អានតួអត្ថបទ

បាញ់​ទម្លាក់​ដ្រូន​ស៊ើបការណ៍​​ហើយ​ ប៉ាគីស្ថាន​កោះ​ហៅ​ទូតឥណ្ឌាទៅ​ព្រមាន​ទៀត

ទំនាក់ទំនង​ប៉ាគីស្ថាន-ឥណ្ឌា អាច​នឹង​ឡើង​កំដៅ​ខ្លាំង​ជា​ថ្មី ! នៅ​ថ្ងៃព្រហស្បតិ៍​នេះ ប៉ាគីស្ថាន​បាន​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​ការ​ទូត​ឥណ្ឌា ឱ្យ​ចូល​ជួប បន្ទាប់​ពី​ក្រុង​អ៊ីស្លាម៉ាបាដ បាន​បាញ់​កម្ចាត់​​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន ស៊ើបការណ៍ ឥណ្ឌា ហោះ​ឆ្លង​ព្រំដែន​​របស់​ខ្លួន។ ព្រំដែន​ដែល​កំពុង​មាន​ការ​បាញ់​តប​ត​គ្នា​ទៅ​វិញ ទៅ​មក បង្ក​ឱ្យ​ស្លាប់​​៥​នាក់។ នេះ​បើតាម​អាជ្ញាធរ។

ការ​វាយប្រហារ​លើមូលដ្ឋាន​ទ័ព​ឥណ្ឌា នៅ​​តំបន់​កាស្មៀ ​ខែ​ធ្នូ ២០១៤
ការ​វាយប្រហារ​លើមូលដ្ឋាន​ទ័ព​ឥណ្ឌា នៅ​​តំបន់​កាស្មៀ ​ខែ​ធ្នូ ២០១៤ REUTERS/Danish Ismail
ផ្សាយពាណិជ្ជកម្ម

រឿង​អាស្រូវ​ថ្មី និង​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​ជា​ថ្មី នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ជិត​ខាង​ជា​គូ​សត្រូវ​នឹង​គ្នា​នេះ បាន​ផ្ទុះ​ឡើង​តែ​ប៉ុន្មាន​ប៉ុណ្ណោះ ក្រោយ​ជំនួប​ដ៏​កម្រ នៅ​ប្រទេស​រុស្ស៊ី ​រវាង​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន ណាវ៉ា ស្ហារីហ្វ និង​សមភាគី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។ លោក ម៉ូឌី បាន​ព្រមព្រៀង​ធ្វើ​ដំណើរ​ជា​លើក​ទី​មួយ​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន នៅ​ឆ្នាំក្រោយ។

 

ប៉ុន្តែ​នៅ​យប់​ជ្រៅ​ យប់​មិញ យោធាប៉ាគីស្ថាន បាន​ប្រកាស​បាញ់​ទម្លាក់​ដ្រូន ស៊ើបការណ៍​របស់​ឥណ្ឌា ដែល​បាន​ហោះ​ឆ្លង​ចូល​តំបន់​កាស្មៀ​ប៉ាគីស្ថាន។ តំបន់​ដែល​មហាអំណាច​នុយក្លេអ៊ែរ​នៅ​អាស៊ី​ទាំងពីរ​​មាន​ជម្លោះ​នឹង​គ្នា​រាប់​សិប​ឆ្នាំមក​ហើយ។

ដ្រូន​ស៊ើបការណ៍​នេះ មាន​បេសកកម្ម​ថត​រូប​ ដែន​ដី​ជាប់​ជម្លោះ។ ប៉ុន្តែ​អាជ្ញាធរ​ឥណ្ឌា​បាន​បដិសេធ​ ថា​គ្មាន​បាត់​ដ្រូន ឬ​មាន​ដ្រូន​ណា​ត្រូវ​គេ​បាញ់​ទម្លាក់​ឡើយ។ ទោះ​ជា​យ៉ាងដូច្នេះ​ក៏​ប៉ាគីស្ថាន​នៅ​តែ​មិន​សុខ​ចិត្ត និង​បាន​កោះ​ហៅ​តំណាង​ជាន់​ខ្ពស់​ឥណ្ឌា​ប្រចាំ​​ក្រុង​អ៊ីស្លាម៉ាបាដ​​ យក​ទៅ​ព្រមាន​អំពី​ការ​រំលោភ​ច្បាប់​អន្តរជាតិ និង​បូរណភាព​ដែនដី​ដែល​ប្រទេស​ទាំង​ពី​រ​បាន​ព្រមព្រៀង​គ្នា។

តំបន់​កាស្មៀ​ ដែល​ធ្លាប់​ជា​ដើម​ហេតុ​នៃ​សង្គ្រាម​ឥណ្ឌា​-ប៉ាគីស្ថាន​ ដល់​ទៅពីរលើកធំៗ ក៏​មាន​សកម្មភាព​ហិង្សា​កម្រើក​ឡើង​វិញ​ដែរ​ នៅ​ល្ងាច​មិញ ដោយ​មាន​ការ​បាញ់​កាំភ្លើង​ត្បាល់​ដាក់​គ្នា​ បង្ក​ឱ្យ​ជនស៊ីវិល​ប៉ាគីស្ថាន​បួន​នាក់​ស្លាប់​ និង​ជនស៊ីវិល​ឥណ្ឌា​ម្នាក់​ស្លាប់។ សំណុំ​រឿង​ដ្រូន ក៏​ដូច​កាស្មៀ ជា​ប្រធានបទ​ដែល​មិន​អាច​ប៉ះបាន​ទេ​នៅ​ប៉ាគីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ