អានតួអត្ថបទ
ជប៉ុន

ជប៉ុន​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស្ត្រី

នៅ​ថ្ងៃ​សុក្រ​ទី​២៨​ សីហា​នេះ ​ទីក្រុង​តូក្យូ ​បាន​បើក​សន្និសីទ​អន្តរជាតិ​​ ដែល​មាន​រយៈ​ពេល​២​ថ្ងៃ ​ដើម្បី​ជជែក​ពិភាក្សា ​ពី​ការ​លើក​កំពស់​សិទ្ធិ​ស្ត្រី ​និង​ការ​ជំរុញ​ឲ្យ​មាន​សមភាព ​រវាង​បុរស​និង​ស្រ្តី​ នៅ​ក្នុង​វិស័យ​ការងារ ក្រោម​អធិបតីភាព ​របស់​លោក​ស៊ិនហ្សូ ​អាបេ ​នាយក​រដ្ឋមន្ត្រី​ជប៉ុន។ សង្គម​ជប៉ុន​ ជា​សង្គម​ដែល​ផ្តល់​តម្លៃ​ខ្ពស់ ​ឲ្យតែ​មនុស្ស​ប្រុស ​ត្រូវ​បាន​របាយការណ៍​ប្រចាំ​ឆ្នាំ​នៃ​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​ ចាត់​ថ្នាក់​ នៅ​លេខ​រៀង​ទី​១០៤ ​ក្នុង​ចំណោម ​១៤២​ប្រទេស ​ដែល​នេះ​មាន​ន័យ​ថា ​ថ្វីត្បិត​តែ​ជប៉ុន​ ជា​ប្រទេស​ជឿនលឿន​ មាន​សេដ្ឋកិច្ច​រឹងមាំ ​ប៉ុន្តែ​ក្នុង​វិស័យ​សមភាព​រវាង​ស្តី្រ ​និង​បុរស​ គឺ​ជប៉ុន​ស្ថិត​នៅ​ក្រោយ​គេ​ ច្រើន​ណាស់។

លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ក្នុងពេល​ថ្លែង​សន្ទរកថា​ បើក​សន្និសីទ ស្តី​ពីការ​លើកកំពស់សិទ្ធិ​ស្ត្រី (WAW!2015) នៅ​ក្រុង​តូក្យូ ថ្ងៃ ទី ២៨ សីហា ២០១៥
លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ក្នុងពេល​ថ្លែង​សន្ទរកថា​ បើក​សន្និសីទ ស្តី​ពីការ​លើកកំពស់សិទ្ធិ​ស្ត្រី (WAW!2015) នៅ​ក្រុង​តូក្យូ ថ្ងៃ ទី ២៨ សីហា ២០១៥ TORU YAMANAKA. AFP
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​លើក​ទីពីរ​ ហើយ​ដែល​មាន​ការ​បើក​សន្និសីទ​អន្តរជាតិ​ ស្តីពី​ស្រ្តី ​នៅ​ក្រុង​តូក្យូ។ កាល​ពី​ឆ្នាំ​ទៅ ​ឆ្នាំ​២០១៤ ​ជប៉ុន​ក៏​បាន​រៀបចំ​ការ​ជួប​ជុំ​ពិភាក្សា ​ស្តី​ពី​សិទ្ធិស្រី្ត ​ ដោយ​បាន​ទទួល​ជោគជ័យ​ និង​ការ​អបអរ​ជា​ខ្លាំង ​ទើប​គេ​សម្រេច​រៀប​ចំ​​ម្តង​ទៀត ​នៅ​ក្រុង​តូក្យូ​ដដែល ​ក្នុង​ឆ្នាំ​២០១៥​នេះ។ សន្និសីទ​អន្តរជាតិ​នេះ ​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា ​ World Assembly for Women in Tokyo (WAW !)។ សន្និសីទ​នេះ​ មិនមែន​ជា​សន្និសីទ​អន្តរជាតិ​ផ្លូវការ​ ដែល​រៀបចំ​ដោយ​អង្គការ​អន្តរជាតិ​ណា​មួយ​ទេ ​ប៉ុន្តែ​ជា​សន្និសីទ ​ដែល​រៀបចំ​ឡើង ​ក្រោមការ​ផ្តួចផ្តើម​គំនិត ​ របស់​រដ្ឋាភិបាល​ជប៉ុន​ ដោយ​ផ្ទាល់​តែ​ម្តង។ ដូច​កាល​ពី​លើក​មុន​ដែរ ​ ជប៉ុន​បាន​អញ្ជើញ​មនុស្ស​ចូលរូម​ ប្រមាណ​ជា​ ១៥០​នាក់ ​មក​ពី​បណ្តា​ ៤០​ប្រទេស ​ដែល​មាន​ទួនាទី​ការងារ ​ក្នុង​ការ​លើក​កំពស់​សិទ្ធិ​ស្ត្រី។

 
“សង្គមមួយដែលស្ត្រីបញ្ចេញពន្លឺ”
ក្រៅ​ពី​លោក ​ស៊ិនហ្សូ អាបេ ​ដែល​អញ្ជើញ​ចូល​រួម​បើក​កម្មវិធី ​កាល​ពី​ឆ្នាំ​ទៅ​ គេ​បាន​អញ្ជើញ ​លោកស្រី ​គ្រីស្ទីន ​ឡាហ្កាដ ​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ចូលរួម​ជា​កិត្តិយស។ ចំណែក​ឆ្នាំ​នេះ ​គឺ​មាន​លោកស្រី ​អេឡេន ចនសុន​ សៀរលីហ្វ ​ដែល​ជា​ប្រធានាធិបតី​ប្រទេស​លីបេរីយ៉ា ​និង​ជា​ជ័យលាភី ​ពាន​រង្វាន់​ណូបែល​សន្តិភាព ​ដែល​ជា​អ្នក​បើក​វេទិកា​ពិភាក្សា​ រយៈពេល​២​ថ្ងៃ ​ស្តី​ពី​ការ​លើក​កំពស់​សមភាព​ រវាង​ស្រ្តី ​និង​បុរស។

សន្និសីទ​អន្តរជាតិ​នេះ ​គឺ​ជា​ឆន្ទៈ​របស់​រដ្ឋាភិបាល​លោក ​ស៊ិនហ្សូ អាបេ ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ​ដែល​បាន​ប្តេជ្ញា​ថា ​នឹង​ធ្វើ​កំណែ​ទម្រង់​សង្គម​ ដើម្បី​ផ្តល់​តម្លៃ​ដល់​ស្តី្រ ​ឲ្យ​បាន​ល្អ​ប្រសើរ។ រដ្ឋាភិបាល​ជប៉ុន​ បាន​ប្រើ​ពាក្យ​ស្លោក​មួយ​ថា ​ “សង្គម​មួយ​ដែល​ស្រ្តី​បញ្ចេញ​ពន្លឺ”  ​ដែល​ពាក្យ​ស្លោក​នេះ ​គឺ​ជា​ពាក្យ​ស្លោក​ របស់​សន្និសីទ ​អន្តរជាតិ​នេះ​តែ​ម្តង​ ពោល​គឺ​ជប៉ុន ​ព្យាយាម​អភិវឌ្ឍន៍​សង្គម​របស់​គេ​ ទាក់ទង​នឹង​សិទ្ធិ​ស្ត្រី ​ប៉ុន្តែ​គេ​មិនមែន​បិទ​ទ្វារ​ ធ្វើ​តែ​ម្នាក់​ឯង​ទេ​ តែ​គេ​អញ្ជើញ​មនុស្ស​ មក​ពី​បណ្តា​ប្រទេស ​រឺ​អង្គការ​អន្តរជាតិ​នានា ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​គ្នា ​ទាក់ទង​ទៅ​នឹង​ការ​លើក​កំពស់ ​សមភាព ​រវាង​ស្រ្តី​និង​បុរស។ ប្រធាន​បទ​ស្នូល ​នៃ​ការ​ពិភាក្សា​គ្នា​លើក​នេះ ​ គឺ​ទាក់ទង​នឹង​ ការ​ស្វែងរក​វិធីសាស្ត្រ​ ដើម្បី​ជំរុញ ​និង​លើក​កំពស់​តួនាទី​ស្ត្រី​ នៅ​ក្នុង​វិស័យ​កាងារ។

ជប៉ុន​ជាប់​លេខ​១០៤ ​ខាង​ការ​គោរព​សិទ្ធិ​ស្ត្រី៖
សង្គម​នីមួយៗ ​មាន​បញ្ហា ​និង​ចំណុច​ខ្សោយ ​ផ្សេងៗ​គ្នា។ មិនមែន​សេដ្ឋកិច្ច​រីក​ចំរើន ​មាន​ការ​ជឿនលឿន​គ្រប់​វិស័យ អ្វីៗ ​នឹង​ល្អ​គ្រប់យ៉ាង ​ទាំងអស់​នោះ​ទេ។ ប៉ុន្តែ​យើង​ត្រូវ​ទទួល​ស្គាល់​ថា ​កាត្តា​រីក​ចំរើន​សេដ្ឋកិច្ច ​ គឺ​ជា​កម្លាំង​ចលករ​មួយ ​ ដែល​នឹង​រុញ​ច្រាន​វិស័យ​ផ្សេងទៀត​ ក្នុង​សង្គម​ ឲ្យ​រីក​ចំរើន​ដែរ ​ប៉ុន្តែ​ល្គិកណា ​ទាល់​តែ​ថ្នាក់​ដឹកនាំ​ យក​ចិត្ត​ទុក​ដាក់ ​ខំប្រឹង​ជំរុញ​ដែរ។ ដូច​ជា​ជប៉ុន​នា​ពេល​នេះ​អញ្ចឹង។ នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ជប៉ុន ​ចេញ​មុខ​ធ្វើ​កំណែ​ទម្រង់​សង្គម ​ដើម្បី​លើក​កំពស់​ការ​គោរព​សិទ្ធិ​ស្រ្តី​ នៅ​ជប៉ុន។

ជា​ឧទាហរណ៍ ​ហ្វីលីពីន​ មិន​មែន​ជា​មហា​អំណាច​សេដ្ឋកិច្ច​អី​ទេ ​តែ​បើ​និយាយ​ពី​ការ​គោរព​សិទ្ធិ ​សមភាព​រវាង​ស្ត្រី​និង​បុរស ​គឺ ​ហ្វីលីពីន ​ជាប់​លេខ​៩​ ល្អ​ជាង​ជប៉ុន​ឆ្ងាយ​ណាស់​ ដែល​ជាប់​លេខ​១០៤។ កម្ពុជា​យើង ​ដែល​យើង​គ្រប់គ្នា តែងតែ​ទន្ទេញ​ជាប់​មាត់​ថា ​សង្គម​ខ្មែរ​ ជា​សង្គម​មាតា​ធិបតេយ្យ​ ឲ្យ​តម្លៃ​ស្ត្រី​ជា​ធំ​ហ្នឹង ​នៅ​ពី​ក្រោយ​ជប៉ុន​ទៅ​ទៀត​ គឺ​ជាប់​លេខ​១០៨ ​ឯណោះ។ ទាំង​នេះ ​គឺ​ដោយសារ​តែ​សង្គម​ខ្មែរ​យើង ​នៅ​បិទ​ជិត។ មនុស្ស​ស្រី​ ត្រូវ​ជាប់​ឃុំ​ ក្នុង​រនាំង​ប្រពៃណី ​ត្រូវ​គោរព​ឪពុក​ម្តាយ ​គោរព​ប្តី​ ជាដើម។ អំពើ​ហឹង្សា​លើ​ស្រ្តី ​ការ​ជួញដូរ​ផ្លូវភេទ ​ការ​ចាប់​បង្ខំ​កូនស្រី​ឲ្យ​រៀបការ ​ទាំង​អស់​នេះ ​ជា​ចំណុច​ដែល​សង្គម​យើង ​ត្រូវ​ចោទ​សួរ ​ដើម្បី​រក​វិធី​កែ​លម្អ។

ការ​ពិត​ទៅ​ អ្វីៗ ​វា​អាស្រ័យ​ទៅ​លើ​លក្ខណៈ​របស់​សង្គម​នីមួយ ​ដោយ​យោង​ទៅ ​តាម​ប្រពៃណី ​សាសនា ​និង​ប្រវត្តិសាស្ត្រ​ជាដើម។ ក្នុង​ចំណោម​ប្រទេស​ដែល​ជាប់​លេខ​អាក្រក់​ជាងគេ​ ខាង​ការ​មិន​ផ្តល់​តម្លៃ​ឲ្យ​មនុស្ស​ស្រី ​គឺ​មាន​ភាគ​ច្រើន​ ជា​ប្រទេស ​ប្រកាន់​សាសនា​អ៊ីស្លាម​តឹង​រឹង។ ចំណែក​ជប៉ុន​វិញ​ មិនមែន​កត្តា​សាសនា​ទេ ​តែ​ជា​កត្តា​ប្រពៃណី ​ទំនៀម​ទំលាប់​តែម្តង ​ដែល​ផ្តល់​តម្លៃ​ខ្ពស់​ ទៅ​ឲ្យ​មនុស្ស​ប្រុស ​ច្រើន​ជាង​មនុស្ស​ស្រី។ ទាក់ទង​នឹង​វិស័យ​ការងារ​ សង្គម​ជប៉ុន ​គេ​ផ្តល់​តម្លៃ​ឲ្យ​ការងារ​ណាស់ ​ម្នាក់​ប្រឹងប្រែង​ធ្វើ​ការងារ​ រហូត​ដល់​ដេក​នៅ​កន្លែង​ធ្វើការ​ ក៏​មាន​ដែរ។ កន្លង​មក​ នរណា​ក៏​គេ​ដឹង​ដែរ​ថា ​មាន​តែ​បុគ្គលិក​ជនជាតិ​ជប៉ុន​ទេ ​ដែល​ហ៊ាន​សម្លាប់​ខ្លួន ​ដោយសារ​តែ​ធ្វើ​ការងារ​មិន​បាន​ជោគជ័យ។ ដូច្នេះ ​សង្គម​ជប៉ុន ​តាំង​ពី​ដើម​មក ​យល់​ថា​ មាន​តែ​មនុស្ស​ប្រុស​ទេ ​ដែល​ស៊ូ​នឹង​ការងារ​ អាច​ទ្រាំទ្រ​បាន​ទាំង​កម្លាំង​កាយ ​និង​ស្មារតី ​ខុស​ពី​មនុស្ស​ស្រី ​ដែល​ជា​ភេទ​ទន់​ខ្សោយ ​បាន​តែ​ធ្វើ​កិច្ចការ​ផ្ទះ ​កំប៉ិក​កំប៉ុក​ តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​សង្គម​និមួយៗ ​វា​ប្រែប្រួល​ និង​វិវឌ្ឍន៍​ទៅ​តាម​សម័យ​កាល។ ទាក់ទង​នឹង​វិស័យ​នេះ ​សង្គម​ជប៉ុន​មាន​របត់​រីក​ចំរើន​ នៅ​យឺត​ណាស់ ​ដោយសារ​តែ​មនុស្ស​ជប៉ុន​ ជា​មនុស្ស​ស្រលាញ់​ប្រពៃណី​បូរាណ ​គោរព​ចាស់​ព្រឹទ្ធាចារ្យ។ ​ដូច្នេះ ​ មាន​រឿង​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​ទំនៀមទំលាប់​បូរាណ ​គឺ​គេ​មិន​សូវ​ជា​ចង់​ លើក​មក​និយាយ​ទេ។ ដូច្នេះ យើង​ឃើញ​ថា ​ឆន្ទៈ​របស់​លោក ស៊ិន ហ្សូអាបេ ​ដែល​លើក​យក​បញ្ហា​សិទ្ធិ​ស្ត្រី ​មក​ជា​កម្មវិធី​នយោបាយ​របស់​លោក​នេះ ​ គឺ​ជា​រឿង​មួយ​ ដែល​គួរ​ឲ្យ​កោត​សរសើរ​ណាស់ ​ព្រោះ​អី ​ព្រោះ​ថា​លោក ​បាន​មើល​ទៅលើ​តថៈភាព​ជាក់ស្តែង​ ក្នុង​សង្គម​ មិនមែន​ធ្មេច​ភ្នែក ​ស្រម៉ៃ​ទៅ ​តែ​កាល​ពី​អតីតកាល​ចាស់​គម្រិល ​រាប់​ពាន់​ឆ្នាំ​នោះ​ទេ។ ធ្វើ​បែប​នេះ​ ទើប​សង្គម​រីក​ចំរើន​ ដើរ​ទៅមុខ។

បើក​ចិត្ត​ឲ្យ​ទូលាយ ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត លើក​កំពស់​ស្ត្រី​ ដើម្បី​ចំណេញ​ទាំងអស់​គ្នា៖
លោកស្រី ​សៀរលីហ្វ ​ប្រធានាធិបតី​លីបេរីយា ​ដែល​បាន​ថ្លែង​បើក​សន្និសីទ​ នា​ក្រុង​តូក្យូ ​បាន​និយាយ​ពាក្យ​មួយឃ្លា ​មាន​ខ្លឹមសារ​ថា ​“ការ​លើក​កំពស់​ស្រី្ត ​ គឺ​បាន​ផល​ប្រយោជន៍​រួម​ទាំង​អស់​គ្នា​ក្នុង​សង្គម​ ព្រោះ​ថា​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ​មាន​បទ​ពិសោធន៍​ខុស​គ្នា ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ​ ដូច្នេះ ​ការ​ជំរុញ​ឲ្យ​មនុស្ស​ស្រី​ មាន​សិទ្ធិ​ស្មើ​មនុស្ស​ប្រុស ​គឺ ​ជំរុញ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់ ​ការ​បង្កើត​ថ្មី ​និង​ការ​សម្រេច​លទ្ធផល​ ដោយ​វិជ្ជមាន ​ច្រើន ជា​ជាង​មនុស្ស​ប្រុស​ធ្វើ​តែ​ឯង”។

វិធាន​ការ​មាន​ច្រើន ​ប៉ុន្តែ​លទ្ធផល​ជាក់ស្តែង ​នៅ​មាន​ស្តួចស្តើង​នៅ​ឡើយ។ កំណែ​ទម្រង់​សង្គម​ គឺ​ត្រូវ​ធ្វើ​ឡើង​ ​តាម​រយៈ​ ការ​តាក់តែង​ច្បាប់ ​បទដ្ឋាន​ថ្មីៗ ​ដែល​តំរូវ​ឲ្យ​មនុស្ស​ នាំ​គ្នា​គោរព។ មួយ​វិញ​ទៀត ​គឺ​រៀបចំ​ការ​ជជែក​ដេញដោល ​ដូច​ដែល​ជប៉ុន​ធ្វើ​ក្នុង​ពេល​នេះ ​ ដើម្បី​ពញ្ញាក់​ស្មារតី​មហាជន ​ដាស់តឿន​ និង​កែប្រែ​ផ្នត់​គំនិត​ចាស់​គំរិល ​របស់​មនុស្ស​ក្នុង​សង្គម។ ទោះបី​ជា​អ្វីៗ​នៅ​មិន​ទាន់​ល្អ​ប្រសើរ​ ស្រី្ត​ជប៉ុន​នៅ​តែ​ទទួល​រង​ការ​រើសអើង​ ពី​សំណាក់​មនុស្ស​ប្រុស ​នៅ​កន្លែង​ធ្វើការ​មែន​ពិត ​ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ ​កាល​ពី​១០​ឆ្នាំ​មុន ​ឃើញ​ថា​មនុស្ស​ស្រី​ជប៉ុន ​ មាន​ភាព​ងាយ​ស្រួល​ច្រើន ​ជា​ពិសេស​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន ​មុខ​របរ​រកស៊ី​ ដោយ​ខ្លួនឯង។ ការ​បើក​ទូលាយ​ផ្នត់​គំនិត ​ការ​បញ្ចេញ​អាកប្បកិរិយា ​ផ្តល់​តម្លៃ​ឲ្យ​មនុស្ស​ស្រី​នេះ ​សំខាន់​ណាស់ ​ ហើយ​បញ្ហា​នេះ ​ជា​បញ្ហា​​ ដ៏​សែន​លំបាក ​មិន​ងាយ ​ផ្លាស់ប្តូរ​មួយ​ថ្ងៃ​បាន​ភ្លាម​ទេ។

ជំរុញ​ក្រុមហ៊ុន​ ​ឲ្យ​ផ្តល់​មុខ​តំណែង​គ្រប់គ្រង​ ដល់​ស្រ្តី​ឲ្យ​បាន​ច្រើន៖
គោល​នយោបាយ​រដ្ឋាភិបាល​ជប៉ុន​ពេល​នេះ ​គឺ​ធ្វើ​យ៉ាង​ណា ​ជំរុញ​ឲ្យ​មាន​មនុស្ស​ស្រី ​បាន​ទទួល​តួនាទី​ ដឹកនាំ​ឲ្យ​បាន​ច្រើន។ ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​នេះ​ ​រដ្ឋសភា​ជប៉ុន​ ​ទើប​តែ​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ ​ដោយ​តម្រូវ​ឲ្យ ​សហគ្រាស ​រឺ​ក្រុមហ៊ុន​ណា ​ដែល​មាន​បុគ្គលិក​ចាប់​ពី​ ៣០០​នាក់​ ​ឡើង​ទៅ ​ត្រូវ​ដាក់​ចេញ​នូវ​ គម្រោង​ផែនការ​ ជា​តួលេខ​ជាក់​ស្តែង ​ ដើម្បី​ជ្រើសរើស​មនុស្ស​ស្រី ​ទៅ​​ក្នុង​មុខ​តំណែង​គ្រប់គ្រង ​និង​ចាត់ចែង ​ក្នុង​ក្រុមហ៊ុន។

ទន្ទឹម​នឹង​នេះ​ រដ្ឋាភិបាល​ជប៉ុន​ ទើប​បាន​ដាក់​ចេញ​គម្រោង​សងសង់​ កន្លែង​ថែ​រក្សា​ទារក ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ​៤សែន​កន្លែង​ បន្ថែម​ទៀត​  ពី​នេះ​រហូត​ដល់​ឆ្នាំ ​២០១៨​ ដើម្បី​សម្រាល​បន្ទុក​ ស្ត្រី​ដែល​ត្រូវ​បែង​ចែក​ពេល​វេលា​ ​រវាង​ការងារ​ និង​ការ​មើល​ថែ​កូន។ ដូចយើង​ដឹង​ស្រាប់ ​ថា ​ការ​លំបាក​របស់​មនុស្ស​ស្រ្តី ​គឺ​គ្នា​ត្រូវ​ពរពោះ ​សម្រាល​កូន ​ហើយ​ត្រូវ​មើល​ថែ​រក្សា​កូនទៀត។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ស្ត្រីខ្លះ​ ត្រូវ​បង្ខំ​ចិត្ត ​ឈប់​ពី​ការងារ ​ទាំង​មនុស្ស​នោះ​​ ជា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់ ​ក្នុង​ការងារ​ក៏​ដោយ។ នេះ​ជា​រឿង​មួយ​ ខាត​បង់​ធំ​ណាស់។ បន្ថែម​ពី​នេះ ​ជប៉ុន​នឹង​លើកឡើង​នូវ​វិធាន​មួយ​ចំនួន​ ដើម្បី​ជំរុញ​ ឲ្យ​មនុស្ស​ប្រុស​ ឈប់​សំរាក ​ដើម្បី​មើល​ថែ​រក្សា​កូន​ដែរ ​ព្រោះ​នេះ​ជា​តួនាទី​​ទាំង​អស់​គ្នា ​មិនមែន​ជា​របស់​ស្រ្តី​ តែ​ម្នាក់​ឯង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ