អានតួអត្ថបទ
ហុងកុង

ហុងកុង​បង្ហាញ​ផែនការកំណែទម្រង់​​បោះឆ្នោត​ ដោយ​មិន​ខ្វល់​ពី​អ្នក​ប្រជាធិបតេយ្យ

រដ្ឋាភិបាល​ហុងកុង បាន​បង្ហើប​បង្ហាញ​នៅ​ថ្ងៃពុធ​នេះ អំពី​ផែនទី​ចង្អុល​ផ្លូវ​ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រមុខ​ដឹកនាំ​ហុងកុង​ ឆ្នាំ​២០១៧ នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សភា។ ប៉ុន្តែ​ជា​កំណែទម្រង់​បោះឆ្នោត​សកល​ បែប​ចិន​ប៉េកាំង​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​ នាំ​គ្នា​ងើប​ដើរ​ចេញ​ពី​តុ​ប្រជុំ​ ដើម្បី​សម្តែង​ការ​ប្រឆាំង។

លោកស្រី Carrie Lamបង្ហាញ​ផែនការ​កំណែទម្រង់​បោះឆ្នោត ដែល​មិន​ខ្វល់​នឹង​ការ​ទាមទារ​របស់​អ្នក​ប្រជាធិបតេយ្យ
លោកស្រី Carrie Lamបង្ហាញ​ផែនការ​កំណែទម្រង់​បោះឆ្នោត ដែល​មិន​ខ្វល់​នឹង​ការ​ទាមទារ​របស់​អ្នក​ប្រជាធិបតេយ្យ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខសភា លោកស្រី ការី ឡាំ (Carrie Lam) ប្រមុខ​ដឹកនាំ​លំដាប់​ទីពីរ​របស់​ហុង​កុង បាន​បង្ហាញ​ ផែនការ​​ធ្វើ​កំណែទម្រង់​បោះឆ្នោតជ្រើសរើស​អភិបាល​ក្រុង​ហុងកុង​ ថា​ជា​ការ​បោះឆ្នោត​ ដោយ​សេរី​និង​ដោយ​​សកល​។ នៅ​ឆ្នាំ​២០១៧​ ពលរដ្ឋ​ហុង​កុង​​ ជា​ម្ចាស់​ឆ្នោត​ អាច​បញ្ចេញ​សំឡេង​ ជ្រើស​តាំង​ ប្រមុខ​ដឹកនាំ​របស់​ខ្លួនបាន។

 

បើ​តាម​លោកស្រី​ឡាំ​ដដែល ការ​បោះឆ្នោត​នឹង​​ប្រព្រឹត្តទៅ​​ ដោយ​ឈរ​លើ​​​គោលការណ៍  “សំឡេង​មួយ​ឆ្នោត​មួយ” ដែល​សភាប្រជាជន​​ចិន អ្នក​​គ្រប់គ្រង​ការ​បោះឆ្នោត​​របស់​បក្ស​កុម្មុយនិស្ត​ចិន ​បាន​អនុម័ត​កំណត់​ឡើង​ កាលពី​ខែ​សីហា ២០១៤។ មិន​តែ​ប៉ុណ្ណោះ​ សំណើ​ច្បាប់​បោះឆ្នោត​នេះ ​បាន​តាក់តែង​ឡើងដោយ​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ច្បាប់​ជា​មូលដ្ឋាន​គ្រឹះ​របស់​ហុងកុង​ផង និង​ដោយ​គោរព​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​ក្រុង​ប៉េកាំង​ផង។ ដូច្នេះ​គ្រប់​បក្ស គ្រប់​សហគមន៍​ពិត​ជា​អាច​បញ្ចេញ​​មតិ​របស់ខ្លួន​បាន​ពេញ​​លេញ។ នេះ​បើ​តាម​ការ​ធានា​អះអាង​របស់​លោក​ស្រី​ ការី ឡាំ។

ប៉ុន្តែ​ ​មាន​បេក្ខជន តែ​ពីរ​នាក់ ឬ​​​យ៉ាង​ច្រើន​បំផុត​បីនាក់​​ប៉ុណ្ណោះ ​ ដែល​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត។ ហើយ​បេក្ខជន​ទាំង​អស់​​នោះ​​ត្រូវ​ជ្រើសរើស​ដោយ​​គណៈកម្មាធិការ​​មួយ​ដែល​មាន​សមាជិកសរុប​ ១២០០​នាក់។ ល្បាយ​សមាសភាគ​របស់​គណៈកម្មាធិការ​នេះ​ មាន​ទម្រង់​ដូច​ជា​គណៈកម្មាធិការមុន​ដែល​មាន​សមត្ថកិច្ច​​​ជ្រើសតាំង​​​​អភិបាលក្រុង​ និង​ដែល​សុទ្ធ​សឹង​ជា​មនុស្ស​របស់​​ក្រុង​ប៉េកាំង​។

សម្រាប់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ ​ជ្រើសរើសបេក្ខជន​ឱ្យ​ឈរ​ឈ្មោះ​​ គឺការ​បោះឆ្នោត​ឱ្យ​​មនុស្ស​​របស់​ប៉េកាំង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​តំណាង​រាស្ត្រ​​បក្ស​ស៊ីវិល​ ដែល​ជា​អ្នក​ប្រជាធិបតេយ្យ បាន​នាំ​គ្នា​ដើរ​ចេញ​ពី​សភា ដើម្បី​បរិហារ​ទង្វើ​របស់​រដ្ឋាភិបាល​ហុងកុង និង​បាន​សន្យា​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​សំណើ​ច្បាប់​នេះ​ ព្រមទាំង​ស្នើ​ទៅ​កាន់​មតិ​សាធារណៈ​ហុងកុង​ឱ្យ​បន្ត​ទាមទារ​ការ​បោះឆ្នោត​ដោយ​សេរីនិង​សកល​ពិតៗ។ ដើម្បី​បុព្វហេតុ​បោះឆ្នោត​ជ្រើសរើស​ប្រមុខ​ដឹកនាំ​ដោយ​​គ្មាន​ការជ្រៀត​ជ្រែក​ពី​ប៉េកាំងក្រុម​អ្នក​ប្រជាធិបតេយ្យរាប់​សិប​ពាន់​ធ្លាប់​បាន​ចុះ​ថ្នល់​ ធ្វើ​បាតុកម្ម​​ បិទ​ខ្ទប់​សង្កាត់​កណ្តាល​ក្រុង​ អស់​ជា​ច្រើន​ខែ​ មុន​នឹង​ត្រូវ​អាជ្ញាធរ​គាស់​រំលើង​ចេញ​នៅ​ខែ​ធ្នូ​ចុង​​ឆ្នាំ២០១៤​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ