អានតួអត្ថបទ
បារាំង-ជប៉ុន

​ដៃគូ​ពិសេសជប៉ុន​និង​បារាំងចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​វិស័យយោធា

នៅ​ថ្ងៃសុក្រ​ទី ១៣​មីនា ២០១៥​នេះ ប្រទេស​បារាំង និង​ជប៉ុន បាន​បោះ​ជំហាន​រួម​គ្នា ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ពិសេស ដោយ​បាន​ចុះ​ហត្ថលេខា​ នៅ​ទី​ក្រុង​តូក្យូ​ លើ​កិច្ចព្រមព្រៀង​ អភិវឌ្ឍន៍​រួម​គ្នា​ វិស័យ​ការពារ​ជាតិ បន្ថែម​ពីលើ​​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នយោបាយ​ការទូត​ប្រឆាំង​នឹង​ភេរវនិយម។ ជាជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​និង​ការពារជាតិរបស់​បារាំង​និង​ជប៉ុន ឬ​ហៅ​ថា​ជំនួប​២ បូក ២។

ពី​ឆ្វេង​ទៅ​ស្តាំ ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ និង រដ្ឋមន្ត្រី​ការបរទេស​​បារាំង រដ្ឋមន្ត្រីការបរទេសជប៉ុន​លោក ​Fumio Kishida  និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក Gen Nakatani
ពី​ឆ្វេង​ទៅ​ស្តាំ ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ និង រដ្ឋមន្ត្រី​ការបរទេស​​បារាំង រដ្ឋមន្ត្រីការបរទេសជប៉ុន​លោក ​Fumio Kishida និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក Gen Nakatani © Reuters
ផ្សាយពាណិជ្ជកម្ម

កិច្ច​សហប្រតិបត្តិការ​​​ជា​ច្រើនផ្នែក ត្រូវ​បាន​អនុម័ត​នាឱកាស​​​ជំនួប​២បូក​២ ដែល​​ជា​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស លោក Laurent Fabius និង​ការពារ​ជាតិ​បារាំង​លោក Jean-Yves Le Drian​ជាមួយ​សមភាគីជប៉ុន​លោក ​Fumio Kishida និង​លោក Gen Nakatani។ ជប៉ុន​ជា​ប្រទេស​នៅ​តំបន់​អាស៊ី​តែមួយ​គត់ ដែល​មាន​ទំនាក់ទំនង​លំដាប់​នេះ​ជាមួយ​បារាំង។ នេះ​បើ​តាម​គូស​បញ្ជាក់​របស់​លោក​ប្រមុខ​ការ​ទូតបារាំង ឡូរ៉ង់ ហ្វាប្យ៊ូស។ ប៉ុន្តែ​សម្រាប់​ជប៉ុន​វិញ ជប៉ុន​ធ្លាប់​មាន​កិច្ចព្រមព្រៀង​ប្រភេទ​នេះ​ជាមួយ​បី​ប្រទេស​ផ្សេង​ទៀត គឺ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​អូស្ត្រាលី។

 
លទ្ធផល​ដ៏​សំខាន់​នៃ​ជំនួប​ពីរ​បូក​ពីរ​ថ្ងៃ​សុក្រ​នេះ គឺ​ការ​ចុះ​ហត្ថលេខា​លើក​កិច្ច​ព្រមព្រៀង​អន្តរ​រដ្ឋាភិបាល​ ស្តី​ពី​ការ​ផ្ទេរ​សម្ភារៈ​បិរក្ខា និង​បច្ចេកវិទ្យា​យោធា ឱ្យគ្នា​ទៅ​វិញ​ទៅ​មក​។ ជាការ​បោះ​ជំហាន​ទៅ​មុខ​គួរ​ឱ្យ​កត់​សម្គាល់ ព្រោះ​ ​កិច្ចព្រមព្រៀង​នេះ ក៏​ជា​បើក​ផ្លូវ​ឱ្យ​បារាំង​និង​ជប៉ុន ​មាន​ទស្សនវិស័យ​លើ​គម្រោង​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា ប្រព័ន្ធ​យន្តហោះ​គ្មាន​មនុស្ស​បើក Drone ឧទ្ធម្ភាគចក្រ និង​អវកាស។

បារាំង​បាន​សម្តែង​ការ​គាំទ្រ​នយោបាយ​សន្តិនិយម​​សកម្ម​របស់​ជប៉ុន និង​គាំទ្រ​វត្តមាន​ជប៉ុន​ក្នុង​ដំណោះស្រាយ​ផ្សេង​ៗ​នៅ​ពិភពលោក ដើម្បីសន្តិភាព ក្នុង​ន័យ​នេះ​បារាំង​និង​ជប៉ុន​បាន​សម្រេច​ចែក​ចាយ​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ឱ្យ​គ្នា​ ដើម្បី​​ប្រឈម​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម​។ ការ​ផ្តោះ​ប្តូរ​ ក៏នឹង​ត្រូវ​បង្កើន​​ក្នុង​វិបត្តិអន្តរជាតិ​ ដូច​ជា​វិបត្តិ​នៅ​អ៊ីរ៉ាក់ ស៊ីរី និង​អ៊ីរ៉ង់ ... សម្រាប់​ឥស្សរជន​ទាំង​បួន ​ ​វិបត្តិ​អ៊ុយក្រែន​ត្រូវ​តែ​ដោះស្រាយ​ដោយ​គោរព​អធិបតេយ្យភាព​និង​​បូរណភាព​ប្រទេសនោះ​​។ តូក្យូ​និង​ប៉ារីសនឹង​​បង្កើន​ការ​ផ្តោះប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​ទ្វីប​អាហ្វ្រិក។ ជប៉ុន​ចង់​រៀន​ពី​បារាំង​ដើម្បី​បាន​ស្គាល់​អាហ្វ្រិក​​ឱ្យ​បាន​ច្រើន​ជាមុន។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​តំណាង​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ