អានតួអត្ថបទ
ឥណ្ឌា

ខ្យល់​ក្តៅ​សម្លាប់​មនុស្ស​ជាង ៨០០​នាក់ នៅ​ឥណ្ឌា

តែ​​ក្នុង​មួយ​សប្តាហ៍ អាកាសធាតុ​ក្តៅ​ខ្លាំង បាន​សម្លាប់​មនុស្ស ជាង ៨០០​នាក់ នៅ​ប្រទេស​ឥណ្ឌា។ ទីភ្នាក់ងារ​ព្យាករណ៍​ឧតុនិយមឥណ្ឌា បាន​បង្ហាញ​ថា ធាតុ​អាកាសក្តៅ នឹង​មិន​ថមថយ​ឥទ្ធិពល​របស់ខ្លួន ហើយ​កំដៅ នៅថ្ងៃ​ពុធទី ២៧​ឧសភា នឹង​ឡើង​ដល់​៤៥​អង្សារសេ។ អាជ្ញាធរ​របស់​រដ្ឋ​ដែល​ប៉ះពាល់​ដោយ​រលក​កំដៅ នៅ ឥណ្ឌា​បាន​ចាត់វិធានការ​ជួយសង្រ្គោះ​បន្ទាន់ ក៏ដូចជា​ណែនាំ​ឲ្យ​ប្រជាជន​ឲ្យ​ស្ថិតនៅ​ក្រោម​ម្លប់ និង​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ទប់ទល់​នឹង​ការអស់ទឹក​ពីខ្លួន។

បុរស​ឥណ្ឌា​មុជទឹក​មុន​នឹង​ចេញ​ទៅ​ធ្វើការ
បុរស​ឥណ្ឌា​មុជទឹក​មុន​នឹង​ចេញ​ទៅ​ធ្វើការ ©REUTERS/Amit Dave
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ឧតុនិយម​ឥណ្ឌា​បាន​ទាញ​សញ្ញា​ប្រកាស​អាសន្ន ព្រោះថា ធាតុ​អាកាស​ក្តៅ​ដែល​ឥណ្ឌា ជួប​ប៉ុន្មាន​ថ្ងៃ​មកហើយ នឹង​មិន​បន្ថយ​ឥទ្ធិពល​របស់ខ្លួនទេ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ នៅ​ថ្ងៃ​ពុធ គេ​ព្យាករថា ធាតុ​អាកាស​ក្តៅ​ខ្លាំង​នឹងឡើង​ដល់ ៤៥​អង្សារសេ។ តួលេខ​ចុងក្រោយ​បាន​បង្ហាញថា នៅ​ទូទាំង​ប្រទេស អាកាសធាតុ​ក្តៅ​ខ្លាំង បាន​សម្លាប់​មនុស្ស​ជាង ៨០០​នាក់ នៅ​ក្នុងពេល​តែ​មួយ​សប្តាហ៍។ ស្ថិតនៅ​ភាគខាងត្បូង​ឥណ្ឌា រដ្ឋ​អ៊ីនដ្រា ប្រាដេស ដែលមាន​កម្រិត​សីតុណ្ហភាព​ឡើង ដល់ ៤៧​អង្សារសេ កាលពី​ថ្ងៃ​ចន្ទ រងគ្រោះ​ខ្លាំង​ជាងគេ។ ធាតុអាកាស​ក្តៅ ខ្លាំង នៅ​រដ្ឋនេះ បាន​សម្លាប់​មនុស្ស​ជាង ៥០០​នាក់។

 
ជារៀងរាល់​ឆ្នាំ ឥណ្ឌា​រងគ្រោះ​ដោយសារ​អាកាសធាតុ​ក្តៅខ្លាំង។ នៅ​ឥណ្ឌា ធាតុអាកាស​ចាប់​ផ្តើម​ក្តៅ​ខ្លាំង នៅ​រដូវ​ក្តៅ។ តាម​អ្នកជំនាញ​ឧតុនិយម នៅ​ឆ្នាំនេះ ធាតុអាកាសក្តៅ​ខ្លាំង កើត​ឡើង ​មុន​កាលកំណត់ និង​ដោយសារ​តែ​ខ្វះ​ទឹកភ្លៀង។ ក្នុង​មួយឆ្នាំៗ អាកាសធាតុ​ក្តៅខ្លាំង​សម្លាប់​ប្រជាជន​ឥណ្ឌា ជា​ច្រើន​ពាន់​នាក់ ដែល​ភាគច្រើន ជា​អ្នកក្រីក្រ និង​អ្នកដែល​ធ្វើការ​នៅ​តាម​ទីវាល ក្រោម​កំដៅថ្ងៃ ដូចជា​កសិករ ឬ​អ្នកធាក់រឺម៉ក នៅ​តាម​ទីក្រុង ជាដើម។ មនុស្ស​ភាគច្រើន​ស្លាប់ ដោយសារ​តែ​បាត់បង់​ទឹក​អស់​ពី​ខ្លួន។

ប្រឈមមុខ​នឹង​គ្រោះ​ធម្មជាតិ  អាជ្ញាធរ​របស់​រដ្ឋ​នីមួយៗ​ដែល​រងគ្រោះ ដោយ​អាកាសធាតុ​ក្តៅ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ លើក​ទឹកចិត្ត ឲ្យ​មនុស្ស​ស្ថិតនៅ​ក្នុង​ម្លប់ ឬ ពាក់មួក នៅពេល​ដើរ​ចេញក្រៅ និង​ត្រូវ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន។

យោងតាម​កាសែត ស្រុក​ឥណ្ឌា ទឹកដី​មួយភាគធំ​របស់​ឥណ្ឌា រួម​ទាំង​រដ្ឋធានី ញូវដេលី រងគ្រោះ​ដោយ​រលក​កំដៅ។ តាមការព្យាករណ​របស់​អ្នកឧតុនិយម ធាតុអាកាស​ក្តៅ នឹង​មិន​បន្ថយ​អានុភាព​របស់ខ្លួនទេ រហូត​ដល់​ចុង​ខែ ឧសភា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ