អានតួអត្ថបទ
អាមេរិក

ជនជាតិ​អាមេរិកាំង​ម្នាក់ទៀត​ត្រូវ​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ប្រហារជីវិត​

ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម នៅថ្ងៃ​អាទិត្យទី ១៦​វិច្ឆិកា ​បាន​បញ្ចេញ​រូបភាព​វីដេអូមួយ​ដែល​បាន​បង្ហាញ​ថា ជនជាតិ​អាមេរិក លោក​Peter Kassig​ត្រូវ​បាន​ក្រុមនេះ​កាត់ករ ប្រហារ​ជីវិត។ Peter Kassig អតីត​ទាហាន​អាមេរិកាំង នៅ​អ៊ីរ៉ាក់ បាន​ប្រែក្លាយ​ខ្លួន​ជា​បុគ្គលិក​របស់​អង្គការ​មនុស្ស​ធម៌ និង​ត្រូវ​បាន​ក្រុមជីហាត​ចាប់ខ្លួន កាលពី​ឆ្នាំ​២០១៣ នៅ​ក្នុង​ទឹកដី​ស៊ីរី។  

Peter Kassig កាលនៅ​ជា​បុគ្គលិក​របស់​ក្រុមជំនួយមនុស្ស​ធម៌ក្នុង​ប្រទេស​ស៊ីរី​
Peter Kassig កាលនៅ​ជា​បុគ្គលិក​របស់​ក្រុមជំនួយមនុស្ស​ធម៌ក្នុង​ប្រទេស​ស៊ីរី​ DR
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​វីដេអូ​ចេញផ្សាយ​តាម​អ៊ីនធ័នេត ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​បាន​អះអាង​​ថា ខ្លួន​បាន​ប្រហារជីវិត​ចំណាប់ជនជាតិ​អាមេរិកាំង ម្នាក់ទៀត។ ខុសពីរូបភាព​វីដេអូ​មុនៗ ដែល​បាន​បង្ហាញ​សកម្មភាព​កាត់ករ​ចំណាប់ខ្មាំង រូបភាព​វីដេអូ​ដែល​ក្រុមជីហាត​បញ្ចេញ​ឲ្យ​ឃើញ​នៅថ្ងៃ​អាទិត្យ នេះ បាន​បង្ហាញ​ពេជ្ឈឃាត រុំ​បិទ​មុខ​ម្នាក់ឈរ ដាក់ជើង ក្បែរ​ក្បាល​​ជនរងគ្រោះ ដែល​ស្រោចស្រព​ទៅដោយ​ឈាម។ នៅក្នុង​សំឡេង​និយាយ​ជា​ជនជាតិ​អង់គ្លេស ពេជ្ឈឃាត​បិទមុខ​អះអាង​ថា ក្បាល​នៅលើ​ដី ជា​ក្បាល​របស់ជនជាតិ​អាមេរិកាំង ​លោក​Peter Kassig។

​​
លោក​Peter Kassig អាយុ​ត្រឹម២៦​ឆ្នាំ ជា​ប្រជាជនប្រទេស​លោកខាងលិច​ទី​៥ ដែល​ត្រូវ​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ប្រហារជីវិត ចាប់តាំងពី​ពួកនេះ​បាន​ប្រកាស​រដ្ឋអ៊ីស្លាម នៅលើ​ទឹកដី​​ភាគច្រើន​របស់​ស៊ីរី និង​អ៊ីរ៉ាក់។ កាលពី​ខែ​តុលា​កន្លងទៅ ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​បាន​បញ្ចេញ​​​វីដេអូបង្ហាញ​ការ​ប្រហារជីវិតទៅលើ​​លោក​Alan Henning ជនជាតិ​អង់គ្លេស​ធ្វើការ​ផ្នែក​មនុស្ស​ធម៌​នៅ ស៊ីរី។ នៅចុង​កន្ទុយវីដេអូ​កាលណោះ ក្រុមជីហាត​ធ្លាប់​បាន​គំរាម​កាត់ករ​Peter Kassig ដើម្បី​សងសឹក​នឹង​សហរដ្ឋអាមេរិក។ ហើយ ក្នុង​រូបភាព​វីដេអូ​របស់ក្រុមជីហាតនៅថ្ងៃ​នេះ គេឃើញ​ផងដែរ​ការប្រហារ​​ជីវិត​ទៅលើ​ទាហាន​ស៊ីរី​ដទៃ ដែល​ពួកជីហាត​​ចាប់ខ្លួន​បាន​។

​​Peter Kassig ធ្លាប់​ធ្វើ​ជា​ទាហាន​បាន​ប៉ុន្មាន​ខែ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ប៉ុន្តែ ដោយសារ​បញ្ហា​សុខភាព Peter Kassig​បាន​ផ្លាស់​ចេញ​ពី​អង្គភាព និង​បាន​ប្តូរ​ជំនាញ​ទៅ​ជា​អ្នក​ជួយ​សង្រ្គោះ​​​បន្ទាន់។ យុវជនរូបនេះ​ទៅធ្វើជា​ជំនួយការ​របស់​ក្រុមមនុស្ស​ធម៌ នៅក្នុង​ប្រទេស​លីបង់​សម្រាប់​ជនភៀសខ្លួន ស៊ីរី។ នៅឆ្នាំ ២០១៣ Peter Kassig ត្រូវ​ក្រុមជីហាត​ចាប់ខ្លួន នៅ​ភាគខាងកើត​ស៊ីរី។ អាជ្ញាធរ​អាមេរិក និង​ឪពុកម្តាយ​របស់​ Peter Kassig​បាន​លាក់​ដំណឹងនេះអស់​ជាង​មួយឆ្នាំ និង​ទើប​តែ​បញ្ចេញ​ឲ្យ​ដឹង បន្ទាប់ពី​វីដេអូ​របស់​ក្រុមជីហាត​កាលពី​ខែ​តុលា បាន​បង្ហាញ​ថា Peter Kassigពិតជាត្រូវ​ក្រុមនេះ​ចាប់ជា​ចំណាប់ខ្មាំងមែន។

នាយករដ្ឋមន្រ្តី បារាំង និង​អង់គ្លេស បាន​ប្រតិកម្ម​ភ្លាមៗ មុន​ប្រធានាធិបតី​អាមេរិកា កាលពីថ្ងៃ​អាទិត្យ ក្រោយ​ពី​បាន​ដំណឹង​ប្រហារ​ជីវិត​ជនជាតិ​អាមេរិកាំង។ លោកប្រធានាធិបតី​បារាំង​អះអាងថា ការប្រហារជីវិត​ទៅលើ​ជនបរទេស​រឹតតែ​ធ្វើ​ឲ្យ​បារាំង​មាន​ឆន្ទះ ចង់​ទៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជីហាត​កាន់​តែខ្លាំង។

ការបញ្ចេញ​វីដេអូរបស់​ក្រុមជីហាត ដែល​បង្ហាញ​ការប្រហារជីវិត​ចំណាប់ខ្មាំង​អាមេរិកាំង ធ្វើនៅឡើង​នៅជួន​ចំពេល​ដែល​ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់​អូបាម៉ា​បាន​ថ្លែង ប្តេជ្ញា​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាតនៃអង្គការ​រដ្ឋអ៊ីស្លាម។ តាំងពី​ប្រទេស​អូស្រ្តាលី ប្រធានាធិបតី​អាមេរិក​បាន​បដិសេធ​ មិន​ចង​សម្ព័ន្ធភាព​ជាមួយ​ប្រធានាធិបតី​ស៊ីរី​ដើម្បី​រួមគ្នាប្រឆាំង​នឹង​សត្រូវរួម គឺក្រុមជីហាត។ សម្រាប់ប្រធានាធិបតី​អាមេរិក លោក​បាស្ហា អាល់អាសាដ អស់​មាន​​ភាពស្របច្បាប់​ជា​ប្រធានាធិបតីស៊ីរី ហើយ​ការចងសម្ព័ន្ធភាព​ជាមួយ​លោក​បាស្ហា អាល់អាសាដ​នឹង​ធ្វើ​ឲ្យ​សម្ព័ន្ធ​អន្តរជាតិដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ពួកជីហាត ចុះខ្សោយកម្លាំង​ទៅវិញទេ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ