អានតួអត្ថបទ

ស្ត្រីអាមេរិក​ពីរនាក់​ជោគជ័យ​លើ​វិញ្ញាសា​របស់​សាលា​យោធា​ដ៏ល្បី Ranger School

ស្ត្រីអាមេរិកពីរនាក់​បាន​ទទួល​ជោគជ័យ​ជាលើក​ដំបូង​គេ​បង្អស់ លើ​ការហ្វឹកហ្វឺន​ដ៏​លំបាក​របស់​សាលា​យោធា​អាមេរិក​ដ៏​មាន​កិត្យានុភាព​ឈ្មោះ Ranger School។ ការជោគជ័យនេះ​ជា​និមិត្តរូប​ដ៏​សំខាន់​មួយ សម្រាប់​អ្នកការពារ​សិទ្ធិស្រ្តី ក្នុង​ការទទួល​បាន​រាល់​មុខ​តំណែង​ប្រយុទ្ធ​នានា​ក្នុង​ជួរ​កងទ័ព​អាមេរិក។

ស្ត្រី​អាមេរិក​ពីរ​​ដំបូង​ដែល​​បាន​ជាប់​វិញ្ញាសា​សាលា​យោធា​Ranger School
ស្ត្រី​អាមេរិក​ពីរ​​ដំបូង​ដែល​​បាន​ជាប់​វិញ្ញាសា​សាលា​យោធា​Ranger School us army
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​រាយការណ៍​ដោយ​សារពត៌មាន AFP កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា លោក John M. McHugh រដ្ឋលេខាធិការ​នៃ​កងទ័ព​អាមេរិក បាន​សរសេរ​កោតសរសើរ​ពី​ជោគជ័យ​នេះ​ថា៖ សូម​អបអរ​សាទរ​ចំពោះ​រាល់​សមាជិក​ថ្មី​របស់ Ranger ទាំងអស់។ សម័យ​ប្រលង​នេះ​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា បុគ្គល​គ្រប់​រូប​ទោះ​ជា​ភេទ​អ្វី​ក៏​ដោយ ក៏​អាច​អភិវឌ្ឈន៍​សក្តានុពល​របស់​ខ្លួន​នៅក្នុង​ជួរ​កងទ័ព​បាន​ដែរ។

 
ការហ្វឹកហ្វឺន​របស់​សាលា Ranger School ដែល​បើក​ការអនុញ្ញាត​ឲ្យ​មាន​ស្ត្រី​ចុះ​ឈ្មោះ​ចូលរៀន​ជា​លើក​ដំបូង​នេះ បាន​ចាប់ផ្តើម​កាល​ពី​ខែ​មេសា និង​មាន​ស្រ្តី​១៩​ចូលរួម តែ​មាន​តែ​ស្រ្តី​ពីរ​រូប​ប៉ុណ្ណោះ​ដែល​បាន​ឆ្លង​ផុត​ដោយ​ជោគជ័យ​លើ​វិញ្ញាសា​យោធា​ដ៏​លំបាក។ ភាពជោគជ័យ​របស់​ស្រ្តី​ពីរ​រូប​នេះ គឺ​ជា​ជ័យជម្នះ ដ៏​សំខាន់​សម្រាប់​អ្នក​ដែល​ការពារ​សិទ្ធិ​ស្រ្តី និង​គាំទ្រ​ការធ្វើ​សមាហរណកម្ម​ពេញលេញ​របស់​ស្ត្រី នៅក្នុង​ជួរ​កងទ័ព រួម​មាន​ទាំង​មុខ​តំណែង​ក្នុង​ខ្សែ​ប្រយុទ្ធ ដ៏​គ្រោះថ្នាក់​បំផុត​ផង​ដែរ។

គួររំលឹកថា មកទល់នឹង​សព្វ​ថ្ងៃ​នេះ​សហរដ្ឋ​អាមេរិក មាន​កងទ័ព​ជា​ស្ត្រី​ប្រមាណ​១៥% ហើយ រដ្ឋបាល​លោក​អូបាម៉ា​បាន​និង​កំពុង​ជំរុញ​បន្ថែម​ទៀត ដោយ​កាល​ពី​ឆ្នាំ​២០១៣ បាន​សម្រេច​ថា រាល់​តំណែង​កងទ័ព​ទាំងអស់​ត្រូវតែ​បើក​អនុញ្ញាត​ឲ្យ​មាន​បេក្ខភាព​ជា​ស្ត្រី ចាប់ពី​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១៦​តទៅ។

សេចក្តីសម្រេចនេះ​នឹង​អនុវត្ត​ជាទូទៅ​លើ​តំណែង​កងទ័ព​ទាំងអស់ ទាំង​ជើង​គោក ជើង​អាកាស និងជើង​ទឹក។ ក៏ប៉ុន្តែ​កងកម្លាំង​ពិសេស​មួយ​ចំនួន​មាន​សិទ្ធិ​អាច​ស្នើ​សុំ​ឲ្យ​មាន​ការលើកលែង​ការអនុវត្តន៍​សេចក្តី​សម្រេច​នេះ​ដោយ​មាន​មូលហេតុ​ជាក់លាក់ ពិសេស​ដូចជា​តំណែង​ទាហាន​មារីន​ថ្មើរ​ជើង ដែល​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ពុំ​ទាន់​មាន​ស្រ្តី​ណា​ម្នាក់ អាច​ប្រលង​ជាប់​វិញ្ញាសា​ដ៏​លំបាក​នៃ​ការបណ្តុះ​បណ្តាល​ក្នុង​វិស័យ​នេះ​នៅ​ឡើយ​ទេ។

ការហ្វឹកហ្វឺនរបស់​សាលា​យោធា Ranger School នេះ​មាន​រយៈពេល​៦១​ថ្ងៃ ដោយ​ត្រូវ​ហ្វឹកហាត់​២០​ម៉ោង​ក្នុង​១​ថ្ងៃ មាន​គោលដៅ​បណ្តុះបណ្តាល​ទាហាន​អង់អាច រាង្គកាយ​មាំមួន ស្មារតី​ខ្លាំងក្លា និង​មាន​សមត្ថភាព​ដឹកនាំ​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​បំផុត។
ជាទូទៅ​មាន​សិស្ស​ត្រឹម​៤០%​ប៉ុណ្ណោះ​ដែល​អាច​ឈាន​ដល់​ចុង​បញ្ចប់​នៃ​ការបណ្តុះ​បណ្តាល​នេះ។

នៅពេល​ទទួល​បាន​សញ្ញាបត្រ​ពី​សាលា Ranger មួយ​ផ្នែក​នឹង​ទៅ​បម្រើ​ការ​នៅ​ក្នុង​កង​វរសេនា​ធំ​ទី​៧៥ របស់​ក្រុម Rangers ដែល​ជា​កងទ័ព​ជើង​គោក​ប្រើ​សម្រាប់​ប្រតិបត្តិការ​ពិសេស។ មួយ​ផ្នែក​ទៀត​នឹង​ត្រូវ​ឋិត​ក្នុង​កង​ពល​ដើម​របស់ខ្លួន​ដើម្បី​ចែក​រំលែក​បទពិសោធន៍ ដែល​​នេះ​ជា​ករណី​របស់​ស្រ្តី​ទាំងពីរ ព្រោះ​ថា​កង​វរសេនា​ធំ​ទី​៧៥​នៅ​មិនទាន់​បើក​ទទួល​ឲ្យ​ស្ត្រី​ចូល​បំរើការ​នៅ​ឡើយ​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ