អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ជនស៊ីវិល​រាប់ពាន់​នាក់​រត់​ភៀសខ្លួន​ពី​ការ​វាយប្រយុទ្ធគ្នា​នៅ​កាស្មៀរ

មនុស្ស​យ៉ាងតិច ៥នាក់​ ត្រូវ​បាត់បង់​ជីវិត នៅ​ក្នុង​ការ​វាយប្រយុទ្ធគ្នា រ​វាង​ទាហាន​ឥណ្ឌា និង​ប៉ាគីស្ថាន ដែល​កើតមាន​ឡើង​តាំង​ពីថ្ងៃ​អាទិត្យ​ នៅ​ក្នុង​តំបន់​ព្រំដែន​ជាប់ជម្លោះ នៅ​តំបន់​កាស្មៀរ។ ការវាយប្រយុទ្ធគ្នា​បាន​បន្ត​រហូត​មក​ដល់​ថ្ងៃ​អង្គារ​ ហើយ​​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​ផ្នែក​យោធា​នេះ ​​ជនស៊ីវិល​រាប់ពាន់នាក់បាន​​បង្ខំ​ចិត្ត​រត់ភៀសខ្លួន​ចោល​ផ្ទះសម្បែង។

ផ្ទះ​ប្រជាជន​ស៊ីវិល​នៅ​តំបន់​កាស្មៀរ ដែល​ត្រូវ​បាក់បែក ដោយ​ការ​បាញ់​ផ្លោង​រវាង​ទាហាន​ឥណ្ឌា និង​ប៉ាគីស្ថាន
ផ្ទះ​ប្រជាជន​ស៊ីវិល​នៅ​តំបន់​កាស្មៀរ ដែល​ត្រូវ​បាក់បែក ដោយ​ការ​បាញ់​ផ្លោង​រវាង​ទាហាន​ឥណ្ឌា និង​ប៉ាគីស្ថាន REUTERS/Mukesh Gupta
ផ្សាយពាណិជ្ជកម្ម

 

ភាពតានតឹង​នៅ​តំបន់​កាស្មៀរ​ រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន ដែល​សុទ្ធតែ​ជា​មហាអំណាច​នុយក្លេអ៊ែរ បាន​ចាប់ផ្តើមរាលដាល​ខ្លាំង ចាប់តាំង​ពី​សប្តាហ៍​មុន នៅ​ពេល​ដែល​ឆ្មាំព្រំដែន​ប្រទេស​ទាំងពីរ​បាន​បាញ់​តបតគ្នា បណ្តាល​ឲ្យ​​ទាហាន​ឥណ្ឌា​ម្នាក់ និង​ទាហាន​ប៉ាគីស្ថាន ២នាក់ ត្រូវ​បាត់បង់ជីវិត។

ការ​វាយប្រយុទ្ធគ្នា ដែល​រួមមាន​ទាំង​ការ​ប្រើកាំភ្លើង​ធំ​បាញ់​ផ្លោង​ដាក់​គ្នា​ទៅវិញ​ទៅមក​ផងនោះ បាន​ចាប់ផ្ទុះឡើង​សាជាថ្មី នៅថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ ហើយ​បន្ត​រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ។

អាជ្ញាធរ​ប៉ាគីស្ថាន​បាន​អះអាង​ថា ចាប់តាំង​ពីថ្ងៃ​អាទិត្យ​មក ការបាញ់​ផ្លោង​ពី​សំណាក់​ទាហាន​ឥណ្ឌា​បាន​បណ្តាល​ឲ្យ​ជនស៊ីវិល​ប៉ាគីស្ថាន​ ៤នាក់ ត្រូវ​បាត់បង់ជីវិត ដោយ​ក្នុងនោះ​ក៏​មាន​ក្មេង​ប្រុសជំទង់​ម្នាក់​ផងដែរ។ អាជ្ញាធរ​ឥណ្ឌា​វិញ​អះអាង​ថា មាន​ទាហាន​របស់​ខ្លួន​ម្នាក់​ត្រូវ​បាត់បង់​ជីវិត ក្នុងការ​បាញ់​ផ្លោង​ពី​សំណាក់​ប៉ាគីស្ថាន។

នៅ​ក្នុង​ពេល​ដែល​កងទ័ព​ទាំងពីរ​បន្ត​បាញ់​ផ្លោង​ដាក់គ្នា និង​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ថា​ជា​អ្នក​បាញ់​មុន ជនស៊ីវិល​រាប់ពាន់​នាក់ ដែល​រស់​នៅ​ជាប់​នឹង​ព្រំដែន​កាស្មៀរ ខាង​ទឹកដី​ស្ថិតក្រោម​ការ​កាន់កាប់​របស់​ឥណ្ឌា បាន​នាំគ្នា​រត់ភៀសខ្លួន​ចោល​ផ្ទះសម្បែង ដើម្បី​គេចចេញ​ពី​​សមរភូមិ ដែល​កំពុងតែ​រាលដាល​ចេញ​ពី​ទីតាំង​យោធា ទៅដល់​ទីតាំង​របស់​ប្រជាជន​ស៊ីវិល។ អ្នកភូមិ​ឥណ្ឌា​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ថា គាត់​បាន​សម្រេច​រត់ភៀសខ្លួន​ពី​ភូមិ ក្រោយ​ពី​ឃើញ​គ្រាប់ផ្លោង​មួយគ្រាប់​​ត្រូវ​គេ​បាញ់​​​ចូល​​ក្នុង​បរិវេណ​សាលារៀន ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ៣គីឡូម៉ែត្រ​ពី​ព្រំដែន។

សហរដ្ឋ​អាមេរិក ក្រៅ​ពី​បាន​សម្តែង​ការ​ចូលរួម​មរណទុក្ខ​ដល់​ជនរងគ្រោះ ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​​ឥណ្ឌា និង​ប៉ាគីស្ថាន​ដោះស្រាយ​ជម្លោះ​តាម​រយៈ​ការ​ចរចា។

គួរបញ្ជាក់ថា ភាពតានតឹង​នៅ​កាស្មៀរ​នេះ​កើតឡើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ដែល​លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​លោក​ប្រធានាធិបតី​អូបាម៉ា ក៏​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ដែរ នៅចុងខែ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ