អានតួអត្ថបទ

អាកាសធាតុ​ក្តៅ​ខ្លាំង​សម្លាប់​មនុស្ស​កាន់​តែ​ច្រើនឡើងៗ​នៅ​ប៉ាគីស្ថាន

បន្ទាប់​ពី​ប្រទេស​ឥណ្ឌា ដល់​វេន​ប្រទេស​ប៉ាគីស្ថាន​ម្តង​ដែល​រងគ្រោះ​ព្រោះ​អាកាសធាតុ​ក្តៅ​​ខ្លាំង។ ​បើ​តាម​តួលេខ​របស់​អាជ្ញាធរ​​មូលដ្ឋាន នៅ​ភាគ​ខាង​ត្បូង​ប្រទេស មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៤៥០​នាក់ ក្នុង​រយៈ​ពេល​​​បី​ថ្ងៃចុង​ក្រោយ​នេះ។ អ្វី​ជា​ការកត់​សម្គាល់​ខ្លាំង ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ទ្វេដង បើ​ប្រៀប​ទៅ​នឹង​​នៅ​ថ្ងៃ​ម្សិលមិញ។

សាក​សព​មនុស្ស​ស្លាប់​ ដោយ​អាកាសធាតុ​ក្តៅ​ខ្លាំង នៅក្រុង​ការ៉ាហ្ស៊ី
សាក​សព​មនុស្ស​ស្លាប់​ ដោយ​អាកាសធាតុ​ក្តៅ​ខ្លាំង នៅក្រុង​ការ៉ាហ្ស៊ី © Reuters
ផ្សាយពាណិជ្ជកម្ម

សីតុណ្ហភាព​បាន​ឡើង​ដល់​៤៥​អង្សារ ​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង និង​ថប់ខ្យល់ បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​ជាង​៤៥០​នាក់​ ភាគ​ច្រើន​ជា​ប្រជាជនរស់​នៅ​ក្នុង​ក្រុង​ការ៉ាហ្ស៊ី ក្រុង​សេដ្ឋកិច្ច​ដ៏​សំខាន់​ ​របស់​ប៉ាគីស្ថាន ដែល​មាន​ពលរដ្ឋ​សរុប​ជាង​២០​លាន​នាក់។

 
តាំង​ពី​ថ្ងៃ​ម្សិលមិញ​មក អាជ្ញាធរ​ថ្នាក់​ជាតិ​ តាម​រយៈ​រដ្ឋាភិបាល បាន​ស្នើ​សុំ​ជំនួយ​ពី​យោធា និង​ពី​កង​កម្លាំង​យុទ្ធជន​កង​រក្សា​ស្ម័គ្រ Rangers ឱ្យ​មក​ជួយ​សង្គ្រោះ​ជន​រងគ្រោះ។ ចំណែក​រដ្ឋាភិបាល​ខេត្ត​ផ្ទាល់​តែ​ម្តង​វិញ បាន​ចេញ​ក្រិត្យ​ប្រកាស​ភាព​អាសន្ន​នៅ​តាម​គ្រប់​មន្ទីរ​ពេទ្យ កោះ​ហៅ​វេជ្ជបណ្ឌិត ដែល​កំពុង​សម្រាក​វិស្សមកាល ឱ្យ​មកធ្វើ​ការ​វិញ​ទាំង​អស់ ព្រមទាំង​បង្កើន​ចំនួន​ថ្នាំ​បំរុង​ក្នុង​ឃ្លាំង។

អាកាសធាតុ​ក្តៅ​ហួតហែង​មរណៈ​នេះ  កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ដោយ​ហេតុ​តែ​​មាន​បញ្ហា​ចរន្ត​អគ្គិសនី។ ភ្លើង​ដាច់​កាន់​តែ​ញយ​ឡើងៗ ស្ទើរ​តែ​ជា​រៀង​រាល់​ថ្ងៃ បង្ក​ឱ្យ​ការ​បូម​ទឹក​យក​ប្រើប្រាស់​ ត្រូវ​រអាក់រអួល​ខ្វះ​ទឹក​បរិភោគ។

​អត្រា​មរណៈ​​ខ្ពស់​ព្រោះ​អាកាសធាតុ​ក្តៅ​ខ្លាំង នៅ​ប៉ាគីស្ថាន​នេះ បាន​កើត​ឡើង​តែ​ប្រមាណ​មួយ​ខែ​ក្រោយ​ប្រទេស​ឥណ្ឌា ដែលបាន​ស្គាល់​​រលក​កម្តៅ​ជា​ប្រវត្តិសាស្ត្រ សម្លាប់​មនុស្ស​អស់​ជាង​ពីរពាន់​នាក់ កាលពី​ខែ​ឧសភា​មុន។ ម្យ៉ាង​​ទៀត អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ បាន​ធ្លាក់​មក​ជួន​ចំពេល​បណ្តា​ជន​ប៉ាគីស្ថាន​ភាគ​ច្រើន​ជា​អ្នក​សាសនាអ៊ីស្លាម ទើប​ចាប់​ផ្តើម​ប្រារព្ធ​ពិធី​តម​អាហារ​ មិន​បរិភោគ​អាហារ​ និង​ទឹក នៅ​ពេល​ថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ