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​ថា ជប៉ុន​នឹង​នៅតែ​បន្ត​ប្រកាន់​យក​​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​​ជំហរ​របស់​ខ្លួន គឺ​ចូលរួម​ចំណែក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​ដោយ​មិន​ចុះញ៉ម បើទោះបី​ជា​មាន​ការ​គំរាម​សម្លាប់​ចំណាប់​ខ្មាំង​ដោយ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ក៏ដោយ។

គួររំឭកឡើងវិញ​ថា ចាប់តាំង​ពី​ខែ​សីហា​ឆ្នាំ​២០១៤មក ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​បាន​សម្លាប់​ចំណាប់​ខ្មាំង​លោក​ខាងលិច​ចំនួន ៥រូប​រួចមកហើយ គឺ​ជនជាតិ​អាមេរិក ៣នាក់ និង​ជនជាតិ​អង់គ្លេស ២នាក់។ ក៏ប៉ុន្តែ នេះ​ជាលើកទីមួយ​ហើយ​ ដែល​ក្រុម​ជីហាត​នេះ​គំរាម​សម្លាប់​ចំណាប់​ខ្មាំង​ជនជាតិ​ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ